អានតួអត្ថបទ
កម្ពុជា

តុលាការ​កោះ​ហៅ​លោក ជុន ច័ន្ទបុត្រ ទៅ សាកសួរ​ពី​ការ​បន្លំ​ខ្លួន​ចូល​ពន្ធនាគារ

លោក ​ជុន ​ច័ន្ទបុត្រ​ ជា​​ថ្នាក់​ដឹកនាំ ​និងជា​​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​ម្នាក់​ ដែល​កំពុង​ទទួល​បាន​ការ​គំាទ្រ​ពី​អ្នក​ស្តាប់។
លោក ​ជុន ​ច័ន្ទបុត្រ​ ជា​​ថ្នាក់​ដឹកនាំ ​និងជា​​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​ម្នាក់​ ដែល​កំពុង​ទទួល​បាន​ការ​គំាទ្រ​ពី​អ្នក​ស្តាប់។

អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​ហៅ​លោក ជុន ច័ន្ទបុត្រ នាយករង​វិទ្យុ​អាស៊ី​សេរី ទៅ​សាក​សួរ​ពី​ការ​បន្លំ​ខ្លួន​ចូល​ពន្ធនាគារ​។ នេះ​បើ​តាម​ដីកា​កោះ​ហៅ​ចុះ​ថ្ងៃ​ទី​២១​មេសា ដែល​វិទ្យុ​បារាំង​បាន​ទទួល​នៅ​ថ្ងៃ​សៅរ៍​នេះ​។ ក្រៅ​ពី​លោក ជុន ច័ន្ទបុត្រ តុលាការ​ក៏​បាន​កោះ​ហៅ​លោក ឡុង រី និង​លោក​ស្រី មួរ សុខហួរ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ទៅ​បំភ្លឺ​ផង​ដែរ ក្នុង​នាម​ជា​សាក្សី​នៃ​សំណុំ​រឿង​តែ​មួយ​​នេះ​។

ផ្សាយពាណិជ្ជកម្ម

លោក ហួត ឃីនវុទ្ធី ហៅ ជុន ច័ន្ទបុត្រ ត្រូវ​បានតុលាការ​កោះ​ហៅទៅ​សាក​សួរ​ក្នុង​នាម​ជា​ជន​សង្ស័យ នៅ​ថ្ងៃ​ទី​០២ ខែ​ឧសភា​ខាង​មុខ វេលា​ម៉ោង​៩​ព្រឹក អំពី​ការ​ប្រកាស​ដោយ​ភូតភរ បន្លំ​ខ្លួន​ចូល​ពន្ធនាគារ​។ នៅ​ក្នុង​ដីកា​កោះ ព្រះ​រាជអាជ្ញារង លោក សៀង សុខ បាន​បង្គាប់​ឲ្យ​លោក ជុន ច័ន្ទបុត្រ ទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ និង​ត្រូវ​យក​លិខិត​ផ្សេង​ៗ​ដែល​ទាក់ទង​នឹងសំណុំ​រឿង​នេះ​ទៅ​ជាមួយ​ផង ប្រសិន​បើ​មាន​។

 

សូម​រំលឹក​ជូន​ថា នាយក​រង​វិទ្យុ​អាស៊ី​សេរី លោក ជុន ច័ន្ទបុត្រ កាល​ពី​ថ្ងៃ​ទី​១៩​ខែមេសា​កន្លង​ទៅ បាន​ចូល​ទៅ​ក្នុង​ពន្ធនាគារព្រៃ​ស ជាមួយ​​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​សួរ​សុខទុក្ខ​អ្នក​ជាប់​ឃុំ​​ដែល​ជា​មន្ដ្រី​និង​ជា​សកម្មជន​របស់​គណបក្ស​ប្រឆាំង។ ​ក្នុង​ដំណើរ​ចូល​ទៅ​កាន់​ពន្ធនាគារ​នោះ លោក ជុន ច័ន្ទបុត្រ ពាក់​មួក​កាតិប បាន​ប្រើ​ប្រាស់​ឈ្មោះពិត​របស់​លោក គឺ ហួត វុទ្ធី ប៉ុន្តែ​​បាន​ដាក់​តួនាទី​ថា​ជា​ជំនួយ​ការ​របស់​អ្នក​​តំណាងរាស្ត្រ​ទៅ​វិញ​។

ការ​ដាក់​តួនាទី​មិន​ពិត​របស់នាយក​រង​វិទ្យុ​អាស៊ី​សេរី​ដូច្នេះ ត្រូវ​បាន​ដីកា​កោះ​របស់​តុលាការ​ចាត់​ទុក​ថា ជា​ការ​ផ្ដល់​សេចក្ដី​ប្រកាស​ដោយ​ភូត​កុហក បន្លំ​ខ្លួន​ចូល​ពន្ធនាគារ​។ ប៉ុន្តែ លោក ជុន ច័ន្ទបុត្រ វិញ លោក​ពន្យល់​ថា គោលដៅ​របស់​លោក​ទៅ​កាន់​ពន្ធនាគារ​គឺ​ដើម្បី​សួរ​សុខ​ទុក្ខលក្ខណៈ​ឯកជន​ ប៉ុន្តែ​ចៃដន់​បាន​ជួប​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ទី​នោះ និង​ចូល​ទៅ​ជាមួយ​គ្នា​តែ​ប៉ុណ្ណោះ​។ នាយក​រង​វិទ្យុ​អាស៊ី​សេរី​រូប​នេះ​អះអាង​ថា លោកគ្មាន​ចេតនា​បន្លំ​ខ្លួន​ទេ ព្រោះ​លោក​​បាន​ដាក់​ឈ្មោះ​ពិត​របស់ខ្លួន​​នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​ចូល​ពន្ធនាគារថែម​ទៀត​ផង​។

គួរ​កត់​សម្គាល់​ថា នៅ​ក្នុង​សំណុំ​រឿងនេះ មិន​មែន​មាន​តែ​​ លោក ជុន ច័ន្ទបុត្រ ម្នាក់​ឯង​ទេ​ដែល​ត្រូវ​តុលាការ​កោះ​ហៅ​ឲ្យ​ទៅ​បំភ្លឺ​។ លោក ឡុង រី និង​លោក​ស្រី មួរ សុខហួរ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ក៏​ត្រូវ​បាន​កោះ​ហៅ​ទៅ​បំភ្លឺ​ផង​ដែរ ក្នុង​នាម​ជា​សាក្សី នៅ​ថ្ងៃ​ទី​២៧ និង​២៨​មេសាសប្ដាហ៍​ក្រោយ​​នេះ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ