អានតួអត្ថបទ
កម្ពុជា

ជន​​ជាតិ​​អូស្ត្រាលី​​ម្នាក់ ​​និង​​ខ្មែរ​​ពីរ​​នាក់​​ត្រូវ​​បាន​​ចាប់​​ខ្លួន​​ ជុំវិញ​​ការ​​ផ្តល់​​សេវា​​ពពោះ​ជំនួស​

ជន​ជាតិ​អូស្ត្រាលី​ម្នាក់ និង​ជំនួយ​ការ​ជន​ជាតិ​ខ្មែរ​ពីរ​នាក់​ត្រូវ​បាន​ប៉ូលីស​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​របស់​ក្រុងភ្នំ​ពេញ​ចាប់​ខ្លួន កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ក្រោយ​ពី​បាន​ស៊ើប​អង្កេត​រក​ឃើញ​ថា​ពួក​គេ​ជា​ខ្សែ​បណ្តាញ​ផ្តល់​សេវាពពោះ​ជំនួស​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា ពិចារណាបង្កើត​ច្បាប់​ស្តីពី​ការ​ពពោះ​ជំនួស។

ផ្សាយពាណិជ្ជកម្ម

 

នេះ​គឺ​ជា​លើក​ទី​១ហើយ ដែល​ប៉ូលីស​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​របស់​ក្រុង​ភ្នំពេញ បាន​ចាប់​ផ្តើម​វិធាន​ការ​ក្តៅបង្រ្កាប​សេវា​ពពោះ​ជំនួស​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ក្នុង​ប្រតិបត្តិ​ការ​នោះ ប៉ូលីស​បាន​ចាប់​ខ្លួន​ស្រី្ត​ជន​ជាតិ​អូស្ត្រាលី​ម្នាក់ និង​ជំនួយ​ការ​ជា​ជន​ជាតិ​ខ្មែរ​ពីរ​នាក់ ដែល​មាន​ស្រ្តី​ម្នាក់ និង​បុរស​ម្នាក់​។  នេះ​បើ​តាម​លោក​កែវ ធា ប្រធាន​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​រាជ​ធានី​ភ្នំពេញ។

មុន​ឈាន​ដល់​ការ​ចាប់​ខ្លួន​នេះ ក្រុម​ការ​ងារ​របស់​លោក​បាន​បើក​ការ​ស៊ើប​អង្កេត​រយៈ​ពេល​១០​ខែ​មក​ហើយ។ លោក​កែវ ធា​បញ្ជាក់​ថា កន្លង​មក​ស្រី្ត​ជន​ជាតិ​អូស្ត្រាលី​ឈ្មោះ Tammy Davis-Charles អាយុ​៤៩​ឆ្នាំ បាន​ធ្វើអាជីវ​កម្ម​ផ្តល់​សេ​វា​ពពោះ​ជំនួស​នៅ​ប្រទេស​ថៃ ប៉ុន្តែ​ដោយ​សារ​តែ​ប្រទេស​ថៃ​រឹត​បន្តឹង​ច្បាប់ ទើប​គេ​រត់​មក​រកស៊ី​បែប​នេះ​នៅ​ប្រទេស​កម្ពុជា​វិញ ដោយ​សារ​មិន​ទាន់​មាន​ច្បាប់​គ្រប់​គ្រង​លើ​ផ្នែក​នេះ​នៅ​ឡើយ។

លោក​បាន​បន្ត​ថា​នៅ​ពេល​ដែល​ស្រ្តី​ជន​ជាតិ​អូស្រា្តលី​រូប​នេះ បង្កើត​អាជីវ​កម្ម​ពពោះ​ជំនួស​នៅ​ប្រទេស​ខ្មែរ​គេបាន​បង្កើត​បណ្តាញ​បន្ថែម​ទៀត​ ដើម្បី​ដើរ​លួង​លោម​មនុស្ស​ឲ្យ​ស៊ី​ឈ្នួល​ពពោះ​ជំនួស​។ ប្រធាន​ការិ​យាល័យប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​រាជ​ធានី​ភ្នំពេញ ថា​នៅ​ថ្ងៃទី​២០ ខែ​វិច្ឆកា​នេះ​ ប៉ូលីស​បាន​បញ្ជូន​ក្រុម​មនុស្ស​ទាំងនេះ​ទៅ​តុលាការ​ ដើម្បី​សាក​សួរ​ ហើយ​សាលា​ដំបូង​នឹង​បន្ត​ការ​សាក​សួរ​នៅ​ថ្ងៃទី​២១ ខែ​វិច្ឆកា បន្ថែម​ទៀត។ ពួក​គេ​អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ប្រមាណ​ពី៦​ខែ ទៅ​២ឆ្នាំ​។​

ក្នុង​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ដែល​ពួក​គេ​បង្កើត​បណ្តាញ​ទទួល​ពពោះ​ជំនួស​នេះ ពួក​គេ​បាន​រក​ស្ត្រី​២៣​នាក់​ ដែល​ជា​អ្នក​ពពោះ​ជំនួស ហើយ​មាន​៥​នាក់​បាន​ផ្តល់​កំណើត​ទារក​៥​រួច​មក​ហើយ​។ នេះ​បើ​តាម​លោក​កែវ ធា។

សូម​បញ្ជាក់​ថា​ប្រតិបត្តិ​ការ​បង្ក្រាប​ការ​ផ្តល់​សេវា​ពពោះ​ជំនួស​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ប្រកាស​មិន​ឲ្យ​មាន​ការ​ធ្វើ​អាជីវ​កម្ម​ពពោះ​ជំនួស​ក្នុង​ប្រទេស​កម្ពុជា ដោយ​ចាត់​ទុក​ថា​នេះ​គឺ​ជា​ការ​ជួញដូរ​មនុស្ស​។ កាល​ខែ​តុលា​កន្លង​ទៅ លោក​ស្រីរ៉ូណា​ស្មីត អ្នក​រាយ​កាណ៍​ពិ​សេស​ស្តី​ពី​ស្ថាន​ភាព​សិទ្ធិ​មនុស្សកម្ពុជា ក្នុង​ជំនួប​ជា​មួយ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ បាន​ស្វាគមន៍​ក្រសួង​យុត្តិ​ធម៌​ក្នុង​ការ​បង្កើត​ច្បាប់​ស្តីពី​ការពពោះ​ជំនួស ដើម្បី​ទប់​ស្កាត់​ការ​ពពោះ​ជំនួស​ក្នុង​ប្រទេស​កម្ពុជា និង​ចូល​រួម​ការ​ពារ​សិទ្ធិ​ស្ត្រី និង​កុមារ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ