អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កំណែ​ទម្រង់​ក្នុង​បរិបទ​កម្ពុជា

សំឡេង ០៤:៤៥
លោកស ​ខេង​ និង ​លោកសម រង្ស៊ី ​ប្រធាន​ថ្នាក់ដឹកនាំ​តំណាង​រាស្រ្ត​ជួប​គ្នា​ជា​លើក​ដំបូង​
លោកស ​ខេង​ និង ​លោកសម រង្ស៊ី ​ប្រធាន​ថ្នាក់ដឹកនាំ​តំណាង​រាស្រ្ត​ជួប​គ្នា​ជា​លើក​ដំបូង​ RFI/ Siv Chana

ទីបំផុត កំណែទម្រង់​ការបោះឆ្នោត​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​និង​សង្គ្រោះ​ជាតិ​បាន​ជជែក​គ្នា​បាន​បិទ​បញ្ចប់​ទាំងស្រុង។ គឺជា​ការបិទ​បញ្ចប់​ដោយ​ជោគជ័យ​សម្រាប់​គណបក្ស​ទាំងពីរ ប៉ុន្តែ សម្រាប់​មនុស្ស​មួយចំនួន លទ្ធផល​នៃ​កិច្ចចរចា​នេះ​គឺជា​ការគួរ​ឲ្យ​អស់សង្ឃឹម។ មតិយោបល់​ជាច្រើន​បាន​មើលឃើញថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ភាគច្រើន​នូវ​អ្វីដែល​ខ្លួន​ចង់បាន ខណៈដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​តិចតួច​នូវ​អ្វីដែល​ខ្លួន​ទាមទារ។ យ៉ាងណាក៏ដោយ សម្រាប់​បរិបទ​កម្ពុជា បច្ចុប្បន្ន កំណែទម្រង់​ជា​សេចក្តីត្រូវការ​ចាំបាច់​ផង និង​ជា​ស្ថានការណ៍​ចាប់បង្ខំ​ផង។

ផ្សាយពាណិជ្ជកម្ម

 

គណបក្ស​ទាំងពីរ​ដែលមាន​កៅអី​ក្នុង​រដ្ឋសភា​បាន​ឈានដល់​កិច្ច​ព្រមព្រៀងគ្នា​ទាំងស្រុង​ហើយ​ស្តីពី​កំណែទម្រង់​ការបោះឆ្នោត ហើយ​បាន​ហៅ​លទ្ធផល​នេះ​ថា​វា​ជា​ផ្លែផ្កា​នៃ«វប្បធម៌​សន្ទនា»ដែល​ខ្លួន​ខិតខំ​ពូន​ជ្រុំ​អស់​ជាច្រើន​ខែ។ ប្រសិនបើ​គេ​ពិនិត្យ​ខ្លឹមសារ​នៃ​ចំណុចសំខាន់ៗដូចជា​ការកម្រិត​រយៈ​ពេល​នៃ​យុទ្ធនា​ការឃោសនា ការចូលរួម​ក្នុង​យុទ្ធនា​ការឃោសនា​របស់​កម្លាំងប្រដាប់អាវុធ និង​ការដាក់ពិន័យ​ចំពោះ​សង្គម​ស៊ីវិល​ក្នុងករណី​ប្រមាថ​គណបក្សនយោបាយ​ជាដើម គេ​អាច​យល់បាន​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិនសូវមាន​ទម្ងន់​នៅក្នុង​ការការពារ​ជំហរ​របស់ខ្លួន​មែន។

ប៉ុន្តែ ប្រសិនបើ​គេ​ពិនិត្យ​ខ្លឹមសារ​ផ្សេងទៀត ដូចជា​ការបង្កើន​ចំនួន​អាសនៈ​សភា​ពី ១២៣ ដល់ ១២៥ ការរៀបចំ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត និង​ការកម្រិត​ទោសទណ្ឌ​ដល់​កង​កម្លាំង​ប្រដាប់អាវុធ​ដែល​ប្រើ​អំណាច​បំពាន​ជាដើម​នោះ គេ​ក៏​អាច​មើលឃើញ​ដែរ​អំពី​ការ​ជឿន​លឿន​​ខ្លះ​ក្នុង​សេចក្តីព្រាងច្បាប់​ថ្មី​ស្តីពី​ការបោះឆ្នោត​នេះដែរ។

ជាការ​ពិត នរណា​ក៏​ចង់បាន​កំណែទម្រង់​ដ៏​ស៊ីជម្រៅ​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ដែរ​ពីព្រោះ​ប្រទេស​នេះ​បាន​ហែល​ឆ្លងកាត់​ភាព​ល្វីង​ជូរចត់​ឆ្អែតឆ្អន់​ណាស់​ទៅហើយ​ក្នុង​រយៈពេល​បី​បួន​ទសវត្សរ៍​ចុងក្រោយ​នេះ។ ទោះបីជា​បច្ចុប្បន្ន ប្រទេសជាតិ​បាន​ស្គាល់​សន្តិភាព បាន​ស្គាល់​លទ្ធិប្រជាធិបតេយ្យ និង​ស្គាល់​ការអភិវឌ្ឍ​គួរ​ឲ្យ​កត់សម្គាល់ ក៏​នៅមាន​បញ្ហា​ច្រើនណាស់​ដែល​ត្រូវធ្វើ​កំណែទម្រង់។ នេះ​ជា​សេចក្តីត្រូវការ​របស់​ព​ល​រដ្ឋ​ខ្មែរ​គ្រប់គ្នា​ដែល​ទាមទារ​ឲ្យ​អ្នកនយោបាយ​ឆ្លើយតប។ ប៉ុន្តែ នៅលើ​ទិដ្ឋភាព​ជាក់ស្តែង កំណែទម្រង់​ក្នុង​បរិបទ​កម្ពុជា​ទំនងជា​មិនអាច​ធ្វើបាន​តាមចិត្ត​ចង់​នោះទេ។

ជាក់ស្តែង គណបក្ស​សង្គ្រោះ​ជាតិ​បាន​សាកល្បង​គ្រប់​លទ្ធភាព​អស់ហើយ​ចាប់តាំងពី​ក្រោយ​ការបោះឆ្នោត​ខែកក្កដា​ឆ្នាំ ២០១៣ មក គឺ​សាកល្បង​ទាំង​វិធី​ក្តៅ និង វិធី​ត្រជាក់។ មហា​បាតុកម្ម​ដែល​ធ្វើ​ឲ្យ​កក្រើក​ទីក្រុង​ភ្នំពេញ​កាលពី​ក្រោយ​ការបោះឆ្នោត​គឺជា​ឧទាហរណ៍​ស្រាប់។ ប៉ុន្តែ ទីបំផុត​ទៅ គោលដៅ​នៃ​ការផ្លាស់ប្តូរ​ដោយ​កម្លាំង​មហាជន​មិនអាច​ទៅរួច​ទេ។ ទីបំផុត​ទៅ គណបក្សប្រឆាំង​ក៏បាន​ប្តូរ​យុទ្ធសាស្ត្រ​មក​ប្រើ​វិធី​ត្រជាក់​វិញ​ម្តង​តាមរយៈ​ការតស៊ូ​មតិ​នៅក្នុង​រដ្ឋសភា។ ការផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​នេះ​អាច​ចាត់ទុកថា​ជា​នយោបាយ​ចុះចាញ់​ក៏​ថា​បាន​ឬក៏​ជា​នយោបាយឈ្នះៗក៏​ថា​បាន។

ចុះចាញ់​នៅត្រង់ថា បក្សប្រឆាំង​មិនអាច​ធ្វើ​ឲ្យ​រដ្ឋាភិបាល​គណបក្សកាន់អំណាច​រលំ​បានទេ​ទោះជា​ខ្លួន​បាន​ព្យាយាម​ប្រមូល​កម្លាំង​តាម​គ្រប់​មធ្យោបាយ​យ៉ាងណាក៏ដោយ។ ហេតុដូច្នេះ​ហើយ​បានជា បក្សប្រឆាំង​សុខចិត្ត​វិល​ចូល​រដ្ឋសភា​វិញ។ ប៉ុន្តែ នេះ​អាច​ចាត់ទុកជា​នយោបាយ​ឈ្នះៗក៏​ថា​បាន។ ឈ្នះ​នៅត្រង់ថា វិធី​ចុង​ក្រោយនេះ ទោះបី​បាន​លទ្ធផល​សន្សឹមៗ​តែ​វា​មិន​បង្ក​ឲ្យ​មានការ​ហូរឈាម​ឬ​ការបាត់​បង់ជីវិត​រប​ស់​ខ្មែរ​ណា​ទៀតឡើយ។ កិច្ចចរចា​អំពី​កំណែទម្រង់​ការបោះឆ្នោត​ក៏មាន​លក្ខណៈ​ស្រដៀង​គ្នា​ដែរ។ មើលទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ហាក់​មិន​ទទួលបាន​អ្វី​ធំដុំ​មែន​បើ​ធៀប​នឹង​អ្វីដែល​ខ្លួន​ចង់បាន ប៉ុន្តែ យ៉ាងហោចណាស់​ក៏​វា​ប្រសើរ​ជាង​កាលពីមុន​ដែរ។

យ៉ាងណាក៏ដោយ នៅ​ចំពោះមុខ​នេះ គណបក្ស​សង្គ្រោះ​ជាតិ​អាច​ប្រឈមមុខ​នឹង​សម្ពាធ​ខ្លាំង​ជាថ្មី​ម្តងទៀត​ពី​សំណាក់​អ្នកគាំទ្រ​ដែល​ប្រាថ្នា​ចង់ឃើញ​ការផ្លាស់ប្តូរ​ដ៏​ជ្រាលជ្រៅ​មួយ។ ពួកគេ​ច្បាស់​ជា​ខកចិត្ត​ចំពោះ​លទ្ធផល​នៃ​កិច្ចចរចា​ស្តីពី​កំណែទម្រង់​ការបោះឆ្នោត​ដែល​មិន​សម​តាម​បំណង។ ប៉ុន្តែ សម្រាប់​អ្នក​ដែល​យល់​ពី​បរិបទ​កម្ពុជា គេ​ទំនងជា​អាច​យល់បាន​ពី​ការសម្រេចចិត្ត​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ។ ប្រសិនបើ​ឈរលើ​ទស្សនៈ​សន្តិភាព​និយម ជម្រើស​នៃ​ការតស៊ូ​មតិ​ដោយ​សន្តិវិធី​គឺជា​ជម្រើស«ល្អ​បំផុត»សម្រាប់​ឆាកនយោបាយ​កម្ពុជា។ គ្រាន់តែ​ថា ជម្រើស​នេះ​ត្រូវការ​ពេលវេលា​យូរ​ដែល​អ្នក​អន្ទះសារ​ចង់ឃើញ​ការផ្លាស់ប្តូរភ្លាមៗពិបាក​ទទួលយក។

ទោះជា​យ៉ាងណា ស្ថានការណ៍​នយោបាយ​ក​ម្ពុ​ជា​កំពុង​ចាប់បង្ខំ​ឲ្យ​គណបក្សកាន់អំណាច​ត្រូវតែ​ធ្វើកំណែទម្រង់​ជា​ចាំបាច់​ពីព្រោះ​កំណែទម្រង់​គឺជា​ចំណុច​ស្លាប់​រស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​រក្សា​អំណាច​របស់ខ្លួន។ និយាយ​ដោយ​ខ្លី អំណឹះតទៅ កំណែទម្រង់​ក្នុង​បរិបទ​កម្ពុជា​គឺជា​សេចក្តីត្រូវការ​ចាំបាច់​ផង និង​ជា​ស្ថានការណ៍​បង្ខំ​ផង។ ស្ថានការណ៍​នេះ មិន​អនុញ្ញាត​ឲ្យ​គណបក្ស​ណាមួយ​បង្អែបង្អង់​បានឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ