អានតួអត្ថបទ
កម្ពុជា-នយោបាយ

​សំណុំ​រឿង លោក កឹម សុខា៖ តុលា​ការ​កំណត់​យក​ថ្ងៃទី១៥​មករា​ឆ្នាំ​២០​២០ ដើម្បី​បើក​សវនាការ​ជំនុំ​ជម្រះ​

លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ
លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ REUTERS

«១៥​មករា​២០២០» គឺជា​កាល​បរិច្ឆេទ​ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កំណត់​យក ដើម្បី​​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿងលោក កឹម សុខា។ លោក កឹម សុខា ដែល​ជាប់​ចោទ​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​។ បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​លោក កឹម សុខា នេះ នឹង​ប្រព្រឹត្ត​ធ្វើ​នៅ​សាល​សវនាការ​ទី​១ នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចាប់​ពី​ម៉ោង​៨​កន្លះ​ព្រឹក​ត​ទៅ​។ 

ផ្សាយពាណិជ្ជកម្ម

តើ​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ពិត​ជា​បាន​ប្រព្រឹត្ត​អំពើ​សន្ទិដ្ឋិភាព ដូច​ការ​ចោទ​ប្រកាន់​មែន​ឬ​ក៏​យ៉ាង​ណា? តុលាការសាលា​ដំបូង​រាជធានី​ភ្នំពេញ​​នឹង​កាត់​សេចក្ដី​លើ​សំណុំ​រឿង​នេះ នៅ​ថ្ងៃ​ទី​១៥​ខែ​មករា ដើម​ឆ្នាំ​២០២០​ខាង​មុខ​។ សូម​ជម្រាប​ជូន​ថា ការ​ប្រកាស​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​អង្គ​សេចក្ដី​ក្នុង​សំណុំ​រឿង​លោក កឹម សុខា នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បិទ​បញ្ចប់​ការ​ស៊ើប​សួរ​នៅ​ថ្ងៃ​ទី​១៥​ខែវិច្ឆិកា​កន្លង​ទៅ។

នៅ​ចំពោះ​មុខ​សវនាការ​ជំនុំ​ជម្រះ​ដែល​នឹង​ឈាន​ចូល​មក​ដល់​នា​ពេល​ខាង​មុខ ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា នៅ​តែ​បញ្ជាក់​ពី​ជំហ​របស់​ខ្លួន​ដដែល។ នោះ​គឺ​ចង់​ឲ្យ​តុលាការ​ទម្លាក់​ចោទ​បទ​ចោទ​ប្រកាន់​ទាំង​ស្រុង ដោយ​សំអាង​ថា លោក កឹម សុខា ជា​មនុស្ស​ស្អាត​ស្អំ ពោល​គឺ​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះទេ។ និង​ថា នៅ​ក្នុង​ការ​ស៊ើប​អង្កេត​អស់​រយៈ​ពេលជាង​២​ឆ្នាំ​កន្លង​ទៅ​នេះ តុលាការ​ហាក់​មិន​បាន​រក​ឃើញ​ភស្តុតាង​ណាមួយ​ដែល​បង្ហាញ​អំពី​ទង្វើ​ក្បត់​ជាតិ​របស់​លោក កឹម សុខា ឡើយ​។

គួរ​រំឭក​ជូន​ថា លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន នៅ​គេហដ្ឋាន​របស់​លោក ស្ថិត​នៅ​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីយប់​ថ្ងៃ​ទី​០២ ឈានចូលថ្ងៃទី​០៣​កញ្ញា​ឆ្នាំ​២០១៧ ពី​បទ​ក្បត់​ជាតិ។ ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​ក្រោយ​មាន​ការ​ចុះ​ផ្សាយ​ និង​ចែក​រំលែក​តៗ​គ្នានូវ​វីឌីអូឃ្លីប​​ខ្លី​របស់​ លោក​ កឹម សុខា ថ្លែង​ទៅ​កាន់​ពលរដ្ឋ​រស់​នៅ​បរទេស​មួយ​ក្រុម។ ក្នុង​វីឌីអូ​នោះ លោក កឹម សុខា បាន​លើក​ឡើង អំពី​យុទ្ធសាស្ដ្រ​នយោបាយ​របស់​លោក ដែល​លោក​ថា​មាន​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក។ ​ អ្វី​ដែល​លោក កឹម សុខា ​ថ្លែងទាំង​អស់​​នោះ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​យក​ជា​មូលដ្ឋាន​​ចោទ​លោក កឹម​ សុខា​ ថា មាន​​ផែន​ការ​​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល។ ហើយ​ប្រសិន​បើ​រកឃើញ​ថា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​មែន​នោះ លោក​​កឹម សុខា អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១៥​ទៅ​៣០​ឆ្នាំ ​តាម​មាត្រា​៤៤៣​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ