អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អ្នក​ក្រ​​ក្នុង​​យុគសម័យ​​សម្ភារៈ​​និយម​!

សំឡេង ០៤:៤៣
អ្នក​ក្រ​​ក្នុង​​យុគសម័យ​​សម្ភារៈ​​និយម​
អ្នក​ក្រ​​ក្នុង​​យុគសម័យ​​សម្ភារៈ​​និយម​

សង្គម​​កម្ពុជា​​បច្ចុប្បន្ន​​ត្រូវ​គេ​​មើល​ឃើញ​​ជា​ទូទៅ​​ថា ​ជា​​សង្គម​​ដែល​មាន​​អំណោយ​ផល​​ដល់​​អ្នក​មាន​ តែ​​បែរ​ជា​​ដាក់​​សម្ពាធ​​លើ​​អ្នកក្រ​​យ៉ាងខ្លាំង​។ ​អ្នកមាន​​ប្រាក់​​និង​​មាន​អំណាច​​អាច​​បង្កើន​​ភាព​​ស្តុកស្តម្ភ​​របស់​ខ្លួន​​យ៉ាង​​ងាយស្រួល​ ខណៈ​ដែល​​អ្នកក្រ​​ពិបាក​​រំដោះ​ខ្លួន​​ចេញ​ពី​​ភាព​ក្រីក្រ​។ ​អ្នក​ក្រ​​ក្រោយ​​សម័យ​ខ្មែរ​ក្រហម​​ខុស​ពី​​អ្នកក្រ​​ក្នុង​ស​ម័យ​​សម្ភារៈ​​និយម​​បច្ចុប្បន្ន​។ ​ខុសគ្នា​​នៅ​ត្រង់​ថា កម្រិត​ជីវភាព​​បាន​​ប្រសើរ​ឡើង​​ជាង​​មុន ​ប៉ុន្តែ ​ពួកគេ​​បែរ​ជា​​ទទួល​រង​​សម្ពាធ​​ខ្លាំង​​ជាង​​មុន​។ ​តើ​ហេតុ​អ្វី​​បាន​ជា​​ដូច្នេះ?​

ផ្សាយពាណិជ្ជកម្ម

នៅ​កម្ពុជា អ្នកមាន​ទទួលបាន​អំណោយផល​គ្រប់បែបយ៉ាង​ពី​សង្គម​ដែល​ឲ្យ​តម្លៃ​ប្រាក់​និង​អំណាច​ជាធំ។ ប្រាក់​និង​អំណាច​អាច​អនុញ្ញាត​ឲ្យ​ឈ្មួញ​និង​អ្នកធំ​ទិញ​ដីធ្លី​ពី​កសិករ​បាន​ក្នុង​តម្លៃថោក។ ប្រាក់​និង​អំណាច​ក៏​អនុញ្ញាត​ឲ្យ​ពួកគេ​ដោះស្រាយ​រាល់​បញ្ហា​ដោយ​ងាយ​រាប់ទាំង​បញ្ហា​ផ្លូវច្បាប់​ផង។ អ្នកមាន​ប្រាក់​និង​មានអំណាច​រស់នៅក្នុង​ផាសុកភាព​កាន់តែ​ខ្ពស់។ ពួកគេ​ចំណាយ​ប្រាក់​ដូច​ក្រដាស​ក្នុង​ការទិញ​សម្ភារៈទំនើបៗដើម្បី​បង្អួត​គ្នា។

ងាក​ទៅ​មើល​អ្នកក្រីក្រ​តោកយ៉ាក​វិញ ពួកគេ​រស់ក្នុង​ស្ថានភាព​លំបាក​រឹតតែ​ខ្លាំង។ នៅពេល​សមាជិកគ្រួសារ​មាន​ជំងឺ អ្នកមាន​ចេញទៅ​ព្យាបាល​នៅក្រៅ​ប្រទេស ខណៈដែល​អ្នកក្រ​គ្មាន​ប្រាក់​ទៅ​មន្ទីរពេទ្យ ហើយ​បែរ​ទៅរក​ទិញ​ថ្នាំ​នៅតាម​ទីផ្សារ​ដែល​គ្មាន​គុណភាព​និង​គ្មាន​វេជ្ជបញ្ជា។ នៅពេល​មានរឿង​ក្តីក្តាំ អ្នកក្រ​ចាំតែ​ចាញ់​ពីព្រោះ​ម្យ៉ាង​ពួកគេ​គ្មាន​មេធាវី​សម្រាប់​ផ្តល់​ការប្រឹក្សា​ខាង​ផ្លូវច្បាប់​បាន​ត្រឹមត្រូវ និង​ម្យ៉ាងទៀត​មន្ត្រី​អាជ្ញាធរ​រាប់ទាំង​អ្នកច្បាប់​ផង​ច្រើនតែ​លម្អៀង​ទៅខាង​អ្នកមាន​ប្រាក់​និង​មានអំណាច។

អ្នកក្រ​ភាគច្រើន​លើសលប់​រស់នៅក្នុង​តំបន់​ជនបទ​ដាច់ស្រយាល​ដែល​ខ្វះខាត​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ផ្លូវថ្នល់ ប្រព​ន្ធ័​ធារាសាស្ត្រ សាលារៀន មន្ទីរពេទ្យ ភ្លើងអគ្គិសនី ទឹកស្អាត ជាដើម ខុសពី​អ្នកមាន​ដែល​ប្រមូល​ផ្តុំគ្នា​នៅ​ទីក្រុង​ដែលមាន​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​សង្គម​គ្រប់បែបយ៉ាង។ ក្រៅពីនោះ ផលប៉ះពាល់​នៃ​ការអភិវឌ្ឍ​ក៏បាន​ធ្វើ​ឲ្យ​គ្រួសារ​ក្រីក្រ​មួយចំនួន​ខាតបង់​ដែរ។ ទំនាស់​ដីធ្លី​ដែល​កើត​ដោយសារ​គម្រោង​អភិវឌ្ឍន៍​ទាំងឡាយ​គឺជា​ឧទាហរណ៍​ជាក់ស្តែង។ ទាំងនេះ​ជា​ភស្តុតាង​ដែល​បង្ហាញថា​សង្គម​កម្ពុ​ជាមាន​អំណោយផល​យ៉ាងខ្លាំង​ដល់​អ្នកមាន​ប្រាក់​និង​មានអំណាច តែ​សង្គម​បានដាក់​សម្ពាធ​យ៉ាងខ្លាំង​ទៅលើ​អ្នកក្រ។

ជាការ​ពិត អ្នកក្រ​សម័យនេះ​មាន​ជីវភាព​ខ្ពស់ជាង​កាលពី​ងើប​ចេញពី​សម័យ​ខ្មែរក្រហម ប៉ុន្តែ សូម​កុំភ្លេចថា ពួកគេ​បែរជា​ទទួលរង​សម្ពាធ​ផ្លូវ​ចិត្តខ្លាំង​ជាង​មុន​ទៅវិញ​ពីព្រោះថា កាលពីមុន មនុស្ស​រស់ក្នុង​សភាព​ក្រីក្រ​ប្រហាក់ប្រហែលគ្នា ខណៈដែល​បច្ចុប្បន្ន ជីវភាព​អ្នកមាន​និង​អ្នកក្រ​ខុសគ្នា​ដូច​មេឃ​និង​ដី។ ការរត់​ប្រណាំង​គ្នា​ខាង​សម្ភារៈ​និយម​ធ្វើ​ឲ្យ​អ្នកក្រ​ទទួល​អារម្មណ៍​ថា​ខ្លួន​រស់​មិន​ចុះ​គេ​ក្នុងសង្គម។ ម្យ៉ាងទៀត គ្រួសារ​អ្នកក្រ​ទទួលរង​សម្ពាធ​កាន់តែខ្លាំង​ពី​កូន​ដែល​រង​ឥទ្ធិពល​ពី​មិត្ត​ភ័​ក្ត​អ្នកមាន ហើយ​ទារ​ចង់បាន​របស់ល្អៗដូច​កូនអ្នកមាន​ដែរ។

ការចំណាយ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ក៏​កាន់តែ​ខ្ពស់ជាង​មុន​ដោយសារ​ទំនិញ​សព្វសារពើ​ចេះតែ​ឡើងថ្លៃ ខណៈដែល​កាតព្វកិច្ច​សង្គម​ដូចជា​បុណ្យ អាពាហ៍ពិពាហ៍ ជាដើម​កាន់តែ​ញឹកញាប់​និង​កាន់តែ​មានតម្លៃ​ខ្ពស់ជាង​មុន។ នេះ​ជា​ស្ថានភាព​ដែល​រដ្ឋាភិបាល​មិនអាច​មើលរំលង​បានឡើយ។ គោលនយោបាយ​គាំពារ​ជនក្រីក្រ​គឺជា​អាទិភាព​ចម្បង​សម្រាប់​ដោះស្រាយ​បញ្ហា​នេះ។ ដើម្បី​ធ្វើ​ឲ្យ​សង្គម​កម្ពុជា​ក្លាយជា​សង្គម​ដែលមាន​អំណោយផល​សម្រាប់​ទាំងអស់គ្នា មាន​កិច្ចការ​ចាំបាច់​មួយចំនួន​គួរ​ត្រូវបាន​យកចិត្តទុកដាក់​ដោះស្រាយ​ជាបន្ទាន់។

កិច្ចការ​ទាំងនោះ​មានដូចជា ត្រូវធ្វើ​ឲ្យ​ប្រព​ន្ធ័​សុខាភិបាល​មាន​ប្រសិទ្ធភាព​និង​តម្លៃថោក។ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ធ្វើជា​អ្នកបម្រើ​ប្រជាពលរដ្ឋ​ក្រីក្រ​ដ៏​ពិតប្រាកដ​តាមរយៈ​ការជួយ​សម្រួល​រាល់​សេចក្តីត្រូវការ​របស់​ពួកគេ​ដោយ​មិន​គិតថ្លៃ។ ការអនុវត្ត​ច្បាប់​ទៀតសោត​ត្រូវតែ​ស្មើភាព​គ្នា​មិន​ថា​អ្នកមាន អ្នកក្រ អ្នកតូច​ឬ​អ្នកធំ​នោះឡើយ។ អ្វីដែល​សំខាន់​ម្យ៉ាងទៀត រដ្ឋ​ត្រូវ​ផ្តល់​មធ្យោបាយ​ដល់​អ្នកក្រីក្រ​ឲ្យ​ពួកគេ​មានលទ្ធភាព​អភិវឌ្ឍន៍​ជីវភាព​គ្រួសារ​តាមរបៀប«បង្រៀន​មនុស្ស​ឲ្យ​ចេះ​ចាប់​ត្រី​ជាជាង​ការ​ឲ្យ​ត្រី​ស្រាប់»។

រីឯ​អ្នកមាន​ជីវភាព​ស្តុកស្តម្ភ​ឬ​ធូ​ធារ​ទាំងឡាយ​គួរតែ​ជួយ​អ្នកក្រីក្រ​ជាជាង​ការ​កេង​ប្រ​វ​ញ្ច័​លើ​ពួកគេ ដូច​ពាក្យចាស់​បូរាណ​ខ្មែរ​បាន​ពោលថា«អ្នកមាន​រក្សា​ខ្សត់​ដូច​សំពត់​ព​ទ្ធ័​ពី​ក្រៅ អ្នកប្រាជ្ញ​រក្សា​ខ្លៅ​ដូច​សំពៅ​នៅ​សំប៉ាន»។ នេះ​ជា​ទស្សនៈវិជ្ជា​ដ៏​មានតម្លៃ​សម្រាប់ធ្វើ​ឲ្យ​សង្គម​មាន​អំណោយផល​ដល់​មនុស្ស​គ្រប់គ្នា​ពោល​គឺជា​សង្គម​ដែល​មនុស្ស​ចេះ​ចែកគ្នា​រស់​ជាជាង​ដណ្តើម​គ្នា​រស់។ ការ​បណ្តែតបណ្តោយ​ឲ្យ​គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ​កាន់តែ​រីកធំឡើង​មិន​ខុសពី​ការបង្កើន​សម្ពាធ​កាន់តែ​ធ្ងន់​ទៅលើ​អ្នកក្រ​នោះឡើយ។ សម្ពាធ​នោះ​ប្រៀបបាន​នឹង​ខ្យល់​ក្នុង​កង់ឡាន​ដែល​អាច​នឹង​ផ្ទុះ​បែក​នៅពេល​ណាមួយ​ជាមិនខាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ