អានតួអត្ថបទ
កម្ពុជា

​កិច្ច​ប្រជុំ ​ICC ​ព្រះ​វិហារ ​នឹង​បើក​ធ្វើ​ដំបូង​ នៅ​ទី​រួម​ខេត្ត​សៀមរាប​ នា​ថ្ងៃទី៣​ ខែ​ធ្នូ

ពលរដ្ឋ​ជាអ្នកទេសចរ​ នាំគ្នា​ទៅលេង​ប្រាសាទព្រះវិហារ (រូបថតឯកសារ)
ពលរដ្ឋ​ជាអ្នកទេសចរ​ នាំគ្នា​ទៅលេង​ប្រាសាទព្រះវិហារ (រូបថតឯកសារ) @rfi/ siv channa

គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ សម្រាប់​ការពារ និង​​អភិ​រក្ស​​ប្រា​សាទ​ព្រះ​វិហារ ​ហៅ​​កាត់​​ថា ​"ICC​ ព្រះ​វិ​ហារ​" នឹង​​បើក​​កិច្ច​ប្រជុំ ​លើក​ដំបូង ​នៅ​​ថ្ងៃទី​៣ ​ខែធ្នូ​ នៅ​​ទី​រួម​​ខេត្ត​សៀម​រាប​។ កិច្ច​ប្រជុំ ​ដើម្បី​​ប្រ​កាស​​ពី​​ការ​បង្កើត​ ICC-​ព្រះ​វិហារ ​សម្រាប់​​កៀង​គរ​​ជំនួយ ​អភិ​រក្សាប្រា​សាទ​​វិហារ ​នៅ​​សប្តាហ៍​​ក្រោយ ​នឹងមា​ន​​ប្រទេស​​ចិន​ និង​​ឥណ្ឌា ​ជា​​សហ​ប្រធា​ន ​ហើយ​​មាន​​ប្រទេស​​ចំនួន ​៥ ​ផ្សេងទៀ​ត ​ចូល​រួម។​ គ​ណៈ​កម្មាធិការ​​សម្រប​សម្រួល​​អន្តរ​ជាតិ ​សម្រាប់​​ការ​ពារ​ និង​​អភិ​រក្ស​ប្រាសា​ទ​ព្រះ​វិហារ ​ត្រូវ​បាន​​បង្កើត​ឡើង ​បន្ទាប់​ពី​​ប្រា​សាទព្រះ​វិហា​រ​របស់​​ក​ម្ពុ​ជា ​បាន​​ចុះប​ញ្ជី​ ចូល​​ជា​​សម្បត្តិ​​បេតិ​កភណ្ឌ​​ពិភព​លោក​ របស់​​អង្គការ ​UNESCO ​កាលពី​​ថ្ងៃទី​៧ ខែ​កក្កដា ​ឆ្នាំ២០០៨។​

ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​មាន​សេច​ក្តី​សម្រេច​របស់​អង្គការ​ យូ​ណេស្កូ ​ពី​ទី​ក្រុង​ប៉ារីស ​នៅ​ថ្ងៃទី​២៣​ ខែ​តុលា ​ឆ្នាំ២០១៤​ ដែល​គាំ​ទ្រ​ឲ្យ​មាន​ការ​បង្កើត​គណៈក​ម្មាធិកា​រ​សម្រប​សម្រួល​អន្តរ​ជាតិ​ សំរាប់​ប្រាសាទ​ព្រះ​វិហារ​ ឬ​ហៅ​កាត់​ថា ​ICC-Preah​ Viheah ​ រដ្ឋាភិ​បាល​កម្ពុជា ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​រៀប​ចំ​កិច្ចប្រជុំ​នេះ ​នៅ​ទី​ស្នាក់​ការ​អាជ្ញាធរ​អប្សរា​ ក្នុង​ទី​រួម​ខេត្ត​សៀមរាប​ នៅ​ថ្ងៃទី​៣ធ្នូ​ខាង​មុខ​។​

លោក​ ជុច​ ភឿន​ ប្រធាន​អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ​ បាន​ឲ្យ​ដឹង​ថា ​កិច្ច​ប្រជុំ​នេះ ​មាន​ប្រទេស​ចិន និង​ឥណ្ឌា ជា​សហ​ប្រធាន​ ហើយ​មាន​ប្រទេស​ ៥​ ទៀត​ ចូល​រួម។ ​កិច្ច​ប្រជុំ​នេះ ​មាន​គោលបំណង​ ទាក់​ទាញ​ជំនួយ​ ដើម្បី​អភិរក្ស ​និង​អភិវឌ្ឍ ​ជាពិសេស ​គឺ​ជួស​ជុល​ប្រាសាទ​ព្រះវិហារ​​របស់​ក​ម្ពុ​ជា​ ដែល​ជា​សម្បត្តិ​បេតិ​កភណ្ឌ​ពិភព​លោក។

កន្លង​មក​ ប្រទេស​ថៃ ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ ចំពោះ​ការ​បង្កើត ​ICC-PV​ នេះ ​ប៉ុន្តែ​តាម​លោក​ ជុច ​ភឿន ​កិច្ច​ប្រជុំ ​នៅ​សប្តាហ៍​ក្រោយ ​នឹង​ដំណើរ​ការ​ទៅ ​ដោយ​ភាព​រលូន ព្រោះ​ថា ​ក​ន្លង​មក ​ប្រទេស​ថៃ ​ក៏​បាន​គាំ​ទ្រ ​ឲ្យ​មាន​គណៈ​កម្មាធិការ ICC ព្រះ​វិហារ​នេះ​ផង​ដែរ។

គួរ​រម្លឹក​ជូន​ថា ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៣ តុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ ​ICJ ​ទីក្រុង​ឡាអេ ​​បាន​បើក​សវនា​ការ​ជា​សាធារណៈ ​ ដើម្បី​ប្រកាស​សេច​ក្តី​សម្រេច​លើ​បណ្តឹង​របស់​កម្ពុជា​ ដែល​សុំ​ឲ្យ​បក​ស្រាយ​ឡើង​វិញ ​នូវ​សាល​ក្រម​ឆ្នាំ​១៩៦២​ ស្តីពី​​ប្រាសាទ​ព្រះវិហារ​។ ​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ ​បាន​សម្រេច​ជា​ឯក​ច្ឆន្ទ​ ឲ្យ​កម្ពុជា ​មាន​អធិប​តេយ្យ​ភាព​ពេញ​លេញ ​ទៅ​លើ​ប្រាសាទព្រះ​វិហារ​ ដែល​ត្រូវ​បាន​លាត​សន្ធឹង ​ទៅ​ខាង​ជើង​ រហូត​ដល់​ខ្សែ​បន្ទាត់​ព្រំដែន​ ដែល​មាន​នៅលើ​ផែន​ទី​ឧប​សម្ព័ន្ធ​ទី១​ ហើយ​ទៅ​ខាង​ជើង​ឆៀង​ខាង​លិច​ ទៅ​ដល់​ជើង​ភ្នំ​ទ្រព្យ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ