អានតួអត្ថបទ
កម្ពុជា-សង្គម

​ក្រសួង​ការងារ​គ្រោង​កែ​ប្រែ​ប្រាក់​ឈ្នួល​អ្នក​ធ្វើ​ការ​វេន​យប់​ពី​១៣០%​មក​នៅ​១០០%​សម្រាប់​រោង​ចក្រ​ដំណើរ​ការ​២៤ម៉ោង​

កម្មកររោងចក្រកាត់ដេរ (រូបឯកសារ)
កម្មកររោងចក្រកាត់ដេរ (រូបឯកសារ) @Internet

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ គ្រោងធ្វើ​វិសោធកម្ម​ច្បាប់​ស្តី​ពីការ​ងារ​​ជាថ្មីទៀតដើម្បី​កែ​ប្រែ​ប្រាក់​ឈ្នួល​កម្មករ​ធ្វើ​ការ​វេនយប់ពី១៣០ភាគរយ​មកនៅត្រឹម​១០០ភាគរយ​ឲ្យ​ដូចកម្មករ​ធ្វើ​ការ​វេនថ្ងៃដែរគឺ​សម្រាប់​តែ​រោង​ចក្រ​ឬ​សហ​គ្រាស​ថ្មី​ទាំង​ឡាយ​ណា​ដែល​បើក​ដំណើរការ​២៤ម៉ោងលើ២៤ម៉ោង។ ចំណែក​រោងចក្រ​ឬសហគ្រាសដែលកំពុង​ដំណើរការ​ស្រាប់​គឺនៅបន្តអនុវត្ត​តាមលក្ខខណ្ឌចាស់ដដែល។​ លើស​ពីនេះទៀត​ក្រសួងក៏គ្រោង​លុបចោល​ការ​លើក​ថ្ងៃឈប់​សម្រាកបុណ្យជាតិដែលត្រូវឈប់​ចំថ្ងៃអាទិត្យនោះផងដែរ​។ ប៉ុន្តែ​ភាគី​សហជីពមិន​គាំទ្រ​គម្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​បែបនេះទេ ដោយយល់ថា ធ្វើឲ្យបាត់បង់​អត្ថប្រយោជន៍​របស់​កម្មករ និយោជិត។ 

ផ្សាយពាណិជ្ជកម្ម

តាមរយៈលិខិត​អញ្ជើញ​តំណាង​សហជីព​ឲ្យ​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់ត្រីភាគីនៅថ្ងៃទី១៦​ខែ​មករា លោក អ៊ិត សំហេង បានគូសបញ្ជាក់ថា ​ការ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារនេះ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​នៃ​ការ​វិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច ក្នុង​គោលបំណង​ពង្រីក​ការប្រកួតប្រជែង​គ្នា។ ប៉ុន្តែ​បើតាម​សហជីពការពារកម្មករវិញ គម្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ​ជាថ្មីទៀតនេះ គឺធ្វើ​ឡើង​ទៅ​តាម​ការ​ចង់បាន​របស់​ភាគីនិយោជកឬក្រុមថៅកែ។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា មិនគាំទ្រ​នឹងគម្រោង​ធ្វើ​វិសោធនកម្មលក្ខខណ្ឌ​​ការងារជាថ្មីទៀតនេះទេ ដោយសារតែធ្វើឲ្យ​បាត់បង់អត្ថ​ប្រយោជន៍​របស់កម្មករ។ កម្មករ​ដែល​ធ្វើ​ការ​វេន​យប់​គឺ​ធ្លាប់ទទួលបាន​ប្រាក់​ឈ្នួល​១៥០ភាគរយ​កន្លងមកគឺទើបតែ​ត្រូវ​បាន​កាត់​បន្ថយ​មកនៅ​១៣០ភាគរយ​នៅឆ្នាំ២០១៨។ ហើយបើ​ត្រូវកាត់​បន្ថយ​មកនៅត្រឹម​១០០ភាគរយ​ដូចកម្មករ​ធ្វើ​ការ​វេន​ថ្ងៃ​ដែរ​នោះ លោក អាត់ ធន់ យល់ថាគឺមិនសមហេតុផល​ឡើយ​ ព្រោះ​អ្នក​ធ្វើ​ការវេនយប់​ប្រឈម​នឹង​បញ្ហាសុខភាព​ជាង​អ្នក​ធ្វើ​ការ​វេនថ្ងៃ។

ប៉ុន្តែ​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួងការងារ បានគូស​បញ្ជាក់ថា គម្រោង​វិសោធនកម្ម​ច្បាប់​កាត់​បន្ថយ​ប្រាក់​ឈ្នួលអ្នក​​ធ្វើ​ការ​វេនយប់ពី១៣០ភាគរយ​មកនៅត្រឹម​១០០ភាគរយ​ឲ្យ​ដូចកម្មករ​ធ្វើ​ការ​វេនថ្ងៃដែរគឺសម្រាប់តែរោងចក្រឬ​សហគ្រាសថ្មីទាំងឡាយណាដែល​បើក​ដំណើរការ​២៤ម៉ោងលើ​២៤ប៉ុណ្ណោះ។ ចំណែក​រោងចក្រ​ឬសហគ្រាសដែលកំពុង​ដំណើរការ​ស្រាប់​គឺនៅបន្តអនុវត្ត​តាមលក្ខខណ្ឌចាស់ដដែល។​

បើតាម លោក អាត់ ធន់ គឺភាគីនយោជកឬថៅកៅ​កំពុងតែមានទឹក​មាត់​ប្រៃ​ក្នុងការ​ទាមទារ​នូវអ្វី​ដែល​ពួកគេ​ចង់​បាន ខណៈ​បញ្ហាEBA ដែល​សហភាពអឺរ៉ុប​គ្រោង​ដកហូតនៅពេល​ឆាប់​ខាង​មុខនេះ គឺជា​ហេតុ​ផល​ចំបងមួយ​ដែល​ធ្វើ​ឲ្យ​និយោជកមានការបារម្ភខ្លាំង។ តែលោក ហេង សួរ អះអាងថា គម្រោង​វិសោធនកម្ម​ច្បាប់​ស្តីពីការងារ​លើកនេះ​មិនមែនធ្វើ​ឡើងទៅតាម​សំណើ​របស់​និយោជកនោះឡើយ។

បើតាមគម្រោង ​ក្រសួងការងារក៏គ្រោង​ធ្វើ​វិសោធនកម្ម លុបចោល​ការ​លើក​ថ្ងៃឈប់​សម្រាកបុណ្យជាតិដែលត្រូវឈប់​ចំថ្ងៃអាទិត្យនោះផងដែរ​ បន្ទាប់ពី​រដ្ឋាភិបាល​ទើបតែ​កាត់​បន្ថយ​ថ្ងៃឈប់​សម្រាក​បុណ្យ​ជាតិ​អស់ចំនួន៦​ថ្ងៃនៅ​ឆ្នាំ​២០២០​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ