អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

សហជីព​លោក​រ៉ុង ឈុន​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​ការងារ​កម្មករ ក្រោយ​ប្រទេស​លោក​សេរី​ប្រតិកម្ម​ចំពោះ​ការ​បោះ​ឆ្នោត​កម្ពុជា

លោក រ៉ុង ឈុន សហភាព​សហជីព​កម្ពុជា
លោក រ៉ុង ឈុន សហភាព​សហជីព​កម្ពុជា @សហការី

សហភាព​សហជីព​កម្ពុជា​របស់​លោក​រ៉ុង ឈុន នៅ​ព្រឹក​ថ្ងៃ​ទី​៧ សីហា​នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​ហានិភ័យ​អត់​ការងារ​ធ្វើ​របស់​កម្មករ និយោជិត បន្ទាប់​ពី​អន្តរជាតិ​ខាង​លោក​សេរី​បាន​ចេញ​ប្រតិកម្ម​ជា​បន្ត​បន្ទាប់​ចំពោះ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។ ជាមួយ​នឹង​ការ​ព្រួយ​បារម្ភ សហភាព​សហជីព​កម្ពុជា​ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ការ​ចរចា​នយោបាយ ដើម្បី​លុប​បំបាត់​ហានិភ័យ​នេះ។

ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន សហភាព​សហជីព​កម្ពុជា​របស់​លោក​រ៉ុង ឈុន បារម្ភ​ថា ការ​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​របស់​ប្រទេស​ខាង​លោក​សេរី​មក​លើ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា វា​អាច​នាំ​ឲ្យ​កម្មករ និយោជិត​ជួប​បញ្ហា​គ្មាន​ការងារ​ធ្វើ ប្រសិន​បើ​ប្រទេស​ទាំង​នោះ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​លើ​ប្រទេស​កម្ពុជា។ សម្រាប់​សហភាព​សហជីព​កម្ពុជា ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​អាច​នឹង​កើត​មាន​ឡើង ប្រសិន​បើ​កម្ពុជា​មិន​ទទួល​យក​អនុសាសន៍ ក៏​ដូច​ជា​ការ​អំពាវនាវ​របស់​អន្តរជាតិ​ខាង​លោក​សេរី​ទេ​នោះ។

គួរ​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​ថ្ងៃ​២៩ កក្កដា ត្រូវ​បាន​ប្រទេស​មួយ​ចំនួន​រួម​មាន ចិន រុស្ស៊ី វៀតណាម ឡាវ ថៃ​ក៏​ដូច​ជា​ប្រទេស​ម៉ាឡេស៊ី​ជា​ដើម​តាម​រយៈ​អ្នក​សង្កេតការណ៍​បាន​ប្រកាស​គាំទ្រ។ ក៏​ប៉ុន្តែ​ប្រទេស​លោក​សេរី​មួយ​ចំនួន​វិញ​ដូច​យ៉ាង សហរដ្ឋ​អាមេរិក បារាំង អង់គ្លេស អាល្លឺម៉ង់ កាណាដា អូស្ត្រាលី ជប៉ុន និង​សហភាព​អឺរ៉ុប​ជា​ដើម បាន​សម្តែង​ការ​ខក​ចិត្ត និង​សោក​ស្តាយ​ចំពោះ​ការ​បោះ​ឆ្នោត​នេះ។ សម្រាប់​ប្រទេស​ទាំង​នេះ ការ​ដែល​ពួក​មិន​ពេញ​ចិត្ត​នឹង​ការ​បោះ​ឆ្នោត​នេះ ដោយ​សារ​តែ​គ្មាន​វត្តមាន​អតីត​បក្ស​ប្រឆាំង​ចូល​រួម ខណៈ​លោក​កឹម សុខា​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ និង​សន្លឹក​ឆ្នោត​មិន​បាន​ការ​មាន​ចំនួន​ច្រើន។ ប្រឈម​នឹង​បញ្ហា​នេះ ពួក​គេ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ការ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ ទាម​ទារ​ឲ្យ​ដោះ​លែង​លោក​កឹម សុខា និង​ស្នើ​ឲ្យ​មាន​ចរចា​ខាង​នយោបាយ។

សហភាព​សហជីព​កម្ពុជា​បាន​គាំទ្រ​ការ​សម្រេច​ចិត្ត និង​ការ​អំពាវនាវ​របស់​ប្រទេស​លោក​សេរី​ទាំង​នេះ។បន្ថែម​ពី​ការ​គាំទ្រ សហភាព​សហជីព​កម្ពុជា​ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទទួល​យក​ការ​អំពាវនាវ​ទាំង​អស់​នេះ​ហើយ​មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច និង​មេ​ដឹក​នាំ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​អង្គុយ​និយាយ​គ្នា​រក​ដំណោះ​ស្រាយ ដើម្បី​រក្សា​ការងារ​កម្មករ និយោជិត និង​ស្ថិរភាព​សង្គម។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥសាន ធ្លាប់​បាន​គូស​បញ្ជាក់​ម្តង​ជា​ពីរ​ហើយ​ថា ការ​ចរចា​នយោបាយ​ណា​មួយ​ជាមួ​យអតីត​គណបក្ស​ប្រឆាំង គឺ​មិន​អាច​កើត​ឡើង​នោះ​ទេ។

លោក​ថា ចេតនា​ចង់​ឲ្យ​មាន​ដំណោះ​ស្រាយ​ខាង​នយោបាយ គឺ​ជា​ការ​ចង់​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ នីតិរដ្ឋ និង​ចង់​ដាក់​ជំនួស​ដោយ​វប្បធម៌​និណ្ឌភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ