អានតួអត្ថបទ
កម្ពុជា

ក្រសួង​មហាផ្ទៃ​ថា​មន្ត្រី​ខេត្ត​ខ្លះ​ត្រូវ​ដក​ដំណែង​ដោយ​សារ​កុង​ត្រូល​ជជុះ

លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃកម្ពុជា។
លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃកម្ពុជា។ ©បូណា

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក​ស ខេង បាន​ព្រមាន​សារ​ជា​ថ្មី​ម្តង​ទៀត​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ចំពោះ​បញ្ហា​កុងត្រូល​ជជុះ​ដែល​ជំរិត​ទារ​ពី​ប្រជាជន​យ៉ាង​អាណាធិបតេយ្យ។ ជា​ការ​ព្រមាន​ដែល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នឹង​ប្រើ​ប្រាស់​វិធាន​ការ​ច្បាប់​តែ​ម្តង​ចំពោះ​ថ្នាក់​ដឹក​នាំ​ខេត្ត ក្រុង​ស្រុក។ ទន្ទឹម​នឹង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​អះអាង​ថា មន្ត្រី​ថ្នាក់​ខេត្ត ក្រុង ស្រុក​មួយ​ចំនួន​ត្រូវ​បាន​ដក​ដំណែង​ដោយ​សារ​បញ្ហា​កុង​ត្រូល​ជជុះ​នេះ។

ផ្សាយពាណិជ្ជកម្ម

លោក​ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា​ដោយ​សារ​តែ​បញ្ហា​កុងត្រូល​ជជុះ ចៅហ្វាយ​ខេត្ត ក្រុង និង​ស្រុក​មួយ​ចំនួន​ត្រូវ​បាន​រដ្ឋា​ភិបាល​សម្រេច​ដក​ដំណែង​និង​ផ្លាស់​ប្តូរ​តួ​នាទី។ លោក​ខៀវ សុភ័គ​មិន​បាន​បញ្ជាក់​ពី​ចំនួន​ចៅហ្វាយ​ខេត្ត​ប៉ុន្មាន ចៅហ្វាយ​ស្រុក​ប៉ុន្មាន ដែល​ត្រូវ​បាន​ដក​កាល​ពី​ពេល​កន្លង​ទៅ​នោះ​ទេ។ ប៉ុន្តែ​លោក​ថា មាន​ដក​តាំង​ពី​មន្ត្រី​ស្រុក រហូត​ដល់​ចៅហ្វាយ​ខេត្ត​ដែល​គគ្លើន​ចំពោះ​បញ្ហា​កុង​ត្រូល​ជជុះ​នេះ។ យ៉ាង​ណា​ក៏​ដោយ គេ​សង្កេត​ឃើញ​ថា ចៅហ្វាយ​ខេត្ត​ក្រុង​មួយ​ចំនួន​ក្នុង​អាណត្តិ​ទី ៥​នេះ ត្រូវ​បាន​ដក​ដំណែង​ដូច​ជា​អភិបាល​ខេត្ត​កំពង់ធំ ព្រះវិហារ និង​បន្ទាយមានជ័យ​ជា​ដើម។

សូម​រំលឹក​ថាកាលពីថ្ងៃម្សិលមិញ លោក ស ខេង រដ្ឋម​ន្ដ្រីក្រ​សួង​មហា​ផ្ទៃ បាន​ព្រមាន​ជា​​ថ្មី​ទៀត​ថា នឹងចាត់ការទៅតាមច្បាប់ចំពោះថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុងរូបណា ដែល​នៅ​តែ​បណ្តោយ​ឲ្យមានកុងត្រូលជជុះ ជំរិតទារ​លុយពីប្រជាពលរដ្ឋ​យ៉ាងអាណាធិបតេយ្យ​។

លោក​ស ខេង បាន​ដាក់​បញ្ជា​ឱ្យ​គណៈបញ្ជាការ​ឯកភាព​គ្រប់​ថ្នាក់ ត្រូវ​លុប​បំបាត់​ឲ្យ​បាន​ជា​ដាច់​ខាត​នូវ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​អាណាធិបតេយ្យ ដែល​មិន​ស្រប​ច្បាប់​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន និង​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ចំពោះ​មុខ​រាជរដ្ឋាភិបាល ករណី​មាន​ការ​កើត​ឡើង​នូវ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​មិន​ស្រប​ច្បាប់។ លោក ស ខេង បាន​សង្កត់​ធ្ងន់​ថា ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ត្រូវ​តែ​មាន​យន្តការ​មួយ​ច្បាស់​លាស់ ដូច​ជា​នៅ​ថ្នាក់​ជាតិ​មាន​គណៈបញ្ជាការ​លុប​បំបាត់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ ដែល​មាន​កង​កម្លាំង​ចម្រុះ​សម្រាប់​ប្រតិបត្តការ​នៅ​ពេល​មាន​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​អាណាធិបតេយ្យ​កើត​ឡើង។ លោក​ខៀវ សុភ័គ បាន​លើក​ឡើង​ថា​ការ​ព្រមាន​ពី​រដ្ឋមន្ត្រី​នេះ គឺ​ជា​ការ​ក្រើន​រំលឹក​យ៉ាង​ច្បាស់​លាស់​មួយ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លើ​បញ្ហា​អសកម្ម​មួយ​នេះ​ផង​ដែរ។

បញ្ហា​កុង​ត្រូល​ជជុះ​ដែល​ទា​លុយ​ពី​ប្រជាពលរដ្ឋ​យ៉ាង​អណាធិបតេយ្យ​នេះ គឺ​ជា​បញ្ហា​រ៉ាំរ៉ៃ​មួយ​ដែល​រដ្ឋាភិបាល​អប្រជាប្រិយភាព​ក្នុង​ការ​លុប​បំបាត់​ឱ្យ​បាន។ លោក​សន ជ័យ ប្រធាន​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា បាន​អះអាង​ថា​បញ្ហា​ពុក​រលួយ និង​ការ​បើក​ដៃ​ពី​ថ្នាក់​លើ​គឺ​ជា​អ្វី​ដែល​ធ្វើ​ឱ្យ​បញ្ហា​កុង​ត្រូល​ជជុះ​នេះ​នៅ​តែ​បន្ត​បឺត​ឈាម​ប្រជាពលរដ្ឋ និង​អ្នក​រកស៊ី។

ដើម្បី​បំបាត់​បញ្ហា​នេះ អ្នក​ជំនាញ​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​បង្កើត​ឱ្យ​បាន​ការ​ឡើង​កាន់​ដំណែង​ដោយ​គ្មាន​អស់​ប្រាក់ បំបាត់​ការ​អន្តរាគមន៍​ពី​អ្នក​ធំ​អ្នក​មាន​អំណាច ឬ​អ្នក​នយោបាយ លើ​កិច្ចការ​អនុវត្ត​ច្បាប់ ដូច​នេះ ទើប​លុប​បំបាត់​បញ្ហា​កុងត្រូល​ជជុះ​ដែល​កំពុង​ដែល​ជា​បញ្ហា​រ៉ាំរ៉ៃ និង​បាន​អូស​ទម្លាក់​ប្រជាប្រិយភាព​បក្ស​កាន់​អំណាច​នា​ពេល​បច្ចុប្បន្ន​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ