អានតួអត្ថបទ
កម្ពុជា-សង្គម

​លោក ស ខេង ​កោត​សរសើរ​នគរបាល​ដែល​បាន​ទប់​ស្កាត់​ការ​ប៉ុន​ប៉ង​ផ្តួល​រំលំ​រដ្ឋា​ភិបាល​កម្ពុជា​

លោក ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ
លោក ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ @Facebook Samdach Sar Kheng

លោក ស ខេង ក្នុង​ថ្ងៃ​កំណើត​នគរបាល​ជាតិ បាន​ថ្លែង​កោត​សរសើរ​នគរបាល ដែល​បាន​ធ្វើ​សកម្មភាព​ទប់​ស្កាត់​នូវ​ឧបាយកល ដែល​បង្ក​មហន្តរាយ​ដល់​សង្គម រួម​នឹង​សកម្មភាព​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់។ លោក ស ខេង ហៅ​សកម្មភាព​នេះ​ថា​បង្ក​ឡើង​ដោយ​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​។ 

ផ្សាយពាណិជ្ជកម្ម

ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើកទី​៧៤ ថ្ងៃ​កំណើត​នគរបាល​ជាតិ​កម្ពុជា ១៦ ឧសភា ឆ្នាំ១៩៤៥-១៦ ឧសភា ២០១៩ លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ក្នុង​នាម​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ដោយ​បាន​កោត​សរសើរ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធផល និង​ស្នាដៃ​ទាំង​ឡាយ ដែល​កង​កម្លាំង​នគរបាល​ជាតិ​សម្រេច​បាន​នាឆ្នាំ​២០១៨​កន្លង​ទៅ​នេះ ពិសេស​គឺ​ការ​ដោះ​ស្រាយ និង​គ្រប់គ្រង​សភាព​ការណ៍​សន្តិសុខ​ប្រកប​ដោយ​វិជ្ជាជីវៈ​។

បើ​តាម​លោក ស ខេង កង​កម្លាំង​នគរបាល​ជាតិ​បាន​ទប់ស្កាត់ និង​បញ្ចៀស​បាន​នូវ​ឧបាយកល សកម្ម​ភាព ដែល​បង្ក​មហន្ត​រាយ​ដល់​សង្គម ដែល​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​បាន​បង្ក​ឡើង ក្នុង​ចេតនា​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់ ក្នុង​គោល​បំណង​ដណ្តើម​យក​អំណាច ដែល​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា និង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្ស​។

លោក​បណ្ឌិត មាស នី អ្នក​ឃ្លាំ​មើល​បញ្ហា​នយោបាយ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា លោក​មិន​ទាន់​ឃើញ​មាន​ចលនា​មួយណា ដែល​អាច​ចេញ​រូបរាង​ជា​បដិវត្ត​ពណ៌ ដើម្បី​ផ្តួល​រំលំ ក្រៅ​តែ​ពីការ​ធ្វើ​យុទ្ធនាការ​ផ្សេងៗ​ទាំង​គណបក្ស​ប្រឆាំង ទាំង​ពលរដ្ឋ​រង​ផល​ប៉ះពាល់ ដើម្បី​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​ដោយ​សន្តិវិធី និង​តាម​រយៈ​ការ​បោះឆ្នោត​។

លោក ស ខេង ក្នុងសុន្ទរក​ថា ជិត​៣០នាទី មិន​បាន​បញ្ជាក់​ថា​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​នោះ​ជា​អ្នក​ណា​ទេ​។ ប៉ុន្តែ​លោក ស​ ខេង បាន​ក្រើន​រំលឹក​ឲ្យ​កង​កម្លាំង​នគរបាល​ជាតិ ដែល​ជា​កង​កម្លាំង​អនុវត្ត​ច្បាប់​ត្រូវ​បង្កើន​ស្មារតី​ដោះ​ស្រាយ​វិញ្ញាសា​ដ៏ស្មុគស្មាញ​នានា តាម​រយៈ​ការ​លើក​កម្ពស់​សមត្ថភាព​ជំនាញ គោរព​ក្រម​សីលធម៌​វិជ្ជាជីវៈជា​ដើម​។

ចំណែក លោក នេត សាវឿន អគ្គស្នង​ការ​នគរបាល​ជាតិ​ក្នុង​ថ្ងៃ​កំណើត​នគរបាល​ជាតិ​ក៏​បាន​បញ្ជាក់​ថា ទោះបី​កង​កម្លាំង​នគរបាល​ជាតិ​សម្រេច​បាន​សមិទ្ធផល​ជា​ច្រើន​ក្តី ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ២០១៩​នេះ កម្ពុជា​អាច​ប្រឈម​នឹង​បញ្ហា​ស្មុគស្មាញ​មួយ​ចំនួន​ទៀត ពាក់​ព័ន្ធ​ដល់​វិស័យ​សន្តិសុខ សណ្តាប់​ធ្នាប់​សង្គម ដោយ​មួយ​ផ្នែក​ទទួល​រង​ឥទ្ធិពល​ពី​បញ្ហា​សន្តិសុខ​ក្នុង​តំបន់ និង​ពិភព​លោក​។

បើតាម​លោក នេត សាវឿន មួយ​ផ្នែក​ទៀត​គឺ​ដោយ​សារ​សម្ពាធ​បរិយាកាស​សង្គម ដែល​ពាក់​ព័ន្ធ​នឹង​ស្ថាន​ការណ៍​នយោបាយ ដូច​ជា​ការ​ប៉ុនប៉ង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា​ពី​បរទេស ចេតនា​ទុច្ចរិត​របស់​ក្រុមឧទ្ទាម​ក្រៅ​ច្បាប់ ដែល​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល ដោយ​ការ​ធ្វើ​បដិវត្ត​ពណ៌ និង​បញ្ហា​គ្រឿងញៀន ការ​ជួញដូរ​ផ្លូវភេទ គ្រោះ​ថ្នាក់​ចរាចរណ៍ និង​បញ្ហា​មួយ​ចំនួន​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ