អានតួអត្ថបទ
កម្ពុជា-គ្រឿងញៀន

លោក​ស ខេង ព្រមាន​បិទ​កន្លែង​កម្សាន្ត​ណា​ដែល​រក​ឃើញ​មាន​ការ​ចែក​ចាយ​គ្រឿង​ញៀន

លោកឧបនាយករដ្ឋ​មន្រ្តី ​ស ខេង ​​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ
លោកឧបនាយករដ្ឋ​មន្រ្តី ​ស ខេង ​​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ @facebook/នគរបាលជាតិ

រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​កម្ពុជា លោក​ស ខេង បាន​ព្រមាន​ខ្លាំងៗ​ទៅ​កាន់​ម្ចាស់​កន្លែង​កម្សាន្ត​ថា​នឹង​ត្រូវ​ប្រឈម​មុខ​ផ្លូវ​ច្បាប់ និង​បិទ​អាជីវកម្ម​របស់​ខ្លួន​ថែម​ទៀត ប្រសិន​បើ​សមត្ថកិច្ច​រក​ឃើញ​មាន​ការ​ចែក​ចាយ​គ្រឿង​ញៀន។ លោក ស ខេង បាន​ព្រមាន​ដូច្នេះ​នៅ​ក្នុង​វេទិកា​អន្តរសាសនា​ថ្នាក់​ជាតិ​លើក​ទី​២ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ។ បន្ថែម​ពី​លើ​នេះ លោក​រដ្ឋមន្រ្តី​ក៏​បាន​បញ្ជា​ឲ្យ​ចៅហ្វាយ​ក្រុង​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្ត​សៀមរាប យក​ចិត្ត​ទុក​ដាក់​បង្រ្កាប​ការ​ចែក​ចាយ​គ្រឿង​ញៀន​នៅ​តាម​ក្លឹប​កម្សាន្ត​នានា​ផង​ដែរ។

ផ្សាយពាណិជ្ជកម្ម

លោក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​កម្ពុជា ក៏​បាន​គូស​បញ្ជាក់​ដែរ​ថា ការ​ចុះ​ទៅ​បង្រ្កាប​របស់​សមត្ថកិច្ច គឺ​មិន​មែន​ទៅ​បង្ក្រាប​កន្លែង​កម្សាន្ត​នោះ​ទេ ប៉ុន្តែ​គឺ​បង្រ្កាប​ការ​ចែក​ចាយ​គ្រឿង​ញៀន​ប៉ុណ្ណោះ។ លោក​ពន្យល់​ថា ការ​បើក​អាជីវកម្ម​កន្លែង​កម្សាន្ត គឺ​ច្បាប់​អនុញ្ញាត តែ​ការ​បណ្តោយ​ឲ្យ​មាន​ចែក​ចាយ​គ្រឿង​ញៀន គឺ​ជា​រឿង​ខុស​ច្បាប់​ដាច់​ដោយ​ឡែក។

គួរ​កត់​សម្គាល់​ថា​ ការ​ព្រមាន​ខ្លាំងៗ​ពី​សំណាក់​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​កម្ពុជា នា​ពេល​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​កន្លែង​កម្សាន្ត​មួយ​ចំនួន ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​បើក​ដៃ​ឲ្យ​មាន​ចែក​ចាយ និង​ប្រើ​ប្រាស់​គ្រឿង​ញឿន​ដោយ​សេរី និង​យ៉ាង​អាណាធិបតេយ្យ។ កន្លង​មក អាជ្ញាធរ​កម្ពុជា​ក៏​បាន​ឆ្មក់​ចុះ​បង្រ្កាប​ខ្លះ​ដែរ ប៉ុន្តែ​នៅ​តែ​មិន​ចេះ​អស់​ទៀត។

សម្រាប់​លោក ស ខេង ដើម្បី​បង្រ្កាប​បញ្ហា​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព គឺ​អាជ្ញាធរ​មាន​វិធីសាស្រ្ត​ចំនួន​ពីរ​នៅ​ចំពោះ​មុខ​នេះ ។ ទី​មួយ អាជ្ញាធរ​ត្រូវ​សហការ​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ ហើយ​ឆ្មក់​ចូល​បង្ក្រាប និង​ទី​ពីរ ត្រូវ​ប្រកាស​ជា​ចំហរ​ដល់​ម្ចាស់​កន្លែង​កម្សាន្ត​ទាំង​អស់ ត្រូវ​លុប​បំបាត់​បញ្ហា​នេះ​ដោយ​ខ្លួន​ឯង។ លោក​ស ខេង បាន​ព្រមាន​ជា​មុន​ថា បើ​សិន​ម្ចាស់​កន្លែង​កម្សាន្ត​លុប​បំបាត់​ដោយ​ខ្លួន​ឯង នោះ​អាជីវកម្ម​របស់​ខ្លួន​នឹង​ដំណើរ​ការ​បន្ត។ ផ្ទុយ​ទៅ​វិញ បើ​សិន​អាជ្ញាធរ​ចុះ​ទៅ​បង្រ្កាប គឺ​បង្រ្កាប​ទាំង​បទ​ល្មើស​គ្រឿង​ញៀន និង​អាច​នឹង​បិទ​អាជីវកម្ម​តែ​ម្តង។ ជាមួយ​គ្នា​នេះ លោក​ស ខេង ក៏​បាន​បញ្ជា​ឲ្យ​ចៅហ្វាយ​ក្រុង​ភ្នំពេញ ខេត្ត​សៀមរាប និង​ខេត្ត​ព្រះសីហនុ ត្រូវ​យក​ចិត្ត​ទុក​ដាក់ ក្នុង​ការ​ចុះ​បង្រ្កាប​ឲ្យ​មាន​ប្រសិទ្ធភាព​ទៅ​លើ​កន្លែង​កម្សាន្ត​ណា ដែល​មាន​បង្កប់​ការ​ចែក​ចាយ​គ្រឿង​ញៀន។

សូម​បញ្ជាក់​ថា គិត​ចាប់​ថ្ងៃ​ទី​១ ខែ​មករា​ ដល់​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៨ អាជ្ញាធរ​កម្ពុជា​បាន​បង្រ្កាប​បទ​ល្មើស​គ្រឿង​ញៀន​បាន​ចំនួន ជាង​៥​ពាន់​ករណី ដោយ​បាន​ឃាត់​ខ្លួន​មនុស្ស​ចំនួន​១​ម៉ឺន​១​រយ​៥៧​(១០,១៥៧)​នាក់ មាន​១៥​សញ្ជាតិ។ ក្នុង​នោះ ការ​ជួញ​ដូរ រក្សា​ទុក កែ​ច្នៃ និង​ចាត់​ចែង​ដាំ​ដុះ មាន​ជាង​៣​ពាន់​ករណី ការ​ប្រើ​ប្រាស់​មាន​ជិត​២​ពាន់​ករណី និង​អនុវត្ត​តាម​ដីកា​តុលាការ​ចំនួន​១៦០​ដីកា។ នេះ​បើ​តាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ