អានតួអត្ថបទ
កម្ពុជា

ពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ពោតនិងសណ្ដែកបានផលច្រើន តែស្រូវបានតិច

គោឧសភរាជបរិភោគពោតសណ្តែក នៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល
គោឧសភរាជបរិភោគពោតសណ្តែក នៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល @siv channa

ស្រូវ​ទទួល​បាន​ទិន្នផល​តិច​តួច​នៅ​ឆ្នាំ​នេះ។ ប៉ុន្ដែ​ទិន្នផល​ពោត​និង​សណ្តែក​នឹង​ទទួល​បាន​ផល​ច្រើន។ នេះ​បើតាម​ការ​គន់គូរ​រប​ស់​ព្រាហ្មណ៍​បារគូ។ គួរ​ជម្រាប​ជូន​ថា ការ​គន់គូរ​នេះ ធ្វើ​ឡើង​ក្នុង​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​នា​ថ្ងៃ​ពុធ ទី៦ឧសភា​នេះ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​បរិវេណ​កីឡដ្ឋាន​ខេត្ត​បាត់​ដំបង ក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះ​មហាក្សត្រ។  

ផ្សាយពាណិជ្ជកម្ម

ព្រះ​រាជ​ពិធី​ច្រត់​ព្រះនង្គ័ល ជា​និមិត្តរូប​នៃ​ការ​ផ្ដើម​ប្រកាស​រដូវ​កាល​បង្ក​បង្កើនផល​ថ្មី​របស់​ប្រជាកសិករ​ខ្មែរ។ តាមរយៈ​ការ​ផ្សង​ក្នុង​ចំណោម​អាហារ​៧​មុខផ្សេងៗ​គ្នា​រួម​​មាន ស្រូវ ពោត សណ្តែក ល្ងរ ស្មៅ ទឹក និង​ស្រា​ផង​នោះ​ឃើញថា គោ​ឧសភរាជ បាន​បរិភោគ​ពោត និង​សណ្ដែក​ច្រើនជាងគេ។ បើតាម​ការ​គន់គូរ​ទ​ស្សន៍​ទាយ​របស់​ព្រាហ្មណ៍​បារគូ ទំនាយ​ទាយ​ថា ទិន្នផល​កសិកម្ម​ឆ្នាំនេះ​នឹង​ទទួលបាន​ទិន្នផល​តិចតួច​បំផុត លើក​លែង​តែ​ពោត និង​សណ្ដែក​ប៉ុណ្ណោះ​ដែល​ទទួលបាន​ទិន្នផល​ច្រើន។ 

ព្រះ​រាជពិធី​ច្រត់​ព្រះនង្គ័ល​ឆ្នាំនេះ បាន​ប្រារព្ធ​ឡើង​នៅ​លើ​ទឹកដី​ខេត្ត​បាត់ដំបង ដែល​ជា​ទឹកដី​នៃ​ជង្រុក​ស្រូវ​កម្ពុជា។ នៅ​ក្នុង​ពិធី​នេះ គេ​ឃើញ​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​ពី​សំណាក់​មហាជន ក្រោម​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ​ខ្មែរ សម្តេចព្រះ​នរោត្តម សីហមុនី។ ក៏​មាន​ផង​ដែរ​វត្តមាន​របស់​ថ្នាក់​ដឹកនាំ​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និង​អង្គទូត​នានា​ប្រចាំ​នៅ​ប្រទេស​កម្ពុជា។  

ជា​ការ​កត់​សម្គាល់ ក្នុង​ព្រះ​រាជពិធី​នេះ អាជ្ញាធរ​ក៏​បាន​រៀបចំ​ស្តង់​ពិព័រណ៍​ចំនួន​៥៣​ស្តង់។ស្ដង់​ពិព័រណ៍​ទាំង​៥៣​ស្ដង់​នោះ មាន​ដាក់​តាំង​បង្ហាញ​កសិផល ស្រូវ អង្ករ ដំឡូង សិល្បៈ​ម្ហូប​អាហារ បង្អែម និង​រោងចក្រ​កែច្នៃ​ដំឡូង​ទៅ​ជា​ម្ស៉ៅ​មី។​ជា​ពិសេស​មាន​ការ​ដាក់​តាំង​រូបភាព​ផ្ទះ​បុរាណ វត្ត​បុរាណ ដែល​នៅ​សេសសល់​ក្នុង​ទឹកដី​ខេត្តបាត់ដំបង​ផងដែរ។

ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​ឆ្នាំនេះ លោក​អភិបាលខេត្ត​បាត់ដំបង ច័ន្ទ សុផល ត្រូវ​ដើរតួ​ធ្វើ​ជា​ស្ដេច​មាឃ តំណាង​ព្រះមហាក្សត្រ ហើយ​ភរិយា​របស់លោក ធ្វើ​ជា​មេ​ហួ។   

សូម​ជម្រាប​ជូន​ផង​ដែរ​ថា តាំង​ពី​ដើម​រៀង​មក ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​តែង​ប្រារព្ធ​ឡើង​នៅ​វាល​មេន (ទី​ព្រះ​ស្រែ​ព្រះមេរុ) ជាប់​ព្រះ​បរម​រាជ​វាំង ជា​រៀងរាល់ឆ្នាំ។ ដោយ​ឡែក​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពិធី​នេះ​បាន​បង្វែរ​ទៅ​ប្រារព្ធ​ធ្វើ​នៅ​តាម​បណ្ដា​ខេត្ត​វិញ។ ជាក់​ស្ដែង​នៅ​ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ ពិធី​ច្រត់​ព្រះនង្គ័ល​បាន​ប្រារព្ធ​ធ្វើ​នៅ​ខេត្តកណ្ដាល៕

ដោយ ឃឹម ច័ន្ទសុអហំ

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ