អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក សុខ ឥសាន​៖ លោក សម រង្ស៊ី កំពុង​ភ័យ​ខ្លាំង​ខ្លាច​លោក កឹម សុខា បែក​ពី​ខ្លួន​ទៅ​បង្កើត​បក្ស​ថ្មី​

លោក សម រង្ស៊ី (ខាងឆ្វេង) លោក សុខ ឥសាន (ខាងស្ដាំ)
លោក សម រង្ស៊ី (ខាងឆ្វេង) លោក សុខ ឥសាន (ខាងស្ដាំ) @RFI

លោក​សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​ចេញ​មក​ច្រាន​ចោល​នូវ​ការ​ចោទ​ប្រកាន់​ដែល​ថា​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន មាន​បំណង​បំបែក​បំបាក់​លោក​កឹម សុខា ពី​លោក​សម រង្ស៊ី​។ ការ​ច្រាន​ចោល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ពី​លោក សម រង្ស៊ី ។ ប៉ុន្តែ​លោក​សុខ ឥសាន ថា លោក​សម រង្ស៊ី កំពុង​តែ​ភ័យ​ខ្លាច​លោក​កឹម សុខា បែក​ពី​ខ្លួន​ទៅ​បង្កើត​គណបក្ស​ថ្មី ទើប​និយាយ​បែប​នេះ​។ 

ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​អះអាង​ថា លោក សម រង្ស៊ី កំពុង​តែ​ភ័យ​ខ្លាច​លោក​កឹម សុខា បែក​ចិត្ត​ទៅ​បង្កើត​គណបក្ស​ថ្មី ឫ ទៅ​ដឹក​នាំ​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​វិញ បើ​សិន​លោក​កឹម សុខា ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​នោះ​។ សម្រាប់​លោក​សុខ ឥសាន នៅ​ពេល​នេះ លោកសម រង្ស៊ី កំពុង​ភិត​ភ័យ​ខ្លាំង​ណាស់​ពី​រឿង​ហ្នឹង ទើប​បាន​ជា​ប៉ុន្មាន​ថ្ងៃ​នេះ លោកសម រង្ស៊ីនិយាយ​ដដែល​ជា​ដដែល​ថា សម រង្សី និង កឹម​ សុខា ជា​មនុស្ស​តែ​មួយ​មិន​ដាច់​ពី​មាត់​បែប​នេះ​។

លោកសម រង្ស៊ី ប្រធាន​ស្តី​ទី​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​កាល​ពី​ថ្ងៃ​ទី២៧ វិច្ឆិកា បាន​អះអាង​ថា លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​ មាន​បំណង​បំបែក​លោក​កឹម សុខា ចេញ​ពី​លោក​។ លោក​ថា ការ​បាក់​បែក​គ្នា​រវាង​លោក និង លោកកឹម សុខា គឺ​ជា​អ្វី​ដែល​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែនចង់​បាន និង​ថា លោកកឹម សុខា នឹង​ត្រូវ​ដោះ​លែង​ឱ្យ​មាន​សេរីភាព បើ​សិន​លោក​កឹម សុខា ព្រម​បែក​ពី​រូប​លោក ឫ​ក៏​បំភ្លេច​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ ទៅ​បង្កើត​គណ​បក្ស​ថ្មី ឫ​ទៅ​ដឹក​នាំ​គណ​បក្ស​សិទ្ធិ​មនុស្ស​វិញ​។ តែ​ទោះ​ជា​យ៉ាង​ណា លោក​គូស​បញ្ជាក់​ថា រូប​លោក និង​លោក​កឹម សុខា មិន​បែក​បាក់​គ្នា​តាម​ការ​ចង់​បាន​របស់​លោក​ហ៊ុន សែន​ឡើយ​។

ប៉ុន្តែ​លោក​គឹម សុខ អ្នក​វិភាគ​នយោ​បាយ​កម្ពុជា យល់​ថា សារ​នយោបាយ​ដែល​ថា​ លោក​សម រង្ស៊ី និង​លោក​កឹម សុខា ជា​មនុស្ស​តែ​មួយ​នេះ គឺ​មាន​តែ​ទ្រឹស្តី​ប៉ុណ្ណោះ ពី​ព្រោះ​លោកសម រង្ស៊ី មិន​បាន​ចូល​ខ្លួន​មក​សម្រប​សម្រួល​ការ​ខ្វែង​គំនិត​គ្នា​នៃ​ផ្ទៃ​ក្នុង​អតីត​បក្ស​ប្រឆាំង​ឡើយ ខណៈ​លោក​កឹម សុខា មិន​អាច​ធ្វើ​អ្វី​បាន​។ ទោះ​ជា​អះ​អាង​បែប​នេះ​ក្តី ក៏​លោក​គឹម សុខ មើល​ឃើញ​ថា លោក​កឹម សុខា មាន​ជំហរ​រឹង​មាំ​ជាង​លោក​សម រង្ស៊ី​ចំពោះ​សម្ព័ន្ធ​ភាព​មួយ​នេះ បើ​ទោះ​បី​លោក​មិន​អាច​និយាយ​អ្វី​បាន​ព្រោះ​ជាប់​បម្រាម​ធ្វើ​នយោបាយ​។

សូម​បញ្ជាក់​ថា លោក សម រង្ស៊ី និង លោកកឹម សុខា មិន​អាច​ទាក់​ទង​គ្នា​បាន​ទេ ដោយ​សារ​តែ​លោក​កឹម សុខា កំពុង​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​ពី​សំណាក់​តុលាការ​កម្ពុជា​ និង​ហាម​មិន​ឱ្យ​ធ្វើ​នយោបាយ​។ កាលពីថ្ងៃព្រហស្បតិ៍ លោកមុត ចន្ថា នាយក​ខុទ្ធកាល័យ​លោកកឹម សុខា និង មេធាវី​លោក​កឹម សុខា សុទ្ធ​តែ​ចេញ​មក​ទាត់​ចោល​នូវ​ព័ត៌​មាន​ដែល​ថា លោក​សម រង្ស៊ី និង លោកកឹម សុខា ទាក់​ទង​គ្នា​តាម​ទូរស័ព្ទ​។ តាម​ពួក​គេ ការ​ប្រឌិត​ព័ត៌មាន​បែប​នេះ គឺ​មាន​ចេតនា​ទុច្ចរិត​មក​លើ​លោក​កឹម សុខា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ