អានតួអត្ថបទ
កម្ពុជា-នយោបាយ

​ប្រធាន​រដ្ឋ​ឡាវ​កំពុង​ទស្សនកិច្ច​នៅ​កម្ពុជា ​ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ ​និង​យូរ​អង្វែង​

អគ្គលេខាធិការ​និង​ជា​ប្រធាន​រដ្ឋ​ឡាវ​លោក ​ប៊ុនញ៉ាំង ​វរជីត ​(Bounnhang ​VORACHITH) ​។​
អគ្គលេខាធិការ​និង​ជា​ប្រធាន​រដ្ឋ​ឡាវ​លោក ​ប៊ុនញ៉ាំង ​វរជីត ​(Bounnhang ​VORACHITH) ​។​ @FB

អគ្គលេខាធិការ​និង​ជា​ប្រធាន​រដ្ឋ​ឡាវ​លោក ​ប៊ុនញ៉ាំង ​វរជីត ​(​Bounnhang ​VORACHITH​) ​បាន​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ​ដើម្បី​ធ្វើ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា​។ ​តាម​គម្រោង ​ប្រធាន​រដ្ឋ​ឡាវ ​នឹង​ចូលគាល់​ព្រះ​មហាក្សត្រ​កម្ពុជា​នៅ​ក្នុង​ព្រះ​បរមរាជ​វាំង ​នឹង​មាន​ជំនួប​ជា​បន្ត​បន្ទាប់​ជា​មួយ​ថ្នាក់​ដឹកនាំ​កំពូលៗ​របស់​កម្ពុជា​។ ​សម្រាប់​កម្ពុជា ​ដំណើរ​ទស្សនកិច្ច ​នេះ ​គឺ​ជា​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​បន្ថែម​ទៀត ​ដើម្បី​ពង្រឹង​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ ​និង​យូរ​អង្វែង​រវាង​ប្រទេស​ទាំងពីរ​។ ​

ផ្សាយពាណិជ្ជកម្ម

អគ្គលេខាធិការ​និង​ជា​ប្រធាន​រដ្ឋ​ឡាវ ​លោក​ ប៊ុនញ៉ាំង ​វរជីត ​(​Bounnhang ​VORACHITH​) ​បាន​ដាក់​ជើង​ជាន់​ដី​កម្ពុជា ​នៅ​វេលា​ម៉ោង ​៨ ​និង​៤៥​នាទី​ព្រឹក​ថ្ងៃអាទិត្យ ​ទី​០៩ ​កុម្ភៈ​នេះ ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា ​ចាប់​ពី​ថ្ងៃទី ​០៩​ ដល់​ថ្ងៃទី ​១០ ​កុម្ភៈ​។ ​នៅ​ពេល​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ​លោក​ត្រូវ​បាន​ស្វាគមន៍​ដោយ​សម្តេច​ចៅ​ហ្វា​វាំង ​គង់​ សំអុល ​រដ្ឋ​មន្ត្រី​ក្រសួង​ព្រះបរមរាជ​វាំង ​និង​លោក ​វេង​ សាខុន ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ​។

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ​នៅ​ក្នុ​ង​អំឡុង​ពេល​ស្នាក់​នៅក​ម្ពុជា​នេះ អ​គ្គលេខាធិការ​និង​ជា​ប្រធាន​រដ្ឋ​ឡាវ​លោក ​ប៊ុនញ៉ាំង ​វរជីត ​នឹង​ចូល​គាល់​ព្រះ​មហាក្សត្រ​កម្ពុជា​នៅ​ក្នុង​ព្រះបរមរាជ​វាំង​។ ​បន្ទាប់​មក​ លោក​នឹង​មាន​ជំនួប​ទ្វេភាគី​និង​ដាច់​ដោយ​ឡែក ​ជា​មួយ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ​លោក​ សាយ ឈុំ ​ប្រធាន​រដ្ឋសភា​កម្ពុជា​ លោក ​ហេង​ សំរិន​ និង​ជំនួប​ជា​មួយ​លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន​ សែន​ ផង​ដែរ​។​ ក្រៅ​ពី​នេះ ​ប្រធាន​រដ្ឋ​ឡាវ ​ក៏​បាន​អញ្ជើញ​ទៅ​ដាក់​កម្រង​ផ្កា​នៅ​វិមាន​ឯករាជ្យ ​និង​គោរព​ព្រះវិញ្ញាណក្ខន្ធ​ព្រះបរមរតនកោដ្ឋ ​នរោត្តម​ សីហនុ ​អតីត​ព្រះ​មហាក្សត្រ​កម្ពុជា​ផង​ដែរ​។ ​ដំណើរ​ទស្សនកិច្ចនេះ ​ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ​របស់​ព្រះមហាក្សត្រ​កម្ពុជា​។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ​កាល​ពី​ថ្ងៃទី ​០៦ ​កុម្ភៈ​។

​អ្វី​ជាការ​កត់​សំគាល់ ​ដំណើរទ​ស្សនកិច្ច​របស់​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​នៅ​កម្ពុ​ជា​ពេល​នេះ ​គឺ​ជួន​ចំពេល​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ​បាន​សំដែង​ការ​ព្រួយ​បារម្ភ​ បន្ទាប់​ពី​ប្រទេស​ឡាវ ​បាន​លើក​ឡើង​ពី​គម្រោង​សាង​សង់ទំ​នប់​វារី​អគ្គិសនី​លួង​ព្រះបាង ​បន្ថែម​លើ​ទំនប់​វារីអគ្គិសនី​សាយ៉ាបូរី ​និង​ទំនប់​វារីអគ្គិសនី​ដនសាហុង ​ដែល​នឹង​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​ខ្លាំង​នៃ​ចរន្ត​ទឹក​នៅទ​ន្លេមេ​គង្គក្រោម​។ ​ទំនប់​វារីអគ្គិសនី​ថ្មី​នេះ ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បំលាស់​ទី​របស់​ត្រី លំ​ហូរ​ជលសាស្ត្រ ​និង​កំណកកក ​ដែល​ជា​ផល​ប៉ះពាល់​ឆ្លងដែន ​ពិសេស​ចំពោះ​ប្រទេស​កម្ពុជា​ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ទន្លេមេគង្គ​ប្រទេស​ឡាវ​។ ​ក្រៅ​ពី​នេះ ​បញ្ហា​ព្រំដែន​រហូត​ដល់មា​នការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ប្រទេស​ទាំងពី​រ ​កាល​ពី​អំឡុង ​ខែ​សីហា ​ឆ្នាំ២០១៩​នោះ ​ក៏​ទំនង​ជា​របៀបវារៈសំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋ​ឡាវ​នៅ​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃ​នេះ​ដែរ​។

​យ៉ាង​ណាក៏​ដោយ ​សម្រាប់​កម្ពុជា ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋរបស់​អគ្គលេខាធិការ​និង​ជា​ប្រធាន​រដ្ឋ​ឡាវ ​លោក​ ប៊ុនញ៉ាំង ​វរជីត​ ​នៅក​ម្ពុជា​ពេល​នេះ ​គឺ​ជា​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័​យ​ជ្រាល​ជ្រៅ​បន្ថែម​ទៀត ​ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ ​និង​យូរអង្វែង​រវាង​ប្រទេស​ទាំង​ពីរ ​ក៏​ដូចជា​រឹត​ចំណង​មិត្តភាព​ សាមគ្គីភាព ​និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ​រវាង​ប្រទេស​និង​ប្រជាជន​ទាំង​ពីរ ​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ​ជា​អ្នក​ជិត​ខាង​ល្អ​នឹង​គ្នា​ផង​ដែរ។​ ​បើ​តាម​គម្រោង​ប្រធាន​រដ្ឋ​ឡាវ​លោក ប៊ុនញ៉ាំង ​វរជីត នឹ​ង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​ ១០ ​កុម្ភៈ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ