អានតួអត្ថបទ
កម្ពុជា-នយោបាយ

អតីត​គណបក្ស​ប្រឆាំង​ចាត់ទុក​ការ​វាយ​ប្រហារ​លើ​អតីត​សកម្មជន​ចុង​ក្រោយ​របស់​ខ្លួន​ ថា​ជា​រឿង​នយោបាយ​

អាជ្ញាធរបង្រ្កាបលើក្រុមសកម្មជនគណបក្សសង្គ្រោះជាតិនៅព្រឹកថ្ងៃ ០១ ឧសភា ឆ្នាំ ២០១៤។
អាជ្ញាធរបង្រ្កាបលើក្រុមសកម្មជនគណបក្សសង្គ្រោះជាតិនៅព្រឹកថ្ងៃ ០១ ឧសភា ឆ្នាំ ២០១៤។ RFI/ Siv Channa

អតីត​សកម្មជន​គណបក្ស​ប្រឆាំង​ម្នាក់​នៅ​សង្កាត់​អូឬស្សី​ទី​៤ ​ត្រូវបា​ន​ក្រុម​ជន​ដៃដល់​វាយ​ឲ្យ​រងរបួស​ក្បាល​ និង​ជើង ​កាល​ពី​ថ្ងៃទី ​០៦​ ធ្នូ ​ដោយ​មិន​ដឹង​ពី​មូល​ហេតុ​។ ​ប៉ុន្តែ​យ៉ាង​ណា​ក្តី ​មន្ត្រី​ជាន់​ខ្ពស់​អ​តីត​គណបក្ស​ប្រឆាំង​បាន​ចាត់​ទុក​ករណី​នេះ​ថា ​គឺ​ជា​រឿង​នយោបាយ ​ខណៈ​អង្គការ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ស៊ើប​អង្កេត​រក​មុខជ​នដៃ​ដល់ ​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​។ 

ផ្សាយពាណិជ្ជកម្ម

លោកស្រី ​ទេព ​សុខៃយ៉ា ​អតីត​ចៅ​សង្កាត់​រ​ង​ទី​២ ​ក្នុង​សង្កាត់​អូ​ឫស្សី​ទី​៤ ​ខណ្ឌ​៧​មករា ​រាធានី​ភ្នំពេញ ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​ប្រហារ​វាយ​ពី​ក្រោយ​ខ្នង​ កាល​ពី​ព្រឹក​ថ្ងៃទី ​០៦ ​ធ្នូ ​បណ្តាល​ឲ្យ​រង​របួស​ជើង​ និង​ក្បាល​ធ្ងន់ធ្ងរ​។ ​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​បាន​ចាត់​ទុក​ថា ​ការ​លួច​វាយ​ប្រហារ​នេះ ​គឺ​ជា​ការ​ប៉ុនប៉ង​វាយ​សម្លាប់ ​តែ​មិ​​ន​ស្លាប់ ​គ្រាន់​តែ​រង​របួស​ធ្ងន់​ធ្ងរ​។ ​នេះ​បើ​តាម ​លោក​ ហូ ​វ៉ាន់ ​អតីត​តំណាង​រាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​បង្ហោះ​តាម​រយៈបណ្តាញ​សង្គម​ហ្វេស​បុក​របស់​លោក​ កាល​ពី​ថ្ងៃទី ​០៦ ​ធ្នូ​។​

លោក​ ហូ វ៉ាន់​ ដែល​ពេល​នេះ​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ បាន​កត់​សំគាល់​ថា ​នេះ​គឺ​ជា​ការ​វាយ​ឲ្យ​របួស​ធ្ងន់ធ្ងរ​លើ​មនុស្ស​ទី​១៣​ហើយ​ ហើយ​ពុំទាន់​ដែល​ឃើញ​អាជ្ញាធរ​ចាប់​ខ្លួន​ជន​ល្មើស​ណា​ម្នាក់​បាន​នៅឡើ​យ​ទេ។​ ទោះ​យ៉ាង​ណា​ក្តី ​លោក​បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​រក​ចាប់​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស​ និង​ប្ដឹង​ទៅ​អង្គការ​សង្គ​ម​ស៊ីវិល ​និង​តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​ភ្នំពេញ​ ជួយ​វែក​មុខ​ជន​ដៃ​ដល់ ​និង​ថ្កោល​ទោស​ឲ្យបា​ន​ធ្ងន់​ធ្ងរ​ ចំពោះអំ​ពើ​ហិង្សា​លើស​កម្មជន​អតីត​គណបក្ស​សង្គ្រោះជាតិ​រូប​នេះ។​

ឆ្លើយ​តប​ទៅនឹង​ការ​ចោទ​ប្រកាន់​នេះ ​លោក ​ឆាយ ​គឹមឃឿន ​អ្នក​នាំពាក្យ​និង​ជា​អគ្គស្នង​ការ​រង​នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​អះអាង​ថា ​វាជាការ​លឿន​ពេក​ក្នុង​ការ​សន្និដ្ឋាន​ថា ​ករណី​ខា​ង​លើ​នេះ ​គឺជា​រឿង​នយោបាយ ​ល្គឹក​ណាមិ​ន​ទាន់​មាន​ការ​សន្និដ្ឋា​ន​ពី​សមត្ថកិច្ច​នៅ​ឡើយ​នោះ​។ ​យ៉ាង​ណា​ក្តី ​អ្ន​កនាំពាក្យ​រូប​នេះបា​នថ្លែង​ការពារ​ខ្លួន​ថា ​រាល់​ករណី​ហិង្សា​កើត​ឡើង​ សមត្ថកិច្ច​តែង​តែស៊ើ​ប​អង្កេត ​ដោយ​មិន​គិត​ថា ​នណាជា​អតីត​សកម្មជ​ន​គណបក្ស​ប្រឆាំង ​ឬ ​ជាជ​ន​សាមញ្ញ​នោះទេ​។​

អ្វី​ជា​ការ​កត់​សំគាល់ ​ករណី​ហិង្សា​លើ​សកម្មជ​នអតីត​គណបក្ស​ប្រឆាំង​នេះ ​បាន​កើត​ឡើង​វិញ ​បន្ទាប់​ពី​ករណី​ស្រដៀង​គ្នា​នេះ ​បាន​កើត​ឡើង​លើ​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​ កាល​ពី​អំឡុងខែ​តុលា និ​ង​វិច្ឆិកា​កន្ល​ងមក​ ពោល​គឺ​បន្ទាប់​ពី​លោក ​សម​ រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​បាន​ប្រកាស​ពី​ផែនការ​មាតុភូមិ​និវត្តន៍​រប​ស់​លោក​កាល​ពី​ថ្ងៃទី ​០៩​ វិច្ឆិកា​។ ​ក្នុង​កំឡុង​ពេល​នោះ ​យ៉ាង​ហោច​ណាស់​សកម្មជ​ន​អតីត​គណបក្ស​ប្រឆាំង​យ៉ាង​តិច​១០​នាក់ ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​វាយ​ឲ្យ​រង​របួស ​ក្នុង​នោះ​រួម​មាន​ទាំង​អតីត​ប្រធាន​កង​ការពារ​លោក​ សម រង្ស៊ី ​គឺ​លោក​ ពូក​ ចិន្តា ​ផ​ង​ដែរ​។

​លោក ​អុំ សំអាត​ អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​បាន​អះ​អាង​ថា ​អង្គការ​របស់​លោក​នឹង​តាម​ឃ្លាំមើល​ពី​សុវត្ថិភាព​របស់​លោកស្រី ​ទេព​ សុខៃយ៉ា ​បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្តឹង​ពី​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​រូប​នេះ​។​ យ៉ាង​ណា​ក្តី ​អ្នក​ធ្វើការ​ផ្នែក​សិទ្ធិ​មនុស្ស​រូប​នេះ ​បាន​អំពាវ​នាវ​បន្ថែម​ឲ្យ​អាជ្ញាធរ​វែក​មុខ​ជន​ដៃ​ដល់ ​ដើម្បី​ជៀស​ផុត​ពី​ការ​រិះគន់​ថា ​ករណី​នេះ​គឺ​ជា​រឿង​នយោបាយ​៕​

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ