អានតួអត្ថបទ
កម្ពុជា-ច្បាប់

​យុវជន កែម ឡី ​និយម​ម្នាក់​ត្រូវ​បាន​តុលា​ការ​ដោះ​លែង​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​នៅ​ថ្ងៃ​នេះ​

យុវជន សួង នាគព័ន្ធ
យុវជន សួង នាគព័ន្ធ @សហការី

ចៅ​ក្រម​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃទី ១៥ វិច្ឆិកា នេះ បាន​សម្រេច​ដោះ​លែង​យុវជន សួង នាគព័ន្ធ ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន បន្ទាប់​ពី​ចៅ​ក្រម​បាន​បើក​សវនាការ​នៅ​ព្រឹក​មិញ​នេះ។ អ្វី​ជា​ការ​កត់​សំគាល់ ការ​ដោះ​លែង​យុវជន​កែម ឡី និយម​រូប​នេះ គឺ​នៅ​ក្នុង​បរិបទ​នៃ​ការ​វិវត្តន៍​នយោបាយ​នៅ​កម្ពុជា​មាន​ការ​ប្រែ​ប្រួល​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ​។ 

ផ្សាយពាណិជ្ជកម្ម

គឺ​បន្ទាប់​ពី​បាន​បើក​សវនាការ​អស់​រយៈ​ពេល​ជាង​មួយ​ម៉ោង​រួច​មក ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះ​តុលាការ​កំពូល​លោក​ចៅ​ក្រម និល ណុន បាន​សម្រេច​ដោះ​លែង​យុវជន សួង នាគព័ន្ធ ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន ប៉ុន្តែ​មិន​ត្រូវ​បាន​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​នោះ​ទេ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក សំ សុខគង់ មេធាវី​ការពារ​ក្តី​ឲ្យ សួង នាគ​ព័ន្ធ​។ បើ​តាម​លោក​មេធាវី ការ​សម្រេច​របស់​លោក​ចៅ​ក្រម និល ណុន នេះ គឺ​ដោយ​ផ្អែក​លើ​សំអាង​ហេតុ​ត្រឹម​ត្រូវ​របស់​ក្រុម​មេធាវី​ការពារ​ក្តី ដែល​ស្នើ​សុំ​ឲ្យ​កូន​ក្តី​របស់​ខ្លួន​បាន​នៅ​ក្រៅ​ឃុំ ហើយ​ថា ការ​បន្ត​ឃុំ​ខ្លួន​សួង នាគ​ព័ន្ធ គឺ​មិន​មាន​ប្រយោជន៍​ទៀត​នោះ​ទេ​។

សួង នាគព័ន្ធ អាយុ ២៩ឆ្នាំ ​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន ​កាល​ពីថ្ងៃទី ១០ កក្កដា នៅ​ខាង​ក្រៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​ស្ដុប​បូក​គោ ​ចំ​ពេល​មាន​ការ​ប្រារព្ធ​ខួប​៣ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត ​កែម ឡី អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា​។​ លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ពី «បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ជា​អាទិ៍» ជាមួយ​នឹង​យុវជន គង់ រ៉ៃយ៉ា ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃទី ០៩ កក្កដា នៅ​មុន​ព្រឹត្តិការណ៍​រំលឹក​ខួប​៣ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី​។ ក្រៅ​ពី​យុវ​ជន សួង នាគព័ន្ធ យុវជន គង់ រ៉ៃយ៉ា ដែល​រង​ការ​ចោទ​ប្រកាន់​ដូច​គ្នា​នេះ ត្រូវ​បាន​តុលាការ​កំពូល​បដិសេធ​ឲ្យ​នៅ​ក្រៅ​ឃុំ​កាល​ពី​ខែ​មុន ប៉ុន្តែ​ភរិយា​របស់​លោក គង់ រ៉ៃយ៉ា សង្ឃឹម​ថា ស្វាមី​របស់​ខ្លួន ក៏​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​ផង​ដែរ បន្ទាប់​ពី​មេធាវី​បាន​ដាក់​លិខិត​សុំ​នៅ​ក្រៅ​ឃុំ​ជា​ថ្មី​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​នេះ​។

អ្វី​ជា​ការ​កត់​សំគាល់ ការ​ដោះ​លែង​យុវជន កែម ឡី និយម​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​នេះ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​នៃ​ការ​វិវត្តន៍​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា​កំពុង​មាន​ការ​ប្រែ​ប្រួល​។ សកម្ម​ជន​អតីត​គណបក្ស​ប្រឆាំង​ជា​ច្រើន​នាក់​ដែល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់ ត្រូវ​បាន​តុលាការ​កម្ពុជា​សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ តាម​រយៈ​ការ​ប្រកាស​ពី​​​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី ១៤ វិច្ឆិកា។

ជុំវិញ​ស្ថាន​ការណ៍​វិវត្តន៍​ចុង​ក្រោយ​នេះ ត្រូវ​បាន​លោក សម រង្ស៊ី ចាត់​ទុក​ថា គឺ​ដោយ​សារ​តែ​ការ​តស៊ូ​របស់​ប្រជា​រាស្ត្រ​ខ្មែរ​ពី​ខាង​ក្នុង​ប្រទេស​ផង និង​ដោយ​សារ​តែ​មាន​សម្ពាធ​អន្តរ​ជាតិ ពី​ក្រៅ​ប្រទេស​ផង​។ ជា​ពិសេស គឺ​សហ​ភាព​អឺរ៉ុប ទើប​តែ​បាន​ដាក់​ឱសាន​វាទ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បើក​ផ្លូវ​ឲ្យ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ដំណើរ​ការ​ឡើង​វិញ ឲ្យ​បាន​មុន​ថ្ងៃ ១២ ធ្នូ ២០១៩ នេះ​៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ