អានតួអត្ថបទ
កម្ពុជា-នយោបាយ

ប្រ​មុខ​ការ​ទូត​កម្ពុជា​ប្រាប់​អង្គការ​សហ​ប្រ​ជា​ជាតិ​ថា​រដ្ឋាភិ​បាល​កំពុង​ប្រឈម​មុខ​ជា​មួយ​ក្រុម​ប្រ​ឆាំង​

លោក ប្រាក់ សុខុន ក្នុងដំណើរបំពេញការងារ
លោក ប្រាក់ សុខុន ក្នុងដំណើរបំពេញការងារ @សហការី

ប្រមុខ​ការ​ទូត​កម្ពុជា បានថ្លែង​ប្រាប់​អង្គ​សន្និបាត​អង្គការ​សហ​ប្រជា​ជាតិ​កាល​ពី​ម្សិល​មិញ​ថា​ រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​ប្រឈម​មុខ​ជា​មួយ​នឹង​«ពួក​ប្រឆាំង​មួយ​ក្រុម​ដែល​ទទួល​បាន​ប្រជា​ប្រិយ​ភាព​តាម​រយៈ​ការ​ធ្វើ​ប្រជា​ភិថុត​ ការ​រើស​អើង​ពូជសាសន៍ និង​ការ​ស្អប់​ខ្ពើម​ជនបរទេស»។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​តំណាង​រដ្ឋា ភិបាល​កម្ពុជា​អះអាងថា​កម្ពុជា​​ក៏ប្រឈម​នឹង​ការ​ជ្រៀត​ជ្រែក​ពី​សំណាក់​រដ្ឋាភិបាល​និង​ស្ថាប័ន​បរទេស​ទៀត​ផង តាម​រយៈ​ការ​ផ្តល់​មូល​និធិ និង​ការ​គាំទ្រ​ដោយ​ផ្ទាល់ ឬ​ប្រយោល​ដល់​គណ​បក្ស​នយោបាយ​នៅ​កម្ពុជា​។

ផ្សាយពាណិជ្ជកម្ម

ការ​លើក​ឡើង​​បែប​នេះ​របស់​ប្រមុខ​ការ​ទូត​កម្ពុជា លោក ប្រាក់ សុខុន គឺ​តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​ចំនួន​ជាង​៧​ទំព័រ​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​នៅ​ក្នុង​កិច្ច​ពិភាក្សា​ទូទៅ​នៃ​មហា​សន្និបាត​អង្គការ​សហប្រជា​ជាតិ​លើក​ទី​៧៤​នៅ​ទី ក្រុង​ញ៉ូវយ៉ក ថ្ងៃ​ទី​២៨​កញ្ញា។

ប្រមុខ​ការទូត​កម្ពុជា​បានចោទ​ក្រុមបក្សប្រឆាំង​ថា​ ពួកគេ​ប្រើ​វិធី​សាស្ត្រ​ដែល​ត្រូវ​បាន​ថ្កោល​ជាសកល ដូចជា​ការ​ជេ​ប្រមាថ ការ​បរិហាកេរ្តិ៍ ការ​ផ្សាយ​ឯកសារ​ក្លែង​ក្លាយ ការ​ញុះញង់​ឲ្យ​រើស​អើង​ជាតិ​សាសន៍ និងឱ្យ​មាន​ការ​បះបោរ។ លើសពី​នេះ​ទៀត «ខ្សែ​បន្ទាត់​ក្រហម​ត្រូវបាន​ឆ្លងកាត់​នៅពេល​ដែល​ប្រធាន​នៃ​ក្រុម​ឆាំងនេះ បានប្រាប់​សកម្មជន​របស់​ខ្លួនថា​​ គាត់​ទទួល​បាន​ការ​គាំទ្រ​ហិរញ្ញវត្ថុ​ និង​បច្ចេក​ទេស​ពី​ប្រ​ទេស​​​មហា​អំណាច​មួយ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​តាម​វិធី​បដិវត្តន៍ពណ៌»។

បើតាម​ប្រមុខ​ការទូត​កម្ពុជា ​ការ​ដែល​កម្ពុជា​អនុវត្ត​ច្បាប់ទៅលើ​ក្រុម​ប្រឆាំង​ គឺមិន​ខុស​ពីការ​អនុវត្តន៍​ច្បាប់​របស់​ប្រទេស​លោក​ខាង​លិច​ទៅ​គណបក្ស​នយោបាយ​ដែល​បានដាក់​ឱ្យ​នៅក្រៅច្បាប់នោះទេ។ ប៉ុន្តែ​ថា​រដ្ឋាភិបាល​កម្ពុជា​កំពុង​ទទួល​ការរិះគន់ ហើយ​បង្ហាញពីភាព​ត្រឹម​ត្រូវ​នៅក្នុង​ក្រសែ​ភ្នែក​របស់​មនុស្ស​មួយចំនួន​ក្នុង​ការ​ដាក់​ទណ្ឌ​កម្មមកលើ​រដ្ឋាភិបាលកម្ពុជា។

ជាការកត់​សំគាល់ ការ​ត្អូញត្អែ​របស់​ប្រមុខ​ការទូត​កម្ពុជា​ប្រាប់​អង្គការ​សហប្រជាជាតិ​ដូច្នេះ គឺស្រប​ពេល​ដែល​ លោក សម រង្ស៊ី ប្រកាសថា​នឹង​ដឹកនាំ​ពលករ​ខ្មែរ​ពីក្រៅ​ប្រទេសវិល​ចូល​មកម្ពុជា​វិញ ​នៅថ្ងៃទី៩​វិច្ឆិកា​​​ខាងមុខ និង​ខណៈពេល​ដែល​សហភាព​អឺរ៉ុប​នឹង​ចេញ​សេចក្តី​សម្រេច​​ចំពោះ​ជោគវាសនា នៃការ​ទទួល​បាន​ការ​អនុគ្រោះពន្ធ​EBA​របស់​កម្ពុជា​នៅពេល​ជា​មួយ​គ្នា​នោះ​ដែរ​។

យ៉ាងណាក៏​ដោយ បើ​តាម​ប្រមុខ​ការទូត​កម្ពុជា ​រដ្ឋាភិបាល​​ក៏ប្រឈម​នឹង​ការ​ជ្រៀត​ជ្រែក​ពី​សំណាក់​រដ្ឋាភិបាល​និង​ស្ថាប័ន​បរទេស តាមរយៈការ​ផ្តល់​មូល​និធិ និង​ការគាំទ្រ​ដោយ​ផ្ទាល់ ឬ​ប្រយោល​ដល់គណបក្ស​នយោបាយនៅកម្ពុជា។ ជាថ្មី​ម្តងទៀត​ប្រមុខ​ការទូត​កម្ពុជា អះអាងថា កម្ពុជា​មិនទទួល​យក​ដាច់​ខាត​ការ​ជ្រៀត​ជ្រែក​ណាមួយ ទោះ​ក្នុង​​កាលៈទេសៈណាក៏ដោយ ហើយ​មិនលះបង់​អធិបតេយ្យ​ភាព​របស់​ខ្លួន​ជាថ្នូរនឹង​កិច្ច​សហ​ប្រតិបត្តិការ ឬភាព​អនុគ្រោះ​ណាមួយ​ឡើយ៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ