អានតួអត្ថបទ
កម្ពុជា-សង្គម

​ឆ្នាំ​២០១៨​៖ ​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​ប្រមូល​ពន្ធ​បាន​លើស​ឆ្នាំ​២០១៧​ប្រមាណ​១៣​ភាគ​រយ​

ប្រាក់រៀល
ប្រាក់រៀល @សហការី

ពេញ​មួយ​ឆ្នាំ២០១៨​កន្លង​ទៅនេះ អគ្គនាយកដ្ឋាន​ពន្ធដារ ប្រមូល​ចំណូល​ពន្ធ​បាន​សរុប​ជាង​២​ពាន់លាន​ដុល្លារ​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ចុះ​ថ្ងៃ​ទី​២៩​មករា​ម្សិលមិញ​។ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៧ ចំណូល​ពន្ធ​អាករ ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បាន មាន​កំណើន​១៣,៣៧​ភាគ​រយ​។ 

ផ្សាយពាណិជ្ជកម្ម

អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ ប្រមូល​ចំណូល​ពន្ធ​ផ្ទៃ​ក្នុង​បាន​ចំនួន ៨, ៨៩១ ប៊ីលាន​រៀល ឬ​ស្មើ​នឹង២​ពាន់១៩៧​លាន​ដុល្លារ​។ ចំនួន​នេះ ស្មើ​នឹង​១១៤,២៧ភាគរយ​នៃ​ផែនការប្រចាំ​ឆ្នាំ​។ ក្នុង​នោះ ទំហំ​ចំណូល​លើស​ផែនការ​មាន​ចំនួន​ប្រមាណ ​១,០០០ ប៊ីលាន​រៀល ឬ​ស្មើ​នឹង​ប្រមាណ​២៧៤​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​។ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៧ ការ​ប្រមូល​ពន្ធដារ​បង់​ចូល​ថវិកា​ជាតិ សម្រាប់​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ កើន​ឡើង​ប្រមាណ​១៣,៣៧​ភាគ​រយ​។

ដើម្បី​ធានា​ប្រសិទ្ធភាព​ក្នុង​ការ​ប្រមូល​ចំណូល​ពន្ធ អគ្គនាយកដ្ឋាន​ពន្ធដារ​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល ឆ្នាំ​២០១៩-២០២៣ ដែល​មាន​គោល​បំណង​ជា​យុទ្ធសាស្ត្រ​ចំនួន​៣​៖ ទី​១ បង្កើន​អនុលោម​ភាព​តាម​ច្បាប់​ដោយ​ស្ម័គ្រ​ចិត្ត​និង​កាត់​បន្ថយ​ជា​អតិបរមា​នូវ​បន្ទុក​អ្នក​ជាប់​ពន្ធ​ដោយ​ផ្ដល់​សេវា​ប្រកប​ដោយ​គុណភាព, ទី​២ ធានា​ថា​អ្នក​ជាប់​ពន្ធ​បាន​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​ត្រឹម​ត្រូវ, និង​ទី​៣ អនុវត្ត​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដោយ​ពង្រឹង​ស្ថាប័ន​។

កាល​ពី​ឆ្នាំ​២០១៥ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល ឆ្នាំ​២០១៤-២០១៨ ដើម្បី​ប្រមូល​ឲ្យ​អស់​លទ្ធភាព​នូវ​សក្ដានុពល​ប្រមូល​ចំណូល​ដែល​មាន​នៅ​ចំពោះ​មុខ​។ តាម​រយៈ​យុទ្ធសាស្ត្រ​នោះ អគ្គនាយកដ្ឋាន​ពន្ធដារ​សម្រេច​បាន​នូវ​កំណើន​ចំណូល​ពន្ធ​ក្នុង​រង្វង់​ប្រមាណ​២០​ភាគរយ​ក្នុង​មួយ​ឆ្នាំ​ នៅ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ។ ក្នុង​នោះ៖ ឆ្នាំ​២០១៤ ប្រមូល​ពន្ធ​បាន​ចំនួន​ ១, ០៦៧​លាន​ដុល្លារ, ឆ្នាំ​២០១៥ ចំនួន ១, ៣០២​លាន​ដុល្លារ, ឆ្នាំ​២០១៦ ចំនួន ១, ៥០២​លាន​ដុល្លារ, ឆ្នាំ​២០១៦ ប្រមូល​ពន្ធ​បាន​ចំនួន ១, ៩៧៦​លាន​ដុល្លារ, និង​ឆ្នាំ​២០១៨​ចុង​ក្រោយ​នេះ ប្រមូល​ពន្ធ​បាន​ចំនួន ២, ១៩៧​លាន​ដុល្លារ​៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ