អានតួអត្ថបទ
កម្ពុជា-សង្គម

​ភាគី​ពាក់​ព័ន្ធ​កោះ​ប្រជុំ​ជា​បន្ទាន់​ដើម្បី​ទប់​ទល់​នឹង​ការ​ថយ​ចុះ​ភ្ញៀវ​ទេស​ចរណ៍ ខណៈ​ផ្ទុះ​ជំងឺ​ប្រភេទ​ថ្មី​នៅ​ចិន​

ទង់ជាតិកម្ពុជា (រូបតំណាង)
ទង់ជាតិកម្ពុជា (រូបតំណាង) @Internet

អ្នកធ្វើ​ការខាង​វិស័យ​ទេសចរណ៍​នៅកម្ពុជា​កំពុងតែរក​ស្វែង​វិធីទប់ទល់​នឹង​ការ​ធ្លាក់ចុះ​នៃវិស័យ​សេដ្ឋកិច្ចនិយាយជារួម និង​ដោយ​ឡែក​វិស័យ​ទេសចរណ៍​ដែល​ភ្ញៀ​វអាចនឹង​មានការ​ថយចុះ​ដោយសារតែ​ប្រទេសចិន​បានហាម​ប្រាម​ការធ្វើ​ដំណើរ។ បំរាម​នេះ​គឺ​ដោយ​សារ​តែ​នៅ​ចិន​មាន​ការផ្ទុះ​ឡើង​នៃជំងឺ​រលាក​សួត​ប្រភេទ​ថ្មីឈ្មោះ (Coronavirus) ដែល​បាន​សម្លាប់​មនុស្ស​ជិត​១០០នាក់​ ហើយ​វា​បាន​និង​កំពុង​រាល​ដាល​ទៅ កាន់​ពិភព​លោក​រួម​ទាំង​រាល​ដាល​មក​ដល់​ប្រទេស​ថៃ​និង​វៀត​ណាម​ដែល​នៅ​ក្បែរ​ខាង​កម្ពុជា​។ 

ផ្សាយពាណិជ្ជកម្ម

លោក ជុក ជំនោរ អ្នក​នាំ​ពាក្យ​ក្រសួង​ទេស​ចរណ៍​បានឲ្យដឹងថា នៅពេលនេះគេមិនទាន់អាចវាយ​តម្លៃ​ពីទំហំនៃផលប៉ះពាល់​ដល់វិស័យ​ទេសចរណ៍​ដោយសារតែ​ការ​ផ្ទុះ​ជំងឺCoronavirusបាននៅឡើយទេ។

ប៉ុន្តែ​មន្ត្រីដដែលមានការ​បារម្ភពីការថយចុះ​នៃចំនួន​ភ្ញៀវទេសចរណ៍​មកកម្ពុជា​ ខណៈប្រទេស​ចិន​បាន​ចេញ​បំរាម​មិនឲ្យមានការ​ធ្វើ​ដំណើរ​ចេញចូលក្រៅប្រទេស។​ជាបំរាមដើម្បី​ទប់​ស្កាត់​ការ​ឆ្លងរីរាល​ដាល​នៃ​ជំងឺប្រភេទថ្មីនេះ​ដែលបាន​សម្លាប់​មនុស្ស​កើន​ដល់​ជិត១០០នាក់​ហើយ​នៅប្រទេសចិន។

បើតាម​លោក ជុក ជំនោរ ភាគីពាក់ព័ន្ធនៅថ្ងៃចន្ទនេះ​កំពុងតែ​ប្រជុំ​​រះរក​វិធី​រក្សា​លំនឹង​ភ្ញៀវ​ទេសចរណ៍ និង​ការពារសុវត្ថិភាពដល់​ប្រជាជនកម្ពុជាផងដែរ។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់​ងារ​ទេសចរណ៍​កម្ពុជា​ បានសំដែង​ក្តីបារម្ភ​ពី​ការ​ធ្លាក់​ចុះ​នៃ​ភ្ញៀវ​ទេសចរណ៍​មកកាន់​កម្ពុជាដោយសារ​កម្ពុជាគឺជាគោលដៅ​មួយ​ដ៍ចំបង​របស់​អ្នកទេសចរណ៍​ចិន​។​ លោក​ស្រី​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើត​កន្លែង​ត្រួត​ពិនិត្យ​រក​អ្នក​ផ្ទុក​មេរោគ​ប្រភេទ​ថ្មី​នេះនៅគ្រប់​ច្រក​ចេញ​ចូល​ទាំងអស់នៅកម្ពុជា ដើម្បី​បង្កើន​ទំនុក​ចិត្ត​ដល់​អ្នក​ធ្វើ​ដំណើរ​ក៏ដូចជា​ការ​បង្កា​ទប់​ស្កាត់​កុំឲ្យ​មេរោគ​​ប្រភេទ​ថ្មី​នេះ។ សម្រាប់​ប្រជាជនកម្ពុជា ប្រសិនបើជៀស​បាន​គួរតែ​ផ្អាក​ការ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ប្រទេស​មួយ​រយៈ​សិន​ដើម្បី​កុំឲ្យ​មានការ​ឆ្លង​មេរោគCoronavirus នេះ។ នេះបើតាម​លោក​ស្រី ឆាយ ស៊ីវលីន។

​យ៉ាងណាក៏ដោយ អ្នក​នាំពាក្យ​ក្រសួងទេសចរណ៍ឲ្យ​ដឹងថា​កម្ពុជា​មិនទាន់​ឈាន​ដល់​ការ​ហាម​ប្រាម​ការ​ធ្វើ​ដំណើរដូចនៅប្រទេសចិននៅឡើយទេ ខណៈជំងឺ​ប្រភេទ​ថ្មី​នេះ​បាន​រាល​ដាល​មក​ដល់​ប្រទេស​ថៃ និង​វៀតណាម​ដែលនៅក្បែរខាង​កម្ពុជា។ ប៉ុន្តែ​ក្រសួង​សុខាភិបាល​បានអះអាងថា​គិត​ត្រឹម​ម៉ោង​១១​ព្រឹក​ថ្ងៃទី២៦​ខែមករា គឺកម្ពុជា​មិនទាន់​រក​ឃើញ​មានករណី​ឆ្លង​មេរោគ Coronavirusនេះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ