អានតួអត្ថបទ
កម្ពុជា-បរិស្ថាន

តុលាការខេត្តកោះកុងនឹងបើកសវនាការលើសំណុំរឿង អាឡិចនិងសកម្មជនទាំងបីនាក់នៅថ្ងៃស្អែក

សាលាដំបូងខេត្តកោះកុង នឹងបើកសវនាការ សំណុំរឿង លោក Alejandro Gonzalez Davidson និង សកម្មជនបីនាក់នៃចលនាមាតាធម្មជាតិ នៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៦
សាលាដំបូងខេត្តកោះកុង នឹងបើកសវនាការ សំណុំរឿង លោក Alejandro Gonzalez Davidson និង សកម្មជនបីនាក់នៃចលនាមាតាធម្មជាតិ នៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៦ @Alejandro Gonzalez Davidson

តុលាការ​ខេត្ត​កោះកុង​នៅ​ថ្ងៃ​ស្អែក​នេះ​នឹង​បើក​សវនការ​ លើ​សកម្មជន​បី​នាក់​នៃ​ចលនា​មាតា​ធម្មជាតិ រួម​ទាំង​លោក អាឡិច ហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន ផងដែរ។ សវនាការ​នា​ថ្ងៃ​ស្អែក​នេះ​តុលាការ​នឹង​បំបែក​សំណុំ​រឿង​អាឡិច​និង​សកម្មជន​ទាំង​បី​ឲ្យ​នៅដាច់​ដោយ​ឡែក​ពី​គ្នា។  ពួក​គេ​ត្រូវ​បាន​ព្រះ​រាជអាជ្ញា ​ ចោទ​ប្រកាន់​ពី​បទ​គំរាមកំហែង ​ ​ មាន​ចេតនា​បង្ក​ការ​ខូចខាត​ក្នុង​អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ទប់​ស្កាត់​ការ​បូម​ខ្សាច់​នៅ​ខេត្ត​កោះកុង។

ផ្សាយពាណិជ្ជកម្ម

សវនាការ​នៅ​ថ្ងៃ​ស្អែក​នេះ តុលាការ​ខេត្ត​កោះកុង​បាន​សម្រេច​បំបែក​សំណុំ​រឿង​សកម្មជន​មាតា​ធម្មជាតិ​ទាំង​បី​នាក់​និង​លោកអាឡិច ដែល​ជា​ស្ថាបនិក​អង្គ​ការ​មាតា​ធម្មជាតិ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា ដើម្បី​ពន្លឿន​នីតិវិធី​នៃ​ការ​ជំនុំ​ជម្រះ​ឲ្យ​បាន​ឆាប់​រហ័ស។

ដើម​ឡើយ​សំណុំ​រឿង​អាឡិច​និង​សកម្មជន​មាតា​ធម្មជាតិ​ទាំង​បី​ត្រូវ​បាន​តុលាការ​ដាក់បញ្ចូល​គ្នា​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​គំរាម​កំហែង​ធ្វើ​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​តាម​រយៈការចូល​រួម​ក្នុង​ការ​តវ៉ា​ប្រឆាំង​ទៅ​នឹង​ការ​បូម​ ខ្សាច់​ដែល​ត្រូវបាន​ចោទថា ជា​ការ​បូម​ខ្សាច់​ខុស​ច្បាប់​ក្នុង​ស្រុក​បទុម​សាគរ ខេត្ត​កោះ​កុង។ មូល​ហេតុ​ដែល​ឈាន​ទៅ​ដល់​ការបំបែក​សំណុំ​រឿង​នេះ​ដោយ​សារ​នីតិវិធី​ជំនុំ​ជម្រះ​នា​ពេល​កន្លង​មក​មាន​ភាព​ជាប់​គាំងជាង​១០​ខែ​មក​ហើយ បន្ទាប់​ពី​លោក​អាឡិច​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​ឧទ្ទរណ៍។

ពាក្យ​បណ្ដឹង​ទៅ​ឧទ្ទរណ៍​នេះ​គឺ​អាឡិច​ចង់​ឲ្យ​តុលាការ​ផ្ដល់​ឱកាស​ឲ្យខ្លួន​ចូល​មក​បំភ្លឺ។លោក សន ចាន់ដារ៉ា សហ​ស្ថាបនិក​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ​បាន​ស្វាគមន៍ចំពោះ​ការ​បំបែក​សំណុំ​រឿង​អាឡិច​និង​សកម្មជន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា។ លោកយល់​ថា ការ​បំបែក​សំណុំរឿង​នឹង​ជួយ​ពន្លឿន​នីតិវិធី​របស់តុលាការ​ឲ្យ​បាន​ឆាប់​រហ័ស។

សូម​បញ្ជាក់​ថា សកម្មជន​ចលនា​មាតា​ធម្មជាតិ​៣​នាក់​ដែល​តុលាការ​ខេត្ត​កោះកុងត្រៀម បើក​សវនាការ​នៅ​ថ្ងៃ​ទី​២៧​មិថុនា​នោះ រួម​មាន​លោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ីម សំណាង បន្ទាប់​ពី​ពួក​គេ​ទាំង​នោះ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​កោះ​កុង​កាល​ពី​ថ្ងៃ​ទី​១៧​ ខែសីហា​ឆ្នាំ​២០១៥។

កន្លង​មក​សាច់​ញាតិ​សកម្មជន​ទាំង​បី​ឡើង​សុំ​មក​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ផង​ដែរ​តែ​មិន​ទទួល​បាន​ដំណោះ​ស្រាយ​។ កាលណោះ​ខុទ្ទកាល័យ​របស់លោក ហ៊ុន សែន បាន​ពន្យល់​ទៅ​កាន់​សាច់​ញាតិ​សកម្មជន​ទាំង​បី​ថា ស្ថាប័ន​នីតិប្រតិបត្តិ​ដែល​ដឹកនាំ​ដោយ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ មិន​អាច​លូកដៃ​ចូល​ក្នុង​ស្ថាប័ន​តុលាការ​ និង​ស្ថាប័ន​នីតិប្បញ្ញតិ្ត​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ