អានតួអត្ថបទ
កម្ពុជា-ច្បាប់

មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ពីរ​នាក់​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ករណី​វាយ​ពលរដ្ឋ​ម្នាក់​ស្លាប់​និង​៤​នាក់​រង​របួស​

លោក ទុយ ស្រស់ ដែលជាអ្នកតវ៉ារឿងដីធ្លីម្នាក់មុនពេល​ចាប់​ខ្លួន
លោក ទុយ ស្រស់ ដែលជាអ្នកតវ៉ារឿងដីធ្លីម្នាក់មុនពេល​ចាប់​ខ្លួន @សហការី

កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​អះអាងថា មន្ត្រី​កង​រាជអាវុធ​ហត្ថ​ចំនួន​ពីរ​នាក់​នៅ​ខេត្ត​បន្ទាយ​មានជ័យ​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​ខេត្ត​នេះ​ ដើម្បី​ចោទ​ប្រកាន់ បន្ទាប់ពី​រក​ឃើញថា​ពួកគេ​បាន​ប្រើ​ហិង្សា​វាយ​ដំទៅ​លើ​ពលរដ្ឋ​ម្នាក់​រហូត​ស្លាប់​បាត់​បង់​ជីវិត និង​៤នាក់​ទៀត​រង​របួស​។​ ចំណាត់​ការ​របស់​កងរាជ​អាវុធ​ហត្ថ​នៅ​ថ្ងៃ​នេះ ​គឺ​ធ្វើ​ឡើង​ទៅ​តាម​បទ​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល ​ក្រោយ​ពី​សកម្មជន​ដីធ្លី​ម្នាក់​ឈ្មោះ ទុយ ស្រស់ បាន​ស្លាប់​នៅ​កន្លែង​ឃុំ​ឃាំង​។

ផ្សាយពាណិជ្ជកម្ម

លទ្ធផល​នៃការ​ស៊ើប​អង្កេត​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នៅថ្ងៃអាទិត្យ​នេះបាន​បង្ហាញថា វរសេនីយ៍ឯក ស ប៊ុនសឿង ជាមេបញ្ជាការរង​កង​រាជអាវុធហត្ថ​ខេត្ត​បន្ទាយ​មានជ័យ​ និង​អនុសេនីយ៍ទោ ឆយ រដ្ឋនា ជាជំនួយការ​ការិយាល័យ​ប្រឆាំង​គ្រឿង​ពិតជាបានប្រើ​ហិង្សា​វាយ​ជន​សង្ស័យ​ពិត​ប្រាកដមែន។ ជនសង្ស័យ​ឈ្មោះ ទុយ ស្រស់ ដែលជាអ្នកតវ៉ារឿងដីធ្លីម្នាក់​ត្រូវបាន​ស្លាប់​នៅកន្លែង​ឃុំឃាំង​នៅគ្រាដែល​អ្នកតវ៉ាដីធ្លី៤នាក់ទៀត ​រងរបួសក្នុងនោះ៣នាក់របួសធ្ងន់។

​បើតាម​កងរាជអាវុធហត្ថ ​ទង្វើ​របស់​មន្ត្រីកងរាជអាវុធទាំងពីរនាក់នេះ គឺជាការ​ធ្វេស​ប្រហែស​ដែល​ឃាត់​ខ្លួន​ជន​សង្ស័យ​នៅជាមួយក្រុម​ក្មេង​ដែល​កំពុង​បន្សាបគ្រឿងញៀន និង​បណ្តោយ​ឲ្យក្មេង​ញៀន​ថ្នាំ​វាយ​ជនសង្ស័យ​។ ប៉ុន្តែ​មន្ត្រីទាំងពីរនាក់នេះត្រូវបានឃាត់​ខ្លួនបញ្ជូនទៅតុលាការ​ដើម្បី​ចោទ​ប្រកាន់​ហើយ។

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ RFI នៅ​ថ្ងៃ​អាទិត្យ ទី​១៩​មករា​នេះ លោក ស៊ុំ ចាន់គារ មន្ត្រី​សិទ្ធិមនុស្សសមាគម​អាដហុក​ប្រចាំ​ខេត្ត​បន្ទាយមានជ័យបាន​គាំទ្រ​ចំណាត់​ការនេះ ប៉ុន្តែលោកជំរុញឲ្យមានការស៊ើបអង្កេតបន្ថែមទៀត ដោយថាទង្វើរបស់​​មន្ត្រីកងរាជអាវុធហត្ថទាំងពីរនាក់នេះ​អាចធ្វើឡើងទៅតាមបញ្ជាណាមួយ។

​បើតាម​មន្ត្រីសិទ្ធិមនុស្សដដែល គឺមានជនរងគ្រោះ​ចំនួន៥នាក់​ដែលជាអ្នក​តវ៉ា​បញ្ហាដីធ្លី​ត្រូវបាន​វាយ​ទាត់​ធាក់​ដោយវរសេនីយឯក ស ប៊ុនសឿង ផ្ទាល់ ហើយអនុសេនីយ៍ទោ ឆយ រដ្ឋនា គឺជាអ្នក​បញ្ជាឲ្យ​ក្មេង​ញៀន​ថ្នាំ​ដែលនៅក្នុងបន្ទាយកងរាជអាវុធនោះវាយ​ពលរដ្ឋ ឈ្មោះ ទុយ ស្រស់​ រហូតដល់​ស្លាប់។

គួរឲ្យដឹងថា កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បានចាប់ខ្លួន​អ្នក​តវ៉ាដីធ្លីចំនួន៥​នាក់​យក​ទៅ​ឃុំឃាំង​កាល​ពី​ថ្ងៃ​ទី២៨ ខែ​ធ្នូ ឆ្នាំ២០១៩ ខណៈ​ពួក​គេ​ជាង ១០០​នាក់ តវ៉ា​នៅមុខ​សាលាខេត្ត​បន្ទាយមានជ័យ រក​ដោះស្រាយ​រឿង​ទំនាស់​ដី​​នៅ​ស្រុក​ស្វាយចេក។

បើតាម​មន្ត្រី​សិទ្ធិមនុស្សដែលបាន​ចុះ​ស្រាវជ្រាវ​ដល់​ផ្ទះ​ជនរងគ្រោះ​ជាច្រើនលើក​ឲ្យដឹង​ថា ពលរដ្ឋ​៤​នាក់​ដែល​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​នោះ គឺ​មួយ​ចំនួន​បាន​ធ្លាក់ឈឺ​ធ្ងន់ បន្ទាប់ពីមានការធ្វើទារុណកម្ម​ពេលជាប់ឃុំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ