អានតួអត្ថបទ
កម្ពុជា

គោរមងារ «ឧកញ៉ា» ឡើង​ថ្លៃ!

កាល​ពី​មុន គេ​ត្រូវ​បរិច្ចាគ​ធនធាន​ជូន​រដ្ឋ​លើស​ពី​​១០​ម៉ឺន​ដុល្លារ​ឡើង​ទៅ ទើប​ត្រូវ​បាន​ប្រគល់​គោរមងារ​ជា «ឧកញ៉ា»​។ ប៉ុន្តែ​ចាប់​ពីពេល​នេះ​ត​ទៅ ដើម្បី​ទទួល​បាន​គោរមងារ​ជា «ឧកញ៉ា» សប្បុរសជន​ត្រូវ​​ធ្វើ​អំណោយ​ជូន​រដ្ឋដែល​មាន​តម្លៃ​លើស​ពី​៥០​ម៉ឺន​ដុល្លារ​អាមេរិក​ឡើង​ទៅ។ ការ​សម្រេច​នេះ ធ្វើ​ឡើង​តាម​រយៈ​អនុក្រឹត្យ​មួយ ចុះ​ថ្ងៃ​ទី​២០​មីនា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​សៅរ៍​នេះ​។

ផ្សាយពាណិជ្ជកម្ម

ចាប់​ពី​ពេល​នេះ​ត​ទៅ សប្បុរសជន​ដែល​បាន​ធ្វើ​អំណោយ​ជូន​រដ្ឋ ជា​ថវិកា​ក្ដី ជា​សម្ភារៈ​ក្ដី ប្រសិន​បើ​មាន​តម្លៃ​លើស​ពី​១០​ម៉ឺន​ដុល្លារ រដ្ឋ​នឹង​ជូន​មេដាយ​ស្ថាបនា​ជាតិ​ថ្នាក់​លេខ​១​។ ចំណែក​សប្បុរសជន​ដែលបាន​ធ្វើ​អំណោយ​ជូន​រដ្ឋ​ក្នុង​តម្លៃ​លើស​ពី​៥០​ម៉ឺន​ដុល្លារ​ឡើង​ទៅ នឹង​​ត្រូវ​រដ្ឋាភិបាល​ស្នើ​សុំ​ព្រះ​មហាក្សត្រ​ព្រះ​រាជទាន​គោរមងារ​ជា «ឧកញ៉ា»។

គួរ​កត់​សម្គាល់​ថា តាំង​ពី​ជាង​២០​ឆ្នាំ​មុន ពោល​គឺ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤​មក ដើម្បី​បាន​ទទួល​គោរមងារ​ជា ឧកញ៉ា សប្បុរស​ជន​តម្រូវ​ឲ្យ​ធ្វើ​អំណោយ​ជូន​រដ្ឋ​ត្រឹម​តែ​១០​ម៉ឺន​ដុល្លារ​ឡើង​ទៅ​តែ​ប៉ុណ្ណោះ​។

ការ​តម្លើង​ថ្លៃ​នៃ​គោរមងារ​ជា​ឧកញ៉ា​នា​ពេល​នេះ ត្រូវ​បាន​អ្នក​តាម​ដាន​ស្ថានការណ៍​សង្គម​និង​នយោបាយ​មើល​ឃើញ​ថា មិន​បាន​បង្ក​ជា​ផល​រមាស់​អ្វី​ដល់​សង្គម​ជាតិ​ទេ​។ លោក មាស នី អ្នក​ស្រាវ​ជ្រាវ​ដើម្បី​ការ​អភិវឌ្ឍ​សង្គម ចាត់​ទុក​​ការ​ផ្ដល់​គោរមងារ​ឧកញ៉ា ថា​ជា​ការ​តប​ស្នង​ដល់​ ជន​ដែល​បរិច្ចាគ​ធនធាន​ផ្ទាល់​ខ្លួន​ជូន​រដ្ឋ​។

ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ លោក មាស នី ថា រដ្ឋ​គួរ​តែ​មាន​លក្ខន្តិកៈ​ច្បាស់​លាស់​ក្នុង​ការ​ផ្ដល់​គោរមងារ មិន​មែនកំណត់​តែ​​ទៅ​លើ​ទឹក​ប្រាក់​បរិច្ចាគ​ជូន​រដ្ឋ​ដូច​សព្វ​ថ្ងៃ​នេះ​ទេ​។ សម្រាប់អ្នក​ស្រាវ​ជ្រាវ​ដើម្បី​ការ​អភិវឌ្ឍ​សង្គម​រូប​នេះ ឧកញ៉ា គួរ​តែ​ជា​បុគ្គល​ដ៏​គួរ​ឲ្យ​គោរព មាន​គុណធម៌ ​រក​ស៊ី​សុចរិត និង​ជួយ​កសាង​ជាតិ​។ ចំណែក​បុគ្គល​ដែល​មាន​បាន​ដោយ​របរ​រក​ស៊ី​ទុច្ចរិត ហើយបរិច្ចាគ​ប្រាក់​ជូន​រដ្ឋ​ដើម្បី​ក្លាយ​ខ្លួន​​ជា​ឧកញ៉ា​នោះ​ មិន​គួរ​រដ្ឋ​ប្រគល់​គោរមងារ​ជូន​ឡើយ​។ នេះ​បើ​តាម​លោក មាស នី​ ដដែល។

សូម​ជម្រាប​ជូន​ថា បើ​តាម​ការ​ស្រាវ​ជ្រាវ ចាប់​ពី​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០០៤ កម្ពុជា​មាន​ឧកញ៉ា​យ៉ាង​ហោច​ណាស់​២០០​នាក់​។ រហូត​ដល់​ឆ្នាំ ២០០៩ ចំនួន​ឧកញ៉ាបាន​កើន​ឡើង​ដល់​៤០០​នាក់ និង​បន្ត​កើន​ឡើង​ដល់ប្រមាណ​​៧០០​នាក់ គិត​ត្រឹម​ដើម​ឆ្នាំ​២០១៤​៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ