អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​ស្រី​ រ៉ូណា ​ស្មីត​ បន្ត​ស្នើ​ឲ្យ​ដោះ​លែង ​លោក​ កឹម​ សុខា ​តែ​មិន​គាំទ្រ​លោក​ សម​ រង្ស៊ី​ ដែល​អំពាវ​នាវ​ឲ្យ​ទម្លាក់​លោក ​ហ៊ុន​ សែន​

កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​​សហប្រជាជាតិ
កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​​សហប្រជាជាតិ @ Special Reporter Cambodia

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជា​ជាតិ​ប្រចាំ​កម្ពុជា លោកស្រី រ៉ូណា ស្មីត បានបានប្រើ​ពេលជាង២០នាទី​ដើម្បី​​ថ្លែង​ពី​ស្ថានភាព​សិទ្ធិមុស្ស និង​សិទ្ធិនយោបាយ​នៅកម្ពុជា នៅក្នុងប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី៤២ របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាល​ពី​ថ្ងៃ​ទី២៥ ខែ​កញ្ញា​។​ នៅក្នុង​ចំ​ណោម​​បញ្ហា​សិទ្ធិ​មនុស្ស​ជាច្រើន លោក​ស្រី​នៅ​តែ​បន្ត​ទាម​ទារ​ឲ្យ​ដោះ​លែង លោក កឹម សុខា​ ប៉ុន្តែ​លោកស្រី មិន​គាំទ្រ​ចំពោះ​សារ​របស់​លោក សម រង្ស៊ី ​ដែល​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​​ក្រោក​ឡើង​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន នោះ​ទេ​។​

ផ្សាយពាណិជ្ជកម្ម

នៅ​ចំពោះ​មុខ​តំណាង​ប្រទេស​នានា និង​តំណាង​រដ្ឋាភិបាល​កម្ពុជា ​ដែល​ចូលប្រជុំ​​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ លោក​ស្រី​ រ៉ូណា ស្មីត បាន​គូស​បញ្ជាក់ថា សកម្មជន​នយោបាយ​នៅ​កម្ពុជា​កំពុង​តែ​រង​ការ​គៀប​សង្កត់​តាម​រយៈ​ចំណាត់​ការ​របស់​តុលាការ​។ ដោយ​បន្ត​អំពាវនាវ​ឲ្យ​ដោះលែង លោក កឹម សុខា ជា​បន្ទាន់ និង​បើក​លំហ​ប្រជាធិបតេយ្យ​ឡើង​វិញ ប៉ុន្តែ​ជាមួយ​គ្នា​នោះ លោកស្រី ស្មីត បាន​កត់​សម្គាល់​ថា លោក សម រង្ស៊ី សហស្ថាន​និក​បក្សប្រឆាំង​នៅតែ​បន្តប្រើ​ភាសា​ហិង្សា​​ដោយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ងើប​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល ដែល​ករណីនេះ លោកស្រី មិន​គាំទ្រ​ឡើយ​។​ យ៉ាងណា​ក៏ដោយ លោកស្រី បន្តថា នៅ​ពេល​ដែល​​លោក សម រង្ស៊ី ប្រកាស​ចូល​កម្ពុជា​នៅថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆកា​ខាងមុខ ​ពី​ខាង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​គំរាម​ថា​នឹង​ចាប់​ខ្លួន លោក សម រង្ស៊ី ក្នុង​ពេល​តែ២៤​ម៉ោង​ប៉ុណ្ណោះ។

​សម្រាប់​លោកស្រី ស្មីត ទាំង​ការ​អំពាវ​នាវ​របស់ លោក សម រង្ស៊ី ឲ្យ​ពលរដ្ឋ​ងើប​បះបោរ និង​ការគំរាម​ពី​សំណាក់​លោក ហ៊ុន សែន ទៅ​លើ​ក្រុម​ប្រឆាំង​រាប់​ការ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​មក​នេះ មិន​មែន​ជា​ដំណោះ​ស្រាយ​សម​ស្រប​ឡើយ។ ​លោកស្រី អំពាវ​នាវឲ្យ​ភាគី​ពាក់​ព័ន្ធ​ត្រូវ​តែងាក​មក​រក​ការចរចា​ដោយ​សន្តិវិធី និង​បើក​លំហ​សិទ្ធិមនុស្សនិង​សិទ្ធិនយោបាយ​ឡើងវិញ។

ជា​ការ​ឆ្លើយតប​ភ្លាមៗ ពី​ខាង​តំណាង​រដ្ឋាភិបាល​កម្ពុជា​បានអះអាងថា​កម្ពុជា​ស្វាគមន៍​ចំពោះ​ការ​លើក​ឡើង​របស់​លោកស្រី ស្មីត ប៉ុន្តែថាករណី លោក កឹម សុខា គឺស្ថិត​ក្នុង​នីតិ​វិធី​របស់​តុលាការ ហើយ​ចំណាត់​ការ​នានា​ទៅ​លើ​សកម្មជនបក្សប្រឆាំងធ្វើ​ឡើង​​ដោយ​សារតែពួកគេ​ដើរ​ហួស​បន្ទាត់នៃច្បាប់។

ចំណែក​តំណាង​សហភាព​អឺរ៉ុប​នៅ​តែ​គូស​បញ្ជាក់ពី​ជំហរ​របស់​ខ្លួន ដែលទាមទារ​ឲ្យ​ដោះ​លែង​ លោក កឹម សុខា និង ​ផ្តល់សិទ្ធិ​ដល់​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ទាំង ១១៨​នាក់ និង​ស្តារ​ប្រជាធិបតេយ្យ​ឡើង​វិញ រាប់​ទាំង​សិទ្ធិស​ង្គមស៊ីវិល សិទ្ធិការងារ និង​សេរីភាព​សារព័ត៌មាន​។​ ការ​លើក​ឡើង​របស់​តំណាងសហភាព​អឺរ៉ុប​បែប​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​តំណាង​ប្រទេស​អាល្លឺម៉ង់ បារាំង អង់គ្លេស និង​ប្រទេស​ជាច្រើន​ទៀត ខណៈ​តំណាង​ប្រទេស​ជប៉ុន បាន​គាំទ្រ​របាយការណ៍របស់​​លោកស្រី ​រ៉ូណា ស្មីត ហើយ​ស្នើ​ដល់​អ្នកនយោបាយ​ខ្មែរ​ឈប់​យក​បញ្ហា​បុគ្គល​ធំ ជាង​បញ្ហា​ប្រទេស​ជាតិ។

ផ្ទុយ​ទៅ​វិញ​តំណាង​ប្រទេស​ចិន​មិនបាន​និយាយ​ពី​កិច្ច​ការ​ពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជាឡើយ ​ដោយ​គ្រាន់​តែ​អះអាងថា​ចិន​បានផ្តល់​ជំនួយ​ជា​ច្រើន​ដល់​កម្ពុជា​ដើម្បី​អភិវឌ្ឍ​ប្រទេស​នេះ ​ដោយ​ទុក​ឲ្យ​ប្រជាជន​កម្ពុជា​ជាអ្នក​សម្រេច​វាសនាដោយ​ខ្លួនឯងទៅចុះ​៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ