អានតួអត្ថបទ
កម្ពុជា

ទូត​អាមេរិក​៖ ​ខ្មែរ​ក្រហម​ពឹងផ្អែក​យ៉ាង​ងប់ងុល​​លើ​មហាអំណាច​មួយ ​ដែល​មាន​ផលប្រយោជន៍​ខុស​ពី​ផល​ប្រយោជន៍​ប្រជាជន​កម្ពុជា

អតីត​មេ​ដឹកនាំ​កំពូល​ខ្មែរ​ក្រហម​ នួន ជា និង​ ខៀវ សំផន ដែល​តុលាការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត
អតីត​មេ​ដឹកនាំ​កំពូល​ខ្មែរ​ក្រហម​ នួន ជា និង​ ខៀវ សំផន ដែល​តុលាការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត

ស្ថានទូត​​អាមេរិក​​ប្រចាំ​​ប្រទេស​​កម្ពុជា ​​កាល​​ពី​​ថ្ងៃ​​ម្សិលមិញ ​បាន​​ចេញ​​សេចក្តី​​ថ្លែងការណ៍​មួយ ទាក់ទង​​ទៅ​​នឹង​​ថ្ងៃ​​ជ័យ​​ជម្នះ​​៧​​មករា​ ​លើ​​របប​​ប្រល័យ​​ពូជសាសន៍ ​ដោយ​​ភ្ជាប់​​ទៅ​នឹង​​ការ​​ផ្តន្ទាទោស​​អតីត​​មេ​ដឹកនាំ​​ខ្មែរ​​ក្រហម​​។ ​គឺ​​ជា​​សេចក្តី​ថ្លែងការណ៍ ​​ដែល​​មាន​គោលដៅ​​ផ្ញើ​សារ​​ដល់​​អ្នក​ ​ដែល​​បាន​​ប្រព្រឹត្ត​​អំពើ​​ព្រៃផ្សៃ ​​និង​​ពឹង​ផ្អែក​​ខ្លាំង​​ទៅ​​លើ​​ប្រទេស​មហា​អំណាច​​មួយ ​​ដែល​​គិត​​តែ​​ពី​​ផល​​ប្រយោជន៍​​របស់​​គេ ​​ជាង​​ផល​​ប្រយោជន៍​​ប្រជាជន​ខ្មែរ​​។

ផ្សាយពាណិជ្ជកម្ម

បើទោះ​ជា​ខួប​ថ្ងៃ​​ជ័យ​​ជម្នះ ​៧​​មករា ​លើ​របប​ប្រល័យ​ពូជសាសន៍ ​បាន​​កន្លង​ផុត​​ទៅ​​ហើយ​ក៏ដោយ ​តែ​​មុន​​ដំណាច់​ខែ​​មករា​នេះ ​ស្ថាន​ទូត​អាមេរិក ​បាន​ឆ្លៀត​រំលឹក​ពី​ទិវា​ជ័យ​ជម្នះ​នេះ ​ព្រមទាំង​ឧទ្ទិស​ដល់​​វិញ្ញាណ​ក្ខ​ន្ធ​​ប្រជាជន​​ខ្មែរ ​​ដែល​​បាន​​ស្លាប់​​ក្នុង​​របប​​ប៉ុលពត ​ដោយ​​មាន​​ការ​លើក​​យក​មក​​បង្ហាញ​ដំណាល​​គ្នា ​​នូវ​​ការ​​កាត់ទោស​​អតីត​​មេដឹកនាំ​​ជាន់​ខ្ពស់​​ខ្មែរ​​ក្រហម ​ដោយ​​តុលាការ​​កូន​កាត់​​កាល​​ពី​ពេល​កន្លង​​ទៅ​​នេះ​​។

សេចក្តី​ថ្លែងការណ៍​​រប​ស់​ស្ថានទូត​អាមេរិក​ឲ្យ​ដឹង​ថា ​វា​ក៏​គួរ​តែ​​ជា​ការ​ព្រមាន​ដ៏​ខ្លាំង​មួយ​ដល់​រដ្ឋាភិបាល ​និង​​ក្រុម​អ្នក​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ ​ឬ​បំបាត់​សម្លេង​ប្រជាជន ​ដែល​​ថា​យុត្តិធម៌ ​អាច​ឈ្នះ​បាន​នៅពេល​ ដែល​យើង​ទាំង​អស់​រួម​គ្នា ​ស្វែងរក​តម្លាភាព ​ការ​ពិត ​និង ​ការ​ទទួល​ខុសត្រូវ​។ ​វា​គឺ​ជា​រឿង​ដ៏​សំខាន់​ណាស់​ ដែល​យើង​ត្រូវ​​ចង​ចាំ​ដែរ​ថា ​ក្រុម​ខ្មែរ​ក្រហម​​បាន​​ពឹង​ផ្អែក​យ៉ាង​ងប់​ងុ​ល​ទៅ​លើ​មហា​អំណាច​ធំ​មួយ ​ដែល​មាន​ផល​ប្រយោជន៍ ​ខុសពី​ផល​ប្រយោជន៍​របស់​ប្រជាជន​កម្ពុជា​។ ​នេះ​ជា​ការ​បញ្ជាក់​របស់​ស្ថានទូត​អាមេរិក ​តាម​រយៈ​​ទំព័រ​ហ្វេ​ស​ប៊ុ​ក​​ផ្លូវ​ការ​​របស់​ខ្លួន​។

ដោយឡែក ​លោក ​ផៃ ស៊ី​ផាន ​អ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា ​បាន​ប្រតិកម្ម​ថា​ការ​ទទួល​ស្គាល់​របស់​ស​ហ​រដ្ឋ​អាមេរិក ចំពោះ​ថ្ងៃ​ជ័យ​ជម្នះ​៧​មករា ​លើ​​របប​​ប្រល័យ ពូជ​សាសន៍​ ​គឺ​​ជា​ការ​​ត្រឹមត្រូវ​ ​ក៏ប៉ុន្តែ​លោក​ថា ​អាមេរិក​ទៅ​វិញ​ទេ ​ដែល​ជា​អ្នក​គាំទ្រ​​របប​ប្រល័យ​ពូជសាសន៍ ​តាមរយៈ​ការ​គំា​ទ្រ​រដ្ឋ​ប្រហារ ​របប​​លន់ នល់ ​នៅ​​ឆ្នាំ​១៩៧០ ​ដែល​​ជា​ដើមចម​​បង្កើត​របប​ខ្មែរ​ក្រហម​។ ជាមួយ​គ្នានេះ ​លោក ​ផៃ ស៊ី​ផាន ​ក៏​បាន​ស្នើ​ឲ្យ​អាមេរិក​កុំ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ ដោយ​សំអាង​ថា ​​ទំនាក់​ទំន​ង​ជា​មួយ​មហា​អំណាច​ចិន​​នៅ​ពេល​នេះ ​បាន​ធ្វើ​​ឲ្យ​សេដ្ឋកិច្ច​ ​និង​វិស័យ​ការពារ​ជាតិ​កម្ពុជា​រឹងមាំ​។

សូម​រំលឹក​ថា ​កាល​ពី​ថ្ងៃ​ទី​១៦ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨ ​សាលា​ក្តី​ខ្មែរ​ក្រហម ​បាន​ផ្តន្ទាទោស​ទៅ​លើ​អតីត​មេ​ដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ចំនួន​ពី​រូប​គឺ ​នួន ជា ​និង​ ខៀវ សំផន ​ពី​បទ​ប្រល័យពូជសាសន៍ ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ​និង​​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​​ទៅ​លើ ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ​​ឆ្នាំ​១៩៤៩​​។ ​សាល​ក្រម​ដាក់​ទោស​រប​ស់​តុលាការ​នេះ ​មាន​ការ​ទទួល​ស្គាល់​ជា​លើកដំបូង​​ថា ​ឧក្រិដ្ឋកម្ម​នៃ​របប​ខ្មែរ​ក្រហម ​គឺ​​ជា​អំពើ​ប្រល័យ​ពូជ​សាសន៍ ​ដូច​​ដែល​បាន​កំណត់​​និយមន័យ​នៅ​ក្រោម​​ច្បាប់​​អន្តរជាតិ​​។

តាម​ស្ថានទូត​អាមេរិក ​សាល​ក្រម​នេះ​គួរ​តែ​​នាំមក​នូវ​ក្តីសង្ឃឹម​ដល់​អ្នក​ដែល​ស្វែង​រក​ការ​ពិត ​និ​ង​​អ្នក​ទទួល​ខុស​ត្រូវ​នៅ​កម្ពុជា ​និង​ក្នុង​ប្រទេស​ដ៍ទៃ​ទៀត​ ដែល​កំពុង​​ខិតខំ​​ផ្សះផ្សា​ជាមួយ​​នឹង​​អំពើ​​យង់ឃ្នង​​ពី​​អតីតកាល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ