អានតួអត្ថបទ
កម្ពុជា-សង្គម

​យុទ្ធនាការ​១៦​ថ្ងៃ​ជា​សកល​ប្រឆាំង​អំពើ​ហិង្សា​លើ​ស្ត្រី​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ​ ក្នុង​សកម្មភាព​ផ្សេងៗ​គ្នា​

«បញ្ឈប់អំពើហិង្សាលើស្ត្រី» (រូបភាពតំណាង)
«បញ្ឈប់អំពើហិង្សាលើស្ត្រី» (រូបភាពតំណាង) @Internet

នៅថ្ងៃចន្ទនេះ​ គឺជាថ្ងៃ​ចាប់​ផ្តើម​នៃយុទ្ធនាការ​១៦ថ្ងៃ​ជា​សាកល​ ក្នុង​ការ​ទប់ស្កាត់​អំពើហិង្សា​លើ​ស្រ្តីភេទ​ ដែល​ចាប់​ផ្ដើម​ពីថ្ងៃ​ទី២៥​ ខែវិច្ឆិកា​ រហូត​ដល់​ ថ្ងៃ​ទី​១០​ ខែធ្នូ​ ខាងមុខ។​ ​ក្រុម​អ្នក​ធ្វើ​ការងារ​ខាង​ផ្នែក​ សិទ្ធិ​ស្ត្រីនៅកម្ពុជា​បាន​ចាប់​ផ្តើម​សកម្មភាព​របស់ខ្លួន​នៅក្នុង​រូបភាព​ផ្សេងៗគ្នា ខណៈគេ​កត់​សំគាល់​ឃើញថា អំពើ​ហិង្សា​នៅក្នុង​គ្រួសារ​ពិសេស​ហិង្សា​ទៅ​លើ​ស្ត្រី​ភេទ​នៅតែកើត​មាន​ជាបន្ត​បន្ទាប់ ហើយនៅជាក្តីកង្វល់​ដដែល។ 

ផ្សាយពាណិជ្ជកម្ម

យោង​តាម​របាយ​ការណ៍​ដែល​ផ្សព្វ​ផ្សាយ​ដោយ​អង្គការ​លីកាដូ បើគិតត្រឹមខែកញ្ញា ឆ្នាំ២០១៨ មាន​ករណី​ហិង្សា​លើ​ក្មេង​ស្រី​ប្រមាណ​១១០​ករណី ក្នុង​នោះ​មាន​ករណី​រំលោភ​សេព​សន្ថវៈ​ចំនួន​៩០​ករណី បាន​កើត​ឡើង ហើយ​មាន​ករណី​រំលោភ​សម្លាប់​៨ករណី ដែល​បាន​កត់​ត្រា​។

ការកើតមានអំពើហិង្សាគឺដោយសារតែ​កត្តាជាច្រើន​រួមមាន​ ការប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ ឬគ្រឿងញៀន ភាព​ក្រី​ក្រ និង​ការ​អនុវត្តច្បាប់​ទៅ​លើ​ជនល្មើស​នៅមានភាព​ទន់​ខ្សោយ។ នេះជាការកត់​សំគាល់​របស់ លោកស្រី ជឹម ចាន់នាង អគ្គលេខាធិការនៃ​គណៈកម្មាធិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​អនុសញ្ញា​លុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​លើ​ស្ត្រីភេទ (NGO-CEDAW)។​លោក​ស្រី​បាន​បន្ទោស​ទៅលើ​ភាព​បរាជ័យ​នៃការប្រើ​ប្រាស់​ច្បាប់​ដើម្បី​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រីថាមិន​មាន​ប្រសិទ្ធភាព​។

បើតាម​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​ លីកាដូ​ សំណុំរឿង​អំពើហិង្សា​ក្នុង​គ្រួសារ​ដែល​ត្រូវ​បាន​បិទ​បញ្ចប់​ចំនួន​ ២៣៧​ករណី​ ដែល​លីកាដូ​បាន​ឃ្លាំមើល​ចាប់ពី​ដើមឆ្នាំ​២០១៤​ ដល់​ ចុងឆ្នាំ​២០១៦​។ មានជាង​៤០ភាគរយ​នៃ​ករណី​ទាំងនេះ ​ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​ជនរងគ្រោះ​នៃ​អំពើហិង្សា​ ត្រឡប់​ទៅរស់​នៅ​ជាមួយ​ដៃគូ​ដែល​មាន​ចរិត​ហិង្សា​វិញ​ ហើយ​មាន​តែ២០​ភាគរយ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​បណ្ដឹង​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​ជនល្មើស។​ ករណី​ក្រៅពីនេះ​ផ្សេងទៀត​ ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​ប្ដី​ប្រពន្ធ​រស់នៅ​ផ្សេងគ្នា​ ឬ​លែងលះ​គ្នា ប៉ុន្តែ​មិនមាន​បណ្ដឹង​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​ជនល្មើស​ទេ។

ការ​ស្រាវជ្រាវ​បាន​រកឃើញ​ថា ​មានករណី​ជាច្រើន​ដែល​អាជ្ញាធរ​មិនបាន​ទទួល​ស្គាល់ ​ឬចាត់ទុក​អំពើហិង្សា​ក្នុង​គ្រួសារ​ថាជា ​បទល្មើស​ព្រហ្មទណ្ឌ​ ដូច្នេះហើយ​ទើប​ពួកគាត់​មិនសូវ​យកចិត្ត​ទុកដាក់​ខ្លាំង​ក្នុងការ​ចាត់វិធានការ​លើ​ករណីនេះ។ ​របាយការណ៍​ដែល​ផ្សព្វផ្សាយ​ដោយ អង្គការលីកាដូនេះ​សន្និដ្ឋាន​ថា ការ​ឆ្លើយតប​ចំពោះ​អំពើហិង្សា​ក្នុងគ្រួសារ​នៅកម្ពុជា​ នាពេល​បច្ចុប្បន្ន​ ពុំទាន់​មាន​ប្រសិទ្ធភាព​ទេ ​ដោយសារ​ស្រ្តីមាន​ជម្រើស​តិចតួច​ពេក​ ក្រៅតែ​ពីការ​សម្រេចចិត្ត​បន្ត​រស់នៅ​ជាមួយ​ស្ថានភាព​ហិង្សា៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ