អានតួអត្ថបទ
កម្ពុជា

ប្រជាជន​ក្រីក្រ​ ៣​លាន​នាក់​នឹង​ទទួល​សេវា​​សុខភាព​ដោយ​មិន​បាច់​បង់​ប្រាក់

ភាពក្រីក្រ​នៅតំបន់ជនបទកម្ពុជា
ភាពក្រីក្រ​នៅតំបន់ជនបទកម្ពុជា

ប្រជាជន​ក្រីក្រ​កម្ពុជា​ប្រមាណ​ជា ៣​លាន​នាក់ នឹង​ទទួល​បាន​ថ្លៃ​សេវា​សុខ​ភាព​ពី​មូលនិធិ​សមធម៌​សុខភាព ដែល​មាន​ទឹក​ប្រាក់​ ៣០​លាន​ដុល្លារ។ នេះ​គឺ​ជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង៤ ដែល​រដ្ឋាភិបាល​កម្ពុជា និង​ធនាគារ​ពិភព​លោក​បាន​ចុះ​ហត្ថលេខា កាល​ពី​ថ្ងៃ​ទី​ ៩ មិថុនា​ម្សិល​មិញ​នេះ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភព​លោក World Bank ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​នេះ។

ផ្សាយពាណិជ្ជកម្ម

គម្រោង​ចំនួន​៤ ដែល​មាន​ទឹក​ប្រាក់​សរុប ១៣០ លាន​ដុល្លារ​អាមេរិក គឺ​ជា​ហិរញ្ញ​ប្បទាន​សហប្រតិបត្តិ​ការ​ថ្មី អនុម័ត​ដោយ​ក្រុម​ប្រឹក្សា​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ពិភព​លោក​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៦ សម្រាប់​រដ្ឋាភិបាល​កម្ពុជា។ គម្រោង​ទាំង​ ៤​នោះ​រួម​មាន ការ​ជួយ​ពង្រឹង​លើ​ការ​ថែទាំ​ផ្លូវ​ថ្នល់ គ្រប់​គ្រង​ធនធាន​ជល​ផល លើក​កម្ពស់​ជីវភាព​រស់​ពឹង​អាស្រ័យ​លើ​កសិកម្ម​ក្នុង​សហគមន៍​គោល​ដៅ​នៅ​ជនបទ និង​លើក​កម្ពស់​ការ​ទទួល​បាន​សេវា​សុខភាព ដែល​ផ្តល់​ហិរញ្ញ​ប្បទាន​សហប្រតិបត្តិ​ការ​ដោយ​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ (IDA) ដែល​ជា​ស្ថាប័ន​មួយ​របស់​ធនាគារ​ពិភព​លោក​សម្រាប់​ផ្តល់​ហិរញ្ញ​វត្ថុ​ដល់​ប្រទេស​ក្រីក្រ។

គម្រោង​សមធម៌​និង​ការ​លើក​កម្ពស់​គុណភាព​សុខភាព ជាគម្រោង​ដែល​មាន​ទឹក​ប្រាក់​៣០​លាន​ដុល្លារ​នេះ​នឹង​ផ្តោត​លើ​ការ​កសាង​នូវ​យន្តការ​ហិរញ្ញប្បទាន​សុខភាព​បែប​ថ្មី​ពីរ​នៅ​កម្ពុជា។ ទី១ គឺ​មូលនិធិ​សមធម៌​សុខភាព​ ដែល​ជួយ​ចេញ​ថ្លៃ​សេវា​សុខភាព​ជូន​ដល់​ប្រជាជន​ក្រីក្រ​ប្រមាណ​៣​លាន​នាក់ កាត់​បន្ថយ​ការ​ចំណាយ​លុយ​ចេញ​ពី​ហោប៉ាវ​គាត់ និង​ផ្តល់​ហិរញ្ញ​ប្បទាន​ដល់​ស្ថាប័ន​ផ្តល់​សេវា​សុខភាព។ ទី២ គឺ​តាក់​តែង​ឡើង​វិញ​នូវ​មូលនិធិ​ផ្គត់ផ្គង​សេវាកម្ម​ ដែល​វា​នឹង​អាច​ជួយ​លើក​កម្ពស់​សេវា​សុខភាព រួម​ទាំង​ការ​គ្រប់គ្រង​ផ្នែក​សុខាភិបាល ការ​មក​ធ្វើ​ការ​ទៀង​ទាត់​របស់​គ្រូពេទ្យ និង​ការ​គ្រប​ដណ្តប់​នៃ​សេវាសុខភាព។

គម្រោង​នេះ​ក៏​នឹង​ចូលរួម​ផ្តល់​ហិរញ្ញប្បទាន​ដោយ​រដ្ឋាភិបាល ធនាគារ​ពិភព​លោក និង​៥០​លាន​ដុល្លារ​ទៀត ផ្តល់​ជូន​ដោយ​មូលនិធិ​មរតក​ពហុម្ចាស់​ជំនួយ រួម​មាន រដ្ឋាភិបាល​អូស្រា្តលី ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់ ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ។ មូលនិធិ​មរតក​សម្រាប់​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​របស់​ជប៉ុន​រួម​ទាំង​ធនាគារ​ពិភព​លោក ក៏​បាន​ផ្តល់​ហិរញ្ញប្ប​ទាន​ចំនួន​១​លាន​ដុល្លារ​បន្ថែម ដើម្បី​ពង្រឹង​ការ​តាម​ដាន និង​ការ​វាយ​តម្លៃ​ផង​ដែរ។
គម្រោង​គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះ​ទន្លេ​មេគង្គ៖ ទឹក​ប្រាក់​សម្រាប់​គម្រោង​នេះ​មាន​១៥​លាន​ដុល្លារ មាន​គោល​បំណង​លើក​កម្ពស់​ការ​គ្រប់គ្រង​ធនធាន​ជល​ផល​និង​ទឹក​ ហើយ​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ជនបទ​តាម​អាង​ទន្លេ​មេគង្គ​ភាគ​ឥសាន​នៃ​ប្រទេស​កម្ពុជា។
គម្រោង​គ្រប់គ្រង​ផ្លូវ​ថ្នល់​ទី​២៖ ​គម្រោង​នេះ​មាន​ទឹក​ប្រាក់​៦០​លាន​ដុល្លារ មាន​គោល​បំណង​ថែទាំ​ផ្លូវ​ប្រវែង​២១៨​គ.ម ដែល​វា​អាច​ទប់ទល់​នឹង​ទឹក​ជំនន់​បាន កាត់​បន្ថយ​ពេល​វេលា​នៃ​ការ​ធ្វើ​ដំណើរ និង​ផ្តល់​ឲ្យ​មាន​ទំនាក់​ទំនង​កាន់​តែ​ប្រសើរ​លើ​ផ្លូវ​ជាតិ​ក្នុង​ខេត្ត​កំពត ព្រះសីហនុ ត្បូងឃ្មុំ និង​ក្រចេះ។
 
គម្រោង​ការ​បែង​ចែក​ដី​សម្រាប់​សង្គម​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច៖ មាន​ទឹក​ប្រាក់​២៥​លាន​ដុល្លារ នឹង​ផ្តល់​ជូន​សម្រាប់​សេវា​បណ្តុះ​បណ្តាល​វិស័យ​កសិកម្ម​ដល់​ប្រជាជន​ ដែល​ពី​មុន​គ្មាន​ដី និង​មាន​ដី​តិច​តូច​ក្នុង​សហគមន៍​ចំនួន​១៤ នៅ​៥​ខេត្ត។ ប្រជាជន​ច្រើន​ជាង ៥០០០ គ្រួសារ​នៅ​ក្នុង​សហគមន៍​នេះ​នឹង​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​កសិកម្ម​សម្រាប់​លើក​កម្ពស់​ជីវភាព​រស់នៅ និង​មាន​ផ្លូវ​ថ្នល់​ប្រសើរ មាន​សាលារៀន និង​គ្លីនិក​សុខភាព។

ផែនការ​ទំនាក់​ទំនង​សម្រាប់​ប្រទេស​នេះ​តាក់តែង​ឡើង​ ដោយ​យោង​កិច្ច​ពិគ្រោះ​យោបល់​ ដែល​បាន​រៀបចំ​នូវ​ទូទាំង​ប្រទេស​ជាមួយ​នឹង​អ្នក​ពាក់ព័ន្ធ​ជា​ច្រើន រួម​មាន​មន្រ្តី​រដ្ឋាភិបាល​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​មូលដ្ឋាន សមាជិក​សភា អង្គការ​សង្គម​ស៊ីវិល​ថ្នាក់​ជាតិ និង​អន្តរជាតិ វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​ភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ។ ផែនការ​ទំនាក់​ទំនង​នេះ​ គឺ​ផ្តល់​ឲ្យ​ក្រុម​ធនាគារ​ពិភព​លោក​ ឲ្យ​មាន​ទំនាក់​ទំនង​ពេញ​លេញ​សាជាថ្មី​ឡើង​វិញ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​បាន​ផ្អាក​ការ​ផ្តល់​ហិរញ្ញ​ប្បទាន​ថ្មី​ពី​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ​នេះ​ចាប់​តាំង​ពី​ឆ្នាំ២០១១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ