អានតួអត្ថបទ
កម្ពុជា-សង្គម

​បុណ្យ​ចូល​ឆ្នាំ​ចិន​៖ កម្ពុជា​ត្រៀម​មន្រ្តី​ជំនាញ​ជាង​២​ពាន់​នាក់​និង​មន្ទីរ​ពេទ្យ​រដ្ឋ​៣​ដើម្បី​ទប់​ទល់​មេរោគ​កូរ៉ូណា​ថ្មី​

ក្រសួងសុខាភិបាល
ក្រសួងសុខាភិបាល @Internet

គិត​មក​ដល់​ពេល​នេះ ជំងឺ​រលាក​សួត​បង្ក​ដោយ​វីរុស​កូរ៉ូណា​ប្រភេទថ្មី (nCoV2019) បាន​កើន​ឡើង​៤៤០​ករណី​ហើយ​នៅ​ក្នុង​ប្រទេស​ចិន​និង​មាន​មនុស្ស​ស្លាប់​៩នាក់​។ ចំណែក នៅ​ថៃ​វិញ មាន​២ករណី និង​នៅ​កូរ៉េ​ខាង​ត្បូង​មាន​១ករណី​។ ប៉ុន្តែ​នៅ​កម្ពុជា​វិញ គឺ​មិន​ទាន់​កើត​មាន​នោះ​ទេ​។ បើ​ទោះ​បី​មិន​ទាន់​កើត​មាន ប៉ុន្តែ​ក្រសួង​សុខា​ភិបាល​កម្ពុជា​បាន​ត្រៀម​នូវ​មន្រ្តី​ជំនាញ​ជាង​២ពាន់​នាក់ និង​មន្ទីរ​ពេទ្យ​រដ្ឋ​ចំនួន៣ ដើម្បី​ស្វែង​រក​និង​ព្យាបាល​ជំងឺ​បង្ក​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នេះនៅ​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ចិន​។ 

ផ្សាយពាណិជ្ជកម្ម

ក្រសួងសុ​ខាភិបាលកម្ពុជា បាន​ប្រកាសពីកា​រត្រៀមមន្រ្តី​ជំនាញជាង២ពា​ន់នាក់ ដើម្បីតា​មដាន និងឆ្លើយតបទៅនឹងកា​រឆ្លងរីករា​លដាលនៃ​ជំងឺរលាកសួតប​ង្កដោយវី​រុសកូ​រ៉ូណាប្រភេទថ្មី(nCoV2019​)នៅក្នុងប្រ​ទេសកម្ពុជា ជាពិសេស​នៅក្នុងពិ​ធិបុណ្យឆ្នាំ​ចិននាពេ​លខាងមុខនេះ។ បន្ថែ​មពីលើមន្រ្តី​ជំនាញ ក្រ​សួងសុខាភិ​បាលកម្ពុ​ជាក៏បាន​រៀបចំបន្ទប់ដាច់ឡែ​កនៅក្នុងមន្ទីរពេ​ទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេ​ទ្យខេត្តព្រះ​សីហនុ និង មន្ទី​រខេត្តសៀ​មរាប និងបានត្រៀ​មសម្ភារៈ បរិក្ខារ និងថ្នាំសង្កូ​វសម្រាប់ព្យាបាលជំងឺ​ថ្មីនេះផងដែរ។ នេះបើ​តាម​សេចក្តីប្រ​កាសព័ត៌មានរបស់​ក្រសួងសុខាភិ​បាលកម្ពុ​ជានៅថ្ងៃទី២១ ខែមករា​។

ក្រៅពី​ត្រៀមលក្ខណៈគ្រប់បែ​បយ៉ាងនេះ ក្រសួងសុ​ខាភិបាល​កម្ពុជាក៏បាន​ក្រើនរំលឹកឱ្យ​ប្រជាពល​រដ្ឋខ្មែរ ជាពិសេស អ្នកមាន​គម្រោង​ទៅកាន់ប្រទេស​ចិនក្នុងឱកាស​បុណ្យចូលឆ្នាំចិនខាង​មុខនេះឱ្យមាន​ការប្រុងប្រយ័​ត្ន​ផ្ទាល់ខ្លួន​ថែម​ទៀត។ ក្រសួង​សុខាភិបាល​ណែនាំពួកគេ​កុំឱ្យទៅកាន់កន្លែងចិ​ញ្ចឹមសត្វនិងតំបន់​កើតមានវីរុសថ្មីនេះ ត្រូវឧស្សា​ហ៍លាងដៃនឹង​សាប៊ូនិងទឹកស្អា​តឱ្យបានញឹក​ញាប់ កុំទៅស្និ​តស្នាល​ជាមួយអ្នកមា​នជំងឺផ្លូវដង្ហើម និងបរិភោ​គម្ហូបអាហា​រដែលចម្អិ​នបានត្រឹមត្រូ​វជាដើម។ មិនតែប៉ុ​ណ្ណោះ ប្រ​សិនបើជា​មានកា​រសង្ស័យថាឆ្លងវីរុសថ្មីនេះ ត្រូវ​រាយការណ៍ជាបន្ទាន់ទៅ​កាន់គ្រឹះ​ស្ថានសុ​ខាភិបាលសា​ធារណៈដែល​នៅជិតបំផុ​​ត។

សូមបញ្ជាក់ថា វីរុសកូរ៉ូណាថ្មីដែ​លបង្កឱ្យកើតជាជំងឺរ​លាកសួតនេះ​បានចាប់ផ្ទុះឡើ​ងដំបូង​កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ។ វីរុសនេះត្រូវ​បានគេរកឃើញ​នៅក្នុងទី​ក្រុងវូហាន នៃ​ខេត្តហ៊ូប៉ី ប្រទេ​សចិន។ វីរុសថ្មីនេះ កំពុងរីក​រាលដាលទៅកាន់ទីក្រុ​ងប៉េកាំង សៀងហៃ ក្វាងចូវ ហុងកុង និងឈា​នទៅដល់​អាមេរិក ហ្វីលីពីន តៃវ៉ាន់ កូរ៉េខាងត្បូង និង ប្រទេសថៃក្បែរខាង​កម្ពុជានេះថែមទៀត។ ប៉ុន្តែនៅ​កម្ពុជាវិញ ក្រសួងសុខាភិបាលបានអះអាងថា មិនទាន់មា​នករណីនេះនៅ​ឡើយទេ​។

តែទោះជា​បែបនេះក្តី ក្រសួង​សុខាភិបាល​កម្ពុជាក៏បានចា​ត់វិធានការ ដើ​ម្បីទប់ទល់ និង ការពារការឆ្លងរីករាលដាលនៃវីរុស​ថ្មីនេះចូលមក​ក្នុងប្រទេ​សកម្ពុជាផងដែរ នោះ គឺក្រសួង​សុខាភិបាលបានដាក់​នូវម៉ាស៊ី​នស្កេនកម្តៅ​នៅអាកាសយានដ្ឋានអ​ន្តរជាតិភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប ច្រកទា្វ​រព្រំដែនប៉ោ​យប៉ែត បាវិត និង ព្រែកចាក ដើម្បី​ស្រាវជ្រាវរក​វីរុសថ្មីនេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ