អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ចិន​និង​រុស្ស៊ី​អាច​យក​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​ធ្វើជា​បក្សសម្ព័ន្ធ​ប្រឆាំង​លោក​ខាង​លិច​បាន​ដែរ​ឬ​ទេ?

សំឡេង ០៣:៥៥
REUTERS/Mark Ralston

ចិន និង​រុស្ស៊ី កំពុង​តែ​ព្យាយាម​ជំរុញ​​​អង្គការ​សហប្រតិបត្តិការ​សៀងហៃ ដែល​ប្រមូលផ្តុំ​​​ប្រទេស​ជាសមាជិក​មក​ពី​អាស៊ី​កណ្តាល​ឲ្យ​មាន​តួនាទី​កាន់តែ​សំខាន់​ឡើង​ថែម​ទៀត នៅលើ​ឆាក​អន្តរជាតិ ក្នុង​ពេល​ដែល​អាមេរិក​កំពុង​តែ​ព្យាយាម​បង្កើន​ឥទ្ធិពល​នៅ​អាស៊ី។ ក៏ប៉ុន្តែ សំណួរ​សួរថា តើ​​ចិន និង​រុស្ស៊ី ដែល​ជា​អតីត​គូប្រជែង​ក្នុង​សង្រ្គាម​ត្រជាក់​នេះ អាច​ធ្វើ​ឲ្យ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​​ក្លាយ​ជា​បក្ស​សម្ព័ន្ធ​រឹងមាំមួយ ដើម្បី​ទប់ទល់​នឹង​លោក​ខាងលិច​បាន​ដែរ​ឬទេ?

ផ្សាយពាណិជ្ជកម្ម

ចាប់តាំង​ពី​បង្កើតឡើង នៅ​ឆ្នាំ​២០០១មក អង្គការ​សហប្រតិបត្តិការ​សៀងហៃ (OCS) តែងតែ​ត្រូវ​បាន​ប្រទេស​លោកខាងលិច​មើលឃើញ​ថា ជា​បក្សសម្ព័ន្ធ​ផ្នែក​សន្តិសុខ​ ដែល​ចិន និង​រុស្ស៊ី​បង្កើតឡើង ដើម្បី​ទប់ទល់នឹង​បក្ស​សម្ព័ន្ធ​អូតង់។ ជាង ១០​ឆ្នាំ​ក្រោយ​មក នៅពេល​ដែល​អាមេរិក​កំពុង​បង្កើន​ឥទ្ធិពល​នៅ​ក្នុង​តំបន់​អាស៊ី ចិន និង​រុស្ស៊ី ក៏​កំពុង​តែ​ព្យាយាម​ពង្រឹង​​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​ផងដែរ ដើម្បី​បង្កើន​តួនាទី​​នៅ​លើ​ឆាក​អន្តរជាតិ។

ក៏ប៉ុន្តែ មុននឹង​អាច​ក្លាយ​ជា​បក្ស​សម្ព័ន្ធ​រឹងមាំមួយ ដើម្បី​ទប់ទល់​នឹង​លោក​ខាងលិច គេ​ត្រូវ​មើលសិន​ថា តើ​ប្រទេស​ជាសមាជិក​​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​អាច​បង្កើន​ទំនុកចិត្ត​រវាងគ្នាឯង​បាន​ដែរ​ឬទេ ជាពិសេស រវាង​ចិន និង​រុស្ស៊ី ដែល​ជា​ក្បាលម៉ាស៊ីន​​ដ៏សំខាន់​របស់​អង្គការ​នេះ?

ដើម្បី​ទប់ទល់​នឹង​អាមេរិក រុស្ស៊ី និង​ចិន​បាន​ព្យាយាម​បង្ហាញ​នូវ​ជំហរ​រួបរួម​គ្នា​ជា​ធ្លុង​មួយ​ ចំពោះ​សំណុំរឿង​សំខាន់ៗ ដូចជា វិបត្តិ​នៅ​ស៊ីរី សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​អនាគត​របស់​អាហ្វហ្កានីស្ថាន ក្រោយ​ការ​ដកកងទ័ព​របស់​អាមេរិក ជាដើម។ ក៏ប៉ុន្តែ នៅ​ពីក្រោយ​ការ​រួបរួមគ្នា​នេះ អតីត​គូសត្រូវ​សង្រ្គាម​ត្រជាក់​ទាំងពីរ​នៅតែ​បន្ត​សម្លឹង​មើលគ្នា ដោយ​ការ​មិនទុកចិត្ត និង​ដោយ​មន្ទិលសង្ស័យ​អំពី​គោលដៅ​ជាយុទ្ធសាស្រ្ត​ចំពោះ​គ្នា​ទៅវិញ​ទៅមក។

សម្រាប់​រុស្ស៊ី ការ​ដែល​ចិន​កំពុងតែ​មាន​កម្លាំង​ខ្លាំង​ឡើង​ ​ទាំង​ផ្នែក​សេដ្ឋកិច្ច​ យោធា និង​នយោបាយ​អន្តរជាតិ អាច​នឹង​ក្លាយ​ជា​ការ​គំរាម​កំហែង​ដ៏ធំ​មួយ ដល់​អំណាច​របស់​រុស្ស៊ី​នៅ​ក្នុង​តំបន់ និង​នៅ​លើ​ពិភពលោក។

មជ្ឈដ្ឋាន​ទូទៅ​នៅ​រុស្ស៊ី​ក៏​បង្ហាញ​នូវការ​បារម្ភ​​ថា នៅពេល​ដែល​ចិន​មាន​កម្លាំង​កាន់តែ​ខ្លាំង​​ រុស្ស៊ី​អាច​នឹង​ត្រូវ​បាត់បង់​ការ​គ្រប់គ្រង​លើ​តំបន់​ស៊ីបេរី ដែល​ជា​តំបន់​ស្ថិត​ក្នុង​ទឹកដី​រុស្ស៊ី ហើយ​ជាប់​នឹង​ព្រំដែន​ចិន។ ស៊ីបេរី ជា​តំបន់​​​​សម្បូរ​ទៅដោយ​​ធនធាន​ធម្មជាតិ ប៉ុន្តែ មិនសូវមាន​មនុស្ស​រស់នៅ ដោយសារ​តែ​លក្ខខណ្ឌ​អាកាសធាតុ​មិន​អំណោយផល។ រុស្ស៊ី​បារម្ភ​ថា ទៅថ្ងៃ​អនាគត​ រុស្ស៊ី​ខ្លួនឯង​ដែល​ជា​ម្ចាស់ស្រុក​មិន​អាច​ប្រជែង​ជាមួយ​ចិន​បាន ក្នុង​ការ​ធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ​នៅ​ស៊ីបេរី។

ចំពោះ​​​យុទ្ធសាស្រ្ត​រយៈពេល​វែង​វិញ ការ​បារម្ភ​របស់​រុស្ស៊ី គឺ​នៅត្រង់ថា លំនឹង​នៃ​មហាអំណាច​ពិភពលោក នឹង​ត្រូវ​​ស្ថិត​នៅលើ​អាមេរិក និង​ចិន ដែល​ជា​តួឯក ចំណែក​រុស្ស៊ី​នឹង​ត្រូវ​ក្លាយ​ជា​តួរង។

បច្ចុប្បន្ន​នេះ គ្រាន់តែ​នៅក្នុង​អង្គការ​ប្រតិបត្តិការ​សៀងហៃ​ ក៏​ចិន និង​រុស្ស៊ី កំពុងតែ​ប្រជែង​​​គ្នា​ធ្វើ​ជា​មេដឹកនាំ​ដែរ។ រុស្ស៊ី​អាច​រំពឹង​លើ​ទំនាក់ទំនង​ជា​ប្រវត្តិសាស្រ្ត​ជាមួយ​ប្រទេស​អាស៊ី​កណ្តាល ដែល​ធ្លាប់​នៅ​ក្នុង​សហភាព​សូវៀត​ជាមួយគ្នា។ ក៏ប៉ុន្តែ ចិន គឺ​ជា​ប្រទេស​សម្បូរ​លុយ ដែល​អាច​ទាក់ទាញ​ប្រទេស​ទាំងនេះ​បាន។ នៅក្នុង​ជំនួបកំពូល​កាលពី​ថ្ងៃ​ពុធ​​ម្សិលមិញ​នេះ លោក​ហ៊ូ ជិនតាវ ប្រធានាធិបតីចិន​ បាន​ប្រកាស​សន្យា​ថា នឹង​ផ្តល់​កម្ចី​ចំនួន ១០ពាន់លាន​ដុល្លារ ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​ជាសមាជិក​អង្គការ​សហប្រតិបត្តិការ​សៀងហៃ។

កែវភ្នែក​របស់​ចិន​កំពុង​តែ​សម្លឹង​ទៅ​តំបន់​អាស៊ី​កណ្តាល ដែល​ជា​តំបន់​សម្បូរ​ទៅដោយ​ប្រេង និង​ឧស្ម័ន ដែល​ចិន​កំពុង​ត្រូវការ​ខ្លាំង។ ក៏ប៉ុន្តែ វត្តមាន​របស់​ចិន នៅ​អាស៊ី​កណ្តាល ប្រាកដ​ជា​នឹង​ត្រូវ​ប៉ះទង្គិច​ជាមួយ​រុស្ស៊ី ពីព្រោះ រុស្ស៊ី​​តែងតែ​ចាត់​ទុក​តំបន់​នេះ​ជា​ដែន​ឥទ្ធិពល​របស់​ខ្លួន មិន​អាច​ឲ្យ​មហាអំណាច​ណាមួយ​​ឈានជើង​ចូលមក​ប្រជែង​បានទេ។

បញ្ហា​មួយ​ទៀត ដែល​អាច​បង្ក​ភាព​ចម្រូងចម្រាស​ នៅ​ក្នុង​អង្គកា​រសហប្រតិបត្តិការ​សៀងហៃ គឺ​វត្តមាន​របស់​ឥណ្ឌា និង​ប៉ាគីស្ថាន។ ឥណ្ឌា និង​ប៉ាគីស្ថាន គឺ​ជា​គូសត្រូវ​នឹង​គ្នា។ បច្ចុប្បន្ន​ ប្រទេស​ទាំងពីរ​នេះ​​​ចូលរួម​ក្នុង​ជំនួបកំពូល​របស់​អង្គការ​សហប្រតិបត្តិការ​សៀងហៃ ក្នុង​ឋានៈ​ជា​សមាជិក​សង្កេតការណ៍​ប៉ុណ្ណោះ ហើយ​កំពុង​តែ​សុំចូល​ជា​សមាជិក​ពេញសិទ្ធិ។ រុស្ស៊ី​គាំទ្រ​ឲ្យ​ឥណ្ឌា​ចូល​ជា​សមាជិក​ពេញសិទ្ធិ​របស់​អង្គការ​សហប្រតិបត្តិការ​សៀងហៃ ក៏ប៉ុន្តែ ចិន​ជំទាស់។ ប្រសិនបើ​​រុស្ស៊ី​នៅតែ​ទទូច​ចង់​ឲ្យ​ឥណ្ឌា​ចូល​ជាសមាជិក ចិន​ប្រាកដ​ជា​នឹង​ទាមទារ​ឲ្យ​ប៉ាគីស្ថាន​ចូល​ជា​សមាជិក​ដែរ។

​ចិន រុស្ស៊ី ឥណ្ឌា និង​ប៉ាគីស្ថាន។ បើសិន​ជា​ប្រទេស​ទាំងបួន​នេះ​មាន​វត្តមាន​ជាមួយ​គ្នា ជា​សមាជិកពេញសិទ្ធិ​ អង្គការ​សហប្រតិបត្តិការ​សៀងហៃ​ទំនងជា​នឹង​ត្រូវ​ចំណាយពេល​ភាគច្រើន ​ទៅលើ​វិវាទ​ផ្ទៃក្នុង ហើយ​ពិបាក​នឹង​អាច​​​រួបរួមគ្នា​​​ជា​បក្សសម្ព័ន្ធ​រឹងមាំ​មួយ ដើម្បី​ទប់ទល់នឹង​អាមេរិក​បានណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ