អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ភាគខាងកើត​​អ៊ុយក្រែន​​កាន់តែ​​ពិបាក​​គ្រប់គ្រង​​ ទ័ព​​អ៊ុយក្រែន​​ត្រៀម​​អាសន្ន​​ ក្រោយ​អឺរ៉ុប​​និង​​អាមេរិក​​ចេញ​​ទណ្ឌកម្ម​​ប្រឆាំង​​រុស្ស៊ី​​

សំឡេង ០៦:១០
ក្រុមប្រដាប់​អាវុធ​គាំទ្រ​​រុស្ស៊ី​​​ នៅ​ក្រោយរថយន្ត​ ​កំពុង​ត្រៀម​វាយប្រហារ​​ស្នាក់ការ​ប៉ូលិស​​ក្នុង​តំបន់​លូហង់​ ភាគខាងកើត​អ៊ុយក្រែន។
ក្រុមប្រដាប់​អាវុធ​គាំទ្រ​​រុស្ស៊ី​​​ នៅ​ក្រោយរថយន្ត​ ​កំពុង​ត្រៀម​វាយប្រហារ​​ស្នាក់ការ​ប៉ូលិស​​ក្នុង​តំបន់​លូហង់​ ភាគខាងកើត​អ៊ុយក្រែន។

តាំង​ពី​​ថ្ងៃអង្គារ​ម្សិលមិញ ក្រោយពេល​អាមេរិក​និងអឺរ៉ុប ​ចេញទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​មក ​ស្ថានភាព​នៅ​តំបន់​ភាគខាងកើត​អ៊ុយក្រែន កាន់តែ​ធ្លាក់ដុនដាប ធ្វើអោយ​អាជ្ញាធរ​ក្រុងគៀវ​ពិបាក​គ្រប់គ្រង។ ​​សកម្មជន​គាំទ្រ​​រុស្ស៊ី​ជាង​១ពាន់​នាក់​បាន​ចូលវាយលុក​​ទីស្នាក់ការ​​ប៉ូលិស​​តំបន់ នៅ​ក្រុង​លូហ្កង់ ដណ្តើម​កាន់កាប់​បាន​អគារ​សាធារណៈ​ជាច្រើន។ ​នៅ​ពេលនេះ ​រដ្ឋាភិបាល​ក្រុងគៀវ​កំពុង​ចាត់​អោយ​កងទ័ពត្រៀម​ខ្លួន​ក្នុង​ស្ថានភាពអាសន្ន។ ប្រឈម​អាមេរិក និង​អឺរ៉ុប ​​ប្រធានាធិបតី​រុស្ស៊ី​បាន​ព្រមាន​​​​​ថា ទណ្ឌកម្ម​ថ្មីៗ​ប្រឆាំង​រុស្ស៊ី អាច​នឹង​ប៉ះពាល់​សហគ្រាស​ថាមពល​បរទេស​ ដែល​កំពុងរកស៊ី​​ក្នុងទឹកដីរុស្ស៊ី។

ផ្សាយពាណិជ្ជកម្ម

ទណ្ឌកម្មថ្មីៗ​ដែល​​​​​​អាមេរិក​និង​អឺរ៉ុប​​​ដាក់ចេញ​ប្រឆាំង​រុស្ស៊ី​ ​​ជំរុញ​អោយ​​ស្ថានភាព​ភាគ​ខាងកើត​​​អ៊ុយក្រែន ​​កាន់តែ​ផុយស្រួយ

​​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ម្សិលមិញ ជា​ទណ្ឌកម្ម​​​ក្នុង​កម្រិត​ទី២​ ពោល​គឺ​ទណ្ឌកម្ម​ប្រឆាំង​អ្នកដឹកនាំ​រុស្ស៊ី និង​សកម្មជន​អ៊ុយក្រែន​គាំទ្រ​រុស្ស៊ី មិន​ទាន់​ជាទណ្ឌកម្ម​សេដ្ឋកិច្ច​នៅឡើយទេ។ ​​ឧបនាយក​រដ្ឋមន្ត្រី​​រុស្ស៊ី​គឺ​លោក​កូហ្សាក់ និង​អនុប្រធាន​សភា​ឌូម៉ា ​ក៏​​ជាប់ឈ្មោះ​ក្នុង​ទណ្ឌកម្ម​នេះ​​ដែរ។ ​ប្រាកដ​​ណាស់​ ទណ្ឌកម្ម​ទាំងនេះ ​ជា​ការ​ញុះញង់​ជំរុញ​សកម្មជនផ្តាច់​ទឹកដី​និយម​នៅ​ភាគ​ខាងកើត​​អ៊ុយក្រែន អោយ​ធ្វើ​សកម្មភាព​កាន់តែ​ខ្លាំង​ អាច​​​ប៉ះពាល់​សេដ្ឋកិច្ច​អ៊ុយក្រែន​កាន់តែ​ធ្ងន់។ ​ជាក់ស្តែង ​នៅ​ក្រុងលូហង់ ​សកម្មជន​ផ្តាច់ទឹកដី​និយម​ចូលដណ្តើម​យក​បាន​ទីតាំងរ៉ែ​មួយកន្លែង នៅ​តំបន់​ដុនបាស ​ជាប់ព្រំដែន​រុស្ស៊ី។ តំបន់​ដុនបាស​នេះ ជា​តំបន់​សេដ្ឋកិច្ច​សំខាន់របស់​អ៊ុយក្រែន។ ​​​ទីតាំង​ឧស្សាហកម្ម​ដែកថែបធំៗ​ ​​នៅទីនោះ​ ​ផលិត​បាន​ដល់​ទៅ​១ភាគ៣ នៃ​​ផលិតកម្ម​ឧស្សាហកម្ម​អ៊ុយក្រែន។ គិតម​កដល់​ពេលនេះ សកម្មជន​ផ្តាច់ទឹកដី​និយម​ដណ្តើម​កាន់កាប់​អគារ​សាធារណៈ​ជាច្រើន​ នៅ​តាម​​ក្រុង​ជាង​១២ហើយ នៅ​ភាគ​ខាងកើត​​ប្រទេស។

ដោយសារ​តែ​ស្ថានការណ៍ពិបាក​គ្រប់គ្រង អាជ្ញាធរ​ក្រុងគៀវ​បាន​ចោទមន្ត្រី​ប៉ូលិស​នៅ​ភាគ​ខាងកើត​​ថា ជា​ជន​ក្បត់ជាតិ ហើយ​បាន​ដកហូត​តំណែង​មេប៉ូលិស​ជាច្រើន​នៅ​ក្រុង​ដូណេត និង​​លូហង់។ អ្វី​ដែល​គេបារម្ភ​ពេលនេះ គឺ​សន្តិសុខ​ នៅពេល​អ៊ុយក្រែន​​ ​រៀបចំ​ការ​បោះឆ្នោត​​នៅ​ថ្ងៃ​២៥ឧសភា​ខាងមុខ។ ប្រជាជន​នៅភាគខាងកើត ​កំពុង​ភ័យខ្លាច ដោយសារ​តែ​ចលនា​បះបោរ​គាំទ្រ​រុស្ស៊ី។ មិនដឹងថា តើ​ការបោះឆ្នោត​អាច​ដំណើរការ​​បាន​រឺក៏យ៉ាងណា​ទេ។

​ម្យ៉ាងទៀត សកម្មជន​ផ្តាច់ទឹកដីនិយម​​​នៅក្រុងដូណេត ក៏ចង់​រៀបចំ​ប្រជាមតិ​ថ្ងៃ​១១ឧសភា​ដែរ ដូច្នេះ បើ​ក្រុង​ដូណេតអាច​សម្រេច​ការបោះឆ្នោត​ប្រជាមតិ​នេះបាន ភ្ជាប់​ខ្លួន​ចូលទឹកដីរុស្ស៊ី នោះ​ក្រុងគៀវ អាមេរិក និង​អឺរ៉ុប​ប្រហែល​ជា​អាច​ចាត់វិធានការ​អ្វី​កាន់តែធ្ងន់ ដើម្បី​សងសឹក​រុស្ស៊ី​ជាបន្ត​ទៀត។ ដោយសារ​ការបះបោរ​ទាំងនេះ រដ្ឋាភិបាល​ក្រុងគៀវ បញ្ជា​អោយ​កងទ័ព​ត្រៀម​អាសន្ន និង​ដាក់​វិធានការ​ប្រឆាំង​ភេរវកម្ម ជា​បន្ត​ក្រោមលេសថា ដើម្បីទប់ស្កាត់​មិនអោយ​ភេរវកម្ម​រីករាលដាល។ ដោយសារ​តែ​យុទ្ធនាការ​ប្រឆាំងភេរវកម្ម​នេះ កន្លងមក សកម្មជន​គាំទ្រ​រុស្ស៊ី​ធ្លាប់​បាន​ស្លាប់​​ច្រើននាក់​ដែរហើយ។ ​ដូច្នេះ​ ស្ថានការណ៍​កាន់តែ​ផុយស្រួយ​ខ្លាំងហើយ នេះ​យើង​មិន​គិត​ដល់​​ការ​ដែល​រុស្ស៊ី​អាច​ចូល​អន្តរាគមន៍​យោធា ​​​​នៅ​ទីនោះ​ផង។

 
ដោយសារ​តែ​វិបត្តិ​អ៊ុយក្រែន ​អាមេរិក​និងរុស្ស៊ី​ជា​អតីត​សត្រូវ​នឹង​គ្នា​​ក្នុង​សម័យ​​សង្គ្រាម​ត្រជាក់​ ​​​គម្រាម​គ្នា​ទៅវិញ​ទៅមក​រហូត​ដល់​ផ្នែក​អវកាស​​

ម្សិលមិញ​​ ​អាមេរិក​ប្រាប់ថា ​ក្នុង​ចំណោម​ទណ្ឌកម្ម​អាមេរិក​ប្រឆាំងរុស្ស៊ី អាមេរិក​ក៏​អាច​នឹង​ពិនិត្យ​មើល​ឡើងវិញ​នូវ​លក្ខខណ្ឌ​នានា ​​​​​ទាក់ទង​នឹង​ការ​​អនុញ្ញាត​នូវ​ការ​​នាំចេញ​របស់​រុស្ស៊ី នូវ​​ឧបករណ៍​ប្រកបដោយ​បច្ចេកវិទ្យា​ខ្ពស់ ជា​សម្ភារៈ​អាច​ប្រើ​ក្នុង​ផ្នែក​យោធា​បាន។ ​អាមេរិក​ចង់​​កាត់ផ្តាច់​ប្រយោជន៍ចំណូល​​​របស់​​រុស្ស៊ី ដោយសារ​​ហេតុផល​នេះ ​ទើប​រុស្ស៊ី​ចោទ​អាមេរិក​ថា បាន​ប្រើ​វិធាន​ការ​​សម័យ​សង្គ្រាម​ត្រជាក់។ ក្នុង​សម័យ​សង្គ្រាម​ត្រជាក់ ​ប្រទេស​លោក​ខាងលិច​បាន​ដាក់ទណ្ឌកម្ម​​​​លើ​ផ្នែកនាំចេញ​សម្ភារៈ​ប្រកប​ដោយ​បច្ចេក​វិទ្យា​​ទំនើប របស់​សហភាព​សូវៀត។ រុស្ស៊ីគម្រាមបក​​​ទៅ​អាមេរិក​វិញថា បើ​អាមេរិក​ហ៊ាន​ប៉ះពាល់​ផ្នែក​អវកាស​​រុស្ស៊ី ​អ្នកអវកាស​អាមេរិកនៅ​ស្ថានីយ​អវកាស​អន្តរជាតិ ​ក៏​​អាច​នឹង​ប្រឈម​នឹង​ផលប៉ះពាល់​បក​ទៅវិញ​ដែរ។ គួរបញ្ជាក់​ថា ​អាមេរិក​ពឹង​ផ្អែកទាំងស្រុង​​លើ​យានអវកាស​រុស្ស៊ី​ឈ្មោះថា Soyouz ដើម្បី​បញ្ជូន​​អ្នកអវកាស​ខ្លួន​ ឡើង​ទៅ​​ស្ថានីយអវកាស​អន្តរជាតិ។

កន្លងមក ​អង្គការ​ណាសា​បាន​ព្យួរចោល​នូវ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ផ្នែកអវកាស បែបយ៉ាង​​លែង​អោយ​​បុគ្គលិក​ខ្លួន​ធ្វើដំណើរ​ទៅ​រុស្ស៊ី​ទៀត រឺក៏​លែងអោយ​​ជនជាតិរុស្ស៊ី​បានចូល​មក​ទស្សនា​​ទីតាំង​ខ្លួន​ជាដើម។ ​​ ​​ប៉ុន្តែ​ ទោះ​ជា​អាមេរិកនិងរុស្ស៊ី​ឈ្លោះគ្នា​ដោយសារ​តែវិបត្តិ​អ៊ុយក្រែននេះ ​អង្គការ​ណាសានៅ​តែ​សម្រេច​​ថា ​បន្តសហប្រតិបត្តិការ​​ជាមួយ​រុស្ស៊ី​ នៅ​ស្ថានីយ​អវកាស​អន្តរជាតិ​នេះដែរ។ ​ដោយសារ​ការ​សហប្រតិបត្តិការ​នេះ រុស្ស៊ីចំណេញ​ប្រាក់​ប្រមាណ​ជាង​៧០​​លាន​ដុល្លារ សម្រាប់​កៅអី​ជិះ​ក្នុង​យាន​អវកាស​សយយូ ដែល​ដឹក​អ្នកអវកាស​អាមេរិក​នោះ។

​​​ប្រធានាធិបតីរុស្ស៊ី​​ហាក់​មិនអើ​ពើនឹងទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ ដែល​អាមេរិក​និង​អឺរ៉ុប​ដាក់បន្ថែម​កាលពីម្សិលមិញទេ​ ថែម​ទាំង​​បាន​គូស​បញ្ជាក់​ថា ​មិនចង់​​ចាត់វិធានការ​​តបត​នឹង​​ទណ្ឌកម្ម​ទាំងនេះ​ទៀតផង។ ​ប៉ុន្តែ​ លោក​ពូទីន​ព្រមាន​ថា បើ​ទណ្ឌកម្ម​​ថ្មីៗ​ប្រឆាំង​រុស្ស៊ីនៅតែ​បន្តមាន ​​​ ​សហគ្រាស​បរទេស​ដែល​កំពុងរកស៊ីក្នុង​វិស័យ​ថាមពល​ និង​វិស័យ​ចំបង​នៃ​សេដ្ឋកិច្ច​ក្នុង​ទឹកដីរុស្ស៊ី អាច​នឹង​រងផល​ប៉ះពាល់។ ​​​រុស្ស៊ី​នឹង​​ពិចារណា​ឡើងវិញ ចំពោះ​សហគ្រាស​បរទេស​​ទាំងនោះ។ ​

ជារួម ​​ស្ថានការណ៍​អ៊ុយក្រែន​កាន់តែ​ផុយស្រួយ។ ​អ្វី​ដែល​គួរបារម្ភ​ខ្លាំង​ពេលនេះ​ ​គឺ​សន្តិសុខ​ទាំង​​នៅ​អ៊ុយក្រែន និង​ទាំង​ក្នុងតំបន់ ព្រោះថា រុស្ស៊ី និង​អាមេរិក អឺរ៉ុប រួមទាំង​អង្គការ​​អូតង់ ក៏​កំពុងត្រៀម​ផ្នែក​យោធា​ប្រឈម​មុខ​គ្នាដែរ​។ ​ប្រឈម​នឹង​ការបះបោរ​នៅ​ភាគ​ខាងកើត​​អ៊ុយក្រែន ជា​ទណ្ឌកម្ម​បន្ថែម​ប្រឆាំង​រុស្ស៊ី អាមេរិក​​បាន​ចាត់វិធានការ​ពង្រឹង​សមយុទ្ធ​យោធា​​នៅ​តាម​បណ្តាប្រទេស​តំបន់​បាល់ទិក​ជា​សមាជិក​អង្គការ​អូតង់។ បើ​​ចលនា​បះបោរ​គាំទ្រ​រុស្ស៊ី​ពុះកញ្ជ្រោល​​ខ្លាំង​នៅ​ភាគខាងកើត​អ៊ុយក្រែន ហើយ​បើ​រុស្ស៊ី​ដាក់អន្តរាគមន៍​យោធានៅ​ទីនោះ​ ​​នោះ​ផលវិបាក​ពិតជាធ្ងន់ធ្ងរ៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ