អានតួអត្ថបទ
ចិន-ទីបេ

ទីក្រុង​ប៉េកាំង​ប្រកាស​​មិន​ប្តូរ​ជំហរ​ក្នុង​រឿង​ដំណើរ​វិលត្រលប់​របស់​សម្តេច​ដាឡៃ ឡាម៉ា

សម្តេេចសង្ឃ​ដាឡៃ ឡាម៉ាធ្លាប់​ប្រាប់​ទីភ្នាក់ងារ​បារំាង​ថា ព្រះអង្គ​អាច​ត្រលប់​ទៅ​ទីបេ ដោយ​មាន​ការសម្របសម្រួល​ពី​អាជ្ញាធរ​ចិន​នៅ​ទីបេ
សម្តេេចសង្ឃ​ដាឡៃ ឡាម៉ាធ្លាប់​ប្រាប់​ទីភ្នាក់ងារ​បារំាង​ថា ព្រះអង្គ​អាច​ត្រលប់​ទៅ​ទីបេ ដោយ​មាន​ការសម្របសម្រួល​ពី​អាជ្ញាធរ​ចិន​នៅ​ទីបេ Reuters

ប្រទេស​ចិន​នឹង​មិន​បើកទ្វារ​ស្វាគម​សម្តេចសង្ឃ។ កាលពី​ថ្ងៃ​ពុធ​ ទី​៨​តុលា ទីក្រុង​ប៉េកាំង​បាន​រំលឹក​ទូន្មាន​ទៅ​ប្រមុខសាសនា​ទីបេ ឲ្យ​បោះបង់​ចោល​គំនិត​​ទាមទារ​បំបែក​ទឹកដី និង​ការប៉ុនប៉ង​ចង់​ត្រលប់​ទៅ​ទឹកដី​ទីបេ។ ទីបេ​ដែល​សម្តេច​សង្ឃ​ដាឡៃ ឡាម៉ា បាន​រត់​គេច​ភៀសខ្លួន​កាលពី​ឆ្នាំ ១៩៥៩។  

ផ្សាយពាណិជ្ជកម្ម

ជំហរ​របស់​ប្រទេស​ចិន​ទៅលើ​​ដាឡៃ ឡាម៉ា នៅតែ​ដដែល មិន​ប្រែប្រួល។ នេះ​ជា​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន កាលពី​ថ្ងៃ​ពុធ។ តាម​អ្នកនាំពាក្យ​ដដែល ជាជាង​ប៉ុនប៉ង​ត្រលប់​មក​ជាន់​ទឹកដី​ទីបេ សម្តេចសង្ឃ​ដាឡៃ ឡាម៉ា គួរ​បោះបង់​ចោលគំនិត​ទាមទារ​បំបែក​ទឹកដី។

 
ក្រសួងការបរទេស​ចិន​បញ្ចេញ​ប្រតិកម្ម​ដូច្នេះ បន្ទាប់ពី​សម្តេច​សង្ឃ​ដាឡៃ ឡាម៉ា​បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​AFP នៅ​សប្តាហ៍​មុន​ថា ព្រះអង្គ​បាន​ផ្តើម​ទាក់ទង​មិន​ផ្លូវការ​ជាមួយ​អ្នកទទួល​ខុសត្រូវ​ចិន ជាពិសេស​ជាមួយ​អនុលេខា​បក្ស​កុម្មុយនិស្ត​ចិន​នៅ​តំបន់​ស្វយ័ត​ទីបេ ដែល​បាន​លើក​និយាយ​ពី​ដំណើរ​ទស្សនកិច្ច​របស់ព្រះអង្គ​នៅក្នុង​ដំណើរ​ស្វែងធម៌ ដែល​ត្រូវ​រៀបចំ​ធ្វើ​នៅ​ភ្នំស័ក្តិសិទ្ធិ​មួយ​ក្នុង​ខេត្ត​Shanxi។

កាលពី​ពេល​ថ្មីៗ​នេះទៀត សម្តេច​សង្ឃ​ដាឡៃ ឡាម៉ា​ក៏​បាន​បង្ហើប​ពី​គំនិត​កោតសរសើរ​របស់​ព្រះអង្គ​ទៅលើ​ប្រមុខដឹកនាំ​ចិន ជាពិសេស​លោកប្រធានាធិបតី​ស៊ី ជីនពីង ដែល​បើតាម​ព្រះអង្គ ជា​ប្រធានាធិបតី​បើកចំហ គាំទ្រ​ឲ្យ​មានការគោរព​សាសនា​នៅប្រទេស​ចិន។

ទីក្រុង​ប៉េកាំង​ដែល​តែងតែ​ចោទ​សម្តេចសង្ឃ​ដាឡៃ ឡាម៉ា​ថា ជា​មេគំនិត​បំបែក​ទឹកដី​និយម​នៅ​ទីបេ មិន​ចង់​បាន​ទេ វត្តមាន​របស់​សម្តេចសង្ឃ​រូបនេះ នៅក្នុង​ប្រទេស​ចិន ជាពិសេស​នៅ​ទីបេ​ដែល​ចិន​ចាត់ទុក​ជា​ទឹកដី​ផ្តាច់មុខ​របស់ខ្លួន។ ទីក្រុងប៉េកាំង​មិន​ស្វាគម​សម្តេចសង្ឃ​នៅក្នុងទីបេ ហើយ​ក៏​មិន​ចង់​ឲ្យ​មេដឹកនាំ​របស់​ប្រទេស​ណា​ទទួល​សម្តេចដាឡៃ ឡាម៉ា ជាផ្លូវការ​នោះដែរ។ ដោយ​ប្រើ​នយោបាយការទូត ដាក់​គំនាប​សេដ្ឋកិច្ច ប្រទេស​ចិន​បាន​ព្រមាន​កុំ​ឲ្យ​ប្រទេស​ដទៃ​ទទួលជួប​សម្តេច​ដាឡៃ ឡាម៉ា។ អាហ្វ្រិក​ខាងត្បូង​គោរព​កោតខ្លាច​ចិន​មុនគេ ដោយ​បាន​បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​ឲ្យ​សម្តេច​ដាឡៃ ឡាម៉ា ចូលទឹកដី​របស់ខ្លួន។
ដោយសារ​សម្តេចសង្ឃ​មិន​បាន​ទទួល​ទិដ្ឋាការ​ពី​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង អ្នកទទួល​ខុសត្រូវ​ជំនួប​កំពូល​ជ័យលាភី​ណូបែល​សន្តិភាព បាន​ប្រកាស​រំលាយ​ចោល​ជំនួប​កំពូល​ដែល​ត្រូវ​រៀបចំ​នៅ​ទីក្រុង​កាប់ ប្រទេស​អាហ្វ្រិក​ខាងត្បូង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ