អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិន​និង​វ៉ាទីកង់ ​ខិត​ជិតគ្នា ក្រោយ​ពី​មិន​បាន​ប្រា​ស្រ័យទាក់ទង​គ្នា​ ជិត​៧០ឆ្នាំ​!​

សំឡេង ០៧:៣៣
ប្រមុខការទូតចិន​ Wang Yi និងបុព្វជិត​ Mgr Paul Gallagher ជួបគ្នា​នៅក្រុង​ Munich
ប្រមុខការទូតចិន​ Wang Yi និងបុព្វជិត​ Mgr Paul Gallagher ជួបគ្នា​នៅក្រុង​ Munich VATICAN MEDIA / AFP

«​ចិន​និង​វ៉ាទីកង់ កាន់តែ​ខិត​ជិតគ្នា។» នេះគឺ​បង្ហាញ​ចេញ​​តាម​រយៈ​ជំនួប​ជាប្រ​​វត្តិ​សាស្ត្រលើកទី១​ ថ្នាក់​​កម្រិតរដ្ឋមន្ត្រី​ការ​បរទេស​ ក្រោយ​ពី​​រដ្ឋ​ទាំង​ពីរ​ មើល​មុខ​គ្នា​មិន​ចំ អស់​​ជាង​៦ទសវត្សរ៍​មក​ហើយ​។​ វ៉ាទីកង់ មើល​មុខ​ចិន​មិន​ចំ ពីព្រោះតែ នយោបាយ​ចិន​កុម្មុយ​និស្ត​ ដែល​រឹត​ត្បិត​សិទ្ធិ​សេរីភាព​នយោបាយ​និង​សិទ្ធិ​ខាង​ជំនឿ​សាសនា រួម​ទាំង​សាសនា​គ្រិស្ត​និកាយ​កាតូលិក​របស់​ បុរីវ៉ាទីកង់​ ផង​។ ចិននិងបុរី​វ៉ាទីកង់​ ដែល​ស្ទើរតែគ្មាន​ទំនាក់​ទំនង​ល្អ​នឹងគ្នា​សោះ ទើបតែ​នៅ​ថ្ងៃ​ទី​១៤កុម្ភៈ​ ដែលប្រមុខ​ការទូត​តំណាង​រដ្ឋ​ទាំង​ពីរ បា​នជួបនិង​​ចាប់ដៃគ្នា លើកទី១​ នៅ​ក្រុង​ម៉ុយនិច ប្រទេស​អាល្លឺម៉ង់។

ផ្សាយពាណិជ្ជកម្ម

តើ​ជំនួប​រវាង​ថ្នាក់ដឹកនាំ​ការទូត​របស់​វ៉ាទីកង់ និង​ចិន មាន​លទ្ធផល​វិជ្ជមាន​អ្វីខ្លះ​?

រដ្ឋមន្ត្រីការ​បរទេស​ចិន ​​លោក Wang Yi ដែល​បាន​ចាប់ដៃបុព្វជិត Mgr Paul Gallagher រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការបរទេស​របស់​បុរី​វ៉ាទីកង់ គឺជា​ការ​​ភ្ញាក់​ផ្អើល​បំផុត​ និងជា​ជំនួ​ប​ដ៏មិន​នឹក​ស្មាន​ដល់​ ព្រោះ បុរី​​វ៉ាទីកង់ និង រដ្ឋធានី​ប៉េកាំង ​មាន​ភាព​រកាំរកូស​នឹង​គ្នា​ ​ឬមើលមុខ​គ្នា​មិន​ចំ ​​ច្រើន​ទសវត្សរ៍​ណាស់​មកហើយ​។

​អ្នក​វិភាគខ្លះ​ យល់​​ឃើញថា ជំនួប​នេះទំនង​ជា​ពុំ​មែនកើត​មក​ដោយ​ចៃដន្យ​ងាយៗ​ទេ។ ទំនង​ជាអាច​​​មាន​ការ​បោះដៃ​ពី​បុរីវ៉ាទីកង់​ខ្លះ​ផង។ ជាក់​ស្តែង កាលពីចុង​​សប្តាហ៍​មុន​ សម្តេច​ប៉ាប ហ្វ្រង់ស័រ ប្រមុខ​សាសនា​កាតូលិក​ នៅ​វ៉ាទីកង់​ បាន​សូត្រធម៌ និងថ្លែង​អំពាវវនាវ​ឱ្យ​​គ្រិស្ត​សាសនិកជន​​គ្រប់​ទិសទី​នាំគ្នា​​សូត្រ​ធម៌​បួង​សួង​ ឧទ្ទិស​ជូន​ដល់​ជន​រងគ្រោះ​ដែល​ស្លាប់​បាត់​បង់​ជីវិត​ដោយ​មេរោគ​កូរ៉ូណាថ្មី​​ នៅ​ប្រទេស​ចិន។ កាយវិការនិង​ការ​ថ្លែង​ដូច្នេះ គឺ​ចាត់ទុក​ដូច​ជា «ការ​បោះ​ដៃ» ហើយការ​​​បង្ហាញ​ជំហរ​គិតគូរ​ដឹង​សុខទុក្ខ​ពលរដ្ឋ​ចិន​ពី​សំណាក់​ប្រមុខ​ដឹកនាំ​បុរី​វ៉ាទីកង់​នេះហើយ ទើប​ជាផ្នែកមួយ​នៃការ​ជំរុញឱ្យ​​មាន​ជំនួប​រវាង​​ថ្នាក់​ដឹកនាំ​ការទូត​ចិន​និង​វ៉ាទីកង់​ នៅ​អាល្លឺម៉ង់ គឺក្នុង​ឱកាស​ដែល​ថ្នាក់ដឹកនាំ​ចិន មក​ចូល​រួម​ប្រជុំ​សន្និសីទ​កំពូល​ ស្តីពី​សំណុំ​រឿង​ថាមពល​និង​អាវុធ​នុយក្លេអ៊ែរ​។

ជំនួប​ក៏​កម្រ​ និង​ដ៏​ប្រវត្តិ​សាស្ត្រ​ថ្នាក់​កម្រិត​ប្រមុខ​ការទូត​រដ្ឋ​ទាំង​ពីរ​​នេះ គឺ​ជំរុញ​លទ្ធផល​វិជ្ជមាន​ នៃកិច្ច​ព្រម​ព្រៀង​ទ្វេភាគី​ទៅលើ​​ច្រើន​ផ្នែក តែ​ផ្នែក​ដែល​សំខាន់​​ជាង​គេ គឺ​ការរក​ច្រក​ផ្លូវ​អត់​ឱន​គ្នា​ឱ្យ​មាន​ការ​អនុវត្ត​ជំនឿ​សាសនា​គ្រិស្ត​នៅ​ទឹក​ដី​ចិន ហើយ​ក៏​ជាការ​ឈាន​ទៅដល់​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ តែងតាំង​បុព្វជិត​តំណាង​សាសនា​​គ្រិស្ត​ នៅ​ប្រទេស​ចិន​ ទៀត​ផង។​ កិច្ចព្រមព្រៀង​នេះ បាន​រៀបចំ​កាលពី​ឆ្នាំ​២០១៨​ មកម្ល៉េះ​។

វ៉ាទីកង់និង​ចិន មើល​មុខគ្នា​មិនចំ ច្រើន​ទសវត្សរ៍​ មកពី​ហេតុអ្វី?​

ប្រវត្តិ​ទំនាក់​ទំនង​ចិន​និង​វ៉ាទីកង់ ហាក់​ដូច​ជា​មិន​សូវ​មាន​រាត្រី​ទឹកឃ្មុំ​ច្រើនប៉ុន្មាន​​ទេ។ សំណុំ​នៃបញ្ហា ព្រោះតែ​​រឿង​នយោបាយ​តែម្តង។​ តាំងតែ​ពី​ដើម​ទសវត្សរ៍​១៩៥០មក បុរី​ វ៉ាទីកង់ ក៏​នៅតែ​បន្ត​ទំនាក់ទំនង​ទូត​ ជាមួយ​ តៃវ៉ាន់ ដែល​ចិន​ចាត់ទុក​ជា​ខេត្ត​របស់ខ្លួន។ រហូត​ដល់​ពេល​សព្វថ្ងៃនេះ​ តៃវ៉ាន់ និង​វ៉ាទីកង់ នៅតែ​ល្អូកល្អើន​នឹងគ្នា ដែល​ធ្វើ​ឱ្យ​ចិន មិន​អាច​រីកមុខ​រីមាត់​ចំពោះ​វ៉ាទីកង់​បាន​ឡើយ។

មូលហេតុ​មួយ​ទៀត ក៏ជា​​បញ្ហា​នយោបាយ​ដែរ នៅ​ហុងកុង ​សាសនា​គ្រិស្តមាន​ចំហាយ​ខ្លាំង​លើ​​យុវជន​ និងប្រជា​​ពលរដ្ឋ ហើយ​អ្នក​សាសនាគ្រិស្ត​នៅ​ហុងកុង​នេះតែម្តង​ដែរ ដែល​បាន​ចូលរួម​ធ្វើ​បាតុកម្ម​តវ៉ា ទាមទារ​សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ​នៅហុងកុង។​ ដូច្នេះ បុព្វជិត​សាសនា​និងអ្នក​កាន់​សាសនា​គ្រិស្ត​មួយ​ចំនួន ទាំង​នៅហុងកុង ទាំងនៅក្នុង​​ចិនដីគោក​ គឺ​ត្រូវ​ចាប់​ខ្លួន និង​កាត់​ទោស​ដាក់​ពន្ធនាគារ។ នេះ​ក៏​ជាហេតុ​ធ្វើ​ឱ្យ​ បុរី​វ៉ាទីកង់ មិន​សប្បាយ​ចិត្តនឹង​ចិន​​ប៉ុន្មាន​ដែរ។ តាមរបាយការណ៍​របស់​កាសែត​ le Monde ភាសា​​បារាំង ​គ្រាន់តែ​នៅ​មួយ​ឆ្នាំ​២០១៩ ​អ្នក​កាន់​សាសនាគ្រិស្ត ប្រមាណ​១ម៉ឺននាក់ ត្រូវ​បក្ស​កុម្មុយនិស្ត ចាប់​ខ្លួន។​

នៅ​ក្រោមនយោបាយរបស់​​បក្សកុម្មុយនិស្ត ចិន គឺ​ធ្វើ​យ៉ាងណា​ឱ្យ​គ្រប់​សាសនា​ដើរ​ក្រោម​បន្ទាត់ដែល​គូសវាស​ដោយ​​​របប​ក្រុង​ប៉េកាំង។ ដូច្នេះហើយ ទើប​វិហារ​សាសនា​គ្រិស្ត​មួយ​ចំនួន​នៅលើ​ទឹក​ដីចិន ត្រូវ​តែ​បង្ខំ​ឱ្យ​ច្រៀង​ចម្រៀង​ជាតិនិងភ្លេង​ជាតិ​​ចិន​ជាមុន​សិន មុននឹង​អាច​​សូត្រ​ធម៌​របស់​សាសនាគ្រិស្ត ឬអាច​​ចាប់​ផ្តើម​បកស្រាយ​គម្ពីរ​សាសនា​។ ការ​ដាក់​កម្រិត​បែបនេះ ធ្វើ​ឱ្យ​អ្ន​កកាន់​សាសនា​គ្រិស្ត​ និង​បុព្វជិត​សាសនាមួយចំនួន​ មិន​សូវ​សាទរ​ សោះ​ឡើយ។

សេចក្តីរាយការណ៍​ខ្លះ​ទៀត ដែល​កាសែត​បារាំង​បានចុះផ្សាយនាពេល​កន្លងមក​ ក៏បង្ហាញដែរ​ថា នៅ​មូលដ្ឋាន​ក្នុង​ស្រុក​​ចិន មាន​កន្លែង​ខ្លះនិង​​វិហារ​សាសនា​គ្រិស្តខ្លះ ត្រូវ​បិទទ្វារដោយ​រដ្ឋ​អំណាច​, ឈើឆ្កាង​តំណាង​ព្រះយេស៊ូ ក៏ត្រូវ​បំផ្លាញ​ និង​ត្រូវ​ដាក់​ជំនួស​ដោយ​រូប​ថត​របស់​ប្រមុខ​រដ្ឋ​ចិន​ ស៊ី​ ជីនពីង​។ វិហារ​ណា​ដែល​អ្ន​កតំណាង​សាសនា​ ត្រូវ​រដ្ឋ​អំណាច​ចាប់​ខ្លួន​ហើយ គឺ​គេ​មិន​ឱ្យ​កូន​ក្មេងចូល​ទៅ​គោរព​ថ្វាយ​បង្គំ​នៅ​វិហារ​នោះទៀត​ទេ។​ ថែមពីនេះ អាចារ្យ​សាសនានិង​បុព្វជិត​សាសនាគ្រិស្ត​ខ្លះ​ ត្រូវតែ​ទៅ​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិប៉ូលីស​ និងត្រូវ​នគរបាល​សួរ​នាំ​បួន​ប្រាំ​ដង​ក្នុង​មួយ​ថ្ងៃ​ ក៏​មាន​ដែរ​។​ បញ្ហា​ទាំងអស់​នេះ គឺធ្វើ​ឱ្យ​អ្ន​កខ្លះ ហាក់​អន់​ចិត្ត​ចំពោះ​វ៉ាទីកង់ ដែល​ពួក​គេ​យល់ថា ​វ៉ាទីកង់ ហាក់​មិន​បាន​យក​ចិត្តទុក​ដាក់ ឬ​ក៏​បោះបង់​ចោល​អ្ន​កគាំទ្រ​សាសនាគ្រិស្ត​ នៅ​ស្រុក​ចិន។​

ការ​ជួប​គ្នាចាប់​ដៃគ្នា​ជាប្រវត្តិ​សាស្ត្រ​របស់​ថ្នាក់ដឹកនាំ​ការទូត ទំនង​អាច​​បន្ធូរបន្ថយ​ភាព​តាន់​តឹង!

នេះ ក៏​ជា​ក្តី​សង្ឃឹម​ភាគច្រើន​របស់​អ្នក​កាន់​សាសនាគ្រិស្ត​។

នៅ​ស្រុក​ចិន អ្នក​កាន់​សាសនាគ្រិស្ត​ មាន​​ស្ថិ​តិខុសគ្នា។ តាម​រដ្ឋ​អំណាច​​ចិន ប្រហែល​មាន​ជាង​៩០លាននាក់។ ​ការ​សិក្សា​របស់​សង្គមវិទូ​ Fenggang Yang នៅ​សកលវិទ្យាល័យ​ Purdre ថា ​នៅចិន មានអ្នក​កាន់​សាសនាគ្រិស្ត​ សរុប​ទាំង​​កាតូលិកនិងប្រូតេស្តង់  ​ចំនួន​ប្រមាណ​១៦០លាននាក់​។

ចំពោះ​បុរីវ៉ាទីកង់ ចំនួន​បរិវារគ្រិស្តបរិស័ទ្ទ ​រាប់​លាន​នាក់​នៅចិន គឺជា​ចំនួន​មួយ ដែល​សម្តេច​ប៉ាបហ្វ្រង់ស័រ ធ្លាប់​ចាត់ទុកថា ជាទឹក​ដី​មួយ​ធំ​និង​ដ៏​កំពុងតែលូតលាស់​នូវ​មនោគមវិជ្ជាសាសនាគ្រិស្ត។ ក៏ប៉ុន្តែ ថ្នាក់​ដឹកនាំ​វ៉ាទីកង់ ក៏​បាន​យល់​ច្បាស់​ដែរ ពីបញ្ហា​ដ៏​ចាក់ស្រែះ​ជុំវិញ​បន្ទាត់​នយោបាយ​ចិន​ ដែល​លំបាក​នឹង​ឱ្យ​សាសនា​គ្រិស្ត​លូត​លាស់​ កាន់តែ​លឿន​ និងកាន់តែ​ខ្លាំង​ជាងនេះ។​

ទោះយ៉ាងណា​ក៏ដោយ ការ​ខិត​ទៅរក​ជិត​គ្នា​ខាង​ផ្លូវ​កាទូត​រវាង​ប៉េកាំង​និង​វ៉ាទីកង់ នាគ្រានេះ ជាក្តី​សង្ឃឹមថ្មី​។ តែ​ចំពោះ​ប៉េកាំង ក្នុង​កាលៈទេសៈ​សព្វថ្ងៃ​ គឺ​ប្រកាន់​ខ្ជាប់បន្ទាត់​នយោបាយកុម្មុយនិស្ត  ហើយ​តែងតែ​មាន​ក្តីបារម្ភ​និង​ប្រុងប្រយ័ត្នជានិច្ច ចំពោះ​សាសនាណា​​ដែល​បក្ស​កុម្មុនីស្ត យល់ថា អាច​បង្ក​ការ​គំរាម​គំហែង​ដល់​នយោបាយ​ជាតិ​របស់ខ្លួន​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ