អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទំនាក់ទំនង​ចិន និង​អាហ្រ្វិក ក្រោម​អាណត្តិ​របស់​លោក​ស៊ី ជីនពីង

សំឡេង ០៣:១០
លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង (រូបទី ២ រាប់​ពី​ឆ្វេង​ទៅ​ស្តំា)
លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង (រូបទី ២ រាប់​ពី​ឆ្វេង​ទៅ​ស្តំា) REUTERS/Rogan Ward

នៅ​ក្នុង​ជំនួបកំពូល​នៃ​ក្រុម​ប្រទេស Brics នា​ពេល​ថ្មីៗ​កន្លង​មក​ក្នុង​ប្រទេស​អាហ្រ្វិកខាងត្បូង លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​បាន​ឆ្លៀត​ធ្វើ​ទស្សនកិច្ច​មួយ​ជុំ​ទ្វីប​អាហ្រ្វិក។ ក្រៅ​ពី​ប្រទេស​អាហ្រ្វិកខាងត្បូង លោក​ប្រធានាធិបតី​ថ្មី​ចិន​ក៏​បាន​ទៅ​ទស្សនកិច្ច​ប្រទេស​តង់សានី និង​ប្រទេស​កុងហ្គោ ប្រាហ្សាវីល។ នៅ​តង់សានី ក៏​ដូច​ជា​នៅ​កុងហ្គោ ប្រាហ្សាវីល លោក​ស៊ី ជីនពីង​បាន​ធានា​ថា ចិន និង​អាហ្វ្រិក​នឹង​បន្ត​បង្កើន​ទំនាក់ទំនង​រវាង​គ្នា​ឲ្យ​កាន់​តែ​ខ្លំាង​ថែម​ទៀត នា​ពេល​អនាគត។

ផ្សាយពាណិជ្ជកម្ម

ទស្សនកិច្ច​លើក​ទីមួយ​របស់​លោក​ប្រមុខរដ្ឋថ្មី​ចិន​នៅ​​ទ្វីបអាហ្រ្វិក​មិនមែន​ដើម្បី​ដើរ​កំសាន្ត​ឥតប្រយោជន៍​ទេ គឺ​ជា​ឱកាស​មួយ​ដែល​លោក​ស៊ី ជីនពីង​ចង់​ប្រាប់​ទៅ​ទ្វីបអាហ្រ្វិក​ទំាង​មូល​ថា ចិន​ត្រូវ​ការ​អាហ្រ្វិក​ជាង​ពេល​ណាៗ​ទំាង​អស់។ អ្វី​ដែល​ចិន​បាន​និង​កំពុង​សម្លឹង​ឃើញ​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក គឺ​ធនធាន​ធម្មជាតិ​គ្រប់ប្រភេទ មាន​ប្រេងកាត ឧស្ម័ន រ៉ែធ្យូងថ្ម និង​លោហធាតុ​គ្រប់បែប។ និយាយ​ជា​រួម ចិន​ត្រូវ​ការ​ដោយ​មិន​រើស នូវ​អ្វី​ដែល​ទ្វីបអាហ្រ្វិប​អាច​ឲ្យ​ខ្លួន​បាន។ បច្ចុប្បន្ន មាន​ផលិតកម្ម​ពី​ទ្វីបអាហ្រ្វិក​កាន់​តែ​ច្រើន​ឡើងៗ​បាន​នំា​ចូល​ទៅ​ប្រទេស​ចិន។ គ្រាន់​តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នំា​ចុង​ក្រោយ​នេះ ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ចិន និង​អាហ្វ្រិក​បាន​កើន​ឡើង​ជា​លំដាប់។ រីឯ​អាហ្វ្រិក​ជាមួយ​បណ្តា​ប្រទេស​អភិវឌ្ឍ​មួយ​ចំនួន​នៅ​អឺរ៉ុបខាងលិច និង​អាមេរិក​វិញ​មាន​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់។ ជាក់ស្តែង​ក្នុង​ឆ្នំា ២០១២ ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ចិន និង​អាហ្រ្វិក​មាន​ទឹកប្រាក់​រហូត​ដល់​ទៅ ២០ម៉ឺនលានដុល្លារ ពោល​គឺ​មាន ២ដង​ច្រើន​ជាង​ជាមួយ​សហរដ្ឋអាមេរិក។

ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា ការ​ដែល​ចិន​កំពុង​ងប់ងល់​ខ្លំាង​នឹង​ធនធាន​ធម្មជាតិ​របស់​ទ្វីបអាហ្រ្វិក​ពេល​នេះ បាន​និង​កំពុង​ធ្វើ​ឲ្យ​ថ្នាក់ដឹកនំា​អាហ្រ្វិក​មួយ​ចំនួន​មាន​ការ​បារម្ភ​ជា​ពន់ពេក។ ព្រួយបារម្ភ​អំពី​ទំនាក់ទំនង​ដៃគូ​មិន​ស្មើភាព​នៅ​ក្នុង​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​គ្នា។ ថ្មីៗ​នេះ លោក Sanusi Lamido ទេសាភិបាល​នៃ​ធនាគារកណ្តាល​របស់​ប្រទេស​នីហ្សេរីយ៉ា​បាន​កត់សម្កាល់​ឃើញ​ថា អាហ្រ្វិក​បាន​លក់​ទៅ​ឲ្យ​ចិន នូវ​ធនធាន​ធម្មជាតិ។ ចំណែក​ចិន​វិញ បាន​លក់​ទៅ​ឲ្យ​អាហ្រ្វិក នូវ​ផលិតផល​ច្នៃរួច។ សម្រាប់​លោក Sanusi Lamido ការ​ដោះដូរ​របៀប​នេះ គឺ​ជា​ការ​ដោះដូរ​មួយ​តាម​បែប​អាណានិគមនិយម។

ពាក្យ អាណានិគមនិយម​នេះ​ក៏​ត្រូវ​បាន​ប្រកាស​ចេញ​ពី​មាត់​លោក Arnaud Dabancourt ដែរ។ ប្រធាន​ក្រុមហ៊ុន​បារំាង អាហ្រ្វិកខាងត្បូង​រូប​នេះ​បាន​កត់សម្គាល់​ឃើញ​ជា​រួម​ថា គ្រប់​ការដ្ឋាន​សាងសង់​សាធារណៈ​ទំាង​អស់​នៅ​ក្នុង​ទ្វីបអាហ្រ្វិក​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុនចិន និង​ដែល​កម្មករ​ធ្វើការ ក៏​ជា​ជនជាតិ​ចិន។ លើស​ពី​នេះ សូម្បី​តែ​ហាង​លក់​ទំនិញ​កំប៉ិកកំប៉ុក និង​ភោជនីយដ្ឋាន​ក៏​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​ដែរ។ តើ​នេះ មិនមែន​ជា​រូបភាព​អាណានិគម​ទេ ឬ​យ៉ាង​ណា ? នេះ​ជា​ការ​ចោទ​សួរ​របស់​លោក Arnaud Dabancourt។

នៅ​ក្នុង​ប្រទេស​កុងហ្គោ​ដែល​ជា​ប្រទេស​ទី៣ នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រមុខរដ្ឋ​ចិន​នោះ ក្រុមហ៊ុន​ចិន​ថែម​ទំាង​មាន​សិទ្ធិ​ចូល​ខ្លួន​ដេញ​ថ្លៃ​ដណ្តើម​យក​គម្រោង​នានា​របស់​រដ្ឋ​ទៀត​ផង។ ការ​ធ្វើ​យ៉ាង​នេះ ដោយ​អនុលោម​តាម​កិច្ចព្រមព្រៀង​យុទ្ធសាស្រ្ត​រវាង​ចិន និង​ប្រទេស​កុងហ្គោ។ ជាទូទៅ គម្រោង​សាងសង់​ផ្លូវ ក៏​ដូច​ជា​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នានា​របស់​ប្រទេស​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន ដោយ​ប្រើ​កម្មករ​ចិន និង​កម្មករ​កុងហ្គោ។ ត្រង់​ចំណុច​នេះ អ្នក​ខ្លះ​បាន​យល់​ឃើញ​ថា កិច្ចសហប្រតិបត្តិការ​ក្រុមហ៊ុនចិន​ជាមួយ​កម្មករ​ចិន និង​កម្មករ​អាហ្រ្វិក គឺ​ជា​រឿង​មួយ​ធម្មតា។ តែ​សម្រាប់​អ្នក​ខ្លះ​ទៀត​បាន​ចោទ​សួរ​វិញ​ថា តើ​វា​មិន​ប្រសើរ​ជាង​ទេ ឬ ដែល​ចិន​គួរ​តែ​បង្ហាត់បង្រៀន​ចំណេះ​ដឹង​របស់​ខ្លួន​ទៅ​ប្រជាជន​អាហ្វ្រិក​វិញ​នោះ ?

សម្រាប់​ប្រទេស​ចិន អ្នក​ណា​យល់ឃើញ​យ៉ាង​ម៉េច វា​មិន​សំខាន់​ទេ សំខាន់​នៅ​ត្រង់​ថា រកស៊ី​ជាមួយ​អ្នកណា​បាន គឺ​ត្រូវ​តែ​បន្ត​រកស៊ី​ជាមួយ​អ្នកនោះ​ជា​បន្ត​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ