អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បញ្ហា​ដីធ្លី​និង​អំពើ​ពុករលួយ​ជាប្រធាន​បទ​ក្តៅ​នៅ​ថ្នាក់​មូល​ដ្ឋាន

សំឡេង ០៤:៣៥
ឧត្តមសេនីយ៍ឯកម្នាក់ទៀត ត្រូវឃាត់ខ្លួន ក្នុង​សំណុំរឿង​ពុករលួយ​គ្រឿងញៀន​នៅ​ខេត្ត​បន្ទាយមានជ័យ
ឧត្តមសេនីយ៍ឯកម្នាក់ទៀត ត្រូវឃាត់ខ្លួន ក្នុង​សំណុំរឿង​ពុករលួយ​គ្រឿងញៀន​នៅ​ខេត្ត​បន្ទាយមានជ័យ © សុវណ្ណារ៉ា

នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​ដែល​កំពុងដំណើរការ​នៅពេលនេះ គ្រប់​គណបក្សនយោបាយ​ទាំងអស់​បានចាត់ទុក​ដំណោះស្រាយ​បញ្ហាដីធ្លី និង​អំពើពុករលួយ​តាមរយៈ​ការ​ទារក​ម្រែ​សេវាកម្ម​ក្រៅផ្លូវការ​ជា​បញ្ហាសំខាន់២ដែល​អាច​ទាញយក​ប្រជាប្រិយភាព​បាន។ នេះ​សបញ្ជាក់​ឲ្យ​ឃើញថា បញ្ហា​ទាំងពីរ​នេះ​កំពុងតែ​បង្កបញ្ហា​ធំធេង​សម្រាប់​ពលរដ្ឋ​នៅ​ថ្នាក់មូលដ្ឋាន ក៏ដូចជា​សម្រាប់​សង្គម​កម្ពុជា​ទាំងមូល។ តើ​ដល់ពេល​ហើយ​ឬ​នៅ​ក្នុងការ​កម្ចាត់​ដំបៅ​មហារីក​មួយ​នេះ​ចេញពី​សង្គម?

ផ្សាយពាណិជ្ជកម្ម

បើ​គេ​ពិនិត្យមើល​គោលនយោបាយ​របស់​គណ​បក្សនីមួយៗដែល​ចូលរួម​ប្រកួតប្រជែង​ជាមួយ​គណបក្សកាន់អំណាច​ក្នុងការ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅពេលនេះ​គេ​ឃើញ​មាន​ប្រធានបទ​រួមមួយ​ចំនួន​ដែល​គ្រប់​បក្សនយោបាយ​ប្រជែង​អំណាច​ទាំងអស់​ផ្តោត​ការវាយ លុក។  បញ្ហាសំខាន់២ដែល​ក្តៅ​ជាងគេ​គឺ​ការបំពាន​ដីធ្លី និង​ការទារ​កម្រៃ​សេវាកម្ម​ក្រៅផ្លូវការ​ពី​ប្រជាពលរដ្ឋ​ពី​សំណាក់​អាជ្ញាធរ​ដែនដី​ដែលជា​ទម្រង់​នៃ​អំពើពុករលួយ​ដុះ​ស្លែ​មួយ​នៅ​ថ្នាក់មូលដ្ឋាន។

វា​មិនមែនជា​រឿង​ចៃដន្យ​ទេ​ដែល​គណបក្សនយោបាយ​នានា​បានចាត់ទុក​បញ្ហា​នេះ​ជា​ផ្ទាំង​ស៊ី​ប​សម្រាប់​ដណ្តើម​សន្លឹកឆ្នោត។ មិន​ចៃដន្យ​ពីព្រោះថា នរណា​ក៏​ដឹង​ដែរ​ថា​បញ្ហាដីធ្លី​ដែល​កំពុងតែ​កើតមាន​ស្ទើរ​គ្រប់​ខេត្ត​ក្រុង​ទូទាំងប្រទេស​បាននិងកំពុង​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ពលរដ្ឋ​ក្រីក្រ​ជាច្រើន។ ចំណែកឯ​បញ្ហា​ពុករលួយ​នៅក្នុង​រដ្ឋបាល​សាធារណៈ​វិញ​ក៏បាន​ក្លាយជា​ទម្លាប់​ដុះ​ស្លែ​មួយ​ដែល​ពិបាក​កែ ជាពិសេស​នៅឯ​ថ្នាក់មូលដ្ឋាន​តែម្តង។

​អំពើពុករលួយ​នេះ​ក៏បាន​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង​ផងដែរ។ តើ​អ្នកណាខ្លះ​ដែល​ធ្លាប់​ទទួលបាន​ឯកសារ​អ្វីមួយ​ពី​អាជ្ញាធរ​ដោយ​មិន​បង់ប្រាក់​ថ្លៃ​សេវា​ក្រៅផ្លូវការ?សំណួរ​នេះ​អាច​បញ្ជាក់បាន​អំពី​ភាព​រ៉ាំរ៉ៃ​នៃ​អំពើពុករលួយ​ដែល​មិនអាច​ប្រកែក​បាន។

តើ​ដល់ពេល​ហើយ​ឬ​នៅ​ក្នុងការ​កម្ចាត់​ដំបៅ​មហារីក​សង្គម​ទាំងនេះ​ចោល​ដើម្បី​សាង​សម្អាត​រដ្ឋបាល​សាធារណៈ​កម្ពុជា​ឲ្យ​ស្អាតស្អំ​និង​ប្រកបដោយ​តម្លាភាព? បើទោះបីជា​គេ​មិនអាច​រក​ចម្លើយ​បានច្បាស់លាស់​នៅឡើយ, បើទោះបីជា​នេះ​មិនមែនជា​រឿង​ថ្មី​ដែល​បក្សនយោបាយ​លើក​យកមក​និយាយ, និង​បើទោះបីជា​គេ​ពិបាក​នឹង​សង្ឃឹមថា ទម្លាប់​ដុះ​ស្លែ​ទាំងនេះ​អាច​លុបបំបាត់បាន​ដោយ​ងាយ​ក៏ដោយ, ក៏ប៉ុន្តែ មាន​សញ្ញា​មួយចំនួន​ដែល​បង្ហាញថា វា​ដល់​ពេលដែល​ត្រូវ​គាស់​រំលើង​អំពើពុករលួយ និង​ដោះស្រាយ​ទំនាស់​ដីធ្លី​ហើយ។

សញ្ញា​ទី១ដែល​គេ​សង្កេតឃើញ​គឺ នៅមុន​យុទ្ធនាការ​ឃោសនាបោះឆ្នោត​បន្តិច អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានប្រកាស​ប្រយុទ្ធ​ប្រឆាំងនឹង​ទម្លាប់​យក​សេវាកម្ម​ក្រៅផ្លូវការ​នៅក្នុង​ក្រុមប្រឹក្សាឃុំ​សង្កាត់។ ភ្លាមៗក្រោយ​ការប្រកាស​នេះ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​​អំណាច​បា​ន​ប្រកាស​គាំទ្រ និង​ថែមទាំង​បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​ស្តីពី​កិច្ច​សហ​ការ​ប្រឆាំង​អំពើពុករលួយ​នៅ​ថ្នាក់មូលដ្ឋាន​ផងដែរ។ នេះ​អាច​បញ្ជាក់បាន​ថា គណបក្ស​កាន់អំណាច​បា​ន​ចេញ​មុខជា​ចំហ​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នៅក្នុង​រដ្ឋបាល​របស់​ខ្លួន។ នៅលើ​ទិដ្ឋភាព​ទំនាស់​ដីធ្លី​វិញ រដ្ឋាភិបាល​ក៏​ទើបតែ​បានចេញ​សេចក្តីសម្រេច​មួយ​ថ្មីៗ​បំផុត​​នេះ​ឲ្យ​ផ្អាក​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​មួយរយៈ​សិន។

ទន្ទឹមនឹងនោះ​ប្រមុខ​រដ្ឋាភិបាល​ក៏បាន​បញ្ជា​ឲ្យ​ក្រសួង​ពាក់​ព​ន្ធ័​ពិនិត្យមើល​ឡើងវិញ​ចំពោះ​ក្រុមហ៊ុន​ណា​ដែល​បានទទួល​ដី​សម្បទាន​រួចហើយ​តែ​អនុវត្ត​មិន​ត្រឹមត្រូវ ក្រុមហ៊ុន​នោះ​អាច​នឹង​ត្រូវគេ​ដកហូត​អាជ្ញាប័ណ្ណ​វិញ។ តើ​ទាំងនេះ​មិនមែនជា​សញ្ញា​ល្អ​សម្រាប់​សង្គម​ទេ​ឬ?
ប៉ុន្តែ មាន​មនុស្ស​មិន​ច្រើន​ទេ​ដែល​ជឿជាក់ថា បញ្ហាដីធ្លី និង​អំពើពុករលួយ​នឹង​អាច​លុប​បំបាត់​​ពី​ក្នុងសង្គម​កម្ពុជា​បាន។ ការមន្ទិលសង្ស័យ​ទៅលើ​ឆ​ន្ទះ​របស់​អ្នកនយោបាយ​អំពី​បញ្ហា​នេះ​គឺ​ដោយសារ​ថា ការសន្យា​មុនពេល​បោះឆ្នោត​គឺជា​បទ​ចម្រៀង​ដែល​គេ​ធ្លាប់បាន​ស្តាប់​ស្ទើរតែ​ស៊ាំ​ត្រចៀក​ទៅហើយ។ តែ​ក្រោយពេល​បោះឆ្នោត អ្វីៗនឹង​នៅ​ដូចដើម​ដដែល។ យ៉ាងណា​ក៏ដោយចុះ ចរន្ត​ប្រឆាំង​ទៅនឹង​បញ្ហាដីធ្លី​និង​អំពើពុករលួយ​នៅក្នុង​រដ្ឋបាល​សាធារណៈ​​ហាក់​កំពុង​តែមាន​សន្ទុះ​កាន់តែខ្លាំង​ឡើង​ហើយ​នៅពេលនេះ​គឺ​សន្ទុះ​ដែល​ផុស​ចេញពី​ស្រទាប់​មហាជន​ទូទៅ​ផង និង​ពី​គ្រប់​គណបក្សនយោបាយ​ផង។

ដូច្នេះ​ទោះ​ចង់​ឬ​មិន​ចង់​គណបក្ស​ដែល​ទទួលបាន​តួនាទី​ដឹកនាំ​ថ្នាក់មូលដ្ឋាន​ខាងមុខនេះ​មិនអាច​មើលស្រាល​បញ្ហា​ទាំងនេះ​បាន​ទៀតឡើយ​ពីព្រោះ​ចរន្ត​នេះ​អាច​នឹង​រុញច្រាន​អ្នក​មិន​គោរព​សន្យា​ពេល​បោះឆ្នោត​ឲ្យ​ខ្ទាត​ចេញពី​អំណាច​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ