អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សំណែន​និង​សំណូក​បញ្ជាក់​ពី​ភាព​ទន់ខ្សោយ​នៃ​វិស័យ​អប់រំ​កម្ពុជា

សំឡេង ០៤:៥៩
សិស្សសលាប្រលង
សិស្សសលាប្រលង ©channa/rfi

ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​រយៈពេល​បី​ថ្ងៃ​បានបញ្ចប់​ហើយ​នៅ​ថ្ងៃ​ពុធ​នេះ។ ភាពមិនប្រក្រតី​នានា​ដែល​បាន​កើតឡើង​ក្នុងពេល​ប្រឡង​នៅ​មិនទាន់​សរុប​បាន​នៅឡើយ​ទេ ប៉ុន្តែ អ្វីដែល​ក្លាយជា​ទម្លាប់​គ្មាន​ប្រែប្រួល​នោះ​គឺ នៅមុន​ប្រឡង សិស្សសាលា​បាននាំគ្នា​ទៅរក​ព្រះសង្ឃ​ឲ្យ​ស្រោច​ទឹក ឬ​ទៅ​បន់ស្រន់​វត្ថុ​ស័ក្តិសិទ្ធិ​ឲ្យ​ជួយ។ បន្ទាប់មក​ពួកគេ​នាំគ្នា​ទិញ​វិញ្ញាសា​សម្រាប់​លាក់ទុក​បើក​ចម្លង​ពេល​ប្រឡង។ ក្រោយពី​ប្រកាស​លទ្ធផល សំណែន​ឬ​សំណូក​នឹង​ត្រូវគេ​យកទៅ​សែន ឬ​ទៅ​សូក​អ្នក​ដែល​គេ​គិតថា​បាន​ជួយ​ពួកគេ​ឲ្យ​ប្រឡង​ជាប់។ ទិដ្ឋភាព​ទាំងនេះ​បញ្ជាក់​ពី​ភាពទន់ខ្សោយ​នៃ​វិស័យ​អប់រំ​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

 

ក៏ដូចជា​រៀងរាល់ឆ្នាំ​ដែរ នៅមុន​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចូលមក​ដល់​ទីសក្ការៈ ឬ​ទីវ​ត្ត​អារាម​នានា មាន​សកម្មភាព​មមាញឹក​យ៉ាងខ្លាំង។ មមាញឹក​ដោយសារតែ សិស្សសាលា​ដែល​កំពុង​ត្រៀមប្រឡង បាននាំគ្នា​ស្វែងរក​ព្រះសង្ឃ​ឲ្យ​ស្រោច​ទឹក ឬ​រក​វត្ថុ​ស័ក្តិសិទ្ធិ​នានា​ជួយ​ឲ្យ​ពួកគេ​ប្រឡង​ជាប់។

ទឹកមន្ត និង​បំណន់​នៅ​មិនទាន់​គ្រប់គ្រាន់​ទេ តែ​ការស្វែងរក​អន្តរាគមន៍​ពី​មេ​ប្រយោគ ឬ​ទិញ​វិញ្ញាសា​សម្រាប់​លួច​ចម្លង ឬ​ការត្រៀម​ប្រាក់កាស​ខ្លះ​សម្រាប់​​សូក​ប៉ាន់​​មេ​​ប្រយោគ​(ជាយថាហេតុ)​ក្នុង​​បន្ទប់​ប្រឡង​គឺជា​សកម្មភាព​ដែល​តែង​កើតឡើង​ជាធម្មតា​ទៅហើយ។ ក្រោយពី​ការប្រកាស​លទ្ធផល អ្នក​ប្រឡង​ជាប់​បាននាំគ្នា​យក​សំណែន (ឬ​សំណូក) ទៅ​ថ្វាយ ឬ​ឲ្យ​អ្នក​ដែល​គេ​ជឿថា បាន​ជួយ​ពួកគេ​ឲ្យ​ប្រឡង​ជាប់។ សកម្មភាព​ទាំងនេះ​គឺជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​​ឲ្យ​ឃើញច្បាស់​ពី​ស្ថានភាព​នៃ​វិស័យ​អប់រំ​កម្ពុជា។

ជាការ​ពិតណាស់ ការពឹង​ពាក់​លើ​អ​បិ​យ​ជំនឿ​វា​ហាក់​បាន​ក្លាយជា​វត្ថុ​ជាប់​នឹង​ខ្លួន​របស់​ពលរដ្ឋ​ខ្មែរ​ទៅហើយ។ ដូច​ពាក្យ​មួយ​ឃ្លា​ដែល​យើង​ធ្លាប់បាន​លឺថា «អាគម​​ផ្សំ​អាយុ»។ ក្នុងន័យនេះ ការ​បន់ស្រន់ ឬ​ស្រោច​ទឹក​ដំឡើង​រាសី​ដែល​ពលរដ្ឋ​ខ្មែរ​តែង​ធ្វើ មិនមែនជា​រឿង​គួរ​ឲ្យ​រិះគន់​ទេពី​ព្រោះ​ជួនកាល​វា​អាចជួយ​ផ្តល់​កម្លាំងចិត្ត​របស់​មនុ​ស្សបាន​មួយផ្នែក​ដែរ។ ប៉ុន្តែ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ ការប្រឡង​បញ្ចប់​ការសិក្សា​មិនមែនជា​រឿង​ដែល​គួរ​ចងភ្ជាប់​ទៅនឹង​អ​បិ​យ​ជំនឿ​សោះឡើយ។ ក្រុមអ្នកវិភាគ​សង្គម​កម្ពុជា​បាន​មើលឃើញ​បញ្ហា​មួយចំនួន​ដែល​នាំ​ដល់​ស្ថានភាព​នេះ។ បញ្ហា​ចម្បង​ជាងគេ​គឺ​ការបាត់បង់​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ក្នុងចំណោម​យុវវ័យ​ដែល​គេ​ចាត់ទុកជា​សរស​ទ្រូង​ប្រទេសជាតិ។ បាត់បង់​ជំនឿ​ចិត្ត​ដោយសារ​ម្យ៉ាង ពួកគេ​គ្មាន​ចំណេះដឹង​ពិតប្រាកដ​នៅក្នុង​ខ្លួន និង​ម្យ៉ាងទៀត ទម្លាប់​សូកប៉ាន់​បាន​ជំរុញ​ឲ្យ​សិស្ស​ដុះ​គំនិត​ពឹង​លើ​ប្រាក់​ជា​ជំនួយ​ជាជាង​ពឹង​លើ​ខ្លួនឯង។ ទម្លាប់​សូកប៉ាន់​នេះ​ត្រូវគេ​មើលឃើញថា មាន​ប្រភព​សំខាន់​ចេញពី​ជីវភាព​ទន់ខ្សោយ​របស់​គ្រូបង្រៀន។

ពិត​ហើយ​ថា នៅពេល​និយាយ​ដល់​វិស័យ​អប់រំ​នៅ​កម្ពុជា គេ​មិនអាច​នឹង​បំភ្លេច​អតីតកាល​ក្នុងសម័យ​ខ្មែរក្រហម​បានទេ ពីព្រោះ​គឺ​សម័យ​នោះ​ហើយ​ដែល​បាន​បំផ្លិចបំផ្លាញ​វិស័យ​អប់រំ​ជាតិ​ឲ្យ​ខ្ទេចខ្ទាំ​ពិបាក​ស្តារ។ ដូច្នេះ ពេលនេះ​មិនមែនជា​ពេលដែល​ត្រូវ​ចង្អុលមុខ​ដាក់គ្នា​នោះ​ឡើយ​តែ​គឺជា​ពេលវេលា​ដែល​ត្រូវ​ចូលរួម​ដើម្បី​កែលម្អ​ថ្នាល​បណ្តុះ​ធនធានមនុស្ស​របស់​យើង​ឲ្យ​បានល្អ​ឡើងវិញ។ ល្អ​សម្រាប់​កម្ពុជា​ពេលនេះ គឺ​មិន​ត្រឹមតែ​ធៀប​ទៅនឹង​​អតីតកាល​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏ត្រូវ​ធៀប​នឹង​បរិបទ​តំបន់ និង​អន្តរជាតិ​ផងដែរ។

ក្នុងន័យនេះ វិស័យ​អប់រំ​កម្ពុជា​ចាំបាច់​ណាស់​ត្រូវ​កែប្រែ​ស្ថានការណ៍​មួយចំនួន​ដោយ​មិនអាច​ចៀសវាង​បាន។ មានការ​រួមចំណែក​ពី​វិស័យ​ប្រទាក់ក្រឡា​គ្នា​មួយចំនួន​ដែល​អ្នកវិភាគ​សង្គម​ចាត់ទុកថា​ចាំបាច់​សម្រាប់​លើកស្ទួយ​វិស័យ​អប់រំ​កម្ពុជា៖
ទី១៖ ការចូលរួម​ពី​គ្រួសារ មាន​​ន័យថា​ឪពុកម្តាយ​ត្រូវ​ធ្វើជា​គំរូ​ក្នុង​ការអប់រំ​កូនចៅ​ដោយ​បណ្តុះ​គំនិត​ស្រឡាញ់​ចំណេះវិជ្ជា​និង​ជឿជាក់​លើ​ខ្លួនឯង​តាំងពី​កុមារភាព​ឲ្យ​ហើយ។
ទី២៖ លោកគ្រូ​អ្នកគ្រូ និង​មន្ត្រី​អប់រំ​គឺជា​អ្នកទទួលបន្ទុក​បណ្តុះ​គំនិត​ទាំងនេះ​បន្ត​ដោយ​ផ្តល់ជូន​ពួកគេ​នូវ​ចំណេះដឹង និង​ចំណេះធ្វើ​ដ៏​ពិតប្រាកដ​មួយ។ ត្រង់ចំណុច​នេះ គេ​គួរ​កត់សម្គាល់ថា ការ​វៀរចាក​អំពើ​មិនគួរ​គប្បី​មួយចំនួនរ​បស់​គ្រូបង្រៀន និង​មន្ត្រី​អប់រំ​ដូចជា​ការទទួល​សំណូក​ជាដើម គឺជា​ការចាំបាច់​ពីព្រោះ​អំពើ​ទាំងនោះ​ជា​គំរូ​អាក្រក់​ខ្លាំងណាស់​សម្រាប់​យុវ​វជន​ជំនាន់​ក្រោយ។ ការដោះស្រាយ​ជីវភាព​គ្រូបង្រៀន​គឺជា​គន្លឹះ​ដ៏​សំខាន់​មួយ​នៅក្នុង​គោលដៅ​នេះ។
ទី៣៖ ការធ្វើ​ឲ្យ​សង្គម​ស្អាតស្អំ និង​ពោរពេញ​ដោយ​គុណធម៌​គឺជា​បេសកកម្ម​របស់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ពីព្រោះ​ចូរ​កុំភ្លេចថា បរិយាកាស​សង្គម​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ណាស់​ទៅលើ​យុវវ័យ។

នៅពេលដែល​យុវវ័យ​ទទួលបាន​គំរូ​ល្អ​ទាំងនោះ ពួកគេ​នឹងមាន​គំនិត​គ្រប់គ្រាន់​ក្នុងការ​ធ្វើខ្លួន​ឲ្យ​ទៅជា​សសរទ្រូង​រឹងមាំ​របស់​ប្រទេសជាតិ និង​មិនចាំបាច់​ពឹង​លើ​សំណែន ឬ​សំណូក ទៀតឡើយ៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ