អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សេរីភាព​ដែល​គ្មាន​ការ​ទទួល​ខុសត្រូវ​ជាសត្រូវ​នឹង​សង្គម​ប្រជាធិបតេយ្យ

សំឡេង ០៤:១៦
សេរីភាព​ដែល​គ្មានការ​ទទួល​ខុសត្រូវ​ជា​សត្រូវ​នឹង​សង្គម​ប្រជាធិបតេយ្យ
សេរីភាព​ដែល​គ្មានការ​ទទួល​ខុសត្រូវ​ជា​សត្រូវ​នឹង​សង្គម​ប្រជាធិបតេយ្យ ©Bona/RFI

រយៈពេល​ចុងក្រោយ​នេះ មាន​លិខិត​ក្លែងបន្លំ​ជាច្រើន​ត្រូវបាន​គេ​បង្ហោះ​និង​ចែកចាយ​យ៉ាង​ទូលំទូលាយ​តាម​សារ​អេឡិចត្រូនិក និង​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក។ លិខិត​ក្លែងបន្លំ​ទាំងនោះ​សុទ្ធ​តែមាន​ស្លាក​សញ្ញា និង ហត្ថលេខា រួមទាំង​ត្រា​យ៉ាងច្បាស់​លាស់​ទៀតផង។ ព្រឹត្តិការណ៍​ដែល​បាននិងកំពុង​បង្ក​ភាពច្របូកច្របល់​យ៉ាងខ្លាំង​នៅក្នុង​សង្គម​នាពេលនេះ​ត្រូវបាន​ក្រុម​អ្នក​វិភាគ​​ចាត់ទុកជា​សញ្ញា​អាក្រក់​មួយ​ដែល​កំពុង​ដើរ​បញ្ច្រាស​ទៅនឹង​ការខិតខំ​ពូន​ជ្រុំ​សង្គម​ប្រជា​ធិបតេយ្យ​​នៅ​កម្ពុជា។ តើ​ហេតុអ្វី​បានជា​ដូច្នេះ? 

ផ្សាយពាណិជ្ជកម្ម

 គ្រាន់តែ​ក្នុង​រយៈពេល​ជាង​មួយ​សប្តាហ៍​ចុងក្រោយ​នេះ មាន​លិខិត​ក្លែងបន្លំ​របស់​មេដឹកនាំ និង​អ្នកនយោបាយ​ជាច្រើន​ត្រូវបាន​គេ​ចែក​ផ្សាយ​តាម​សា​អេឡិចត្រូនិក​និង​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក យ៉ាង​អនាធិបតេយ្យ។

 
លិខិត​ក្លែងបន្លំសំខាន់ៗដែល​គេ​អាច​រាប់ត្រួសៗបាន​មានដូចជា លិខិត​មរណភាព​រប​ស់ លោក ជា ស៊ីម, ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា, លិខិត​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ស្តីពី​បញ្ហា​ព្រំដែន, លិខិត​លោក ហេង សំរិន ប្រធាន​រដ្ឋ​ភា តប​ទៅ​លោកនាយក​រដ្ឋមន្ត្រី​អំពី​បញ្ហា​ព្រំដែន និង​ចុង​ក្រោយនេះ គឺ​លិខិត​របស់លោក​សម រង្ស៊ី សុំ​បញ្ចប់​សម្ព​ន្ធ័​ភាពជា​មួយ​លោក​កឹម សុខា និង​សេចក្តីថ្លែងការណ៍​របស់​លោក​កឹម សុខា ជូន​ជនរួមជាតិ​ដោយ​សម្តែង​ការសោកស្តាយ​ចំពោះ​ការបែកបាក់​សម្ព​ន្ធ័​ភាព​នេះ។

លិខិត​ក្លែងបន្លំ​ទាំងនោះ​ដែល​សុទ្ធ​តែមាន​ស្លាក​សញ្ញា ហត្ថលេខា និង​ត្រា​យ៉ាង​ត្រឹមត្រូវ​ផង​នោះបាន​បង្ក​ឲ្យ​មាន​ភាពច្របូកច្របល់​យ៉ាងខ្លាំង​ដល់​សង្គម ជាពិសេស​វា​បានធ្វើ​ឲ្យ​អ្នកទទួលបាន​លិខិត​ទាំងនោះ​យល់ច្រឡំ​មិនតិច​ឡើយ។ ភាពច្របូកច្របល់​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ប្រសិនបើ​លិខិត​ទាំងនោះ​ត្រូវបាន​អ្នកកាសែត​យកទៅ​ផ្សាយ​បន្ត។

ជាការ​ពិតណាស់ សេរីភាព​សារព័ត៌មាន​ដែល​កើតមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​បច្ចុប្បន្ន ទោះបីជា​មិនទាន់​ល្អ​ដែល​អាច​ទទួលយកបាន​សម្រាប់​មនុស្ស​គ្រប់គ្នា​ក៏ដោយ ក៏ប៉ុន្តែ សេរីភាព​នេះ​បានមក​ដោយ​លំបាកលំបិន។ លំបាក​ដោយសារតែ​សង្គម​កម្ពុជា​ជា​សង្គម​ដែល​មិនទាន់មាន​ទម្លាប់​ស៊ាំ​នឹង​លទ្ធិប្រជាធិបតេយ្យ​នៅឡើយ។ ក្នុង​បរិបទ​បែបនេះ អ្នកដឹកនាំ​ប្រទេស​តែងតែ​ត្បិតត្បៀត​សេរីភាព​ដោយ​មិន​ហ៊ាន​បើកទូលាយ​ខ្លាំង​នោះឡើយ។ ត្បិតត្បៀត​ដោយសារតែ​ទម្លាប់​នៃ​ការដឹកនាំ​តាមបែប​ផ្តាច់​ការដែល​នៅ​មិនទាន់​ត្រូវបាន​លាងជម្រះ​ជាហេតុ​ផល​សំខាន់​មួយ ប៉ុន្តែ កង្វះ​ការទទួលខុសត្រូវ​ក្នុងការ​ប្រើប្រាស់​សេរីភាព​ដែល​ងាយ​នឹងធ្វើ​ឲ្យ​សង្គម​ធ្លាក់​ក្នុង​ភាពអនាធិបតេយ្យ​គឺជា​មូលហេតុ​សំខាន់​មួយទៀត។

នៅពេលដែល​សរី​ភាព​សារព័ត៌មាន​ជាពិសេស​សរី​ភាព​តាម​ប្រព​ន្ធ័​បច្ចេកវិទ្យា​ទំនើប ដូចជា​គេហទំព័រ អ៊ី​ម៉ែ​ល និង​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក ជាដើម កំពុង​រីកលូតលាស់​នៅ​កម្ពុជា ភាពអនាធិបតេយ្យ​ក៏បាន​កើតឡើង​យ៉ាងខ្លាំង​ក្នុង​វិស័យ​នេះដែរ។ រូបថត​កាត់ត ច្នៃ​ប្រឌិត ពាក្យពេចន៍​ជេរប្រមាថ រហូតដល់​ការ​ក្លែងបន្លំ​លិខិតផ្លូវការ តាម​ទំនើងចិត្ត បាននិងកំពុង​បង្ក​ភាពច្របូកច្របល់​ក្នុងសង្គម​យ៉ាងខ្លាំង។ ព្រឹត្តិការណ៍​នេះ​ប្រៀបបាន​ទៅនឹង​សង្គ្រាម​បែប​ថ្មី​មួយ​ដែល​មនុស្ស​មួយចំនួន​ឆ្លៀត​ប្រើប្រាស់​សម្រាប់​គោលដៅ​ផ្ទាល់ខ្លួន ឬក៏​គោលដៅ​នយោបាយ។

ជាក់ស្តែង ការ​ចែកចាយ​លិខិត​ក្លែងបន្លំ​តាម​សារ​អេឡិចត្រូនិក និង​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក នៅពេលនេះ ប្រាកដជា​មិនមែនជា​រឿង​កែ​អផ្សុក​នោះឡើយ។ មាន​ផលវិបាក​សំខាន់​ពីរ​យ៉ាង​ដែល​កើតចេញពី​បញ្ហា​នេះ នោះ​គឺ ក្រៅពី​ភាពច្របូកច្របល់​ក្នុងសង្គម ទង្វើ​នេះ​នឹង​ក្លាយជា​ទឡ្ហីករណ៍​ដ៏​មាន​ទម្ងន់​ថែមទៀត​សម្រាប់​រដ្ឋាភិបាល​ក្នុងការ​ជំរុញ​ឲ្យ​មានច្បាប់​គ្រប់គ្រង​ប្រព​ន្ធ័​អ៊ិន​ធឺ​ណិ​ត។ ច្បាប់​នោះ ប្រាកដ​ណាស់​ថា ទោះ​តិច​ឬ​ច្រើន វា​នឹង​ប៉ះពាល់​ដល់​សេរីភាព​សារព័ត៌មាន ឬ​សេរីភាព​សម្តែង​មតិ​ដោយ​ចៀស​មិន​ផុត។ យ៉ាងណាក៏ដោយ ចំណាត់ការ​ប្រឆាំង​បុគ្គល​មួយចំនួន​ដែល​ចូលចិត្ត​សេរីភាព​តាមរបៀប«សេះ​ដាច់បង្ហៀរ»នេះ មិនគួរ​នឹង​ក្លាយជា​រនាំង​រារាំង​ដល់​សេរីភាព​ត្រឹមត្រូវ​តាម​បែបផែន​ប្រជាធិបតេយ្យ​ដែល​ពលរដ្ឋ​កម្ពុ​ជាទូទៅ​កំពុង​ស្រេកឃ្លាន​នោះឡើយ។

សរុប​មកវិញ ពេលនេះ​គឺជា​ពេលដែល​ពលរដ្ឋ​ខ្មែរ​គ្រប់គ្នា រាប់​តាំងពី​អ្នកដឹកនាំ​ប្រទេស អ្នកនយោបាយ រហូតដល់​ជន​សាមញ្ញ គួរ​នាំគ្នា​ចូលរួម​លើកស្ទួយ​សិទ្ធិសេរីភាព​ដែលជា​មូលដ្ឋានគ្រឹះ​នៃ​សង្គម​ប្រជាធិបតេយ្យ​ពីព្រោះ​វា​ជា​សេចក្តីត្រូវការ​ចាំបាច់រ​បស់​សង្គម​ខ្មែរ។ ការប្រើប្រាស់​សេរីភាព​ដែល​ភ្ជាប់​ដោយ​ការទទួលខុសត្រូវ​គឺជា​ការរួមចំណែក​ដ៏​សំខាន់​មួយ។ ផ្ទុយទៅវិញ សេរីភាព​ដែល​គ្មាន​ការទទួលខុសត្រូវ​គឺជា​ការសម្លាប់​សេរីភាព​ទៅវិញ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ