អានតួអត្ថបទ
កម្ពុជា

គណបក្ស​សង្គ្រោះជាតិ​​ចូលរួម​​ព្រះរាជ​ពិធី​​​​រម្លឹក​ព្រះវិញ្ញាណក្ខន្ធ​​ព្រះ​មរប​រតនកោដ្ឋ​​​ថ្ងៃ​អង្គារ​ស្អែក​

ទិដ្ឋភាពក្នុងព្រះរាជពិធីដង្ហែព្រះបរមរតនកោដ្ឋ
ទិដ្ឋភាពក្នុងព្រះរាជពិធីដង្ហែព្រះបរមរតនកោដ្ឋ RFI/Siv Channa

គណបក្ស​សង្គ្រោះ​ជាតិ​បានធ្វើ​លិខិត​ទៅ​ព្រះបរមរាជវាំង ​ដើម្បី​ស្នើសុំ​ចូលរួម​ក្នុង​ព្រះ​រាជពិធី​បង្សុកូល ​រម្លឹក​ព្រះ​វិញ្ញាណក្ខន្ធ​ថ្វាយព្រះប​រម​រតន​កោដ្ឋ ដែល​នឹងត្រូវ​រៀបចំ​នៅក្នុង​ព្រះ​បរមរាជវាំង​ ព្រឹក​ថ្ងៃ​អង្គារ​ស្អែក។ ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ​ សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​មានបន្ទូលថា សម្ដេចម៉ែ​បាន​សព្វ​ព្រះរាជ​ហឫ​ទ័យ​ស្វាគមន៍​ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ។

ផ្សាយពាណិជ្ជកម្ម

សម្តេចម៉ែ​ មុនីនាថ សីហនុ ​បាន​សព្វ​ព្រះរាជ​ហឫ​ទ័យ​ស្វាគមន៍​ការចូលរួម​របស់​ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ ​នៅក្នុង​ព្រះរាជ​ពិធី​បង្សុកូល ​នៅ​ថ្ងៃ​អង្គា​រដែរ។ នេះ​បើតាម​បន្ទូល​អះអាង​របស់​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។ ព្រះ​រាជពិធី​បង្សុកូល​ នឹងត្រូវ​រៀបចំ​ធ្វើ​នៅក្នុង​ព្រះបរមរាជវាំង​ ដើម្បី​ឧទ្ទិស​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ​ព្រះ​បរម​រតន​កោដ្ឋ ដែល​បាន​យាង​សោយ​ទិវង្គត​ កាលពី​ថ្ងៃទី១៥តុលា ​ឆ្នាំមុន។

បើតាម​បន្ទូល​របស់​ព្រះអង្គម្ចាស់​ធម្មិកោ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ចំនួន៦រូប​ ដែល​ដឹកនាំ​ដោយ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ។ ព្រះអង្គម្ចាស់​ធម្មិកោ​បាន​មានបន្ទូល​បញ្ជាក់ថា នេះ​គឺជា​ព្រះរាជ​ពិធី​របស់​ព្រះមហាក្សត្រ និង​សម្តេចម៉ែ ​ក្នុង​ព្រះ​បរម​រាជ​វាំង ហើយក៏​មានការ​អញ្ជើញ​ចូលរួម​ពី​ប្រមុខ​ដឹកនាំ​របស់​ស្ថាប័ន​កំពូល​របស់​ប្រទេសជាតិ​ផងដែរ។ ព្រះអង្គក៏​នឹងមាន​វត្តមាន​នៅក្នុង​ព្រះរាជ​ពិធី​នោះ​ ក្នុងនាម​ជា​សមាជិក​រាជវង្ស។

គួរបញ្ជាក់​អោយដឹង​ផងដែរ​ថា គណបក្ស​សង្គ្រោះ​ជាតិ​​ក៏បាន​ស្នើសុំ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រូប ព្រះ​បរម​រតន​កោដ្ឋ​ នៅ​រសៀល​ថ្ងៃ​ចន្ទ​ទី១៤តុលា​នេះ។ ប៉ុន្តែ ​សំណើ​នេះ​ត្រូវបាន​បដិសេធ ហើយ​ត្រូវបាន​អនុញ្ញាតអោយ​ប្រតិភូ​គណបក្ស​នេះ​មក​គោរព​ព្រះ​បរម​រូប​ នៅក្រោយ​ថ្ងៃទី១៥តុលា​វិញ។

នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ បើតាម​ការបញ្ជា​ក់រប​ស់លោក​កឹម សុខា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បើក​កិច្ចប្រជុំ​ផ្ទៃក្នុង​ ដើម្បី​ពិភាក្សា​អំពី​ការរៀបចំ​មហា​បាតុកម្ម​ថ្ងៃទី២៣តុលា បូកសរុប​ការងារ​ប្រមូល​ស្នាម​មេដៃ និង​ផែនការ​ការងារ​មួយចំនួន​នៅពេល​ខាងមុខ ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ