អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បក្ខ​ពួក​និយម​ជា​ប្រភព​នៃ​បញ្ហា​ផ្ទៃ​ក្នុង​របស់​បក្ស​នយោបាយ

សំឡេង ០៥:០០
សកម្មជនគណបក្សនយោបាយជិះរថយន្តនិងម៉ូតូឃោសនាបោះឆ្នោត។
សកម្មជនគណបក្សនយោបាយជិះរថយន្តនិងម៉ូតូឃោសនាបោះឆ្នោត។ ស៊ីវ ចាន់ណា

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ខេត្ត​សៀមរាប​កំពុង​នាំគ្នា​តវ៉ា​ឲ្យ​មេដឹក​នាំ​របស់​ខ្លួន​ផ្លាស់​ប្តូរ​បេក្ខភាព​ប្រធាន​ក្រុម​ការងារ​ប្រចាំ​ខេត្ត។ គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច ឯណោះ​វិញ​ក៏​កំពុង​បែក​បាក់​ផ្ទៃ​ក្នុង​យ៉ាង​ខ្លាំង​ក្រោយ​ពី​សម្តេច​ក្រុមព្រះ​បាន​តែង​តាំង​មន្ត្រី​ស្និទ្ធ​នឹង​ព្រះអង្គ​មួយ​ចំនួន​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ។ មូល​ហេតុ​ចម្បង​មួយ​ដែល​បណ្តាល​ឲ្យ​គណបក្ស​មាន​បញ្ហា​ផ្ទៃក្នុង​គឺ​មកពី​បញ្ហា​បក្ខពួក​និង​គ្រួសារ​និយម។ នេះ​ជា​រឿង​ដ៏​ចំណាស់​មួយ​ដែល​មិនទាន់​កែប្រែ​នៅ​ឡើយ​ក្នុង​ឆាក​នយោបាយ​ប្រទេស​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

ទម្លាប់​នៃ​ការ​ដឹកនាំ​តាមបែប​បក្ខពួក​និយម​នៅតែ​ចាក់ឫស​យ៉ាង​ជ្រៅ​ទៅក្នុង​ផ្នត់គំនិត​មនុស្ស​ខ្មែរ​និយាយ​ជារួម និង ជាពិសេស​ក្នុង​ពិភព​នយោបាយ និយាយ​ដោយ​ឡែក។ ផ្នត់​គំនិត​បក្ខពួក​គ្រួសារ​និយម​បាន​បង្ក​បញ្ហា​ច្រើន​យ៉ាង​សម្រាប់​សង្គម​ទូទៅ​ផង និង សម្រាប់​ផ្ទៃក្នុង​គណបក្ស​នយោបាយ​នីមួយ​ៗ​ផង។ អ្វីដែល​កំពុង​កើត​ឡើង​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​និង​ហ្វ៊ុនស៊ិនប៉ិចគឺជា​ឧទាហរណ៍​ជាក់​ស្តែង។

ជាការ​ពិត មិន​ថា​គណបក្ស​ណា​ទេ បញ្ហា​បក្ខពួក​និយម​នៅ​តែ​ជា​បច្ចុប្បន្ន​ភាព​ក្តៅ​គគុក​នៅ​ឡើយ​ក្នុង​ឆាកនយោបាយ​កម្ពុជា​សូម្បី​តែ​គណបក្ស​ដែល​បង្ហាញ​ខ្លួនឯង​ថា​ជា​អ្នកប្រជាធិប​តេយ្យ​នោះ​ក៏​មិនអាច​ចៀសវាង​បាន​ដែរ។ ប៉ុន្តែ នៅ​ពេល​មាន​បញ្ហា​ផ្ទៃ​ក្នុង​កើតឡើង គណបក្ស​នីមួយ​ៗ​មិន​ដែល​ទទួល​ស្គាល់​ថា​បញ្ហា​បក្ខពួក​និយម​ជា​ហេតុ​ផល​នៃ​ការ​បែក​បាក់​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ច្រើន​តែ​ព្យាយាម​បង្វែ​ឲ្យ​ទៅ​ជា​លទ្ធផល​នៃ​ការ​បំបែក​បំបាក់ ឬ​ក៏​លាប​ពណ៌​ដល់​អ្នក​តវ៉ា​ទៅ​វិញ​។

ជាបឋម តើ​ផ្នត់​គំនិត​បក្ខពួក​និយម​មាន​ប្រភព​មក​ពី​ណា?

ទី១៖ មកពី​ទម្លាប់​ជួយ​យឹតយោង​ក្រុម​គ្រួសារ​និង​សាច់​ញាតិ​របស់​ខ្លួន​ពី​សំណាក់​មេដឹកនាំ​នយោបាយ​ដែល​ចូល​ចិត្ត​អូស​ទាញ​បងប្អូន កូន​ចៅ​មនុស្ស​ជិតស្និទ្ធ​ឲ្យ​មក​ធ្វើការ​នៅ​ជុំវិញ​ខ្លួន​ដើម្បី​ឲ្យ​ពួកគេ​បាន​ប្រយោជន៍​ពីអ្វី​ដែល​ខ្លួន​កំពុង​មាន​ដែរ។

ទី២៖ មកពី​ទម្លាប់​មិន​សូវ​ទុកចិត្ត​អ្នកដទៃ។ ហេតុដូច្នេះ​ហើយ​បានជា​លោក​ប្រធាន​ច្រើន​តែ​ប្រគល់​កិច្ចការ​សំខាន់​ៗ​ឲ្យ​ទៅ​កូនចៅ សាច់​ញាតិ ឬ​ក៏​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​និង​ទុក​ចិត្ត និង​ទី៣៖ មក​ពី​ទម្លាប់​នៃ​ការ​ដឹក​នាំ​គ្រប់​គ្រង​ដែល​ច្រើន​តែ​ធ្វើឡើង​តាម​បញ្ជា​របស់​បុគ្គល​គឺ​មិន​មែន​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​ការងារ​មួយ​ច្បាស់​លាស់​នោះទេ។

ដោយ​ឆ្លុះ​បញ្ចាំង​បញ្ហា​នេះ​ទៅ​ក្នុង​បក្ស​នយោបាយ គេ​អាច​ឃើញ​យ៉ាង​ច្បាស់​អំពី​ផ្នត់គំនិត​បក្ខពួក​និយម​ដែល​នៅ​តែ​ពេញ​និយម។ កាល​ពីមុន គេ​អាច​ចាត់​ទុក​ថា​ជា​រឿង​ធម្មតា ប៉ុន្តែ បញ្ហា​នេះ​មិនមែន​ជា​រឿង​ធម្មតា​ទៀត​ទេ​សម្រាប់​សង្គម​ប្រជា​ធិបតេយ្យ។ ដូច្នេះ គណបក្ស​នីមួយ​ៗ​ត្រូវ​យកចិត្ត​ទុកដាក់​អំពី​បញ្ហា​នេះ​ជា​ចាំបាច់។ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្គាល់​សន្ទុះ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក្នុងការ​បោះឆ្នោត​លើកចុងក្រោយ​នេះ។  

យ៉ាងណា​ក៏ដោយ គណបក្ស​ប្រឆាំង​នៅ​មាន​ចំណុច​ប្រឈម​ជា​ច្រើន​ចំពោះ​មុខ​ដែល​ត្រូវ​ដោះ​ស្រាយ​ដើម្បី​រក្សា​សន្ទុះ​ប្រជា​ប្រិយភាព​របស់​ខ្លួន​បាន។ ចំណុច​សំខាន់​ជាងគេ​មួយ​គឺ​ការ​ធ្វើ​ឲ្យ​ផ្ទៃក្នុង​បក្ស​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ។ ចុង​ក្រោយ​នេះ មាន​ចំណុច​កាន់​តែ​ច្រើន​ឡើង​ដែល​បាន​បង្ហាញ​ថា អ្វីដែល​គណបក្ស​ប្រឆាំង​ធ្លាប់​រិះគន់​បក្ស​កាន់​អំណាច តែ​បែរ​ជា​ខ្លួន​ឯង​ក៏​ដើរ​តាម​គន្លង​នោះ​ដែរ​ក្នុង​នោះ បញ្ហា​បក្ខពួក​និយម​ក៏​ជា​ចំណុច​ក្តៅ​មួយ​នៅ​ឡើយ​។

គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច រឹត​តែ​យ៉ាប់​យ៉ឺន​ថែម​ទៀត។ តាំង​ពី​គណបក្ស​មួយ​ដែល​ឈ្នះឆ្នោត​លំដាប់​លេខ​រៀង​ទី​១​កាល​ពី​ឆ្នាំ ១៩៩៣ រហូត​ដល់​បាត់​ឈ្មោះ​ពី​ក្នុង​សភា គឺជា​លទ្ធផល​នៃ​ការ​បែក​បាក់​ក្រោម​ទម្ងន់​នៃ​ការ​ដឹក​នាំ​ខ្វះ​តម្លាភាព​និង​ប្រជាធិប​តេយ្យ​ផ្ទៃក្នុង​បក្ស។ ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ ក៏​មេដឹក​នាំ​គណបក្ស​នេះ​មិន​បាន​កែ​ប្រែ​អ្វី​ឡើយ។ ការ​តែង​តាំង​មនុស្ស​ជំនិត​ដែល​ខ្លួន​ទុកចិត្ត​ដោយ​មិនបាន​ពិគ្រោះ​យោបល់​នៅតែ​ជា​ប្រភព​នៃ​ការ​បែក​បាក់​ដដែល។

សម្រាប់​គណបក្ស​កាន់​អំណាច បើ​ទោះ​ជា​បក្ខពួក​និយម​មិន​បាន​បង្ក​ជា​ការ​បែក​បាក់​ផ្ទៃក្នុង​គណបក្ស​ជា​ចំហ​ក៏ដោយ ក៏​ការ​បែក​បាក់​ក្នុង​ចិត្ត​ជា​រឿង​មិន​អាច​មើល​រំលង​បាន។ ម្យ៉ាង​ទៀត បញ្ហា​បក្ខពួក​និយម​ក៏​បាន​ស្តែង​ចេញ​ឲ្យ​មាន​ប្រតិកម្ម​ពី​បោះ​ឆ្នោត​វិញ។ លទ្ធផល​ការ​បោះ​ឆ្នោត​កាល​ពី​ខែកក្កដា​ឆ្នាំ ២០១៣ គឺជា​ឧទាហរណ៍​ស្រាប់។ ដូច្នេះ គួរ​តែ​ដល់​ពេល​ហើយ​ដែល​គណបក្ស​នីមួយ​ៗ​គិត​គូរ​ព្យាបាល​ជំងឺ​ដ៏​គ្រោះ​ថ្នាក់​ជា​បន្ទាន់​ពីព្រោះ​គ្រោះ​ថ្នាក់​នេះ​មិនមែន​តែ​សម្រាប់​គណបក្ស​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ តែ​វា​ជា​គ្រោះថ្នាក់​សម្រាប់​ប្រទេស​ជាតិ​ទាំង​មូល​តែ​ម្តង​។
 

ម្យ៉ាងទៀត សូម​កុំភ្លេចថា នៅពេលដែល​ទឹក​កាន់តែ​ថ្លា គេ​អាច​មើលឃើញ​អ្វីដែល​នៅក្នុង​បឹង​កាន់តែច្បាស់។ យ៉ាងណាមិញ នៅពេលដែល​ប្រជាធិប​តេយ្យ​ចាក់​ឫស​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​ស្រទាប់​មហាជន ពួកគេ​ក៏​មើល​ឃើញ​ទង្វើ​របស់​អ្នក​នយោបាយ​កាន់​តែច្បាស់​ជាង​មុន​ដែរ​ពោល​គឺ​អំណឹះ​តទៅ អ្នក​នយោបាយ​មិន​អាច​លាក់​បាំង​អំពើ​ខុស​ឆ្គង​របស់ខ្លួន​ហើយ​ព្យាយាម​ដោះសារ​យក​រួច​ខ្លួន​ដូច​កាល​ពីមុន​ទៀត​ឡើយ។ ការ​ឆ្លុះ​កញ្ចក់​មើល​កំហុស​ខ្លួនឯង ហើយ​ខិតខំ​កែលម្អ​គឺជា​ផ្លូវ​ឈានទៅ​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​របស់​គណបក្ស​នីមួយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ