អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​ ស្នើអ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​​ឱ្យ​គោរព​បទ​ឈប់​បាញ់​​ចាស់

សំឡេង ០៤:៥៦
បណ្តា​ជន​ប៉ាឡេស្ទីន​ នាំ​គ្នា​រត់​ចេញ​ពី​តំបន់​ហ្កាហ្សា
បណ្តា​ជន​ប៉ាឡេស្ទីន​ នាំ​គ្នា​រត់​ចេញ​ពី​តំបន់​ហ្កាហ្សា REUTERS/Ammar Awad

បន្ទាប់​ពី​បាន​វាយប្រហារ​សម្លាប់​ជីវិត​មនុស្ស​ ជាពិសេស​ជន​ស៊ីវិល អស់​យ៉ាង​ច្រើន​មិន​ធ្លាប់​មាន​ ​ថ្ងៃ​អាទិត្យ​ម្សិលមិញ ​អ៊ីស្រាអែល​បន្ត​ទម្លាក់​និង​ផ្លោង​គ្រាប់​បែក​លើតំបន់​ហ្កាហ្សា ទៀត​នៅព្រឹក​ថ្ងៃ​ចន្ទ​នេះ។ ប្រឈម​មុខ​នឹង​ស្ថាន​ភាព​ដ៏ធ្ងន់ធ្ងរ​ដូច្នេះ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​កោះ​ ​ប្រទេស​ជា​សមាជិក​អចិន្ត្រៃយ៍ និង​មិន​អចិន្ត្រៃយ៍​ ទាំង​១៥​ មក​ជួប​ប្រជុំជា​បន្ទាន់​ នៅ​យប់​ថ្ងៃអាទិត្យ ឆ្លង​មក​ថ្ងៃ​ចន្ទ ដោយ​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​។ ហេតុការណ៍​នៅ​តំបន់​ហ្កាហ្សា បាន​រាល​ដាលដល់​ប្រទេស​បារាំង។ ម្សិលមិញ​នៅ​តំបន់​ជាយ​ក្រុង​ប៉ារីស ការ​ប្រមូល​ផ្តុំ​​គាំទ្រ​បណ្តាជន​ប៉ាឡេស្ទីន បាន​ក្លាយ​ជា​អំពើ​ហិង្សា​។

ផ្សាយពាណិជ្ជកម្ម

ប្រឈមមុខ​នឹង​ស្ថានភាព​មរណៈ​បែប​នេះ​ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​បើក​ជំនួប​ប្រជុំ​ជា​បន្ទាន់​នៅ​យប់​មិញ​ ដោយ​បិទទ្វារ រយៈពេល​ពីរ​ម៉ោង តាម​សំណើ​សុំ​របស់ប្រទេស​ហ្ស័កដានី និង​លោក​មះមូត អាបាស​ប្រធាន​អាជ្ញាធរ​ដែនដី​ប៉ាឡេស្ទីន។ ប៉ុន្តែ​ជា​លទ្ធផល គឺ​ក្រុមប្រឹក្សា​សន្តិសុខ​បាន​ត្រឹមចេញ​សេចក្តី​ប្រកាស​​អំពាវនាវ​ឱ្យ​​ភាគី​ជម្លោះ​ ឈប់​បាញ់​គ្នា ដោយ​វិល​ទៅ​គោរព​បទ​ឈប់​បាញ់ ចុះ​ហត្ថលេខា​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១២​ និង​អំពាវនាវ​ឱ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស​ គោរព​ច្បាប់​មនុស្សធម៌​អន្តរជាតិ ពោល​គឺ​ការពារជីវិត​ជន​ស៊ីវិល ព្រមទាំង​បង្ហាញ​ពី​កង្វល់​ខ្លាំង​ក្លា​ចំពោះ​ស្ថានភាព​ហិង្សា​និង​មរណៈ​នៅ​តំបន់​ហ្កាហ្សា គ្មាន​ទេសេចក្តីស​ម្រេច​ចិត្ត​​អង្គការ​សហប្រជាជាតិ​ ដាក់​បង្ខំ​លើ​ភាគី​ជម្លោះ។

 

ស្នើ​ឱ្យ​ឈប់បាញ់​ជា​បន្ទាន់

ការ​អំពាវនាវ​​ពិត​ជា​មិន​គ្រប់គ្រាន់​ឡើយ​សម្រាប់​ជម្លោះ​មួយ ជាពិសេស​ជម្លោះ​ជាមួយ​អ៊ីស្រាអែល​។ អ៊ីស្រាអែល ធ្វើ​សង្គ្រាម​​ប្រឆាំង​នឹង​ចលនា​ហាម៉ាស ជា​ញឹក​ញយ (បួន​ដង​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក) ក្នុង​កម្មវត្ថុ​តែ​មួយ​គត់ គឺបំបែក​សមត្ថភាព​ប្រយុទ្ធ​របស់​ចលនា​អ៊ីស្លាម​ហាម៉ាស​ កុំ​ឱ្យ​មាន​កម្លាំង​វាយ​ដល់​ដែនដី​អ៊ីស្រាអែល​។

ហេតុដូច្នេះ​ហើយ​បាន​ជា​តំណាង​ការទូត​ប៉ាឡេស្ទីន ប្រចាំ​ អង្គការ​សហប្រជាជាតិ បាន​សម្តែង​ការ​សោក​ស្តាយ និង​ខក​ចិត្ត​ខ្លាំង។​ ​ សម្រាប់​ប្រមុ​ខការទូត​ប៉ាឡេស្ទីន ប្រចាំ​សហភាព​អឺរ៉ុប លោកស្រី​​ចង់​ឃើញ​មាន​សកម្មភាព​ជាក់​ស្តែង ដូច​ជា​បញ្ជូន​ទ័ព​មួក​ខៀវ ឬ​អ្នក​សង្កេត​ការណ៍​អង្គការ​សហប្រជាជាតិ​តែ​ម្តង​ទៅ​កាន់​តំបន់​កំពុង​មានជម្លោះ​ហិង្សា។ ជាមួយ​នឹង​ការ​សោក​ស្តាយ តំណាង​ប៉ាឡេស្ទីន ដែល​ចាត់​ទុក​ សេចក្តី​អំពាវនាវ​របស់​អង្គការ​សហប្រជាជាតិ ជា​​វិញ្ញាសា​សាកល្បង​មួយ​សម្រាប់​អ៊ីស្រាអែល​ បាន​ជំរុញ​ឱ្យ​អ៊ីស្រាអែល​គោរព​សេចក្តី​អំពាវនាវ​របស់​អង្គការ​សហប្រជាជាតិ​។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ ក៏​ពេល​នេះ វិស័យ​ការទូត​កំពុង​មាន​សកម្មភាព​ខ្លាំង​ លោក បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​កាតារ ដើម្បី​សាកល្បង​​រក​ធ្នាក់​នាំ​ដល់​បទ​ឈប់​បាញ់​​នោះ បាន​ដាក់​គំនាប​លើ​អ៊ីស្រាអែល​ ឱ្យ​បញ្ចេញ​សកម្មភាព​ច្រើន​ជាង​នេះ ក្នុង​ការ​ការពារ​ជន​ស៊ីវិល។ បើតាម​​លោក​បាន​គីមូន យោធា​អ៊ីស្រាអែល បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ខ្លាំង​នៅ​សង្កាត់ ឆាកហ្សាយ៉ា​ ជាប់​តំបន់​ហ្កាហ្សា រហូត​សម្លាប់​ជីវិត​ជន​ស៊ីវិល​ប៉ាឡេស្ទីន​​អស់​៦០​នាក់ និង​ទាហាន​អ៊ីស្រាអែល ១៣​នាក់។ លោក​បាន​គីមូន នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​កូវ៉េត អេហ្ស៊ីប អ៊ីស្រាអែល​ និង​ដែនដី​អាណានិគម ព្រមទាំង​ប្រទេស​ហ្ស័កដានី នៅ​សប្តាហ៍​នេះ។ រីឯ​លោក​ ចន ឃែរី រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​វិញ​ ក៏​នឹង​ត្រូវ​អញ្ជើញ​ទៅ​ដល់​ប្រទេស​អេហ្ស៊ី​ប​ដែរ ដើម្បី​ពិភាក្សា​ជាមួយ​ក្រុង​គែរ​រក​ដំណោះស្រាយ​ឱ្យ​ជម្លោះ​នៅ​ហ្កាហ្សា (បញ្ឈប់​ការ​បាញ់​រុកកែត​ពី​សំណាក់ពួក​ហាម៉ាស និង​ប្រតិបត្តិការ​យោធា​របស់​អ៊ីស្រាអែល)។

​ចលនា​ហាម៉ាស បាន​ប្រកាស​ចាប់​ខ្លួន​ទាហាន​អ៊ីស្រាអែល​ម្នាក់​

ខាង​អ៊ីស្រាអែល តាម​រយៈ​ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​បដិសេធដំណឹង​នេះ ប៉ុន្តែ​ខាង​យោធា​វិញ បាន​អះអាង​ថា​កំពុង​បើក​អង្កេត​។ ខាង​ហាម៉ាស បាន​ត្រឹម​តែ​បង្ហាញ​អត្តសញ្ញាប័ត្រ​ទាហាន​អ៊ីស្រាអែល ចាប់​ខ្លួន​បាន មិន​បង្ហាញ​រូប​មនុស្ស​ពិត​ទេ ប៉ុន្តែ​ប្រសិន​បើ​ព័ត៌មាន​នេះ ជាការពិត​មែន នោះ​មានន័យ​ថា រូប​ទាហាន​អ៊ីស្រាអែល​ ឈ្មោះ​សូល អារ៉ុន នឹង​ក្លាយ​ជា​អ្នក​ទោស​​អ៊ីស្រាអែល​ទី​មួយ ក្នុង​កណ្តាប់​ដៃ​​ចលនា​ហាម៉ាស​នៅ​តំបន់​ហ្កាហ្សា គិត​ចាប់​ពី​ឆ្នាំ​២០១១​មក។ សូម​បញ្ជាក់​ថា​ កាលពី​ឆ្នាំ​២០១១ អ៊ីស្រាអែល ត្រូវ​បង្ខំ​ចិត្ត​ដោះលែង​អ្នក​ទោសប៉ាឡេស្ទីន ១០០​០​នាក់ ជា​ថ្នូរ​នឹង​ជីវិត​ទាហាន​អ៊ីស្រាអែល​ម្នាក់ ដែល​ពួក​ហាម៉ាស​ចាប់​ខ្លួន​ឃុំ​ទុក​អស់ជាង​៥​ឆ្នាំ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ