អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចរចាអាកាសធាតុ COP២៥ បរាជ័យ ដែលចប់​ទៅដោយមានកិច្ចព្រមព្រៀងតិចតួច

សំឡេង ០៧:៤៦
កិច្ចប្រជុំអាកាសធាតុ COP 25 បានលទ្ធផលសាច់ការដាក់ស្តែងតិចតួច។​
កិច្ចប្រជុំអាកាសធាតុ COP 25 បានលទ្ធផលសាច់ការដាក់ស្តែងតិចតួច។​ REUTERS/Nacho Doce

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក​ Antonio Guterres បាន​សម្តែងការ​សោក​ស្តាយ​ពីថ្ងៃអាទិត្យ​ទី​១៥ធ្នូ​ គឺក្រោយ​ពីប្រជុំ​កំពូល​ស្តីពី​អាកាសធាតុCOP២៥ បិទបញ្ចប់ទៅដោយមានកិច្ចព្រមព្រៀងស្តួចស្តើង​និង​ការ​ប្តេជ្ញាចិត្ត​តិចតួច។ លោក​ Antonio Guterres យល់ថា សហគមអន្តរជាតិ គឺ​ធ្វើ​ឱ្យ​ខកខាន​ឱកាស​ដ៏​ល្អបែបនេះ ដើម្បីសម្រេច​ឱ្យ​បាន​មហិច្ចតា​របស់​ពិភពលោក ក្នុង​ការ​គិតគូរ​ពី​ភព​ផែ​ន​​​ដី​។ គួរ​បញ្ជាក់ថា កិច្ចចរចា​​កំពូល​​ស្តីពី​អាកាសធាតុ COP២៥ នៅ​ប្រទេស​អេស្ប៉ាញ ដែលបិទ​បញ្ចប់ពីថ្ងៃអាទិត្យ​​ ជាមួយ​នឹង​ការ​ពន្យារ​ពេល ស្ទើរពីរ​ថ្ងៃ​ ខុស​ពីការ​គ្រោង​ទុក​ ហើយ​ចប់​ទៅ​ជាមួយ​នឹង​ផល​តិចតួចបំផុត ​ផ្ទុយ​ពី​ការ​រំពឹង​ទុក​។

ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំអាកាសធាតុ​ COP 25 បាន​លទ្ធផល​សាច់​ការដាក់​ស្តែង​​​តិចតួច​បំផុត​។ តើ​មកពីហេតុ​អ្វី?

សាច់​ការ​ជាក់ស្តែង​មិន​សូវ​បាន​ច្រើន តែ​ច្រើន​ខាង​ខក​ចិត្ត​។ អគ្គលេខាធិការអង្គការសហប្រជាជាតិ បាន​ខក​ចិត្ត​ខ្លាំង ចំពោះ​កិច្ចប្រជុំ​កំពូល​លំដាប់ពិភពលោក​នេះ​ ពីព្រោះ លោក Antonio Guterres  ខ្លួន​ឯង យល់ឃើញ​ថា សហគមអន្តរជាតិ បាន​ធ្វើឱ្យខកខានឱកាសដ៏ល្អ ក្នុង​ការគិតគូរពីភពផែនដី។ ទន្ទឹម​នេះ យុវត្តីសកម្មជនវ័យក្មេងខាងអាកាសធាតុ​ជាតិស៊ុយអែត នាង Greta Thunberg  ក៏កត់សម្គាល់ដែរ ថា «កិច្ចប្រជុំរបស់ COP 25 ហាក់កំពុងតែត្រូវធ្លាក់បាក់បែកជាបំណែកៗ។ ហើយ​របកគំហើ​របស់អ្នក​វិទ្យាសាស្ត្ររបញ្ជាក់ពីអាកាធាតុដែលជួបគ្រោះភ័យ ត្រូវគេច្រានចោល»។​

តាម​ពិតទៅ កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP 25 គឺ​ វា​រអាក់រអួលតាំងពីដំបូងម្លេះ។ ប្រទេសប្រេស៊ីល ដែលមានប្រធានាធិបតីថ្មីជាមនុស្សប្រជានិយម មិន​សូវ​ខ្វល់ពីបរិស្ថាន​ បានបដិសេធមិនព្រ​មធ្វើជាម្ចាស់ផ្ទះទទួលរៀបចំកិច្ចប្រជុំកំពូលបែបនេះទេ។ ចំណែក ប្រទេសឈីលី ដែលត្រូវធ្វើជាប្រធានអង្គប្រជុំ ក៏លុបចោលមិន​ទទួល​រៀបចំ​នៅ​ក្នុង​ប្រទេសឈីលីទេ ដោយសារបញ្ហាក្នុងតំបន់ មិនអាចរៀបចំកិច្ចប្រជុំថ្នាក់អន្តរជាតិនេះបានទេ​។ ហើយទីបំផុត ក៏ត្រូវធ្លាក់ទៅលើអេស្ប៉ាញ ដែលបានទទួលធ្វើ។

ម្យ៉ាងវិញទៀត ការប្រជុំចរចាគ្នាដ៏​វែង​ចាប់ពីថ្ងៃទី​២ធ្នូ​រហូតមក​​ គឺ​ត្រូវបិទបញ្ចប់តាំងតែពីថ្ងៃសុក្រមកម្ល៉េះ ក៏ប៉ុន្តែត្រូវពន្យារពេលប្រជុំរហូតដល់ថ្ងៃសោរ៍ ហើយចរចា​ដាច់យប់ ឈានចូលថ្ងៃអាទិត្យម្សិលញ​ថែមទៅទៀត។ តែ​លទ្ធផល​បាក់​មុខ នៅតែជៀសមិនផុត​។

ក្នុង​ការ​ប្រជុំ​មាន​រយៈ​ពេល​ចំនួន​ពីរ​សប្តាហ៍នេះទៀត​សោត​ គឺ​គ្មាន​វត្តមាន​ថ្នាក់​ដឹកនាំប្រទេស​កំពូល​ៗ​ ចូលរួម​នោះទេ ឬក៏ថាគេ​បញ្ចូន​តែអ្នក​​តំណាង​ទៅ​ចូល​​រួមតែ​​ប៉ុណ្ណោះ។​ សម្រេច​សម្រួល​ទៅ រដ្ឋសមាជិក​តែ​ចំនួន​តិចតួច​ប៉ុណ្ណោះ ដែល​បាន​យល់ព្រម​បង្ហាញ​ពី​មហិច្ឆតារបស់ខ្លួន ក្នុង​ការ​ជួយ​ចូលរួម​ចំណែក​ទប់​ស្តាត់​ ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ហើយ​និង​កាត់បន្ថយ​ការ​ប្រើ​ធ្យូង​ថ្ម។

ការ​ទីផ្សារនិងកាត់បន្ថយការប្រើធ្យូងថ្ម ប្រេងសាំង គឺ​ជាប្រធានបទ​រស៊ើប​និង​ក្តៅ​បំផុត នៅក្នុង​កិច្ចប្រជុំ​។ ​ប្រទេស​ធំៗប្រឹងប្រែង​តែ​ការពារ​ប្រយោជន៍​របស់​ខ្លួន​។

ការ​កំណត់វិធានការទូទៅលំដាប់​ពិភពលោក ​ចំពោះការប្រើប្រាស់ធ្យូងថ្ម ប្រេងសាំង និងការចរន្ត​លក់ដូរធ្យូងថ្ម-ប្រេងសាំង នៅក្នុងទីផ្សារអន្តរជាតិ ជាដើម គឺ​ជា​រឿង​លំបាក​បំផុត និងមាន​ការ​ប៉ែង​ជើង​គ្នា​ខ្លាំង​ រវាង​ប្រទេស​​ធំៗ​ ដែលនៅ​​ប្រើប្រាស់​និង​បា​នចំណេញ​សេដ្ឋកិច្ច​ក្នុង​វិស័យ​នេះ​​។

នៅក្នុង​ការ​ចរចា​សរសេរ​កិច្ចព្រមព្រៀង​ពីធ្យូងថ្ម-ប្រេងសាំង ហើយ​និង​ការ​ជជែក​ពី​ការ​កាត់​បន្ថយ​ការ​បំភាយ​បញ្ចេញ​ឧស្ម័ន​នេះ​ គឺ​មាន​ប្រទេស​មួយ​ចំនួន​និងកូន​ប្រទេសតូចៗ ជាង​៨០ ដែល​បាន​ប្តេជ្ញា​ចិត្ត​ ថា​នឹង​ចូលរួម​ឱ្យ​សកម្ម​ក្នុង​រឿង​នេះ ចាប់ពីពេលឥឡូវ​ទៅ​​ឆ្នាំក្រោយ។ ក៏ប៉ុន្តែ យើងត្រូវ​ដឹង​ថា ប្រទេស​ទាំង៨០នោះ បើ​គិតសរុប​បូក​ទៅ គឺគេ​បញ្ចេញ​ឧស្ម័ន​កាបូនិក​ តែ​ជាង​១០,៥ភាគ​រយ​ប៉ុណ្ណោះ​។ ផ្ទុយ​ទៅវិញ ប្រទេស​បញ្ចេញ​ឧស្ម័ន​កាបូនិក​ច្រើន គឺ​ចិន ឥណ្ឌា ជប៉ុន អូស្ត្រាលី ប្រេស៊ីល និង​អាមេរិក គឺ​គ្មាន​បាន​ផ្តល់​សញ្ញាណ​យល់​ព្រម​ខ្លាំងក្លា​ និងការ​​ប្តេជ្ញា​ចិត្ត​ខ្ពស់​ឡើយ។​

​អ្នក​សង្កេតការណ៍​ពីក្នុង​អង្គប្រជុំ បញ្ជាក់ថា​ ប្រទេស​បំភាយ​ឧស្ម័ន​ច្រើន បង្កើត​ទំហំ​សេដ្ឋកិច្ច​ខ្លួន​នោះ គឺ​ច្រើន​តែ​បំពុល​បរិស្ថាន​និងអាកាសធាតុ​ខ្លះ ហើយ​ថែមទាំង​យក​ជើង​រារាំង​ការ​ចរចា ដាក់​សម្ពាធ​ និង​ជំទាស់​ក្នុង​ដំណើរ​ការ​ចរចា​ ប្រសិន​បើ​មា​នឃ្លា​អ្វី​មួយ​ ធ្វើ​ឱ្យ​ខូច​សេដ្ឋកិច្ច​ខ្លួន។

​ជាក់​ស្តែង​​ គឺថា​តំណាង​អ្ន​កចរចា​តំណង​ប្រទេស​ធំៗ​ដែល​យើង​រៀប​រាប់​មុន​នេះ អ្ន​កខ្លះ​  មិនយល់ព្រមព្រៀង​តាម​គ្នា​នោះឡើយ​ ហើយ​អ្នក​ខ្លះទៀត​ នៅពេល​សរសេរ​កិច្ចព្រមព្រៀង​ ពីមួយពាក្យ​ទៅ​មួយ​ពាក្យ, មួយ​ឃ្លា​ទៅមួយ​ឃ្លា គឺ​មាន​ការ​រាំងខ្ទប់​និង​ជំទាស់ ប្រសិន​បើ​សេចក្តី​នៃ​ពាក្យណាមួយ​​នោះ​ វា​អាច​ផ្តល់​ផលប៉ះពាល់​ខាត​ប្រយោជន៍​ប្រទេស​របស់ខ្លួន។ អ្ន​កចរចា​ខ្លះ ថែមទាំង​លើកឡើងថា «គ្មានកិច្ចព្រមព្រៀង ប្រសើរជាងមានកិច្ចព្រមព្រៀងដែរ តែជាកិច្ចព្រមព្រៀងអាក្រក់»។

ចំណុច​មួយ​ទៀត ក្នុង​ការ​ស្នើសុំ​សម្រេច​រកមធ្យោបាយឧបត្ថម្ភដល់ប្រទេសទន់ខ្សោយឱ្យមានលទ្ធភាពនិងសមត្ថភាពទប់ស្ថាត់ការប្រែប្រួលអាកាសធាតុនិងកាត់បន្ថយការ​បញ្ចេញ​ឧស្ម័ន ហើយ​ត្រូវ​ប្រមូល​គៀងគរ​កញ្ចប់​ថវិកា​គាំទ្រ​ពិសេស​បន្ថែមទៀតដើម្បីជួយ​ឧបត្ថម្ភ​ គឺអ្នក​តំណាង​​ប្រទេស​ខ្លះ​ ចង់​សម្រេច​យក​កញ្ចប់​ថវិកា​ បម្រុង​សម្រាប់​ជួយ​ទៅដល់​ប្រទេស​ទាំង​នោះ​។ តែ​អ្នក​តំណាងចរចារបស់អាមេរិក បាន​ប្រកែក។

ឆ្នាំ​២០២០ កិច្ចប្រជុំ​ COP 26 នឹងរៀប​ចំ​​នៅ​​អង់គ្លេស​។ អង់គ្លេស ត្រូវ​ដើរ​ចេញ​ពី​សហភាព​អឺរ៉ុប​ ។​ ដូច្នេះ​ តើ​គេ​សង្ឃឹម​អ្វី​ពីប្រទេស​នៅ​អឺរ៉ុប​?

នៅក្នុង​ដំណាក់​កាល​នេះ​ គ្រប់​គ្នា​កំពុងតែ​ចោល​ភ្នែក​សម្លឹងមើល​ សហភាពអឺរ៉ុប។ សហភាព​អឺរ៉ុប ដែល​មាន​ក្រុម​ការងារ​ក្បាល​ម៉ាស៊ីន​ថ្មី មា​នសុឆន្ទៈ​ប្តេជ្ញា​ចិត្ត​ខ្លាំង​និង​ច្រើន​ ជុំវិញ​បញ្ហា​អាកាសធាតុ​នេះ។ ជាក់​ស្តែង សហភាពអឺរ៉ុប ចង់​ធ្វើ​ជា​គំរូ​នាំមុខ ដោយ​នឹង​ត្រូវ​ដាក់​បង្ហាញ​លាតត្រដាង​កិច្ចព្រមព្រៀង និង​វិធានការ​ជាក់​ស្តែង ដើម្បី​សម្រេច​ឱ្យ​បាន​គោល​បំណង​ កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័នកាបូនិក នៅឆ្នាំ​២០៥០។ ហើយ​នៅ​ឆ្នាំ​ថ្មី ២០២០ខាងមុខ​នេះ ​សហភាព​អឺរ៉ុបបង្ហាញ​ផែន​ការ ជាដំបូង​សិន​ ក្នុង​ការ​កាត់​បន្ថយការ​បញ្ចេញ​ឧស្ម័នកាបូនិក ​ ឱ្យ​នៅតិច​ជាង​៤០ភាគរយពេល​នេះទៅ​ឆ្នាំ​២០៣០។ ផែន​ការ​នេះ នឹង​ត្រូវ​ផ្សាយ​ មិន​ឱ្យ​យូរ​ឡើយ ត្រឹមរដូវ​ក្តៅ​ឆ្នាំក្រោយ​​ នៅអឺរ៉ុប​។​

រឿង​បញ្ហា​អាកាសធាតុ​នេះ ពិភពលោក​ពិសេស​រដ្ឋាភិបាល​នីមួយ​ ត្រូវតែ​ដុតដៃ​ដុត​ជើង​យក​ចិត្ត​ទុក​ ព្រោះ​ជា​រឿង​ភពផែន​ដី​របស់​យើង​ទាំងអស់​គ្នា។ មិន​មែន​តែ​សហភាពអឺរ៉ុប ធ្វើ​ម្នាក់​ឯង អាច​ជួយ​សង្គ្រោះ​ផែន​ដី​ទាំងមូល​នោះទេ។

របាយការណ៍​របស់​អ្ន​កវិទ្យាសាស្ត្រ! អាកាសធាតុ នឹងកើនកំណើនកម្តៅ រហូតដល់៤ទៅ៥អង្សារ ពីពេលនេះ រហូតដល់ឆ្នាំ២១០០។ ហើយបើទោះបី គ្រប់ប្រទេសហត្ថលេខី​នៃ​កិច្ចព្រមព្រៀងស្តីពីអាកាសធាតុក្រុងប៉ារីស សម្រេច​គោរព​បាន​តាម​គោល​ដៅ កាត់​បន្ថយ​កម្តៅ​អាកាសធាតុ​ក្រោម​២អង្សា​រ​ ក៏ពិតមែននោះ បើតាមតែសន្ទុះរាល់ថ្ងៃនេះ អាកាសធាតុក៏នឹងកើនក្តៅលើសពី៣អង្សារដែរ​ ។

ដូច្នេះ ​សួរ​ថា ប្រទេស​នីមួយៗ​ប្រឹង​រក​មា​នបាន​ខាង​សេដ្ឋកិច្ច​ខ្លាំងពេក រហូត​ដល់​ស្ទើរតែ​ធ្វើ​ឲ្យ​ផែន​ដី​ត្រូវ​ឆេះ​ខ្លោច តើ​គេ​យក​លុយ​នោះ ទៅចាយ​នៅទីណា? តើ​ប្រឹង​រក​លុយ​នោះ​មកធ្វើ​អ្វី បើ​ដឹង​ថា អនាគត​ទៅ ផែន​ដី​ត្រូវ​ជួប​គ្រោះភ័យ​ ហើយ​យើង​គ្មាន​ជីវិត​សម្រាប់​ចាយ? ហើយបើ​​អនាគត​កូន​ចៅ​ ក៏​នឹងគ្មាន​បរិស្ថាន​អាកាសធាតុ​ល្អ​សម្រាប់​រស់នៅ ផង​នោះ​​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ