អានតួអត្ថបទ
កូរ៉ូណា-OMS

អង្គការ​សុខភាព​ពិភពលោក ៖ គ្មាន​ថ្នាំព្យាបាលកូរ៉ូណាវីរុសបានជា​​សះស្បើយ​​នៅឡើយ​ទេ​!

បុគ្គលិកសុខាភិបាល​របស់​ចិន នៅ​ខេត្ត​ហូពេ
បុគ្គលិកសុខាភិបាល​របស់​ចិន នៅ​ខេត្ត​ហូពេ China Daily via REUTERS

ថ្ងៃពុធ ទី​៥កុម្ភៈ ​អង្គការសុខភាពពិភពលោក បាន​បញ្ជាក់​ជាថ្មី​ថា «គ្មានថ្នាំ​​ព្យាបាលមេរោគ​កូរ៉ូណាថ្មី ឱ្យ​បាន​ជាសះស្បើយ នៅឡើយទេ!»។ ការ​អះអាង​របស់​អង្គការសុខភាពពិភពលោកនេះ គឺជាការ​ឆ្លើយ​តប​នឹង​បណ្តាញ​ព័ត៌មាន​អន្តរជាតិ​ជាច្រើន ដែល​ធ្លាប់ចុះ​​ផ្សាយព័ត៌មាន​មិន​ពិត​ថា មានករណី​​ព្យាបាល​មាន​ប្រសិទ្ធភាព​និង​ជាសះស្បើយ ជាដើម​​។​  គិត​ត្រឹម​ថ្ងៃពុធទី​៥កុម្ភៈ នៅស្រុក​ចិន​ មាន​ចំនួន​អ្ន​កស្លាប់​ប្រមាណ​ជា​៥០០នាក់ហើយ​អ្នក​ឆ្លង​កូរ៉ូណាវីរុសថ្មី បាន​កើនឡើង​ដល់​ទៅ​ជាង​២ម៉ឺន​៤ពាន់​នាក់។ 

ផ្សាយពាណិជ្ជកម្ម

«គ្មានថ្នាំ​​ព្យាបាលមេរោគ​កូរ៉ូណាថ្មី ឱ្យបាន​​ជាសះស្បើយនៅឡើយទេ ​ក្នុង​ខណៈ​ពេល​នេះ​!» នេះ​គឺជាកា​អះអាង​របស់​អង្គការសុខភាពពិភពលោក ដែលត្រូវចុះផ្សាយ​ដោយ​ភ្នាក់​ Reuters និង AFP។ ​​ជាការ​ឆ្លើយ​តប​ទៅនឹង​បណ្តាញ​ផ្សព្វ​ផ្សាយ​ជាច្រើន​នៃប្រទេស​ផ្សេងៗគ្នា ដែល​បញ្ជាក់​ថា គេ​រក​ឃើញ​វិធី​ព្យាបាលអ្ន​កឆ្លង​មេរោគ​​កូរ៉ូណាថ្មី បាន​ជាសះស្បើយ​។ ឧទាហរណ៍ ទូរទស្សន៍​ CGTN បាន​ផ្សាយដោយ​ដក​ស្រង់​សម្តី​របស់​​ក្រុម​អ្ន​កស្រាវជ្រាវ​នៅ​សកលវិទ្យាល័យ​មួយ​ ក្នុងខេត្ត​​ Zheijian ថា​បាន​រក​ឃើញ​របៀប​ព្យាបាល​ប្រឆាំង​វីរុស​កូរ៉ូណា​ថ្មី​ យ៉ាង​មាន​ប្រសិទ្ធភាព។ ទូរទស្សន៍​​ Sky News របស់​អង់គ្លេស​ ក៏​ធ្លាប់​បាន​ផ្សាយដែរ​​ថា អ្ន​កស្រាវជ្រាវ​​បាន​រកឃើញមធ្យោបាយ​​យ៉ាង​ប្រសើរ​ក្នុង​ការ​ផលិត​​វ៉ាក់​សាំង។​ នៅ​ស្រុក​ថៃវិញ​  រដ្ឋ​មន្ត្រី​សុខាភិបាល​ថៃ  បាន​ប្រកាស​ប្រាប់​អ្ន​កកាសែត​ថា ពេទ្យ​ថៃ​រក​ឃើញរបៀប​​វិធី​​ផ្សំថ្នាំ​​ព្យបាល​អ្ន​កជំងឺ​ចិន​ម្នាក់ បាន​​ជាសះស្បើយ។

ក្រោយ​ការ​បដិសេធ​របស់​​អង្គការសុខភាពពិភពលោក, ទូរទស្សន៍​រដ្ឋ​ផ្លូវ​ការ​របស់​ចិន CCTV ក៏​បាន​ចេញ​មក​អះអាង​ជាថ្មី​ច្រាល​​ចោល​ករណី​ Chine Nouvelle ​កាសែត​ចិនថ្មី ដែល​ធ្លាប់​បាន​ផ្សាយ​ថា មា​នទារក​ម្នាក់​ កើត​ចេញពី​ម្តាយ​ដែល​មាន​ផ្ទុក​រោគ​កូរ៉ូណាថ្មី ហើយ​​កើត​កូន​មក មិន​ឃើញ​ឆ្លងមេរោគ​។ ក៏ប៉ុន្តែ  ទូរទស្សន៍​រដ្ឋ​ផ្លូវ​ការ​របស់​ចិន CCTV បញ្ជាក់ថា ទារកនោះ នៅពេល​នេះ​ គឺ​ពិត​ជាបាន​​ឆ្លងមេរោគ​កូរ៉ូណា​ថ្មី​​ពីម្តាយ តាំងពី​នៅ​ក្នុង​ពោះមក​ម្ល៉េះ។  តែ​​ពេល​នេះ សុខភាព​របស់​ទារក​អាយុ​ជាង​ពីរថ្ងៃនេះ គឺ​នៅ​«​នឹងនរធម្មតានៅឡើយទេ»។

សូម​ជ្រាប​ដែរថា មេរោគ​ផ្លូវ​ដង្ហើម​ថ្មី កូរ៉ូណាវីរុ​ស 2019-nCoV បាន​ផ្ទុះ​ចេញ​ពីក្រុង​វូហាន ខេត្តហូពេ​របស់​ចិន ហើយ​ពេល​នេះ វា​បានឆ្លង​រីក​​រាលដាល​ដល់​ជិត​៣០ប្រទេស​ហើយ នៅលើពិភពលោក។

ង្គការសុខភាពពិភពលោក ពីក្រុង​ហ្សឺណែវ បាន​ប្រកាស​រក​ជំនួយ​ថវិកា ប្រមាណ​៦៧៥លាន​ដុល្លារ សម្រាប់​ទប់​ទល់​នឹង​ស្ថានការណ៍​មេរោគ​ សម្រាប់​រយៈពេល​៣​​ខែ​ទៅមុខ។

នៅ​រុស្ស៊ីវិញ ប្រធានាធិបតី​ ពូទីន បាន​ស្នើ​​ឱ្យ​បិទ​ឱសថស្ថាន​​ណា ដែល​ដំឡើង​ថ្លៃ​ម៉ាស់​​ និង​ទឹក​ថ្នាំ​សម្លាប់​មេរោគ។ លោក ពូទីន ថា «ជាការ​ងាយ​ទេ គឺ​​ត្រូវ​ដក​អាជ្ញាបណ្ណ​របស់​ឱសថស្ថានទាំងនោះតែម្តង​»​​ ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ