អានតួអត្ថបទ
កូរ៉ូណាថ្មី

ចិន ​ថា​នឹង​ធ្វើ​តេស្ត​វ៉ាក់សាំង​បង្ការ​មេរោគកូរ៉ូណាថ្មី នៅ​ខែ​មេសា​

Coronavirus / Covid-19 Virus
Coronavirus / Covid-19 Virus Photo : wuhan

នៅ​ថ្ងៃ​សុក្រទី​២១កុម្ភៈ ប្រទេស​ចិន បាន​​ប្រកាស​ ថា​អុ្នក​វិទ្យាសាស្ត្រ​របស់​ខ្លួន ​នឹង​អាចចាប់​ផ្តើម​​ធ្វើ​តេស្ត​វ៉ាក់សាំង​បង្ការ​មេរោគផ្លូវ​ដង្ហើម​ថ្មី ដោយ​ពិសោធ​ចាក់វ៉ាក់សាំង​​ក្នុង​ខ្លួន​អ្នក​ជំងឺ​ នៅ​ខែ​មេសា។ សេចក្តី​​ប្រកាស​ពី​ចំណាត់​ការ​​ពន្លឿន​ការ​រុករក​វ៉ាក់​សាំង​ប្រឆាំង​​មេរោគ​ផ្លូវ​ដង្ហើម​នេះ គឺទន្ទឹម​នឹង​​ការ​ផ្ទុះ​ក្តីបារម្ភ​កាន់តែ​ខ្លាំង​ ដ្បិតថា ចំនួន​អ្នក​ឆ្លង​ថ្មី​និងអ្នក​ស្លាប់ បាន​កើន​ឡើន​​ជាថ្មី​ទៀតយ៉ាងច្រើន​ នៅ​ថ្ងៃ​សុក្រ។

ផ្សាយពាណិជ្ជកម្ម

នៅ​ចិន​ដីគោក គ្រាន់​តែ​២៤ម៉ោង​ចុងក្រោយ​នេះ មានអ្នក​ឆ្លង​ថ្មី ជិត​៩០០នាក់​។ ចំនួន​នេះ​បានស្ទុះ​​កើន​ឡើង​ បើ​ធៀប​នឹង​ថ្ងៃ​ព្រហស្បត្តិ៍ ទី​២០កុម្ភៈ​​ ដែល​មាន​អ្នក​ឆ្លងថ្មី​តែជាង​៦០០នាក់​ប៉ុណ្ណោះ​។ ក្តីបារម្ភ​ថ្មីទៀត​ គឺ​មេរោគ​កូរ៉ូណាថ្មី បាន​ផ្ទុះ​ការរីករាល​ដាល​​ចម្លង​ថ្មី ទៅដល់​ក្នុង​ពន្ធនាគារមួយចំនួនរបស់​ចិន​ គឺចម្លងដល់​អ្នក​ទោស​ជាប់​ឃុំ​ ចំនួន​ជាង​៤០០នាក់ ហើយ​គ្រាន់តែ​មន្ទីរឃុំឃាំងមួយ​​ក្នុង​ខេត្ត​ហ៊ូពេ​ មាន​អ្នក​ជាប់​ឃុំ​ឆ្លងមេរោគកូរ៉ូណា​ថ្មី​ ​ចំនួន​ជាង ២០០នាក់។

ក្តីបារម្ភខ្លាំង សម្រាប់​ប្រទេស​ជិត​ខាង​ចិន គឺ​កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន ដែល​ស្ទើរតែត្រូវ​គេ​ចាត់ទុកថា ជា​ជង្រុកទីពីរ បន្ទាប់ពី​ចិន​នៅ​វូហាន​។ នៅក្នុង​មួយ​ថ្ងៃ​សុក្រ​  ​កូរ៉េ​ខាង​ត្បូង មានចំនួន​អ្នក​ឆ្លង​កូរ៉ូណា​ថ្មី ជាង​៥០នាក់។ ចំណុច​រសើ​ប​ខ្លាំង គឺនៅ​វិហារ​សាសនាគ្រិស្ត​មួយ​កន្លែង​ ដែល​មាន​អ្នក​ផ្ទុះ​មេរោគ​ផ្លូវ​ដង្ហើម​ចំនួន​ជាង​៨០​នាក់​។ វិហារ​នេះ មាន​បរិស័ទ​ជា​​ច្រើនរយនាក់​​ទៅ​បួង​សួង ដូច្នេះហើយ ចៅហ្វាយខេត្ត​ Gaegu ស្នើ​ឱ្យ​ពលរដ្ឋ​ក្នុង​ខេត្ត​ ​ជាង​២លាន​៥នាក់ ស្នាក់​នៅ​ផ្ទះ​សិន បើ​អាច​ធ្វើ​ទៅបាន។ ប្រធានាធិបតី​​កូរ៉េ​ខាង​ត្បូង លោក ម៉ូន​ចៃ​អ៊ីន ស្នើឱ្យ​បើក​ការ​អង្កេត​ស៊ីជម្រៅ​មួយ និងធ្វើតេស្ត​រកមេរោគ​ចំពោះ​គ្រិស្តបរិស័ទ​ដែលបាន​​ទៅ​សូត្រ​ធម៌​នៅ​វិហារ​នោះ។ កូរ៉េខាងត្បួង​បារម្ភខ្លាំង ព្រោះ​ស្ត្រីចំណាស់ម្នាក់​ ជាង​៦០ឆ្នាំ បា​នស្លាប់​កាលពីពុធ នៅ​តែ​ជាង​៣០០គីឡូម៉ែត្រ​ប៉ុណ្ណោះ ពីរដ្ឋធានី​សេអ៊ូល។​

ក្តីបារម្ភ​ចំពោះ​ជប៉ុនវិញ គឺជប៉ុន​​ព្រួយ​ខ្លាំង បន្ទាប់ពី​ការ​ស្លាប់​របស់​ស្ត្រីម្នាក់​និង​បុរស​ម្នាក់ ដែល​ចុះ​ពីនាវា​ Diamond Princess។ នាវានេះ​ផ្ទុះ​មនុស្ស​ជាង​៦០០នាក់​​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ