អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

CoVid-១៩ឆ្លង​គ្រប់​ទ្វីប​ហើយ តែ​ការ​«ប្រកាសអាសន្នអន្តរជាតិ» មិនទាន់​មានទេ​

សំឡេង ០៦:៣៤
ពេទ្យ​នៅស្រុក​ចិន​
ពេទ្យ​នៅស្រុក​ចិន​ STR / AFP

CoVid-១៩ ឬ មេរោគកូរ៉ូណាថ្មី កំពុងបន្តបង្កើនល្បឿននៅក្នុងលោក។ ក្រៅពីប្រទេសចិនដែលមានការថយល្បឿនបន្តិច CoVid-១៩ កំពុងសម្លាប់ និងឆ្លងយ៉ាងលឿននៅកូរ៉េខាងត្បូង អ៊ីរ៉ង់ និងប្រទេសអ៊ីតាលី។ រហូតមកពេលនេះ អង្គការសុខភាពពិភពលោក បានប្រកាសអាសន្នពី«ការប៉ះពាល់ដល់សុខភាពសាធារណៈ» តែបន្តអល់អែក​ប្រកាសពី«ជំងឺឆ្លងរាតត្បាតនៅទូទាំងពិភពលោក»។

ផ្សាយពាណិជ្ជកម្ម

ក្រៅពីប្រទេសចិន មាន​ប្រទេស​បីបួន ដែល​គេ​កំពុង​សម្លឹង​មើល និងព្រួយ​ខ្លាំង

នៅទ្វីបអាស៊ី គឺកូរ៉េខាងត្បូងនិងជប៉ុន ដែលរងគ្រោះខ្លាំង។ កូរ៉េខាងត្បូង មានស្លាប់ជិត១០នាក់ ហើយមានអ្នកឆ្លង ជិត៩០០នាក់ ដែលធ្វើឱ្យគេចាត់ទុកថា កូរ៉េខាងត្បួង ជាជង្រុកផ្តុំមេរោគកូរ៉ូណាទី២បន្ទាប់ពីចិន​។ ប្រទេជប៉ុនវិញ នៅថ្ងៃអង្គារ ទី​២៥កុម្ភៈ​ បានប្រកាសថា ពីមរណភាពរបស់អ្នកដំណើរទី៤ ដែលនៅឆ្លងរោគ នៅលើនាវា Diamond Princess។ នៅតំបន់មជ្ឈិមបូព៌ាវិញ គឺ អ៊ីរ៉ង់ មានសកម្មភាពដុនដាបខ្លាំង ស្លាប់មនុស្សជាង១០នាក់។

នៅទ្វីបអឺរ៉ុបវិញ អ៊ីតាលី ជាប្រទេសទី១នៅសហភាព​អឺរ៉ុប ដែលកំពុងព្រួយខ្លាំងជាងគេ ដោយមាន​អ្ន​កឆ្លង​ ជាង​២៨០នាក់​ (ត្រឹមរសៀល​ថ្ងៃ​ទី​២៤កុម្ភៈ)។

នៅ​អ៊ីតាលី ស្ថានការណ៍​ធ្ងន់​ និងគួរ​ឱ្យ​ព្រួយ​ កើតមាន​នៅ​ភាគ​ខាងជើង​នៃផ្ទៃ​ប្រទេស ដែល​កំពុង​ធ្វើ​ទុក្ខ​ដល់ប្រជុំ​ជន​ក្រុង ​ ​ជាង​១០​។ នៅ​ក្នុង​នោះ​ សាលារៀន សកលវិទ្យាល័យ ហាង​ទំនិញ ហាង​បាររង្គសាល​ ភោជនីយដ្ឋាន រោងល្ខោន រោង​កុន សារៈមន្ទីរ​​ ជាច្រើន​ផង បា​នបិទទ្វារ តាំងពី​ថ្ងៃ​សុក្រ ទី​២១កុម្ភៈ​មកម្ល៉េះ​។ ​មហោស្រព​តាំងពិព័រណ៌​វ៉ែនតា​លំដាប់​ពិភព​លោកនៅ​ភាគ​ខាងជើង​អ៊ីតាលីនោះ ក៏​បា​នប្រកាស​បិទ​ ហើយ​​ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡា ​ក៏​បានត្រូវ​លើកពេល​វេលា។

តំបន់​ភាគ​ខាងជើង​អ៊ីតាលី ជាកន្លែងបណ្តុំ​ដោយ​រោង​ចក្រ​ និង​ការ​ផលិត​ទំនិញ​សម្រាប់​នាំចេញ។ ពេល​ដែល​ត្រូវ​រាតត្បាល​ដោយ​មេរោគ​កូរ៉ូណា​យ៉ាងនេះ ធ្វើ​ឱ្យ​មាន​ក្តី​ព្រួយ​បារម្ភ​ចំពោះ​សេដ្ឋកិច្ច​អ៊ីតាលី​​ ពីព្រោះថា តំបន់​នេះ គឺ​អាច​​តំណាងឱ្យ​៣០ភាគ​រយ​នៃ​ PIB ផលិតផល​ក្នុង​ស្រុក​សរុប ហើយ​៤០ភាគរយ នៃកន្លែងរោងចក្រ ជា​តំបន់​ល្បី​ខាង​សហគ្រាស សេវាកម្ម​ និង​ សិល្បៈ​ច្នៃម៉ូត​ជាដើម។ មិនតែប៉ុណ្ណោះ អ៊ីតាលី​ ដែល​ជាប្រទេស​ពេញនិយម​ខាង​ដំណើរ​ទេសចរណ៍ផង​នោះ​ នៅថ្ងៃ​​នេះ​ សមាគម​សហព័ន្ធ​​ទេសចរណ៍ បាន​ប្រកាស​ថា នា​ប៉ុន្មា​នថ្ងៃចុងក្រោយ​នេះ វិស័យ​​ទេសចរណ៍អ៊ីតាលី បានដាំក្បាល​​ធ្លាក់​ចុះ ប្រមាណ​​៣០ភាគរយ ហើយ​ខាត​បង់​លុយ​ ប្រហែល​ ៥ពាន់​លាន​ដុល្លារ​អាមេរិក តែក្នុង​មួយ​រំពេចសោះ​។ នេះគ្រាន់តែ​គិត​ក្នុង​ផ្នែក​ទេសចរណ៍​មួយ​ទេ​។

​អ្នក​នយោបាយ​បារាំង​ខ្លះថា​គួរ​តែ​បិទ​ព្រំ​ដែន​ជាមួយ​អ៊ីតាលី​ផង។ តើ​រឿងនេះ​យ៉ាងណា​ម៉េច​ទៅ​ ?

ការ​​បិទព្រំដែន​ជាមួយ​អ៊ីតាលី គឺ​រឿងដែល​ហាក់​ដូច​ជា​ជ្រុល​ពេក ហើយ​មិន​ទាន់​ដល់​ថ្នាក់​ហ្នឹង​ទេ។ នេះគឺជាការ​បញ្ជាក់​របស់​រដ្ឋមន្ត្រីសុខាភិបាល​បារាំង Olivier Véran នៅ​វិទ្យុ​បារាំ​ង RTL នៅ​ថ្ងៃ​ទី​២៥កុម្ភៈ។ ជាការពិត អ៊ីតាលី ប្រទេស​កៀក​ជាប់​ប្រទេស​បារាំងមែន ហើយ ​អ៊ីតាលី ជារដ្ឋ​សមាជិក​​សហភាព​អឺរ៉ុប ដែល​មាន​កិច្ចព្រ​មព្រៀង​ដើរ​ហើរ​ចរាចរណ៍​ដោយ​សេរី នៅក្នុង Etat Schengen រង្វង់​២៦ប្រទេស ​នៅ​អឺរ៉ុប​។ ហេតុនេះ ការ​បិទព្រំដែន ជារឿង​ដែល​គេ​មិន​អាច​គិត​ទៅដល់​នោះឡើយ​ក្នុង​ដំណាក់​កាល​នេះ។​

ក៏ប៉ុន្តែ នៅ​ចំពោះ​មុខ គេ​ត្រូវ​​ប្រមូល​ពួត​ដៃគ្នា ដោះស្រាយ​បញ្ហា​ដ៏​អាសន្ន​ធំនេះ​​។ រសៀល​នៅ​នេះ នៅរដ្ឋធានី​​រ៉ូមប្រទេស​អ៊ីតាលី​ ​មាន​បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​សុខាភិបាលអឺរ៉ុប​​។​ រដ្ឋមន្ត្រី​សុខាភិបាល​របស់​​បារាំង ​ស្វីស អូទ្រីស ស្លូវ៉ាគី ក្រូអាត អាល្លឺម៉ង់ និង​មន្ត្រី​របស់​សហភាព​អឺរ៉ុប នឹង​ជួប​ប្រជុំ​គ្នា​ ដើម្បី​រក«​មធ្យោបាយ​រួម​មួយ» ទប់​ទប់​នឹង​ការ​រីករាល​ដាល​មេរោគ​ផ្លូវ​ដង្ហើម​ នៅ​ក្នុង​ក្រប​ខណ្ឌ​​សហភាព​អឺរ៉ុប​តែម្តង។

មេរោគ​កូរ៉ូណាថ្មី​ ​នេះ បាន​ឆ្លង​និង​រាល​ដាល​គ្រប់​ទ្វីប​ទាំង​អស់​ទៅហើយ​ ក៏ប៉ុន្តែ​ អង្គការ​សុខភាព​ពិភពលោក នៅតែហាក់​ដូច​ជា​រារែក ​មិន​ទាន់​«ប្រកាស​អាសន្ន​​ថ្នាក់​អន្តរជាតិ»​​នៅឡើយទេ។ តើ​ហេតុអ្វី​បាន​ជាដូច្នេះ?​

នា​កន្លងមក អង្គការ​សុខភាពពិភពលោក​ ធ្លាប់​បាន​អះអាង ​ថា «មេរោគកូរ៉ូណា ​គំរាមកំហែង​ខ្លាំង​ដល់ សុខភាព​សាធារណៈ ក្នុង​ពិភពលោក»។ ​ក៏ប៉ុន្តែ ​​អគ្គនាយក​ប្រធានអង្គការ​​សុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus ដែល​បាន​អះអាង​ប្រាប់​អ្នក​កាសែត​ពីក្រុង​ហ្សឺណែវ ថ្ងៃចន្ទ ទី​២៤កុម្ភៈ ថា ពាក្យ​ «ការ​ប្រកាសអាសន្នអន្តរជាតិ» ឬជាភាសា​បារាំង​ហៅថា​ Pandémie  គឺនៅ​មិនទាន់​ដល់​ស្ថានភាព​នេះនៅឡើយទេ។ បើ​តាម​ហេតុផល​សំអាងរបស់​ប្រធានអង្គការ​សុខភាពពិភពលោក  ការ​សន្មត់​និង​វាយ​តម្លៃ​ថា ការ​រាតត្បាល​នៃ​កូរ៉ូណាវីរុស ជាការ​ «ការ​ប្រកាសអាសន្នអន្តរជាតិ» ឬ​ Pandémie   គឺ​នៅ​មិនទាន់​ដល់​កម្រិត​នេះ​នៅឡើយទេ ពី​ព្រោះ​កម្រិត​រង​គ្រោះ​និងហានិភ័យ​​ ​នៅ​មិនទាន់​ស្មើ​និង​មាន​ទំហំ​ដូច​ករណី​ជំងឺ​គ្រុន​ផ្តាសាយ​ H1N1 នៅឡើយដែរ។​ ដូច្នេះ​ ក្នុង​ដំណាក់​នេះ គេ​មិនទាន់​អាច​ប្រើ​ពាក្យ​ ​ Pandémie  ចំពោះ​កូរ៉ូណាវីរុស នោះទេ។

ប្រសិន​បើ​ អង្គការ​សុខភាព​ពិភពលោក ប្រកាស​«អាសន្នអន្តរជាតិ» មែននោះ គឺ​​មាន​ន័យ​ថា អន្តរជាតិ នឹងត្រូវ​លើកទឹកចិត្តឲ្យ​​ប្រមូល​រួម​កម្លាំង​គ្នា ​ជាពិសេស ហិរញ្ញវត្ថុ សម្រាប់​ការស្រាវជ្រាវ វ៉ាក់សាំង ក៏ដូចជា​ការព្យាបាល​អ្នកជំងឺ ដោយសារ​កូរ៉ូណាវីរុស។  រាល់ថ្ងៃ​នេះ ​វិធានការ​ទប់​ស្កាត់ឬ​ការ​បង្ការ​ ​ចេញតែពី​ប្រទេស​នីមួយៗតែរៀងៗខ្លួន​​សិន នៅមិនទាន់​មាន​ចំណាត់​ការ​ជា​សហគមន៍អន្តរជាតិ​ នៅឡើយ​ទេ​​។

ចំពោះ​អ្ន​កវិភាគ​និងអ្នក​ជំនាញ​​ជាច្រើននាក់ យល់ថា បើ​ទោះបីជា ​អង្គការ​សុខភាពពិភពលោក ហាក់​រារែក​ក្នុង​ការ«ការ​ប្រកាសអាសន្នអន្តរជាតិ» ​ Pandémie ក៏ប៉ុន្តែ​ អាច​នឹង​មិន​យូរ​ទេ​ វា​អាច​នឹង​ឈាន​ដល់​ដំណាក់​កាល​នោះ មិន​ខាន ប្រសិន​បើ​មេរោគនេះ នៅតែ​រាតត្បាល​ខ្លាំង​ដូច​សព្វថ្ងៃនេះទៀត​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ