អានតួអត្ថបទ
កេនយ៉ា- អ.ស.ប

សហភាព​អាហ្វ្រិក​សុំអោយ​អ.ស.ប​ ព្យួរ​សវនាការ​កាត់ទោស​ប្រធានាធិបតី​និង​អនុប្រធានាធិបតី​កេនយ៉ា​

កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​​ ក្នុង​ពេល​កន្លងមក
កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​​ ក្នុង​ពេល​កន្លងមក REUTERS/Lucas Jackson

នៅថ្ងៃ​សុក្រ​នេះ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាសជាតិ​​​បើកកិច្ចពិភាក្សា​ពិនិត្យ​សេចក្តីសំរេច​​របស់​សហភាព​​​អាហ្វ្រិក ដែល​បាន​ដាក់​សុំ​អោយ​អង្គការ​សហប្រជាជាតិ​​ ​ព្យួរ​សវនាការ​កាត់ទោស​ប្រធានាធិបតី​ និង​អនុប្រធានាធិបតី​កេនយ៉ា រយៈពេល​មួយឆ្នាំ។ កន្លងមក​ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​​​ចោទប្រកាន់មេដឹកនាំ​​​​​កេនយ៉ា​ទាំងពីររូបនេះ​ ពីបទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ។ ការ​សុំអោយព្យួរ​សវនាការ​កាត់ទោស​នេះ ប្រហែល​ជា​ពិបាក​នឹង​អនុម័ត​ណាស់ ដោយសារ​តែបណ្តា​ប្រទេស​អាហ្វ្រិក​ ​ខ្វះសម្លេងគាំទ្រ​​ ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

ផ្សាយពាណិជ្ជកម្ម

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាសជាតិ​​បាន​បើកកិច្ចពិភាក្សា​ពិនិត្យ​សេចក្តីសំរេច​របស់​សហភាព​​​អាហ្វ្រិក នៅថ្ងៃសុក្រ​នេះ។ ជា​សេចក្តីសំរេច​​​​​សុំ​អោយ​អង្គការ​សហប្រជាជាតិ​​ ​ព្យួរ​សវនាការ​កាត់ទោស​​ប្រធានាធិបតី​កេនយ៉ា​ និង​អនុប្រធានាធិបតី​កេនយ៉ា រយៈពេល​មួយឆ្នាំ។ ប្រទេស​រ៉ូវ៉ាន់ដា​ជាអ្នកការពារ​សេចក្តីសំរេចនេះ។ រ៉ូវ៉ាន់ដា​ជា​សមាជិក​មិនអចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ​​ ប៉ុន្តែ​ មិនមែន​​ជាប្រទេសហត្ថលេខី​​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ទេ។

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ចោទ​ប្រកាន់​​ប្រធានាធិបតី​កេនយ៉ា​​​ អ៊ូហ៊ូរូ កេនយ៉ាត់តា​ដែល​ទើបជាប់ឆ្នោត​ នៅ​ដើមឆ្នាំ​២០១៣ និង​​អនុប្រធានាធិបតី​​កេនយ៉ា ​ វីល្លីយ៉ាំ រុតូ ពី​បទ​ឧក្រិដ្ឋ​ប្រឆាំង​​មនុស្ស​ជាតិ ក្នុង​អំឡុង​វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត​ ចុង​ឆ្នាំ ២០០៧។ អំពើហិង្សា​នយោបាយ​កាលណោះ បានសំលាប់​​មនុស្ស​ជាង១ពាន់នាក់។

ការពិភាក្សា​គ្នា​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នៅថ្ងៃ​សុក្រ​​នេះ​ប្រៀបបាន​នឹង​ការប្រកួត​​​រវាង​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ និង​បណ្តាប្រទេស​អាហ្វ្រិក​ដូច្នោះដែរ។ កន្លងមក ​មេដឹកនាំ​អាហ្វ្រិក​ធ្លាប់​បានបើក​កិច្ចប្រជុំ​ធំ​មួយ បរិហារ​រិះគន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ថាជា​ឧបករណ៍​នយោបាយ​បំរើ​ប្រទេស​ស្បែកស​ និង​​​រើសអើង​​​ពូជសាសន៍​ ដោយ​កាត់ទោស​តែ​មេដឹកនាំ​អាហ្វ្រិក។ 

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​អាចសំរេច​លើកការព្យួរសវនាការ​កាត់ទោស​រយៈពេល​មួយឆ្នាំ​បាន ប្រសិន​បើ​សវនការ​នេះ​ជាការគំរាម​ដល់​សន្តិសុខ​អន្តរជាតិ។ សហភាព​អាហ្វ្រិក​គិតថា សវនាការ​នេះ​​​ជាការ​រាំងស្ទះ​កាតព្វកិច្ច​ប្រធានាធិបតី និង​អនុប្រធានាធិបតី​កេនយ៉ា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​​ក្រុម​ប្រដាប់អាវុធ​អ៊ីស្លាម​​នៅប្រទេស​សូម៉ាលី ពិសេស​បន្ទាប់​ពី​មាន​អំពើភេរវកម្ម​នៅ​អគារពាណិជ្ជកម្ម​ក្រុងណៃរ៉ូប៊ី​ថ្មីៗ​នេះ​រួចមក។​

ក្រុមប្រឹក្សា​សន្តិសុខ​ អង្គការ​សហប្រជាជាតិ​​ ប្រហែល​​ពិបាក​​​អនុម័ត​សេចក្តីសំរេច​សុំព្យួរទោស​នេះ​ណាស់ ព្រោះថា​បណ្តា​ប្រទេស​អាហ្វ្រិក​​ខ្វះសម្លេងគាំទ្រ​​ច្រើន។ ក្នុង​ចំណោម​សមាជិក​១៥ប្រទេស​នៃ​​ក្រុមប្រឹក្សា​សន្តិសុខ សមាជិក​៧ប្រទេស​​ជា​ប្រទេស​ហត្ថលេខី​នៃ​​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ។ ម្យ៉ាងទៀត​ អាមេរិក​ក៏​​​ជំទាស់​សេចក្តីសំរេច​របស់​សហភាព​អាហ្វ្រិក​​​នេះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ