អានតួអត្ថបទ
កូតឌីវ័រ

អតីត​ប្រធានា​ធិបតី​កូតឌីវ័រ​ត្រូវបាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ចោទ​ប្រកាន់​ជា​ផ្លូវការ

ឡូរ៉ង់ត៍ បាក់បូ នៅតុលាការព្រហ្មទណ្ឌ​អន្តរជាតិ ក្រុងឡាអេ​ ខែកុម្ភះ ឆ្នាំ​២០១៣
ឡូរ៉ង់ត៍ បាក់បូ នៅតុលាការព្រហ្មទណ្ឌ​អន្តរជាតិ ក្រុងឡាអេ​ ខែកុម្ភះ ឆ្នាំ​២០១៣ AFP PHOTO/ POOL/ MICHAEL KOOREN

អ្នក​នាំ​ពាក្យ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ បាន​ថ្លែង​ឲ្យដឹង​ថា តុលាការ​នេះ​បាន​សម្រេច​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ផ្លូវការ ទៅលើ​លោក ឡូរ៉ង់ត៍ បាក់បូ អតីត​ប្រធានាធិបតី​ប្រទេស​កូតឌីវ័រ ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ ដែល​បាន​សម្លាប់​មនុស្ស​ប្រមាណ​ជា​៣០០០នាក់ ក្នុង​ការ​ប្រទាញប្រទង់​ដណ្តើម​អំណាច​ដោយ​អំពើ​ហិង្សា ក្រោយ​ការបោះឆ្នោត​កាលពី​ ខែវិច្ឆិកា ឆ្នាំ២០១០។

ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​បាន​ធ្វើ​ការ​សិក្សា​លើ​សំណុំ​រឿង តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ បាន​​សម្រេច​ជា​ផ្លូវការ​ ថានឹង​ធ្វើការ​ចោទ​​ប្រកាន់ លើ​រូប​លោក​អតីត​ប្រធានាធិបតី ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ។ តុលាការ​បាន​ធ្វើ​ការ​ដាក់​បន្ទុក​ចំនួន​បួន លើ​រូប​លោក បាក់បូ។ បទ​ចោទ​ប្រកាន់​ទាំង​នោះ​ បាន​ចោទ​ថា លោក​បាក់បូ ព្រម​ទាំង​ក្រុម​បក្សពួក​ខ្លួន បាន​បញ្ជា និង​ញុះញង់​ក្រោម​គ្រប់​រូបភាព​ទាំងអស់ ឲ្យ​ប្រព្រឹត្តិ​អំពើ​មនុស្សឃាតុ រំលោភ​សេពសន្ថវៈ អំពើ​អមនុស្ស និង​តាម​គំរាម​កំហិតកំហែង​មនុស្ស​ដោយ​ខុស​ច្បាប់។

 
ក្រុម​មេធាវី​ការពារ​លោក​បាក់បូ បាន​ធ្វើ​បណ្តឹង​ទាស់ ដោយ​បាន​ចោទ​បក​ទៅ​រដ្ឋអជ្ញា​ដែល​បាន​ស៊ើបអង្កេត​សំណុំ​រឿង​នេះ ថា​បាន​រក​តែ​ភស្តុតាង​ដាក់​បន្ទុក ហើយ​មិន​បាន​រក​ភស្តុតាង​ផ្ទុយ​ បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់​លោក​បាក់បូ​ទេ។ ទោះ​ជា​យ៉ាង​ណា បណ្តឹង​ទាស់​នេះ​ត្រូវ​បាន តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ច្រាន​ចោល ដោយ​បាន​លើក​ឡើង​ថា ភាគី​ចុងចោទ​មិន​បាន​បញ្ជាក់​ឲ្យបាន​ច្បាស់ នូវ​ចំនុច​ដែល​បញ្ជាក់​ថា រដ្ឋ​អជ្ញា​មាន​ការ​លម្អៀង។

សូម​រំលឹក​ថា លោក​ឡូរ៉ង់ត៍ បាក់បូ ត្រូវបាន​គេ​សង្ស័យ​ថា បាន​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា កាប់​សម្លាប់​ប្រជាជន ប្រមាណ​ជា​៣០០០នាក់ ក្រោយ​ការ​បោះឆ្នោត ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១០ នៅ​ប្រទេស​កូតឌីវ័រ។ ការ​បោះឆ្នោត​ដែល​កាលនោះ លោក​បាក់បូ បាន​ទទូល​បរាជ័យ។ ឡូរ៉ង់ត៍ បាក់បូ បាន​ចោទ​ប្រកាន់​ប្រទេស​បារាំង និង​អង្គការ​សហប្រជាជាតិ​ថា​បាន​ឃប់ឃិត​គ្នា​ជាមួយ​លោក អ៊ូអាតារ៉ា ក្នុង​ការ​ប្លន់​អំណាច​ពី​លោក។

បន្ទាប់​ពី​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខែ​មេសា​ឆ្នាំ២០១១ លោក​ ឡូរ៉ង់ត៍ បាក់បូ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​ នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅ​ក្រុង​ឡាអេ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​ដដែល។ បទ​ចោទ​ប្រកាន់​ជា​ផ្លូវការ​នា​ពេល​នេះ នឹង​អនុញ្ញាត​ឲ្យ ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បង្កើត​អង្គ​ជំនុំជំរះ​បឋម​មួយ​ ដើម្បី​បើក​សាវនាការ​កាត់ទោស​លោក ឡូរ៉ង់ត៍ បាក់បូ។ អ្នក​នាំ​ពាក្យ​តុលាការ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក៏​មាន​ភស្តុតាង​ដាក់​បន្ទុក​លើ​ ភរិយា​របស់​លោក​បាក់បូ និង ជំនិត​របស់​លោក​បាក់បូ​ម្នាក់​ទៀត​ឈ្មោះ ប្លេហ្គូដេ ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ