អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រទេស​ស៊ីមបាវ៉េ​កំពុង​ទទួល​ការគំរាមកំហែង​ដោយ​វិបត្តិ​ស្បៀងអាហារ​ជា​ថ្មី

សំឡេង ០៤:៤១
កសិករ​ស៊ីមបាវ៉េ​ម្នាក់​កំពុងកាប់ដី​ក្នុង​ចំការពោត
កសិករ​ស៊ីមបាវ៉េ​ម្នាក់​កំពុងកាប់ដី​ក្នុង​ចំការពោត

នៅ​ប្រទេស​ស៊ីមបាវ៉េ លោក​ប្រធានាធិបតី​រ៉ូប៊ែរ មូហ្គាបេ​បាន​សន្យា​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ទំាង​អស់ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​រីកចម្រើន​ទៅ​មុខ​ឆាប់រហ័ស។ ការ​សន្យា​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​អត្រា​អ្នក​អត់ការងារ​ធ្វើ​មាន​រហូត​ដល់​ទៅ​ជាង ៨០% និង​ចំ​ពេល​ដែល​វិបត្តិ​ស្បៀងអាហារ​បាន​និង​កំពុង​គំរាមកំហែង​​ប្រទេស​ស៊ីមបាវ៉េ​ជា​ថ្មី។

ផ្សាយពាណិជ្ជកម្ម

បើ​គ្មាន​ជំនួយ​ជា​បន្ទាន់​ចាប់​ពី​ពេល​នេះ ទៅ​ដល់​រដូវ​ច្រូតកាត់​នៅ​ខែ​មេសា ឆ្នំា ២០១៤ ខាង​មុខ​ទេ មាន​ប្រជាជន​ស៊ីមបាវ៉េ​ជា​ច្រើន​នឹង​ជួប​ប្រទះ​នឹង​កង្វះ​អាហារ​បរិភោគ​ប្រចំា​ថ្ងៃ។ កម្មវិធី​ស្បៀងអាហារ​ពិភពលោក​បាន​ទទួល​ស្គាល់​ថា វិបត្តិ​ខ្វះ​ស្បៀងអាហារ​សម្រាប់​ប្រជាជន​ស៊ីមបាវ៉េ ពិត​ជា​រឿង​មួយ​គួរ​ឲ្យ​បារម្ភ​ក្រែលែង និង​ថា​វិបត្តិ​នេះ​អាច​នឹង​ជាប់​ពាក់ព័ន្ធ​មនុស្ស​ចំនួន ២លាន ២សែន​នាក់ ពោល​គឺ​មួយ​ភាគ​បួន​នៃ​ចំនួន​ប្រជាជន​ស៊ីមបាវ៉េ​ដែល​រស់នៅ​តាម​ជនបទ។ យោង​តាម​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ដដែល ចំនួន​នេះ​មាន​ការ​កើន​ឡើង​រហូត​ដល់​ទៅ ៣២% ឯណោះ​បើ​ធៀប​នឹង​ឆ្នំា ២០១២-២០១៣។ គឺ​ជា​អត្រា​មួយ​ដ៏​ខ្ពស់​ដែល​ប្រទេស​ស៊ីមបាវ៉េ​មិន​ធ្លាប់​ជួប​ប្រទះ​ទេ​នា​រយៈពេល​ប៉ុន្មាន​ឆ្នំា​ចុង​ក្រោយ​នេះ។

មាន​មូលហេតុ​ជា​ច្រើន​ដែល​អាច​បញ្ជាក់​ពី​វិបត្តិ​កង្វះ​ស្បៀងអាហារ​នៅ​ក្នុង​ប្រទេស​ស៊ីមបាវ៉េ រដូវ​ភ្លៀងធ្លាក់​មាន​ការ​យឺតយ៉ាវ តម្លៃពូជដំណំា​ឡើង​ថ្លៃ​ដែល​បង្ខំ​ឲ្យ​ប្រជាកសិករ​កាត់​បន្ថយ​ការ​ដំាដុះ​របស់​ខ្លួន ពិសេស​ដំណំាពោត​ដែល​ជា​អាហារ​មូលដ្ឋាន​របស់​ប្រជាជន​ស៊ីមបាវ៉េ​ទូទៅ។ ទន្ទឹម​គ្នា​នេះ នៅ​មាន​មូលហេតុ​មួយ​ចំនួន​ទៀត​ដែល​អាច​បញ្ជាក់​ពី​វិបត្តិ​កង្វះ​ស្បៀងអាហារ​នៅ​ស៊ីមបាវ៉េ ពិសេស​គឺ​ការ​ប្រែប្រួល​ធាតុអាកាស។ តំាង​ពី​ឆ្នំា ២០០១ មក ប្រទេស​ស៊ីមបាវ៉េ​បាន​ជួប​ប្រទះ​នឹង​ភាព​រំាងស្ងួត​ចំនួន ៧ដង ក្នុង​នោះ​ធ្ងន់ធ្ងរ​ចំនួន ៤ដង។ ប៉ុន្តែ​តំាង​ពី ២ឆ្នំា​កន្លង​ទៅ​នេះ និង​ដើម្បី​ចូល​រួម​កាត់បន្ថយ​ការ​ពឹង​ផ្អែក​លើ​ជំនួយ​ស្បៀងអាហារ​បរទេស ព្រម​ទំាង​ការ​ធ្វើ​អាជីវកម្ម​ប្រវះ​នឹង​មេឃ​របស់​ប្រជាកសិករ​ស៊ីមបាវ៉េ កម្មវិធី​ស្បៀងអាហារ​ពិភពលោក​បាន​រៀបចំ​បណ្តាញ​ម៉ាស៊ីនបូម​ទឹក​នៅ​ក្នុង​ស្រុក-ភូមិ​ចំនួន ២០០ នៅ​ទូទំាង​ប្រទេស​ស៊ីមបាវ៉េ។

សម្រាប់​អង្គការ​ក្រៅរដ្ឋាភិបាល​មួយ​ចំនួន​ដែល​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ស៊ីមបាវ៉េ​វិញ ពួក​គេ​ក៏​បាន​កត់សម្កាល់​ឃើញ​ពី​ស្ថានភាព​ធ្ងន់ធ្ងរ​ដូច​គ្នា​ដែរ តែ​ហាក់​ដូច​ជា​មិន​បាន​យល់​ស្រប​តាម​តួលេខ​ដែល​លើក​ឡើង​ដោយ​អង្គការ​ស្បៀងអាហារ​ពិភពលោក​ទំាង​ស្រុង​នោះ​ទេ។ សម្រាប់​ពួក​គេ ចំនួន​ប្រជាជន​ស៊ីមបាវ៉េ ២លាន ២សែននាក់​ដែល​នឹង​ជួប​វិបត្តិ​ខ្វះ​អាហារ​បរិភោគ គឺ​ជា​តួលេខ​មួយ​ដែល​ហាក់​ដូច​ជា​មាន​ការ​បំប៉ោង​ជ្រុលហួសហេតុ ព្រោះ​ថា ក្រៅ​ពី​ការ​នំា​ចូល​ស្បៀងអាហារ រួម​ផ្សំ​នឹង​ជំនួយ​ស្បៀងអាហារ​ពី​បរទេស នៅ​មាន​វិធី​ដោះស្រាយ​ផ្ទាល់​ខ្លួន​ផ្សេង​ទៀត​របស់​ក្រុមគ្រួសារ​ស៊ីមបាវ៉េ​ដើម្បី​បំពេញ​ការ​ខ្វះខាត ដូច​យ៉ាង​ការ​លក់​បសុសត្វ ឬមួយ​ក៏​ការ​ប្រមូល​ផល​មុន​រដូវ​ជា​ដើម ពិសេស​ការ​បរិភោគ​ពោតខ្ចី។

ដោយឡែក មាន​ក្រុមអ្នកឯកទេស​មួយ​ចំនួន​មិន​ញញើត​នឹង​ចោទ​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ថា បាន​បំប៉ោង​តួលេខ​នៃ​ចំនួន​ប្រជាជន​ស៊ីមបាវ៉េ​ខ្វះ​អាហារ​បរិភោគ​ក្នុង​គោលបំណង​ដើរ​ប្រមែប្រមូល​លុយកាក់​បន្ថែម​ទៀត​ពី​បរទេស។ ជា​ចម្លើយ​តប​វិញ អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់​របៀប​នេះ​ថា គ្មាន​ភស្តុតាង​ត្រឹមត្រូវ និង​ថា បើ​គ្មាន​ជំនួយ​ពី​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ទេ ម្ល៉េះ​ប្រជាជន​ស៊ីមបាវ៉េ​បាន​ស្លាប់​ដោយ​ការ​អត់ឃ្លាន​អស់​បាត់​ទៅ​ហើយ​នា​រយៈពេល​ប៉ុន្មាន​ឆ្នំា​ចុង​ក្រោយ​នេះ។

យ៉ាង​ណា​ក៏​ដោយ ការ​គំរាមកំហែង​ដោយ​វិបត្តិ​ស្បៀងអាហារ​ជា​ថ្មី​នៅ​ក្នុង​ប្រទេស​ស៊ីមបាវ៉េ​ពេល​នេះ បាន និង​កំពុង​ផ្តល់​សម្លេង​ជាថ្មី​ឲ្យ​ក្រុមប្រឆំាង​នឹង​កំណែទម្រង់​ដីធ្លី​របស់​លោក​ប្រធានាធិបតី​រ៉ូប៊ែរ មូហ្គាបេ។ លោក​មូហ្គាបេ​ដែល​បាន​កាន់​តំណែង​នេះ​តំាង​ពី​ឆ្នំា ១៩៨០ និង​ដែល​ទើប​ជាប់​ឆ្នោត​ជា​ថ្មី​នា​ការ​បោះឆ្នោត​បង្កប់​ដោយ​ការ​កេងបន្លំ​កាល​ពី​ថ្ងៃទី៣១ កក្កដា​កន្លង​ទៅ។ តំាង​ពី​ឆ្នំា ២០០០ មក​ម្ល៉េះ ដែល​លោក​មូហ្គាបេ​បាន​ផ្តើម​ធ្វើ​កំណែទម្រង់​ដីធ្លី​យ៉ាង​ស៊ីជម្រៅ​ដោយ​បាន​រឹបអូស​យក​ដីធ្លី​ពី​ម្ចាស់​ជា​ជនជាតិ​ស្បែក ស ទៅ​ចែក​ឲ្យ​ប្រជាកសិករ​ស៊ីមបាវ៉េ​ស្បែក​ខ្មៅ។ ជា​ការ​រឹបអូស​យក​ទទេ ដោយ​លោក​មូហ្គាបេ​មិន​បាន​ផ្តល់​សំណង​ទៅ​ឲ្យ​ម្ចាស់​ជា​ជនជាតិ​ស្បែក ស​ឡើយ។

ទង្វើ​របស់​លោក​មូហ្គាបេ​យ៉ាង​ដូច​នេះ គឺ​ក្នុង​គោលដៅ​ដើម្បី​ធ្វើ​ឲ្យ​មាន​សមភាព​នៅ​ក្នុង​សង្គម​មួយ​ដែល​បន្សល់​ទុក​ដោយ​កេរដំណែល​សល់​ពី​សម័យ​អាណានិគមនិយម​​អង់គ្លេស។ តែ​បញ្ហា​នៅ​ត្រង់​ថា កង្វះ​ចំណេះដឹង និង​ថវិកា​របស់​ពួកស្បែក ខ្មៅ​ក្នុង​ការ​បន្ត​ធ្វើ​អាជីវកម្ម​លើ​ដីដំាដំណំា​ទំាង​នោះ បាន​ធ្វើ​ឲ្យ​ផលិតកម្ម​កសិកម្ម​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក។ បច្ចុប្បន្ន កម្រិត​ផលិកម្ម​នៅ​ស៊ីមបាវ៉េ​បាន​វិល​ទៅ​រក​កម្រិត​មួយ​ដែល​គេ​ធ្លាប់​ស្គាល់​កាល​ពី​ឆ្នំា ១៩៩០។ តើ​ត្រូវ​ធ្វើ​ដូចម្តេច​ទើប​អាច​ជួយ​ឲ្យ​ផលិតកម្ម​របស់​ប្រជាកសិករ​ស៊ីមបាវ៉េ​មាន​ការ​កើន​ឡើង​ជា​ថ្មី​នោះ ?

សម្រាប់​គ្រូបង្រៀន​ជនជាតិ​អង់គ្លេស​ម្នាក់​ផ្នែក​សេដ្ឋកិច្ច​នៅ​សាលា School of Economics គេ​ត្រូវ​តែ​ជួយ​ជា​ចំណេះដឹង និង​ថវិកា​ដល់​ប្រជាកិសករ​ស៊ីមបាវ៉េ​ដើម្បី​ទិញ​គ្រាប់ពូជ​ល្អៗ ដូច​ដែល​ប្រជាកសិករ​ស្បែក ស​ធ្លាប់​បាន​ធ្វើ​កន្លង​មក។ តែ​បញ្ហា​នៅ​ចំពោះ​មុខ​នា​ពេល​នេះ ធនាគារ​មិន​ឲ្យ​ប្រជាកសិករ​ខ្ចីលុយ​ធ្វើ​ដើម រីឯ​រដ្ឋ​ទៀត​សោត ក៏​គ្មាន​លុយ​ដែរ៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ