អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិ​នយោបាយ​ថៃ៖ក្រុម​អាវលឿង និង​ក្រុម​អាវក្រហម​កំពុង​បន្ត​ហែកហួរ​គ្នា

សំឡេង ០៨:១៦
លោក​ស៊ូថេប មេបាតុករ​អាវលឿង ក្នុង​ថ្ងៃទី៩ ឧសភា ២០១៤
លោក​ស៊ូថេប មេបាតុករ​អាវលឿង ក្នុង​ថ្ងៃទី៩ ឧសភា ២០១៤ Reuters

នៅ​ក្នុង​ប្រទេស​ថៃ វិបត្តិ​នយោបាយ​បាន​ឈាន​មក​ដល់​ផ្លូវកែង​មួយ​ដោយ​នៅ​ថ្ងៃ​សុក្រ ទី៩ ឧសភា​នេះ ក្រុម​បាតុករ​អាវលឿង​ដែល​ដឹកនំា​ដោយ​លោក​អតីត​ឧបនាយករដ្ឋមន្រ្តី​ស៊ូថេប​បាន​ចុះ​ផ្លូវ​ធ្វើ​មហាបាតុកម្ម​ដែល​ពួក​គេ​ហៅ​ថា ជា​ទឹកផ្តាច់ព្រ័ត្រ​ចុង​ក្រោយ។ រីឯ​ក្រុម​អាវក្រហម​ឯណោះ​ក៏​បាន​ត្រៀម​ខ្លួន​នឹង​ចេញ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​សៅរ៍ ទី១០ ឧសភា​ស្អែក។ ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ក្រុម​អាវលឿង និង​អាវក្រហម​ពេល​នេះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​តុលាការធម្មនុញ្ញ​បាន​ដក​លោកស្រី​យីងឡាក់​ចេញ​ពី​តំណែង​នាយករដ្ឋមន្រ្តី​ចំាផ្ទះ និង​ក្រោយ​ពី​គណៈកម្មការ​ប្រឆំាង​អំពើពុករលួយ​ទើប​បាន​ចោទ​លោកស្រី​យីងឡាក់​ពី​បទ​ធ្វេសប្រហែស​នៅ​ក្នុង​កម្មវិធី​ជំនួយ​ដែល​រដ្ឋាភិបាល​បាន​ទិញ​ស្រូវ​ពី​ប្រជាកសិករ​ក្នុង​តម្លៃ​ខ្ពស់​ជាង​តម្លៃ​ទីផ្សារ។

ផ្សាយពាណិជ្ជកម្ម

ក្បួន​បាតុកម្ម​របស់​ក្រុម​អាវលឿង​ថ្ងៃ​នេះ ក៏​មិន​ខុស​អ្វី ពី​ក្បួន​បាតុកម្ម​មុនៗ​ដែល​ពួក​ប្រឆំាង​រដ្ឋាភិបាល​មួយ​នេះ​បាន​រៀបចំ​តំាង​ពី ៦ខែ​កន្លង​មក។ តែ​អ្វី​ដែល​ប្លែក​បន្តិច​នៅ​លើក​នេះ គឺ​ថា មេ​បាតុករ គឺ​លោក​ស៊ូថេប​បាន​ឆ្លៀត​យក​ឱកាស​នេះ​ដើម្បី​អំពាវនាវ​ឲ្យ​មាន​ការ​ប្រឆំាង​នឹង​ប្រព័ន្ធ​ដឹកនំា​មួយ​ដែល​បន្សល់​ទុក​ដោយ​លោក​អតីត​នាយករដ្ឋមន្រ្តី​ថាក់ស៊ីន។ អ៊ីចឹង​ហើយ​បាន​ជា​គេ​សង្កេត​ឃើញ​ថា ក្រៅ​ពី​ពួក​អាវលឿង ក៏​មាន​ប្រជារាស្រ្ត​ថៃ​ផ្សេង​ទៀត​ដែល​ប្រឆំាង​នឹង​លោក​ថាក់ស៊ីន។ ក្រុម​បាតុករ​អាវលឿង​បាន​នំា​គ្នា​បុកទម្លាយ​ចូល​ក្នុង​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន ពិសេស​ទូរទស្សន៍​រដ្ឋ​ដោយ​អហិង្សា និង​មិន​បាន​រំខាន​ដល់​កម្មវិធី​ផ្សាយ​ទេ។ ថ្លែង​នៅ​ចំពោះ​មុខ​ហ្វូង​បាតុករ លោក​ស៊ូថេប​បាន​អំពាវនាវ​ឲ្យ​ក្រុមបាតុករ​បោះ​ទីតំាង​ដេក​នឹង​កន្លែង​រហូត​ដល់​ទម្លាក់​រដ្ឋាភិបាល​បាន ពិសេស​អំពាវនាវ​ឲ្យ​ប្រជារាស្រ្ត​ថៃ​ទូទៅ​ចូលរួម​ជាមួយ​ខ្លួន​ក្នុង​ការ​ឈូសឆាយ​ស្លាកស្នាម​បាតជើង​របស់​លោក​ថាក់ស៊ីន។ យ៉ាង​ណា​ក៏​ដោយ កម្លំាង​ប៉ូលិស​បាន​បើក​អន្តរាគមន៍​វាយបង្រ្កាប​ដោយ​ប្រើ​គ្រាប់បែក​បង្ហូរ​ទឹកភ្នែក និង​កាណុង​បាញ់ទឹក​ដែល​បាន​បណ្តាល​ឲ្យ​មាន​របួស​ជា​ច្រើន​នាក់។

គ្រោះថ្នាក់​ចំពោះ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​អាវលឿង និង​អាវក្រហម

នៅ​ថ្ងៃ​សៅរិ៍ ទី១០ ឧសភា ពួក​អាវក្រហម​ដែល​គំាទ្រ​លោក​ថាក់ស៊ីន​នឹង​ចូល​មក​ទីក្រុង​បាងកក​ដើម្បី​ធ្វើ​បាតុកម្ម​គំាទ្រ​គណបក្ស​ភឿថៃ និង​លោកស្រី​យីងឡាក់​ដែល​ទើប​ត្រូវ​បាន​តុលាការធម្មនុញ្ញ​ដក​ចេញ​ពី​តំណែង។ ព្រឹត្តិការណ៍​ដែល​គ្រប់​គ្នា​កំពុង​បារម្ភ​ខ្លំាង​នោះ គឺ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ក្រុម​អាវលឿង និង​ក្រុម​អាវក្រហម ព្រោះ​ចូរ​កុំ​ភ្លេច​ថា តំាង​ពី​ពួក​អាវលឿង​បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆំាង​រដ្ឋាភិបាល​ក្នុង​រយៈពេល ៦ខែ​កន្លង​ទៅ គេ​កម្រ​ឃើញ​ពួក​អាវក្រហម​ចូល​មក​ទីក្រុង​បាងកក​ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆំាង​នឹង​ពួក​បាតុករ​អាវលឿង​ណាស់។ រដ្ឋអំណាច​បាន​ដាក់​ពង្រាយ​កម្លំាង​ប៉ូលិស និង​ទាហាន​សរុប​មាន​គ្នា​ជាង ២០ ០០០នាក់ ដើម្បី​ប្រឈម​ទប់​នឹង​ការ​ផ្ទុះ​អំពើហិង្សា​ជា​យថាហេតុ​ណា​មួយ។ អ្នក​ទទួល​ខុស​ត្រូវ​អាវក្រហម​ម្នាក់​បាន​ថ្លែង​ថា ពួក​គេ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ប្រយុទ្ធ ដោយ​ព្យាយាម​ចៀសវាង​ការ​ប្រើ​អំពើហិង្សា។

សូម​ជម្រាប​ជូន​ថា ពិត​មែន​តែ​លោកស្រី​យីងឡាក់​ត្រូវ​បាន​តុលាការធម្មនុញ្ញ​ដក​ចេញ​ពី​តំណែង​នាយករដ្ឋមន្រ្តី​ចំា​ផ្ទះ​ក្តី  ក៏​រដ្ឋាភិបាល​នៅ​តែ​បន្ត​ដឹក​នំា​ដោយ​គណបក្ស​ភឿថៃ និង​ដែល​នាយករដ្ឋមន្រ្តី​ចំាផ្ទះ​ថ្មី​ដែល​ចូល​ជំនួស​កន្លែង​លោកស្រី​យីងឡាក់ គឺ​លោក​នីវ៉ាត់ទំរ៉ុង ប៊ូនសុងប៉ៃសាន​ក៏​ជា​មនុស្ស​ជំនិត​ម្នាក់​របស់​លោក​ថាក់ស៊ីន​ដែរ។ សម្រាប់​ពួក​អាវលឿង ការ​ខ្ទាត​ចេញ​ពី​តំណែង​របស់​លោកស្រី​យីងឡាក់​គ្រាន់​តែ​ជា​ជោគជ័យ​មួយ​ជ្រុង​ប៉ុណ្ណោះ ព្រោះ​អ្វី​ដែល​ពួក​គេ​ចង់​បាន​នៅ​ទឹក​ចុង​ក្រោយ​នោះ គឺ​ការ​ទម្លាក់​រដ្ឋាភិបាល​សព្វ​ថ្ងៃ ដោយ​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​ដែល​លោក​ស៊ូថេប​ហៅ​ថា « ក្រុមប្រឹក្សាប្រជាជន » ដោយ​មិន​ចំា​បាច់​បោះឆ្នោត។ តែ​គណបក្ស​ភឿថៃ​ធ្លាប់​បាន​បញ្ជាក់​រួច​ហើយ​ថា ខ្លួន​មិន​អាច​ទទួល​យក​រដ្ឋាភិបាល​ណា​មួយ​ដែល​បាន​បង្កើត​ឡើង​ផ្ទុយ​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ទេ។

ជីវិត​នយោបាយ​របស់​ក្រុមគ្រួសា​ស៊ីណាវ៉ាត់​នឹង​ត្រូវ​ចប់​ត្រឹម​នេះ?

វត្តមាន​របស់​លោក​ថាក់ស៊ីន​ក្នុង​ឆាកនយោបាយ​ថៃ​ក្នុង​ឆ្នំា ២០០១ បាន​ធ្វើ​ឲ្យ​គណបក្ស​របស់​លោក​ជាប់ឆ្នោត​នៅ​គ្រប់​ការ​បោះឆ្នោត​តំាង​ពី​ឆ្នំា ២០០១។ តែ​គួរ​ឲ្យ​អភ័ព្វ ឬ​មួយ​ក៏​ថា​ជា​ល្បិច​នយោបាយ តំណែង​នាយករដ្ឋមន្រ្តី​ត្រូវ​បាន​គេ​តាម​ទម្លាក់​ជា​បន្តបន្ទាប់។ លោក​ថាក់ស៊ីន​ខ្លួន​ឯង​ត្រូវ​បាន​គេ​ធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់​ក្នុង​ឆ្នំា ២០០៦ បន្ទាប់​មក បងថ្លៃ​របស់​លោក គឺ​លោក​ស៊ុមឆៃ វ៉ុងសាវ៉ាត​ក៏​ត្រូវ​បាន​តុលាការធម្មនុញ្ញ​ទម្លាក់​ក្នុង​ឆ្នំា ២០០៨ ឥឡូវ​នេះ​ទៀត ប្អូនស្រី​របស់​លោក គឺ​លោកស្រី​យីងឡាក់​ក៏​ត្រូវ​បាន​តុលាការធម្មនុញ្ញ​ដដែល​ទម្លាក់​ដែរ។

តែ​នេះ​មិនមែន​មាន​ន័យ​ថា ជា​ការ​បិទបញ្ចប់​ឥទ្ធិពល​របស់​ក្រុមគ្រួសារ និង​បក្សពួក​ស៊ីណាវ៉ាត់​នៅ​ក្នុង​ឆាកនយោបាយ​ថៃ​ទេ ព្រោះថា ឥទ្ធិពល និង​ប្រជាប្រិយភាព​របស់​ត្រកូល​ស៊ីណាវ៉ាត់ មិន​មែន​មាន​តែ​នៅ​លើ​សមាជិក​របស់​គ្រួសារ​ស៊ីណាវ៉ាត់​មួយ​គត់​ឯណា តែ​វា​បាន​សាបព្រោះ និង​កំពុង​ចាក់ឫស​យ៉ាង​ជ្រៅ​ទៅ​លើ​គណបក្ស​ដែល​ជា​ក្រុមបក្ស​ពួក​របស់​លោក​ថាក់ស៊ីន ពិសេស​ប្រជារាស្រ្ត​ថៃ​ដែល​នៅ​មិន​ទាន់​អាឡោះអាល័យ​ពី​លោក​ថាក់ស៊ីន។ គួរ​ជម្រាប​ជូន​ថា ប្រជាប្រិយភាព​របស់​លោក​ថាក់ស៊ីន​បាន​មក​ពី​ការ​អនុវត្តន៍​នយោបាយ​ជួយ​លើក​ដំកើន​ជីវភាព​រស់នៅ​របស់​ប្រជារាស្រ្ត​ថៃ​ក្រីក្រ រស់នៅ​តាម​ជនបទ ពិសេស​នៅ​ប៉ែក​ឦសាន។ តាម​តួលេខ​របស់​ធនាគារ​ពិភពលោក​ឲ្យ​ដឹង​ថា ចំណូល​ជា​មធ្យម​របស់​ប្រជាជន​នៅ​ទីនោះ​បាន​កើន​ឡើង ៤៦% នៅ​ក្នុង​សម័យ​គ្រប់គ្រង​របស់​លោក​ថាក់ស៊ីន។

ដូច្នេះ គេ​ពិបាក​នឹង​កំចាត់​ឲ្យ​សូន្យសឹង​នូវ​ឥទ្ធិពល​របស់​លោក​ថាក់ស៊ីន​នៅ​ក្នុង​ឆាកនយោបាយ​ថៃ។ តែ​វា​ដូច​ជា​ពិបាក​បន្តិច​សម្រាប់​សមាជិក​គ្រួសារ​ត្រកូល​ស៊ីណាវ៉ាត់​ក្នុង​ការ​ត្រឡប់​មក​កាន់​តំណែង​កំពូល​ជា​ថ្មី។ ដូច​ករណី​លោកស្រី​យីងឡាក់ ព្រឹទ្ធសភា​កំពុង​សិក្សា​លើ​បណ្តឹង​របស់​គណៈកម្មការ​ប្រឆំាង​អំពើ​ពុករលួយ​ដែល​ចោទ​លោកស្រី​ពី​បទ​ធ្វេសប្រហែស​នៅ​ក្នុង​កម្មវិធី​ជំនួយ​ទិញ​ស្រូវ​ពី​ប្រជាកសិករ​ក្នុង​តម្លៃ​ថ្លៃ​ជាង​តម្លៃ​ទីផ្សារ។ លោកស្រី​អាច​នឹង​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ៥ឆ្នំា។

កងទ័ព​ជា​អ្នក​មាន​អំណាច​ខ្លំាង​នៅ​ក្នុង​ប្រទេស​ថៃ

វិបត្តិនយោបាយ​ថៃ ជា​វិបត្តិច្រំ​ដែល​តំាង​ពី​ក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ថាក់ស៊ីន​ក្នុង​ឆ្នំា ២០០៦។ តំាង​ពី​ពេល​នោះ​មក ថៃ​បាន​ផុង​ខ្លួន​ចូល​ក្នុង​វិបត្តិ​មួយ​ដែល​គ្មាន​ច្រក​ចេញ។ សង្គមថៃ​ត្រូវ​បាន​ពុះចែក​ជា​ពីរ នៅ​ម្ខាង គឺ​ពួក​អាវលឿង​ដែល​សុទ្ធសឹង​ជា​អ្នកចេះដឹង​រស់ក្នុង​ទីក្រុង មាន​ទំនោរ​រក​រាជានិយម និង​កងទ័ព នៅ​ម្ខាង​ទៀត គឺ​ពួក​អាវក្រហម​ដែល​សុទ្ធសឹង​ជា​អ្នកស្រែ ក្រីក្រ​រស់នៅ​តាម​ទីជនបទ។ រវាង​គូបដិបក្ខ​ទំាង​ពីរ គ្មាន​នរណា​ម្នាក់​យល់ព្រម​ធ្វើ​សម្បទាន និង​អត់អោន​ឲ្យ​គ្នា​ទេ។ នៅ​ពេល​ដែល​ពួក​អាវក្រហម​ឡើង​កាន់​អំណាច ពួក​អាវលឿង​រក​រឿង​ទម្លាក់ ដល់​ពេល​ពួកអាវលឿង​ទទួល​បាន​អំណាច​ម្តង ពួក​អាវក្រហម​ក៏​ចេញ​សងសឹក​ទម្លាក់​វិញ។

ដូច្នេះ និង​ដើម្បី​ទប់ស្កាត់​សេណារីយ៉ូ​ច្រំដែល​របៀប​នេះ គឺ​មាន​តែ​កងទ័ព​ទេ​ដែល​អាច​ចូល​ខ្លួន​មក​ធ្វើ​ជា​អាជ្ញាកណ្តាល​ដោយ​រង់ចំា​ដំណោះស្រាយ​សមស្រប​ណា​មួយ​ដែល​អាច​ទទួល​យក​បាន​ទំាង​អស់​គ្នា។ ដូច​គ្រប់​គ្នា​បាន​ដឹង​ហើយ​ថា កងទ័ព​ជា​អ្នក​ដែល​មាន​អំណាច​ខ្លំាង​ជាង​គេ​នៅ​ក្នុង​ប្រទេស​ថៃ។ គ្រាន់​តែ​ក្នុង​រយៈពេល ៨១ឆ្នំា ថៃ​បាន​ស្គាល់​រដ្ឋប្រហារ​យោធា ឬ​មួយ​ក៏​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​យោធា​ចំនួន ១៨ដង។ ចុង​ក្រោយ​គឺ​ការ​ទម្លាក់​លោក​ថាក់ស៊ីន​ក្នុង​ឆ្នំា ២០០៦។ តែ​មក​ដល់​ពេល​នេះ កងទ័ព​បាន​ព្យាយាម​រក្សា​ជំហរ​អព្យាក្រឹត។ តែ​មេទ័ព​ថៃ​លោក ប្រាយុទ្ធ ចាន់អូចា​ធ្លាប់​បាន​បញ្ជាក់​រួច​ហើយ​ថា កងទ័ព​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ធ្វើ​អន្តរាគមន៍ បើ​ចំាបាច់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ