អានតួអត្ថបទ
នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ប្រភេទ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ក្នុង​ច្បាប់​ខ្មែរ

សំឡេង ០៨:៣៦
សេង ឌីណា
សេង ឌីណា ©RFI

នៅក្នុង​នាទីយល់ដឹង​ពី​ច្បាប់ នៅថ្ងៃនេះ សេង ឌីណា សូម​លើកឡើង អំពី​ប្រភេទ​នៃ​ក្រុមហ៊ុន​ពាណិជ្ជកម្ម នៅ​ក្នុង​ច្បាប់​ខ្មែរ ។ តើ​សហគ្រាស​ពាណិជ្ជកម្ម អាច​បង្កើតឡើង ក្នុង​ទម្រង់ណា​ខ្លះ? ទម្រង់នីមួយៗ​មាន​លក្ខណៈ​ខុសគ្នា​ត្រង់ណាខ្លះ ហើយ​​មាន​គុណសម្បត្តិ និង​គុណវិបត្តិ​អ្វីខ្លះ?

ផ្សាយពាណិជ្ជកម្ម

តាមច្បាប់ ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម ឆ្នាំ​២០០៥ ទម្រង់​ក្រុមហ៊ុន ត្រូវ​បែង​​ចែក​ជា​សាខា​ធំៗ ពីរ៖

១-ក្រុមហ៊ុន​សហកម្មសិទ្ធិ

  • ​​ក្រុមហ៊ុន​សហកម្មសិទ្ធិទូទៅ
  • ​ក្រុមហ៊ុន​សហកម្មសិទ្ធិ​​មាន​កម្រិត

២-ក្រុមហ៊ុន​មូលធន

  • ក្រុមហ៊ុន​ឯកជន​ទទួលខុសត្រូវ​មាន​កម្រិត
  • ​ក្រុមហ៊ុន​មហាជន​ទទួលខុសត្រូវ​មាន​កម្រិត

ក្រុមហ៊ុន​សហកម្មសិទ្ធិទូទៅ
 
ក្រុមហ៊ុន​សហកម្មសិទ្ធិទូទៅ ត្រូវមាន​ម្ចាស់ភាគហ៊ុន​ចាប់ពី ២នាក់ឡើងទៅ។ ប្រសិនបើ​មាន​ម្ចាស់ហ៊ុន​​តែម្នាក់ គឺ​ត្រូវ​បង្កើតជា​សហគ្រាស​ឯកបុគ្គល។

កិច្ចសន្យា​បង្កើត​ក្រុមហ៊ុន​សហកម្មសិទ្ធិ​ទូទៅ អាច​ធ្វើឡើង​ជាលាយលក្ខណ៍អក្សរ​ក៏បាន ឬ​ក៏​ធ្វើត្រឹមតែ​​​ផ្ទាល់​មាត់ក៏បាន។

ដើមទុន​ដែល​យក​មក​ដាក់​រកស៊ី​ជាមួយគ្នា ក្នុង​ប្រភេទ​ក្រុមហ៊ុន​សហកម្មសិទ្ធិទូទៅនេះ គឺ​អាច​សាច់លុយ​ក៏បាន ជាទ្រព្យសម្បត្តិ​ក៏​បាន ឬ​ក៏​ជា​ចំណេះ​ដឹង​ក៏បាន។ ​រយៈពេល​នៃ​កិច្ចសន្យា​បង្កើត​ក្រុមហ៊ុន​នេះ អាច​ធ្វើ​ឡើង​ដោយ​មាន​រយៈពេល​កំណត់​ក៏បាន ដោយ​រយៈពេល​មិន​កំណត់​ក៏បាន។

ចំពោះ​ការទទួលខុសត្រូវ​លើ​បំណុលវិញ គឺ​ជាការទទួលខុសត្រូវ​ដោយ​គ្មាន​កម្រិត មានន័យថា នៅក្នុងករណី ដែល​ក្រុមហ៊ុន​​ជំពាក់​បំណុលគេ ហើយ​ក្រុមហ៊ុន​មិនមាន​លុយ​គ្រប់គ្រាន់ ដើម្បី​សងបំណុល​នេះ​​ទេ ម្ចាស់ភាគហ៊ុន ត្រូវ​ចេញលុយ​ពី​ហោប៉ៅខ្លួនឯង ដើម្បី​សងបំណុល​នេះ។ ម្ចាស់ភាគហ៊ុន​ម្នាក់ៗ ត្រូវ​រ៉ាប់រង​បំណុល ទៅតាម​សមាមាត្រ​នៃ​ចំណែកហ៊ុន ដែល​ខ្លួនមាន នៅ​ក្នុង​ក្រុមហ៊ុន។

ក៏ប៉ុន្តែ មាន​ចំណុច​សំខាន់មួយ ដែល​ត្រូវ​ចាប់អារម្មណ៍ គឺ​នៅត្រង់ថា ទោះបី​ជា​ម្ចាស់ភាគហ៊ុន​ម្នាក់ៗ ទទួលខុសត្រូវ​លើ​បំណុល​ទៅតាម​ចំណែក​ហ៊ុន​របស់ខ្លួន​ក៏ដោយ ក៏ប៉ុន្តែ ក្នុងករណី​​​មាន​វិវាទ​រឿង​មិន​សងបំណុល ម្ចាស់បំណុល​​​អាច​ប្តឹង​ទាមទារ​បំណុល​​ទាំងអស់​ពី​​ម្ចាស់ហ៊ុន​ណាមួយ​តែម្នាក់ ដោយ​មិន​ចាំបាច់​ប្តឹង​​ទាមទារ​ចំណែក​ពី​ម្ចាស់ហ៊ុន​ម្នាក់ៗ​ដាច់ពីគ្នា​ទេ។ ក្នុងករណីនេះ ម្ចាស់ហ៊ុន​ណា ដែល​ត្រូវ​ម្ចាស់បំណុល​ប្តឹង គឺ​​ត្រូវតែ​សងបំណុល​​ទាំងអស់​តាម​បណ្តឹង គឺ​សង​ទាំង​ចំណែក​បំណុល​ខ្លួនឯង និង​​ចំណែកបំណុល​របស់​​ម្ចាស់ហ៊ុន​ផ្សេងទៀត រួចហើយ​​គាត់​អាច​ទៅទាម​ទារ​គិតគូរ ទូទាត់​ជាមួយ​​ម្ចាស់ហ៊ុន​ផ្សេង​ទៀត។

ជាទូទៅ ក្រុមហ៊ុន​សហកម្មសិទ្ធិ គេច្រើន​បង្កើតឡើង នៅ​ក្នុង​អាជីវកម្ម​ជា​លក្ខណៈ​វិជ្ជាជីវៈ ដូចជា បង្កើត​គ្លីនិក​ពេទ្យ ការិយាល័យ​មេធាវី គណនេយ្យករ ស្ថាបត្យករ ​ឬ​ក៏​កុងស៊ុលតង់ ជាដើម។ វាមាន​លក្ខណៈ​ងាយស្រួល​នៅត្រង់ថា ប្រភេទ​ក្រុមហ៊ុន​សហកម្មសិទ្ធិនេះ អាច​ចាប់ផ្តើម​ដំណើរការ​បាន​ដោយ​មិន​ទាមទារ​​​ដើមទុន​ច្រើន។ មាន​គ្នា​តែ​​ពីរបីនាក់ មាន​កម្លាំង មាន​ពេលវេលា មាន​ជំនាញ មាន​ដើមទុន​ម្នាក់បន្តិចៗ ​ល្មម​អាច​ចូលគ្នា ដើម្បី​ទិញ ឬ​ជួល​ទីតាំង និង​សម្ភារៈ​សំខាន់ៗ​ចាំបាច់ គឺ​អាច​​ចាប់ផ្តើម​ដំណើរការ​​បង្កើត​ជា​ក្រុមហ៊ុន​សហកម្មសិទ្ធិ ដើម្បី​ប្រកប​អាជីវកម្ម​បាន ហើយ​ក៏​​មិនតម្រូវ​ឲ្យ​មាន​ឯកសារ​ច្បាប់​អ្វី​ស្មុគស្មាញ​ច្រើន​ដែរ។

ក៏ប៉ុន្តែ គុណវិបត្តិ​ធំបំផុត គឺ​នៅត្រង់ថា សមាជិក​ក្រុមហ៊ុន​​ត្រូវ​ទទួល​ខុសត្រូវ​លើ​បំណុល​ ដោយ​គ្មាន​កម្រិត។ បើ​សិន​ជា​ក្រុមហ៊ុន​រកស៊ី​ខាតបង់ ជំពាក់​បំណុល​គេ​ច្រើន ក្រុមហ៊ុន​មិន​មាន​លទ្ធភាព​សង ម្ចាស់​ភាគហ៊ុន​ត្រូវ​ចេញ​លុយ​ពី​ហោប៉ៅខ្លួនឯង ឬ​ត្រូវ​លក់​ទ្រព្យ​ខ្លួនឯង ដើម្បី​សងបំណុលគេ។ ម្យ៉ាងទៀត ការ​បង្កើត​ក្រុមហ៊ុន​ប្រភេទនេះ អ្នក​ដែល​ចូលហ៊ុន ចាំបាច់​ត្រូវតែ​មាន​ជំនឿ​ទុកចិត្ត​គ្នា​ខ្លាំង ពីព្រោះ ក្នុងករណី​មាន​បញ្ហា​ជាប់បំណុល បើ​សិន​ជា​មាន​ម្ចាស់ភាគហ៊ុន​ណាមួយ​មិន​ព្រមសង ម្ចាស់ភាគហ៊ុន​មួយទៀត​មាន​កាតព្វកិច្ច​សងបំណុល​ជំនួស។
 
ក្រុមហ៊ុន​សហកម្មសិទ្ធិ​មាន​កម្រិត
 
ក្រុមហ៊ុន​សហកម្មសិទ្ធិ​មាន​កម្រិត ក៏​ត្រូវមាន​ម្ចាស់ហ៊ុន​ចាប់ពី ២នាក់​ឡើងដែរ ហើយ​មាន​ម្ចាស់ហ៊ុន​ពីរប្រភេទ គឺ​ មួយ​ ជា​ម្ចាស់ហ៊ុន ដែល​តាមច្បាប់​ហៅថា “​សហកម្មសិទ្ធិករ​ទូទៅ” និង​​មួយទៀត គឺជា “សហកម្មសិទ្ធិករ​មាន​កម្រិត”។

  • សហកម្មសិទ្ធិករ​ទូទៅ គឺ​ជា​អ្នក​ដាក់ទុន​ចូល​ក្នុងក្រុមហ៊ុនផង និង​ជា​អ្នក​មាន​សិទ្ធិ​ចាត់ចែង និង​គ្រប់គ្រង​ក្រុមហ៊ុន​ផង ប៉ុន្តែ ត្រូវមាន​ការ​ទទួលខុសត្រូវ​ទៅលើ​បំណុល​របស់​ក្រុមហ៊ុន ដោយ​គ្មាន​កម្រិត (គឺ​ដូច​ជា​ករណី​ម្ចាស់ហ៊ុន​ ក្នុង​ក្រុមហ៊ុន​សហកម្មសិទ្ធិ​ទូទៅដែរ)។
  • សហកម្មសិទ្ធិករ​មាន​កម្រិត ដាក់តែ​ទុនចូល​ទៅក្នុង​ក្រុមហ៊ុន​ប៉ុណ្ណោះ ដោយ​មិនមាន​សិទ្ធិ​ចាត់ចែង​កិច្ចការ​ក្រុមហ៊ុន​ទេ  ប៉ុន្តែ ការទទួលខុសត្រូវ​លើបំណុល​ គឺ​មាន​កម្រិត​ត្រឹមតែ​ដើមទុន ដែល​បាន​​ដាក់ចូល​ក្នុង​ក្រុមហ៊ុន​ប៉ុណ្ណោះ។ ក្នុងករណី​ក្រុមហ៊ុន​មិន​មាន​លុយ​សងបំណុលគេ ម្ចាស់ហ៊ុន ដែល​ជា​សហកម្មសិទ្ធិករ​មាន​កម្រិត មិន​មាន​កាតព្វកិច្ច​ចេញលុយ​ពី​ហោប៉ៅខ្លួនឯង ឬ​ក៏​លក់​ទ្រព្យ​ខ្លួនឯង ដើម្បី​សងបំណុលគេ ដូចជា សហកម្មសិទ្ធិករ​ទូទៅ​ទេ។ ម្យ៉ាងទៀត ​ដើមទុន​ដែល​សហកម្មសិទ្ធិករ​មាន​កម្រិត​​អាច​ដាក់​ចូល​ក្នុង​ក្រុមហ៊ុន​បាន គឺ​អាច​ត្រឹមតែ​ជា​លុយ ឬទ្រព្យសម្បត្តិ​ប៉ុណ្ណោះ មិនអាច​ដាក់​ដើមទុន​ជា​ចំណេះដឹង ដូច​សហកម្មសិទ្ធិករ​ទូទៅទេ។

និយាយ​ជារួម ក្រុមហ៊ុន​សហកម្មសិទ្ធិមាន​កម្រិត គឺ​មាន​លក្ខណៈ​ស្រដៀងគ្នា​នឹង​ក្រុមហ៊ុន​សហកម្មសិទ្ធិ​ទូទៅ​ដែរ គ្រាន់តែ​អនុញ្ញាត​ឲ្យ​មាន​អ្នក​ដាក់ទុន​ចូលរកស៊ី ក្នុង​ឋានៈ​ជា ​សហកម្មសិទ្ធិករ​មាន​កម្រិត។

ប៉ុន្តែ កិច្ចសន្យា​ក្រុមហ៊ុន​សហកម្មសិទ្ធិ​មាន​កម្រិត​អាច​មាន​រយៈពេល​កំណត់​យ៉ាងយូរ​បំផុត​​ត្រឹមតែ ៩៩​ឆ្នាំ​ប៉ុណ្ណោះ គ្រាន់តែ​ថា រយៈពេល​នេះ​អាចពន្យារពេលបន្ត​​ជាថាថ្មី​បាន នៅ​ពេល​ផុត ៩៩ឆ្នាំ។

ទម្រង់​ក្រុមហ៊ុន​សហកម្មសិទ្ធិ​មាន​កម្រិត​​នេះ គឺ​វាអាច​ឲ្យ​​មនុស្សម្នាក់ ឬ​មួយ​មួយក្រុម ​ដែល​មាន​ចំណេះដឹង មាន​ជំនាញ ប៉ុន្តែ មិនមាន​ដើមទុន​គ្រប់គ្រាន់ អាច​ទៅសហការគ្នា​ជាមួយ​មនុស្ស​ម្នាក់ ឬ​មួយក្រុមទៀត ដែល​មិនមាន​ជំនាញ ប៉ុន្តែ មាន​​ដើមទុន ដើម្បី​​បង្កើត​ក្រុមហ៊ុន ប្រកប​អាជីវកម្ម​រួមគ្នា។​ ឬមួយ​ក៏​​​ក្នុងករណី ដែល​បាន​បង្កើត​ជា​​ក្រុមហ៊ុន​សហកម្មសិទ្ធិទូទៅ​រួចហើយ ឃើញថា ការរកស៊ី​ក៏​បាន​កាក់កប អាជីវកម្ម​មាន​សក្តានុពល ហើយ​ចង់​ពង្រីក​​អាជីវកម្ម​នេះ​ថែមទៀត ប៉ុន្តែ ខ្វះទុន សមាជិក​ក្រុមហ៊ុន​សហកម្មសិទ្ធិទូទៅនេះ​អាច​​ទៅស្វះស្វែងរក​អ្នក​មាន​ទុន​ឲ្យ​មក​ចូលរួម​​សហការ​គ្នា ហើយ​ប្តូរ​ទម្រង់​ក្រុមហ៊ុន ​បង្កើត​ទៅជា​ក្រុមហ៊ុន​សហកម្មសិទ្ធិ​មាន​កម្រិត​បាន។

ចំពោះ​ម្ចាស់ហ៊ុ​ន ដែល​ជា​សហកម្មសិទ្ធិករ​មាន​កម្រិត​ ផលប្រយោជន៍ គឺ​នៅត្រង់ថា នៅពេល​ដែល​មើល​ទៅ​ឃើញ​ថា អាជីវកម្ម​មួយ​​មាន​សក្តានុពល ក្នុងការ​រក​ប្រាក់ចំណេញ គាត់​អាច​ចូលរួម​ជា​ដើមទុន ដោយ​មិន​ចាំបាច់​មាន​ជំនាញ ហើយ​ការ​ទទួលខុសត្រូវ​របស់​គាត់ គឺ​កម្រិត​ត្រឹមតែ​ដើមទុន​ដែល​គាត់​ចូលរួម ដោយ​មិនប៉ះពាល់​ដល់ទ្រព្យ​ផ្ទាល់ខ្លួន។ ក៏ប៉ុន្តែ ផលវិបាក គឺ​នៅត្រង់ថា ម្ចាស់ហ៊ុន​ដែល​ជា​សហកម្មសិទ្ធិករ​មានកម្រិតនេះ​​មិនមាន​សិទ្ធិ​គ្រប់គ្រង និង​ចាត់ចែង​កិច្ចការ​ក្រុមហ៊ុននោះទេ គឺ​​​​ត្រូវ​ពឹង​ទៅលើ​​​​ម្ចាស់ហ៊ុន ដែល​ជា​សហកម្មសិទ្ធិករ​ទូទៅ។

ម្យ៉ាងទៀត ដើមទុន​ដែល​សហកម្មសិទ្ធិ​មាន​កម្រិត​​​ដាក់​ចូល​ទៅក្នុង​ក្រុមហ៊ុន​សហកម្មសិទ្ធិ​មាន​កម្រិត​នេះ​ហើយ មិន​អាច​ដកចេញ​មកវិញ​បានទេ ប្រសិនបើ​គ្មាន​ការ​ព្រមព្រៀង​​ដោយ​សំឡេង​ភាគច្រើន​ដាច់ខាត ពី​ម្ចាស់ហ៊ុន​​ទាំងអស់។ ​ក្នុងករណី​មាន​ការ​ខាតបង់ ក្រុមហ៊ុន​ត្រូវ​ក្ស័យធន ដើមទុន​ និង​ទ្រព្យ​សម្បត្តិ​ទាំងអស់​ត្រូវ​យក​ទៅ​សងបំណុល​គេ​អស់ហើយ ម្ចាស់ហ៊ុន​ជា​សហកម្មសិទ្ធិករ​មាន​កម្រិត ក៏​មិន​អាច​ទាមទារ​ឲ្យ​ក្រុមហ៊ុន​សង​ដើមទុន​របស់ខ្លួន​មកវិញ​បានដែរ។
 
ក្រុមហ៊ុន​មូលធន

ក្រុមហ៊ុន​មូលធន មាន​ពីរប្រភេទ គឺ​ក្រុមហ៊ុន​ឯកជន​ទទួលខុសត្រូវ​មាន​កម្រិត និង​ក្រុមហ៊ុន​មហាជន​ទទួលខុសត្រូវ​មាន​កម្រិត។ ក្រុមហ៊ុន​ទាំង​ពីរប្រភេទ​នេះ​មាន​លក្ខណៈ​ស្រដៀងគ្នា​ច្រើន។ ចំណុច​ខុសគ្នាធំៗ គឺ​នៅត្រង់ថា ក្រុមហ៊ុន​ឯកជន​ទទួលខុសត្រូវ​មាន​កម្រិត​អាច​មាន​ម្ចាស់ហ៊ុន​យ៉ាងច្រើន​បំផុត​ត្រឹម ៣០នាក់ ចំណែក​​ក្រុមហ៊ុន​មហាជន​ទទួលខុសត្រូវ​មាន​កម្រិត​វិញ​​​ មិនមាន​ការ​កំណត់​ចំនួន​ម្ចាស់ហ៊ុន​អតិបរមា​នោះទេ។

គួរបញ្ជាក់ថា បុគ្គល​តែម្នាក់​ក៏​អាច​បង្កើត​ជា​ក្រុមហ៊ុន​ឯកជន​ទទួលខុសត្រូវមាន​កម្រិត​ បានដែរ ប៉ុន្តែ ត្រូវមាន​ឈ្មោះថា “សហគ្រាស​ឯកបុគ្គល​ទទួលខុសត្រូវ​មាន​កម្រិត”។

ចំណុចខុសគ្នា​សំខាន់មួយទៀត រវាង​ក្រុមហ៊ុន​ឯកជន និង​ក្រុមហ៊ុន​មហាជន គឺ​នៅត្រង់ថា ក្រុមហ៊ុន​មហាជន​ទទួលខុសត្រូវ​មាន​កម្រិត​​អាច​បោះមូលបត្រ​លក់​​ជាសាធារណៈ​បាន ចំណែក​ក្រុមហ៊ុន​​ឯកជន​ទទួលខុសត្រូវ​មាន​កម្រិតវិញ ​មិនអាច​ធ្វើ​បានទេ។

បើនិយាយ​ពី​លក្ខណៈ​រួមវិញ ក្រុមហ៊ុន​មូលធន (ទោះជា​ក្រុមហ៊ុន​ឯកជន​ក៏ដោយ ឬ​ជា​ក្រុមហ៊ុន​មហាជនក៏ដោយ) ដើម្បី​អាច​បង្កើត​ឡើង​បាន ត្រូវតែ​មាន​មូលធន​យ៉ាងតិច​បំផុត ៤លាន​រៀល (ប្រហែល​ជា ១ពាន់​ដុល្លារ​អាមេរិក)។

ក្រុមហ៊ុន​មូលធន​អាច​ដំណើរការ​បាន​ជានិរន្តរ៍ ​ដោយ​គ្មាន​ពេល​កំណត់ បើទោះបីជា​មាន​ម្ចាស់ហ៊ុន​ណា​​​ស្លាប់ ចូលនិវត្តន៍ ឬ​ដក​ខ្លួនចេញ​ក៏ដោយ លើកលែង​តែ​ត្រូវ​រំលាយ​​ក្នុង​ករណី​ក្ស័យធន ឬ​ក្នុង​ករណី​ផ្សេងទៀត ដែលមាន​ចែង​ក្នុង​ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម។

ការទទួលខុសត្រូវ​របស់​ម្ចាស់ហ៊ុន​នីមួយៗ ត្រូវកម្រិត​ត្រឹម​​ចំណែក​ដើមទុន ដែល​បាន​​ចូលហ៊ុន។ ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន ត្រូវ​ចែកដាច់​ពី​ទ្រព្យ​សម្បត្តិ​បុគ្គល​របស់​ម្ចាស់ហ៊ុន។

ក្រុមហ៊ុន​មូលធន​ជា​ប្រភេទ​ក្រុមហ៊ុន ដែល​អាច​ផ្តល់​ភាពងាយស្រួល​ក្នុងការ​បង្កើត អាជីវកម្ម​ក្នុង​​ទ្រង់ទ្រាយធំ ហើយ​ងាយស្រួល​ក្នុងការ​ស្វែងរក​ទុនបន្ថែម ដើម្បី​ពង្រីក​អាជីវកម្ម។ ការបោះទុនវិនិយោគ ក្នុង​ក្រុមហ៊ុន​មូលធន និង​ការ​ដកទុនចេញមកវិញ ក៏​មានលក្ខណៈ​ងាយស្រួល​ជាង​ក្រុមហ៊ុន​សហកម្មសិទ្ធិ។ ការទទួលខុសត្រូវ​​របស់​ម្ចាស់ហ៊ុន​មាន​កម្រិត​ត្រឹម​ដើមទុន ដែល​វិនិយោគ ហើយ​​ទ្រព្យ និង​បំណុល​របស់​ក្រុមហ៊ុន ត្រូវបែងចែកគ្នា​ដាច់ស្រឡះ ពី​ទ្រព្យ និង​បំណុល​របស់​បុគ្គល​ជា​ម្ចាស់ហ៊ុន។

ផលវិបាកវិញ គឺ​នៅត្រង់ថា ការ​បង្កើត​ក្រុមហ៊ុន​មូលធន ត្រូវមាន​ដើមទុន​យ៉ាងតិច ៤លាន​រៀល​ទើប​អាច​បង្កើតបាន ហើយ​មាន​សំណុំឯកសារ​ច្បាប់​ច្រើន ដែល​ត្រូវ​បំពេញ ដោយសារ​តែ​​នៅពេល​បង្កើត​ ច្បាប់​តម្រូវ​ឲ្យ​​មាន​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង​របស់​ក្រុមហ៊ុន ព្រមទាំង​ត្រូវ​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង និង​នីតិវិធី​ក្នុងការ​ចេញ​សេចក្តីសម្រេច​ច្បាស់លាស់។ ការរៀបចំ​​សំណុំឯកសារច្បាប់​ទាំងនេះ​ ​ពេលខ្លះ​ចាំបាច់​ត្រូវការរក​​មេធាវី ឬ​អ្នកជំនាញ​ឲ្យ​ជួយ ដែល​ត្រូវ​ចំណាយ​ពេលវេលា និង​ចំណាយ​​លុយច្រើន ជាង​ការ​បង្កើត​ក្រុមហ៊ុន​សហកម្មសិទ្ធិ។

នៅ​ក្រោយ​ពេល​បង្កើតឡើងហើយ នៅ​ក្នុង​ដំណើរការ​ក្រុមហ៊ុន ក៏​ច្បាប់​តម្រូវ​ឲ្យ​មាន​កាតព្វកិច្ច​ច្រើន​ដែរ ដូចជា ត្រូវមាន​មហាសន្និបាត​ម្ចាស់ហ៊ុន​​ជារៀងរាល់ឆ្នាំ ហើយ​ក្នុង​មហាសន្និបាតនេះ ​ក្រុមហ៊ុន​ត្រូវ​ធ្វើ​​​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​​​ និងត្រូវ​​មាន​របាយការណ៍​សវនករ ដើម្បី​បង្ហាញ​ម្ចាស់ហ៊ុន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ