អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក ដូណាល់ ត្រាំ ​ថ្លែងពី​ការ​រីកចម្រើនជឿនលឿន​របស់​អាមេរិក​ ដ៏​អស្ចារ្យ​ មិនធ្លាប់​ជួប

សំឡេង ០៦:២៥
លោក ដូណាល់ ត្រាំ កំពុងថ្លែងនៅរដ្ឋសភា ខណៈប្រធាន​សភា​លោកស្រី Nancy Pelosi កំពុង​ហែក​សុន្ទរកថា​របស់​លោក ត្រាំ នៅ​ក្បែរ​ដៃ​របស់​អនុប្រធានាធិបតីដែល​កំពុង​ទះដៃសាទរ។​
លោក ដូណាល់ ត្រាំ កំពុងថ្លែងនៅរដ្ឋសភា ខណៈប្រធាន​សភា​លោកស្រី Nancy Pelosi កំពុង​ហែក​សុន្ទរកថា​របស់​លោក ត្រាំ នៅ​ក្បែរ​ដៃ​របស់​អនុប្រធានាធិបតីដែល​កំពុង​ទះដៃសាទរ។​ MANDEL NGAN / AFP

មួយ​ថ្ងៃ​មុន​​ការ​ជំនុំ​ជម្រះ​សំណុំ​រឿង​ទម្លាក់​ពី​តំណែងនៅ​ព្រឹទ្ធសភា, លោក ដូណាល់ ត្រាំ ពីអង្គារទី​៤កុម្ភៈ បាន​ថ្លែងសារទៅកាន់ប្រជាជាតិ ពី​ការ​រីកចម្រើន​សេដ្ឋកិច្ចនិង​ការ​ជឿនលឿន​របស់​អាមេរិក​ ដ៏​អស្ចារ្យ​មិនធ្លាប់​ជួបនៅក្រោម​ការ​ដឹកនាំរបស់​លោក។ ការ​ថ្លែង​សារ​នេះក៏​ស្ថិត​នៅក្នុង​ទម្រង់​នៃការ​ឃោសនា​រក​សំឡេង​ឆ្នោត​បន្ថែម ដើម្បី​ឈ្នះ​ឆ្នោត​កាន់​អំណាច​ប្រធានាធិបតី​ជាថ្មី។ នៅ​ចំពោះ​មុខ​សមាជិក​សភា​ លោក​ដូណាល់ ត្រាំ ស្រាប់​តែ​ប្រកាស​ស្រេច​ឱ្យ​ហើយថា លោក​នឹង​កាន់​អំណាច​បួន​ឆ្នាំ​ទៀត​!ទោះ​យ៉ាង​នេះ​ក្តី នៅ​ក្នុង​រដ្ឋ​សភា​សហព័ន្ធ​នេះ គឺ​មាន​ការ​ផ្ទុះ​សញ្ញាណ​បែក​បែក​គ្នា​ជាខ្លាំង រវាង​ក្រុម​ដឹកនាំ​បក្ស​នយោបាយ​ធំ​ៗ​ទាំង​ពីរ​របស់​អាមេរិក។ ឧប្បត្តិហេតុនេះ កើត​ឡើង​នៅពេល​ដែល​លោក ដូណាល់ត្រាំ បាន​ធ្វើ​ព្រ​ងើយ​កន្តើយ​ មិន​ព្រម​ទទួល​ការ​គោរព​ចាប់​ដៃស្វាគមន៍​​របស់​អ្នក​ស្រី​ប្រធានសភា ដែល​​មកពីបក្ស​​ប្រជាធិបតេយ្យ ជាបក្ស​ប្រឆាំង​ ហើយ​ជាការ​សងសឹក​ភ្លាមៗ អ្នក​ស្រី Nancy Pelosi ក៏​បាន​ហែ​កក្រដាស​​សុន្ទរកថា​របស់​លោកប្រធានាធិបតី​ ត្រាំ ​នៅ​ចំពោះ​មុខ ទាំងដឹង​ថា​កំពុងតែ​មាន​គេ​ថត​ផ្សាយ​ផ្ទាល់​ទៀត​ផង​។

ផ្សាយពាណិជ្ជកម្ម

តើសហរដ្ឋអាមេរិកក្រោម​ការ​ដឹកនាំ​របស់ ដូណាល់ ត្រាំ មាន​រីកចម្រើនយ៉ាងណាខ្លះទៅ​?​

នៅ​ចំពោះ​មុខ​សមាជិក​អង្គសភា អ្ន​កតំណាង​រាស្ត្រ​ និង​អ្នក​នយោបាយ​គ្រាក់ៗ​របស់​អាមេរិក​, លោក​ប្រមុខ​រដ្ឋ​អាមេរិក ដូណាល់ ត្រាំ ​បាន​ថ្លែង​សរសើរ​ពីការ​ដឹកនាំ​របស់​ខ្លួន ថា​មាន​ជោគជ័យនិង​រីកចម្រើន​ខ្លាំង ទៅលើ​គ្រប់​ទិដ្ឋភាពទាំងអស់​​។

​ផ្នែក​សេដ្ឋកិច្ច​ ​លោក​ ដូណាល់ ត្រាំ បាន​អះអាង​ថា បីឆ្នាំ​មុន លោក​បាន​ផ្តើម​ប្រកាស​ពី​គោល​នយោបាយ​សេដ្ឋកិ​ច្ច​ និង​ការគិតគិត​ពីសហរដ្ឋ​​អាមេរិក​អាទិភាព។ បីឆ្នាំក្រោយ គឺការ​សន្យា​នេះ​បាន​ជោគជ័យជា​ផ្លែផ្កា​​ ដោយ​សហរដ្ឋ​អាមេរិក​បាន​ចុះ​កិច្ចព្រម​ព្រៀង​ជាមួយ​ចិន​ កាណាដា និង​ម៉ិចស៊ិក (បើ​ទោះបី​ការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ខ្លះ គឺ​ចុះ​ដោយ​ផ្នែក​ៗនិងជា​មួយ​ជំហាន​ម្តងៗក៏ដោយ​ក្តី)។​ ចំនួន​ការ​ងារ​ធ្វើ​ ក៏​បង្កើត​បា​នច្រើន។ ប្រាក់​ខែ​អ្នក​ធ្វើការ​ ក៏​កើនខ្ពស់ ហើយ​កម្រិត​អត្រា​ភាព​ក្រីក្រ​ ក៏​ថយ​ចុះ​ គួរ​ឱ្យ​កត់​សម្គាល់​។​ នេះបើ​តាម​ការ​គូស​បញ្ជាក់​របស់​ប្រធានាធិបតីអាមេរិក។​

​ផ្នែក​សន្តិសុខ ក៏​ប្រសើរ ដ្បិត​អត្រា​ឧក្រិដ្ឋកម្ម​និង​បទល្មើស​ក្នុង​ស្រុក ​បាន​ចុះ​ថយ។ ឯវិស័យ​ យោធាអាមេរិក​វិញ​ ក៏​​រីកចម្រើន ហើយ​បើ​តាម​លោក ដូណាល់ ត្រាំ​ គឺ​ជឿន​លឿន​ខ្លាំងសម្បើម​ណាស់។ ចំពោះ​សន្តិសុខ​តាម​ព្រំដែន​ទៀត​សោត ក៏​មាន​សុវត្ថិភាព​ល្អ ព្រោះ​លោក​បាន​សម្រេច​សន្យា​សាងសង់​ជញ្ជាំង​បិទ​ខ្ទប់​ កុំ​ឲ្យ​ក្រុម​ជន​ភៀសខ្លួន​ហូរ​ចូល​តា​មច្រក​ព្រំដែន​​ប្រទេស​ម៉ិច​ស៊ិក ​មក​ក្នុង​ទឹក​ដី​អាមេរិក​បាន​។ នេះបើ​តាម​សុន្ទរកថា​របស់​លោក ដូណាល់ ត្រាំ​។​

​អ្នក​តំណាង​បក្ស​ប្រឆាំង យល់​ថា ប្រសាសន៍​របស់​លោក ដូណាល់ ត្រាំ សុទ្ធតែ​ជាការ​កុហក​។ តើហេតុអ្វី?

ចំពោះស​មាជិក​សភា​មកពីបក្ស​ប្រជាធិបតេយ្យ ដែល​បាន​យល់​ព្រ​មចូល​ស្តាប់​នៅក្នុង​អង្គសភា​យប់​មិញ គឺ​គេ​ឃើញ​មួយ​ចំនួន​ច្រើន មិន​បាន​ទះដៃ​សាទរ ឬ​​ពេល​ខ្លះ មិន​បាន​ក្រោកឈរ​ស្រែក​ហ៊ោ​ដូច​សមាជិក​សភា​មក​ពី​បក្ស​សាធារណរដ្ឋ​របស់​ ត្រាំ ​នោះទេ​។ នេះជាការ​កត់​សម្គាល់​មួយ។

មួយទៀត គឺ​មាន​សមាជិក​សភា​របស់​បក្ស​ប្រឆាំង​ច្រើន​ដែរ ដែល​មិន​ចូល​ស្តាប់​លោក ត្រាំ នោះ​មាន​អាទិ៍ អ្ន​កស្រី Alexandria Ocasio-Cortez ដែល​ជា​អ្នក​តំណាង​រាស្ត្រ​វ័យ​ក្មេង​ជាង​គេ​របស់បក្ស​ប្រជាធិបតេយ្យ​​។ បើ​តាម​អ្ន​កតំណាង​រាស្ត្រ​រូប​នេះ គឺសុន្ទរកថា​របស់​​លោក ដូណាល់ ត្រាំ​ គឺជាការ​កុហក​បោកប្រាស់​សុទ្ធសាធ​។ ថែមពីនោះ Alexandria Ocasio-Cortez  បាន​ចាត់ទុកថា លោក ដូណាល់ ត្រាំ កំពុងតែ​កាន់​ដំណែង​ដោយ​មិន​ស្រប​ច្បាប់​នោះឡើយ ព្រោះ​តែលោក​បាន​រំលោភ​អំណាច​។

ទោះយ៉ាងនេះក៏ដោយ លោកត្រាំ អះអាង​ថា «លោក​គឺជាអ្នក​នយោបាយ​ដែល​គោរព​ក្តីសន្យា​របស់​ខ្លួនណាស់​»។ បើ​តាម​ការ​ស្ទង់​មតិ​ចុងក្រោយ របស់​វិទ្យាស្ថាន​ Gallup គឺ​កំពុងតែ​មាន​ប្រជាប្រិយភាព​ខ្លាំង ដល់​ទៅ​៤៩ភាគ​រយ​នៃមតិ​ដែល​ពលរដ្ឋ​ស្រឡាញ់​ចូល​​ចិត្ត​។ បើតាម​វិទ្យាស្ថាន​ដដែល ចំនួន​នេះ គឺ​ច្រើន​មិន​ធ្លាប់​មាន​ សម្រាប់​លោក ត្រាំ។​

«ថ្នាក់ដឹកនាំ​នយោបាយ​អាមេរិក ​ហាក់​ដូច​ជា​បែក​បាក់​គ្នា​ខ្លាំងណាស់!»

ឧប្បត្តិហេតុនេះ ត្រូវ​បណ្តាញ​ព័ត៌មាន​ជា​តិ​និងអន្តរជាតិ ច្រឹប​យក​ រូបភាព​និងវីដេអូ ទៅ​ផ្សាយ​យ៉ាង​សម្បើម​ណាស់។ ហេតុការណ៍​នេះ គឺ កើតឡើងនៅពេលដែលប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ​ ពេលដើរ​​​ចូល​ទៅ​កន្លែង​កិត្តិយស​ បែរ​ជាបាន​​ធ្វើកន្តើយ មិនព្រមទទួលការស្វាគមន៍​ចាប់ដៃគារវកិច្ច​ ពី​សំណាក់​ប្រធានសភា អ្នកស្រី Nancy Pelosi ដែលមកពីបក្សប្រ​ឆាំង។ លោក ត្រាំ​​ហាក់​ធ្វើ​មិនដឹង​ យ៉ាង​ព្រងើយ ពេលអ្នកស្រី Pelosi ហុច​ដៃ​រក​លោក​។​ ភ្លាមៗ ជាការសងសឹក អ្នកស្រី​ប្រធានសភា ក៏ហែកសុន្ទរកថារបស់ប្រធានាធិបតី​ ទាំងដែល​ដឹងថាកំពុងតែមានគេថតផ្សាយផ្ទាល់ទៀតផង។ បន្ទាប់​មក អ្នកស្រី ប្រកាន់​មុខ​ក្រញ៉ូវ​ជាប់ និង​មិន​ព្រម​ងើបឈរ​ទះ​ដៃ​សាទរ​លោក ត្រាំ ឡើយពេល​លោកថ្លែង​ពីការ​រីកចម្រើន​ ឬ​និយាយ​អ្វីៗ​ដែល​ជាការ​អួត​សរសើរ​របស់​លោក ត្រាំ។

អ្នក​ស្រី Kayleigh McEnany អ្នកនាំពាក្យ​យុទ្ធនាការ​បោះឆ្នោត​ របស់​ លោក ដូណាល់ ត្រាំ បា​នសរសេរ​ប្រតិកម្ម​ឆ្ពោះ​​ទៅ​អ្នកស្រី  Nancy Pelosi ថា«​នេះហើយ​ជា​ចរិត​របស់​អ្ន​កដឹកនាំ​ជាន់​ខ្ពស់»​ និង​ថា «ការ​ស្អប់​ខ្ពើម​លោកត្រាំ ពី​សំណាក់​អ្នកស្រី Pelosi គឺ​ស្អប់​ទាំង​ងងឹត​ងងុល​ទទឹក​ទិសតែម្តង»។

ចំណែក អ្នក​ស្រី​ប្រធានសភា ក៏​បា​នសរសេរ​នៅ​ក្នុង​បណ្តាញ​សង្គម​ផ្ទាល់ខ្លួនដែរ​ វាយបក​ដែរ​ថា «ក្រុម​បក្ស​ប្រជាធិបតេយ្យ​បាន​ព្យាយាម ក្នុង​ពង្រឹង​​មិត្តភាព​ ដើម្បីភាព​ចាំបាច់នៃប្រយោជន៍​ជាតិ​។ ហើយ​យើង​តែង​បើក​ផ្លូវ​សម្រាប់​ការ​ចរចា​ជជែក​គ្នា​ បើ​អាច​ធ្វើ​បាន តែ​យើង​ក៏ចាំបាច់​ត្រូវ​​ការពារ​ប្រយោជន៍​ក្រុម​យើង​ដែរ»។

ទិដ្ឋភាពនៃការ​ប្រេះឆា​របស់​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​និង​បក្ស​កាន់​អំណាច​នេះ គឺ​ផ្ទុះ​ខ្លាំង ខណៈ​ពេល​ដែល​លោកប្រធានាធិបតី នឹងត្រូ​វ​ជំនុំ​ជម្រះ ពី​បទ​រំលោភ​អំណាច​ ដែល​​រដ្ឋសភា​សហព័ន្ធ មា​នតំណាង​រាស្ត្រ​ភាគ​ច្រើន​មកពីបក្ស​ប្រឆាំង​បាន​បោះ​ឆ្នោត​ ​ចោទប្រកាន់ និង​បញ្ចូន​ទៅ​ព្រឹទ្ធសភា។ ​ព្រឹទ្ធសភា ចាត់​ការ​​ចេញ​សេចក្តីសម្រេច​ នៅ​ថ្ងៃពុធ ទី​៥កុម្ភៈ​ នៅ​ម៉ោង​​៤រសៀល នៅ​ម៉ោង​អាមេរិក។ ទោះ​យ៉ាងណាក្តី គេ​យល់​ឃើញថា​ក្នុង​ដំណាក់​កាល​ព្រឹទ្ធសភា​នេះ លោក ដូណាល់ ត្រាំ ទំនង​ជា​អាច​នឹង​ឈ្នះ​ក្តី ព្រោះ ​​ព្រឹទ្ធសភា មាន​សំឡេងភាគ​ច្រើន​មកពី បក្ស​សាធារណរដ្ឋ ដែល​គាំទ្រ លោក ដូណាល់ ត្រាំ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ