អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ុយក្រែននិងក្រុមផ្តាច់ខ្លួន ៖ បញ្ហាប្រឈម​ច្រើនទៀត​ នៅពីក្រោយ​ការ​ដោះដូរអ្នក​ទោស​

សំឡេង ០៧:២៣
ការដោះដូរអ្នក​ទោស ​ ថ្ងៃអាទិត្យ ទី​២៩ធ្នូ រវាងអ៊ុយក្រែននិងក្រុមផ្តាច់ខ្លួន
ការដោះដូរអ្នក​ទោស ​ ថ្ងៃអាទិត្យ ទី​២៩ធ្នូ រវាងអ៊ុយក្រែននិងក្រុមផ្តាច់ខ្លួន Reuters

ក្រោយការដោះដូរអ្នកទោសរវាងអ៊ុយក្រែននិងក្រុមផ្តាច់ខ្លួន ប្រមុខរដ្ឋបារាំង រុស្ស៊ី និងអាល្លឺម៉ង់ បានថ្លែងអបអរសាទរហើយចាត់ទុកថា ជាជំហានដ៏វិមានក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន។ ក៏ប៉ុន្តែបញ្ហាលំបាកនៅក្រោយការដោះដូរនេះ នៅមានច្រើនសន្ធឹកទឹក​ទៀត! នោះគឺ​កម្តៅ​សង្គ្រាមផ្តាច់​ទឹក​ដី​នៅតែ​មាន​ចំហាយ​ក្តៅគគុក​!

ផ្សាយពាណិជ្ជកម្ម

តុល្យការ​ចុងក្រោយ ការ​ដោះដូរ«​អ្នកទោសនយោបាយ» បាន​កើន​ឡើង​ចំនួន​ជាង​២០០នាក់។ ដំណឹងនេះ បាន​ទទួល​ការ​សាទរ​​យ៉ាង​ច្រើន​ពី​ថ្នាក់​ដឹកនាំ​ប្រទេស​បារាំង អាល្លឺម៉ង រុស្ស៊ី និងអ៊ុយក្រែន​ខ្លួន​ឯង។ 

ជាដំបូង​គួរ​បញ្ជាក់ថា នៅពេល​យប់ជិត​ពាក់កណ្តាល​អធ្រាត្រ​​ ថ្ងៃអាទិត្យ ទី​២៩ធ្នូ គឺ​ចំនួន​អ្នកទោសនយោបាយ អ្នក​ទោស​មនសិការ ឬ​និយាយ​ឱ្យ​ធ្ងន់​បន្តិច ក៏មាន​ដែរ ចំណាប់​ខ្មាំង ដែលត្រូវ​បាន​ដោះលែង​ និងដោះដូរ​គ្នា​ គឺ​មាន​ចំនួន​កើនឡើង។  ​នៅ​ផ្នែក​ខាង​ ប្រទេស​អ៊ុយក្រែន ទទួល​បាន​មនុស្ស​ចំនួន ៧៦ នាក់។​ ក្នុង​នោះ ៦៤នាក់ ជា​ជន​ស៊ីវិល ហើយ​១២នាក់ ជាទាហានស្នេហាជាតិ​អ៊ុយក្រែន​។  ចំណែក​ខាង​ ក្រុម​អ្នក​ផ្តាច់​ខ្លួន​និយមរុស្ស៊ី នៅភាគ​ខាងកើត​អ៊ុយក្រែន​វិញ ទទួល​បាន​​ អ្នកទោស ដល់​ទៅ​ចំនួន​១២៤ នាក់។ ក្នុងនោះ ភាគច្រើ​នគឺ​កម្លាំង​ទ័ព​រុស្ស៊ី និងមាន​ជន​ជាតិ​ប្រេស៊ីលម្នាក់​ផង ដែល​ជាទ័ព​ប្រយុទ្ធ​ឱ្យ​ក្រុម​ផ្តាច់​ខ្លួន​និយមរុស្ស៊ី​។​ នេះបើតាម​ការ​បញ្ជាក់​របស់​ទីភ្នាក់​ងារ​កាសែត​ក្នុងស្រុក​រុស្ស៊ី។

នៅក្រោយ​ការ​ដោះលែង​អ្នក​ទោស​នេះ ប្រមុខ​រដ្ឋ​រុស្ស៊ី លោក​ វ្ល៉ាឌីមៀរ ពូទីន បា​នអបអរសា​ទរ​ ហើយ​បាន​ចាត់ទុកថា នេះជា​ជំហាន​មួយ​ដ៏​វិជ្ជមាន​។ ប្រមុខ​រដ្ឋវ័យ​ក្មេង​អ៊ុយក្រែន Volodymyr Zelensky បានជិះ​យន្តទៅ​ទទួល​ប្រជាជាតិ​ខ្លួន​ត្រឡប់​ចូល​ស្រុក​វិញ​ដោយ​ផ្ទាល់​នៅ​ពេល​យប់ និង​បាន​​ប្រកាស​ថា «នេះជាការ​អស្ចារ្យ​ណាស់ ហើយ​លោក​រំភើប​ចិត្ត​ក្រៃ»។​

ទន្ទឹមនឹងនេះ ​ថ្នាក់​ដឹកនាំអាល្លឺម៉ង លោកស្រី Anglela Merkel ហើយ​និង​លោកប្រធានាធិបតីបារាំង លោក​ អេម៉ានុយអែល ​ម៉ាក្រុង បាន​សរសេរ​ថ្លែង​ការណ៍​រួម​គ្នា​តែម្តង  ថា​ ទង្វើនេះ​គឺ​សមស្រប​ទៅតាម​ការ​ផ្តាច់​ចិត្ត​របស់ថ្នាក់​ដឹកនាំ​ម៉ូស្គូនិងក្រុងគៀវ ដែល​បាន​ជួប​ជុំ​ជជែក​គ្នា នៅ​ក្រុង​ប៉ារីស កាលពី​ថ្ងៃទី​៩ធ្នូ​ កន្លងទៅ។ នេះជា​ផ្លែផ្កា​លើកទី១​ ដ៏​ល្អ ដោយ​ឱ្យ​តម្លៃទៅលើ​កិច្ចការ​មនុស្ស​ធម៌ និងសន្តិភាព។ ​ជំហរ​របស់​ប្រទេស​បារាំង​និង​អាម្លឺម៉ង់ ក៏សង្ឃឹម​និង​ក៏​​ជំរុញ​ឱ្យ​បន្ត​ការ​ដោះដូរ​អ្នក​ទោស​បន្ថែមទៀត ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះនៅ​ខាងកើត​អ៊ុយក្រែន​​ រហូត​ដល់​អស់​​អ្នកជាប់ទោស​នយោបាយ​តែម្តង។

ការ​ដោះដូរ​អ្ន​កទោស​លើកនេះ គឺត្រូវ​រង​ការ​រិះគន់​យ៉ាង​ខ្លាំង ពិសេស​គឺពី​សំណាក់​បណ្តាជន​អ៊ុយក្រែន​តែម្តង ដែល​ពួក​គេ​យល់ថា គ្មាន​​យុត្តិធម៌​នោះឡើយ។ តើ​ហេតុ​អ្វី​ ?

មិនយុត្តិធម៌ ព្រោះ​អ្ន​កទោស​មិន​ស្មើគ្នា​ដែរ។ ពីម្ខាង អ៊ុយក្រែន ទទួល​មនុស្ស​តែ​ចំនួន ៧៦ នាក់។ ប៉ុន្តែ ក្រុម​ផ្តាច់​ខ្លួន​វិញ ទទួល​បាន​ដល់ទៅ​ជាង​១២០នាក់។

ដូច្នេះហើយ ទើប​ក្តី​ទោមនស្ស​​ខ្លះៗ ដែល​បង្ក​ជាការ​ជជែក​វែក​ញែក​ខ្លាំងនៅ​ថ្ងៃច័ន្ទ​​នេះ!​ ការ​មិន​ពេញ​ចិត្ត​​ពីសំណាក់​​បណ្តា​ជន​អ៊ុយក្រែនមួយ​ចំនួនទៀត​ ក៏ព្រោះថា គេ​បាន​ទទួល​ដំណឹង​ច្បាស់​ការ​ ថាក្នុង​ចំណោម​អ្នក​ទោស​ដែល​អ៊ុយក្រែន​ដោះលែងនិងដោះដូរទៅនេះ មាន​ពី​បីនាក់​ទៅ​ប្រាំ គឺ​ជា​នាយ​ទាហាន​ធំៗ របស់​រុស្ស៊ី និង​របស់​ក្រុម​ជ្រុលនិយម​ផ្តាច់​ខ្លួន ដែល​ធ្លាប់​​បាន​បង្ក្រាប​បាតុករស្លូតត្រង់​​អ៊ុយក្រែនដែល​មិន​ចង់​ផ្តាច់​ទឹក​ដី និង​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​រាប់​រយនាក់ កាលពី​ឆ្នាំ​២០១៤-២០១៥ កន្លងទៅ​។ អ្នក​ដែល​មិន​សប្បាយ​ចិត្ត​នឹង​ការ​ដោះដូរនេះ​ គឺ​យល់ថា «មិន​គួរ​ដោះ​លែង​ពួក​មនុស្សដែល​​មាន​បាតដៃ​ប្រឡាក់ឈាមដូច្នេះទេ ព្រោះពួក​នេះ ជាឧក្រិដ្ឋជន​»។

បុរសអ៊ុយក្រែន​ម្នាក់ ដែល​មាន​កូន​ប្រុសកំលោះ ​អាយុ​១៩ បា​នស្លាប់​ក្នុង​ការ​បង្ក្រាប គឺ​ឪពុក​រូបនេះ បាន​សម្តែង​មតិ​ស្អប់​ខ្ពើម​ចំពោះ​ការចរចា​​ដោះដូរ​នេះ។ លោកយល់ថា  «ការ​ដោះលែង​ មិន​យុត្តិធម៌​សោះឡើយ សម្រាប់​ជន​រងគ្រោះ​ដែល​រលត់​ជីវិត​។ ហើយ​ការ​ដោះដូរ​នេះ មិន​អាច​ធ្វើ​ឱ្យ​កូន​ប្រុស​របស់គាត់ ផ្លាស់​ប្រែ​មក​រស់​រាន​មា​នជីវិត​វិញឡើយ។» ទោះ​យ៉ាង​នេះ ក្តី​លោកក៏គិត​ដល់​អ្ន​កនៅ​រស់​ជីវិត​ក្រោម​ការ​ឃុំ​ឃាំង​ដែរ ដោយ​ថា ការ​ឱ្យ​ពួក​គេ​រួច​ជីវិត​ មក​រួម​រស់​ជាមនុស្ស​ធម្មតា ក៏​ជា​អាទិភាព​មួយ​ដែរ​។​​

ជម្លោះ​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន នឹង​ទំនង​ជា​មិន​ងាយ​នឹង​ដោះស្រាយ​ចប់​ភ្លាម​ៗ​ទេ ព្រោះថា ការ​បោះឆ្នោត​នៅ​ក្នុង​តំបន់ភាគ​ខាង​កើត​អ៊ុយក្រែន​នេះ​ ជិត​មកដល់ហើយ។ ព្រឹត្តិការណ៍​នេះ នឹង​បង្ក​ជា​ភាព​តាន​តឹង​បន្តទៀត​ជាក់​ជា​មិន​ខាន។​  

ចំពោះ​គម្រោង​ការ​រៀប​ចំ​បោះឆ្នោត​ជ្រើស​រើស​ថ្នាក់​ដឹកនាំនៅក្នុង​តំបន់​​ ដែល​កំពុង​តែ​មា​នភាពចម្រូង​​ចម្រាស់​ផ្តាច់​ទឹក​ដីនោះ!​ ប្រធានាធិបតី​អ៊ុយក្រែន លោក​ Volodymyr Zelensky ធ្លាប់​បា​នលើកឡើងថា​ លោក​ចង់​ឱ្យ​ក្រុម​ផ្តាច់​ខ្លួន​ ដក​កម្លាំង​ចេញ​ពី​មន្ទីរ​រដ្ឋបាល​របស់​តំបន់​  Donetsk និង Lougansk ជាមុន​សិន មុន​នឹង​រៀបចំ​ការ​បោះឆ្នោត ទៅបាន​។ បើ​មិន​ដូច្នេះ ​ឆ្នោត​ធ្វើ​ម្តេច​កើត បើ​មូលដ្ឋាន​ត្រូវ​គ្រប់​គ្រង​ដោយ​ក្រុម​ផ្តាច់​ខ្លួន​និយម ស្រេច​​ទៅហើយ​នោះ។

បើ​តាម​ការ​ស្ទង់​មតិ​ ដែល​ផ្សាយ​ដើម​ខែ​ធ្នូ​នេះ គឺ​ថា​មា​នបណ្តាញ​ជន​អ៊ុយក្រែន​ ចំនួន​ជាង​៦២ភាគរយ មិន​ចង់​ឱ្យ​ទឹក​ដី​អ៊ុយក្រែន​ភាគ​ខាង​ផ្តាច់​ខ្លួន​ទេ ពួក​គេ​ចង់​ឱ្យ​ទឹក​ដី​ទាំងពីរនេះ បន្ត​សហរណកម្ម​រួម​រស់​ក្នុង​ដែន​ដី​អ៊ុយក្រែន​តទៀត។ ​ធ្វើ​ដូច្នេះបាន​ គឺគួរ​តែ​ធ្វើ​វិមជ្ឈការ​ សម្បទាន​បែង​ចែក​អំណាច​ខ្លះ ទៅដល់​មូលដ្ឋាន​ថ្នាក់​ក្រោម។​ នេះបើ​តាម​ការ​សិក្សា​របស់​ មូលនិធិ​អ៊ុយក្រែន​ដើម្បី​ការ​ផ្តួច​ផ្តើម​ប្រជាធិបតេយ្យ (Fondation ukrainienne Initiatives démocratique)។

ទោះយ៉ាងណាក៏ដោយ ក្នុង​ក្រសែភ្នែក​នៃអ្នក​វិភាគ​ស្ថានការណ៍ ការ​ដោះដូរ​អ្ន​កទោស​ក្នុង​ឱកាស​នេះ ជា​សញ្ញាណ​ល្អ​ សម្រាប់​ជម្លោះ​អ៊ុយក្រែន ដែល​ជាប់គាំង​ ប្រមាណជិត​​៥ឆ្នាំមកហើយ និង​ដែល​បាន​ផ្តាច់​ជីវិត​មនុស្ស ចំនួន​ជាង​១ម៉ឺន​៣ពាន់​នាក់ តាំងពីការ​ផ្ទុះ​ជម្លោះទាស់ទែង​គ្នា​​ នៅឆ្នាំ​២០១៤ មក។ វិបត្តិ​នេះ ត្រូវគេ​មើលឃើញថា បាន​ធូរ​ស្រាល​បន្តិច ក្រោយ​ការ​ឡើងកាន់អំណាច​របស់​ប្រធានធិបតីវ័យ​​ក្មេងអ៊ុយក្រែន Volodymyr Zelensky ​នៅ​ខែ​មេសា ហើយ​លោក​​បាន​ផ្តោះប្តូរ​​អ្នក​ទោស​ម្តង​ហើយ ជាមួយ​រុស្ស៊ី នៅខែ​កញ្ញា​កន្លងទៅនេះ ហើយ​នៅពេល​ម្សិលមិញ​នេះ ម្តង​ទៀត​។ ដូច្នេះ គេ​សង្ឃឹម​ថា រុស្ស៊ី​និងអ៊ុយក្រែន អាច​រក​ច្រក​ផ្លូវ​ល្អ​ បង្ក​សន្តិភាព​ជាមួយ​គ្នា។ បើ​តាម​ការ​សន្យា ភាគី​ទាំង​ពីរ នឹង​រក​ពេល​ជួប​គ្នា​ជាថ្មី នៅ​ក្រុង​ប៉ារីស នៅ​មុន​ខែ​មីនា ឆ្នាំ​២០២០។

រឿងចរចា​នេះ ជា​ចំណោទ​ខ្លាំងណាស់ដែរ ក្នុង​ផ្ទៃ​ប្រទេសអ៊ុយក្រែន​ ពីព្រោះថា អ្នក​ជាតិ​និយម​អ៊ុយក្រែន​ខ្លះ​ បាន​រិះគន់ថា ប្រធានាធិបតី​អ៊ុយក្រែន ជា​មនុស្ស​ក្បត់​ជាតិ​ ដោយ​ប្រុង​កាត់​ដី​ភាគ​ខាងកើត​របស់ខ្លួន ទៅឱ្យរុស្ស៊ី ជា​ថ្នូ​រ​នឹង​សន្តិភាព​។ អ្នក​ជាតិ​និយមជ្រុល​ ទាំងនោះ​ សង្កត់ធ្ងន់ថា​ «គេ​មិន​អាច​លក់​ទឹក​ដីរបស់ខ្លួន​ ដើម្បី​សន្តិភាព ​អ៊ីចឹងនោះទេ»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ