អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

G20៖ ពាណិជ្ជកម្មអន្តរជាតិ​នៅ​រាំងស្ទះ ​បើ​ទោះបី​គ្រប់គ្នា​សន្យា​ថា​បើក​ចំហរ

សំឡេង ០៥:៣០
ទិដ្ឋភាព​​អង្គប្រជុំ​​រដ្ឋមន្ត្រី​ពាណីជ្ជកម្ម នៃ​ប្រទេស​G20 ​ក្នុង​ទីក្រុង​​សៀងហៃ ថ្ងៃ​ទី​៨ កក្កដា ២០១៦
ទិដ្ឋភាព​​អង្គប្រជុំ​​រដ្ឋមន្ត្រី​ពាណីជ្ជកម្ម នៃ​ប្រទេស​G20 ​ក្នុង​ទីក្រុង​​សៀងហៃ ថ្ងៃ​ទី​៨ កក្កដា ២០១៦ REUTERS/Aly Song

កិច្ចប្រជុំ​ប្រទេស​សេដ្ឋកិច្ច​នាំមុខ​ទាំង​២០ ​បាន​ប្រព្រឹត្តិធ្វើ​ទៅ​នៅ​ទីក្រុង​សៀងហៃ ​ប្រទេស​ចិន​​កាល​ពី​ចុង​សប្តាហ៍​មុន​នេះ។ កិច្ច​ប្រជុំ​បាន​ប្រព្រឹត្តិ​ទៅ ​ក្នុង​បរិយា​កាស​អួរអាប់​ជាទី​បំផុត​ ​ ដោយសារ​កំណើន​សេដ្ឋកិច្ច​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ​ មាន​ការ​កកស្ទះ​ជាខ្លាំង។ បញ្ហា​ចំបង​ ដែល​ជា​ការ​ព្រួយ​បារម្ភ ​​គឺ​ដោយសារ​ការ​កើនឡើង ​នៃ​វិធាន​ពាណិជ្ជកម្ម​អត្តនោម័ត​នានា ​ដែល​​មាន​លក្ខណៈ​អត្មានិយម​ ហើយ​បាន​សំដៅ​ការពារ​តែ​ផល​ប្រយោជន៍​រៀងៗ​ខ្លួន។ វិធាន​ទាំងនោះ​​ បាន​ធ្វើឲ្យ​បាត់បង់​ភាព​យុត្តិធម៌ ​ក្នុងការ​ដោះដូរ​ពាណិជ្ជកម្ម​សេរី។

ផ្សាយពាណិជ្ជកម្ម

ភ្លៀង​ខាងក្រៅ ​ផ្គរ​ខាង​ក្នុង៖

ថ្ងៃទី៨ ​កក្កដា ​ ស្របពេល​ដែល​អាកាសធាតុ​នៅ​ទីក្រុង​សៀងហៃ ​កំពុង​តែ​ជួប​ព្យុះភ្លៀង ​និង​ មេឃខ្មៅ​អួរអាប់ ​ នៅ​ក្នុង​បន្ទប់​ប្រជុំ​នៃ​បណ្តា​ប្រទេស​សេដ្ឋកិច្ច​នាំមុខ​ រឺ​ហៅថា​ G20​ វិញ ​ ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ពី​បរិយាកាស​ខាងក្រៅ​ដែរ។ ប្រទេស​ទាំង​២០​ ដែល​ជា​ម្ចាស់​ពាណិជ្ជកម្ម​នាំចេញ​នាំចូល​ទាំង​អស់​៨០%​ នៃ​ពាណិជ្ជកម្ម​ពិភពលោក ​កំពុងតែ​នាំគ្នា​ព្រួយ​បារម្ភ​ ពី​បញ្ហា​ជាច្រើន ​ ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​នាំចេញ​នាំចូល។

លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន ​បាន​ថ្លែង​ថា​ ពាណិជ្ជកម្ម​ពិភពលោក ​ កំពុង​ដើរ​មក​ជួប​ជាមួយ​ការ​លំបាក​ គួរ​ឲ្យ​ព្រួយបារម្ភ​ ដែល​ធ្វើ​ឲ្យ​កំណើន​មាន​តែ​បន្តិច​បន្តួច។ ប៉ុន្តែ​មួយថ្ងៃ​មុន​បើក​កិច្ច​ប្រជុំ​នេះ ​ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ​ បាន​ប្រកាស​ថា ​ នៅ​ត្រីមាស​ទីបី​នៃ​ឆ្នាំ​នេះ​ ពាណិជ្ជកម្ម​ពិភពលោក ​នឹង​មិន​មាន​កំណើន​នោះទេ។ ហើយ​កំរិត​នេះ ​ កំពុងតែ​ខិត​ធ្លាក់ចុះ ​សម្រាប់​ត្រីមាន​ទី៤​ទៀតផង។

ជា​ចុងក្រោយ ​មុននឹង​ដើរ​ចេញ​ពី​កិច្ចប្រជុំ ​ប្រទេស​ទាំង​២០​​ គ្រាន់តែ​បាន​ធ្វើ​សេចក្តី​ប្រកាស​រួមគ្នា ​ថា​កំណើត​សេដ្ឋកិច្ច ​ជួប​ការ​លំបាក​ដែល​មាន​ត្រឹម​តែ​៣% ​ប៉ុណ្ណោះ​ចាប់​តាំង​ពី​ឆ្នាំ​២០០៩​មក។ បញ្ហា​ចោទ​មួយទៀត ​គឺ​កំណើន​នេះ ​មាន​មិន​ស្មើគ្នា​ទេ ​ពី​តំបន់​មួយ​ទៅ​តំបន់មួយ។

វិធាន​ពាណិជ្ជកម្ម​បែប​អត្មានិយម ​បំផ្លាញ​ការ​ប្រកួតប្រជែង​ដោយ​សេរី៖
ពិនិត្យឲ្យ​បាន​ស៊ីជំរៅ​ពី​លទ្ធផល​នៃ​ការ​ប្រជុំ​នេះ​ គឺ​វា​បាន​ស្តែងចេញ​ពី​ភាព​មិន​ចុះសម្រុង​គ្នា ​ច្រើន។​ មិនចុះ​សម្រុង​គ្នា ​យោបល់​មិនស្រប​គ្នា ​មាន​ការ​យល់ឃើញ​ខុសគ្នា ​ហើយ​មាន​ទស្សន​វិស្ស័យ​ខុសគ្នា។ បញ្ហា​ចោទ ​ដែល​ប្រទេស​ទាំង២០​បាន​លើកឡើង ​ ​ពី​បញ្ហា​លំបាក​នៃ​ពាណិជ្ជកម្ម​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ គឺ​ដោយសារ​តែ​មាន​វិធាន​ពាណិជ្ជកម្ម​ដែល​មាន​លក្ខណៈ​អត្មានិយម​ច្រើន​ពេក ​នៅតាម​ប្រទេស​និមួយៗ។

វិធាន​បែប​អត្មានិយម​នេះ ​គឺ​សំដៅ​ការពារ​តែ​ការ​នាំចេញ ​រឺ​ក៏​ការ​ប្រើប្រាស់​តែ​ផលិតផល​របស់​ខ្លួន​ ហើយ​សំដៅ​រារាំង​​ការ​ប្រកួតប្រជែង​​ដោយ​សេរី ​នៃ​ផលិតផល​បរទេស។ កិច្ចប្រជុំ​G20 ​បាន​ទទួល​ស្គាល់​ខ្លួន​ឯងថា​ ចាប់តាំង​ពី​ឆ្នាំ​២០០៩​មក ​ ចំនួន​នៃ​វិធាន​ពាណិជ្ជកម្ម​បែប​អត្មានិយម​នេះ ​បាន​កើនឡើង​យ៉ាង​ខ្លាំង ​ក្នុង​មួយ​ខែៗ។ ​លោក ​Robert Koopman ​សេដ្ឋវិទូ​តំណាង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ​ដែល​មាន​វត្តមាន​ក្នុង​ពេល​នោះ​ដែរ ​ បាន​បញ្ជាក់​ថា​ វិធាន​ទាំងអស់​នេះ​ បាន​ជះ​ជា​ផលអវិជ្ជមាន​ទៅ​ដល់​ការ​នាំចេញ​ទំនិញ​​គ្រប់​យ៉ាង ​មិន​ថា​ផលិតផល​ឧស្សាហកម្ម​អេឡិចត្រូនិក ​​រឺ​ក៏​ផលិតផល​កសិកម្ម ​នោះទេ។

ថ្វីបើ​ ម្តង​ជា​ពីរ​ដង​ ក្រុម​ប្រទេស​G20 ​បាន​ព្យាយាម​អំពាវនាវ​ឲ្យ​ប្រទេស​ទាំងអស់ ​កាត់​បន្ថយ​នូវ​ការ​ដាក់​រនាំង​ពាណិជ្ជកម្ម ​ក៏​ប៉ុន្តែ​ផ្ទុយ​ទៅវិញ ​រនាំង​ពាណិជ្ជកម្ម​បែប​អត្មានិយម​នេះ​ រឹតតែ​កើនឡើង។ ជាង​នេះទៅ​ទៀត ​ ចរន្ត​នយោបាយ​ក្នុង​ស្រុក​ តាម​បណ្តា​ប្រទេស​មួយចំនួន​ ​ហាក់​កំពុង​តែ​បត់ក្បាល ​ទៅ​រក​ការ​វិល​​ត្រលប់ ​នូវ​ព្រំដែន​សេដ្ឋកិច្ច​ រារាំង​ការ​ដោះដូរ​ពាណិជ្ជកម្ម ​ ហើយ​ងៀក​ទៅ​ការពារ​តែ​ប្រយោជន៍​ជាតិ​និយម​ជ្រុល ​ទៅវិញ។

Brexit ​និង ​ Donald Trump កំពុង​រំខាន៖
ក្នុងន័យ​នេះ ​គេ​បាន​សំដៅ​ដល់​បេក្ខជន​ប្រធានាធិបតី​អាមេរិក ​ លោក​ ដូណាល់ ត្រាំ ​ដែល​បាន​ធ្វើ​ឲ្យ​សកល​លោក​ភ្ញាក់ផ្អើល ​ជាមួយ​នឹង​គោល​ជំហរ​របស់​លោក ​ដែល​ទាត់​ចោល​ការ​ដោះដូរ​ពាណិជ្ជកម្ម​សេរី​ ព្រម​ទាំង​ការ​ស្អប់ខ្ពើម​ជន​បរទេស។ បញ្ហានេះ​ បាន​ធ្វើឲ្យ​ប្រទេស​G20 ​មាន​ការ​ព្រួយ​បារម្ភ​ជាខ្លាំង​ ទៅដល់​ ការ​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​ ពាណិជ្ជកម្ម​សេរី ​ អន្តរអាត្លង់ទិក ​TFA ​រវាង​សហភាពអឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក។

គ្រប់គ្នា  ​កំពុង​តែ​បង្ខំ​ឲ្យ​សមាជិក​សហភាព​អឺរ៉ុប​ ឲ្យ​ប្រញ៉ាប់​​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ​ ទាន់ពេល​ដែល​លោក​បារ៉ាក់ អូបាម៉ា ​នៅ​ជា​ប្រធានាធិបតី ​ព្រោះគេ​មិន​សូវ​ជា​ទុកចិត្ត​លើ​អនាគត​រដ្ឋាភិបាល​ថ្មី​របស់​អាមេរិកទេ។

ក៏ប៉ុន្តែ​បញ្ហាចោទ​បាន​បន្ថែម​មួយទៀត ​គឺ​ក្រោយពេល​ដែល​អង់គ្លេស ​បាន​បោះឆ្នោត​ប្រជាមតិ ​សម្រេច​ដើរចេញ​ពី​សហភាព​អឺរ៉ុប។ បញ្ហា​នេះ​ កំពុង​ធ្វើ​ឲ្យ​ជាប់​គាំង ​ ក្នុង​កិច្ច​ចរចា​រវាង​សហរដ្ឋ​អាមេរិក ​និង​សហភាព​អឺរ៉ុប។ សម្រាប់​សហភាព​អឺរ៉ុប​ អង់គ្លេស ​​លែងមាន​ឈ្មោះ​ជាមួយ​គេ ​ នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នេះ​​ហើយ។ មាន​ន័យ​ថា ​អង់គ្លេស​ត្រូវ​ត្រៀមខ្លួន​ ធ្វើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម ​ពីរ​ដាច់​ដោយឡែក ​ជាមួយ​សហភាព​អឺរ៉ុប​ផង ​និង​ជាមួយ​សហរដ្ឋ​អាមេរិក​ផង។

ចិន​ផលិតច្រើន​ជ្រុល​ក្នុង​តម្លៃ​ថោក ​ដើម្បី​ដណ្តើម​ទីផ្សារ​តែម្នាក់​ឯង៖

លោក Guo Hucheng រដ្ឋមន្ត្រី​ពាណិជ្ជកម្មចិន ​យកដៃ​ជូត​ញើស​​ថ្ងាស​​មុនពេល​​ធ្វើ​​សន្ទរកថា
លោក Guo Hucheng រដ្ឋមន្ត្រី​ពាណិជ្ជកម្មចិន ​យកដៃ​ជូត​ញើស​​ថ្ងាស​​មុនពេល​​ធ្វើ​​សន្ទរកថា REUTERS/Aly Song

បញ្ហា​វិធាន​ពាណិជ្ជកម្ម​បែប​អត្មានិយម ​ គឺជា​ចំណុច​ចាប់ផ្តើម ​ នៃ​ការ​មិន​ស្របគ្នា​ក្នុង​កិច្ច​ប្រជុំ​G20 ​ នៅក្រុង​សៀងហៃ ​កាល​ពី​ចុង​សប្តាហ៍​មុន។ នៅ​មាន​ចំណុច​មួយទៀត​ ដែល​ជា​ចំណោទ​ធំ ​ដែល​បាន​ធ្វើ​ឲ្យ​ពាណិជ្ជកម្ម​អន្តរជាតិ ​ជួប​បញ្ហា​ដែរ​ ​គឺ​ការ​ផលិត​ច្រើន​ជ្រុល​ហួសហេតុ ​របស់​ប្រទេស​មួយ​ចំនួន។

ចិន​ប្រទេស​នាំ​ចេញ​ធំ​បង្អស់​ ក្នុង​ចំណោម​ប្រទេស​ទាំង​២០​ បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប ​ ត្រូវ​បាន​គេ​ចង្អុល​មុខ​គ្រប់គ្នា។ វិស័យ​ផលិត​ដ៏​ធំ​របស់​ចិន​មួយ​ ត្រូវបាន​គេ​លើក​មក​ធ្វើ​ឧទាហរណ៍​ ហើយ​ស្តី​បន្ទោស​នោះ ​ គឺ​វិស័យ​ផលិត​លោហៈធាតុ ​ដែកថែប ​ រឺ​ស្ពាន់​ជាដើម។ ទី​ផ្សារ​ដែកថែប​អន្តរជាតិ​ ត្រូវ​បាន​ជន់ជោរ ​ទៅ​ដោយ​ផលិតផល​របស់​ចិន ​ដែល​ផលិត​ក្នុង​តម្លៃ​ថោក ​ហើយ​លក់​ចេញ​ក៏​ក្នុង​តម្លៃថោក។

ការផលិត​ច្រើន​ហួសហេតុ​ លើស​ពី​តម្រូវការ ​ ដើម្បី​ចាក់​បញ្ចូល​ដណ្តើម​ទីផ្សារ ​គឺ​បង្ហាញ​ពី​ភាព​មិន​ស្មោះត្រង់​របស់​ចិន ​ក្នុង​ការ​ប្រកួត​ប្រជែង។ ជា​ការ​សងសឹក ​ចាប់​ពី​ខែ​មីនា ​ឆ្នាំ​នេះមក ​ សហរដ្ឋ​អាមេរិក ​ បាន​ធ្វើការ​ដំឡើង​ពន្ធ​នាំចូល​ផលិតផល​ដែកថែប​របស់​ចិន ​នៅ​សហរដ្ឋ​អាមេរិក ​ដល់​ទៅ​២៦៥%។ ចំណែក​សហភាព​អឺរ៉ុប​វិញ ​ទើប​បាន​សម្រេច​ដំឡើង​ពន្ធ​នាំចូល​ទៅ​លើ​ផលិតផល​ដែកថែប​ចិន​ និង​រុស្ស៊ី ​ឲ្យ​ដល់​៣៥%។

មួរម៉ៅ​នឹង​ពាក្យ​រិះគន់​របស់​គេ ​លោក​អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន ​ បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា ​ ប្រទេស​ខ្លះ​គិតតែ​ពី​និយាយ​រិះគន់​ទៅ ​ ចំណែក​ចិន​វិញ ​ ចិន​បាន​ដាក់​ចុះ​វិធានការ​ចាំបាច់ ​ ដើម្បី​ដោះស្រាយ​វា​រួចហើយ។

បិទ​បញ្ចប់​ជំនួប​កំពូល ​ចិន​បាន​បដិសេធ​ដាច់​អហង្ការ ​ មិនឲ្យ​បញ្ចូល​បញ្ហា​ផលិត​ជ្រុល​ហួសហេតុ​នេះ​ ទៅក្នុង​សេចក្តី​ប្រកាស​ចុង​ក្រោយ​រួម​ទេ។ តែ​យ៉ាងណាក៏​ដោយ ​ថ្នាក់ដឹកនាំ​អង្គ​ប្រជុំ​បាន​សម្រេចគ្នា ​ធ្វើការ​សម្រួល​ពាក្យពេចន៍ ​ដោយ​មិន​បាន​សង្កត់​ដោយ​ចំៗ​ថា​ បញ្ហាផលិត​ជ្រុល​ហួសហេតុ​នេះ​ គឺជា​កំហុស​របស់​ចិន​ទេ ​ តែ​វាគឺ​ជា​ចរន្ត​ទូទៅ​នៅ​លើ​ទីផ្សារ​ ដែល​គ្រប់គ្នា​គួរ​ត្រូវ​ប្រុង​ប្រយ័ត្ន។ សូម​បញ្ជាក់​ថា ​ដោយសារ​តែ​បញ្ហា​ផលិតផល​ដែកថែប​នេះ​ហើយ ​ដែល​ធ្វើ​ឲ្យ​សភាអឺរ៉ុប​ បោះឆ្នោត​ប្រឆាំង​មិន​ទទួល​ស្គាល់​ចិន ​ថា​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ទីផ្សារ​សេរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ